សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 8, 2012

គណបក្ស​សម រង្ស៊ី កំណត់​ពេល​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ផ្លាស់​ប្តូរ គ.ជ.ប

121008_04
លោក សុភ័ណ្ឌ(កាន់​ក្បាល​មីក្រូ)ក្នុង​ការ​តវ៉ា​ទាម​ទារ​ឲ្យ​ដោះ​លែង​
លោកសូណង់​ដូ​​​ ពី​សប្តាហ៍​មុន​

ភ្នំពេញៈ មេដឹកនាំ​ចលនា​យុវជន​គណបក្ស​សមរង្ស៊ី បាន​ព្រមាន​ថា នឹង​ដឹក​នាំ​ធ្វើ​បាតុកម្ម​ធំ​មួយ​នៅ​ចុង​ខែ​នេះ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​រដ្ឋសភា ធ្វើ​ការ​ផ្លាស់​ប្តូរ​សមាស​ភាព​ដឹក​នាំ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត គ.ជ.ប និង​ទាមទារ​ឲ្យ​ដាក់​បញ្ចូល​ថ្ងៃ​ទី ២៣ តុលា ទៅ​ក្នុង​ថ្ងៃ​បុណ្យ​ជាតិ​វិញ។
លោក សួង សុភ័ណ្ឌ ប្រធាន​គណៈ​កម្មាធិការ​ប្រតិបត្តិ​នៃ​ចលនា​យុវជន​គណបក្ស សម រង្ស៊ី ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ កាល​ពី​ម្សិលមិញ​ថា លោក​នឹង​ដាក់​លិខិត​មួយ​ទៅ​សាលា​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ជម្រាប​អំពី​ការ​ប្រមូល​ផ្តុំ​គ្នា របស់​ចលនា​យុវជន​គណបក្ស​សម រង្ស៊ី នៅ​ថ្ងៃ​ទី​២៣ តុលា នៅ​សួន​សេរីភាព និង​ការ​ដើរ​ហែ​ក្បួន​ទៅ​សភាជាតិ ដើម្បី​ដាក់​ញត្តិ​មួយ​ ទៅ​ស្ថាប័ន​កំពូល​នេះ ស្នើ​សុំ​ឲ្យ​ដាក់​បញ្ចូល​ថ្ងៃ​ទី ២៣ តុលា ជា​ថ្ងៃ​បុណ្យ​ជាតិ វិញ និង​ទាមទារ​ឲ្យ​ក្រសួង​មហាផ្ទៃ​ធ្វើ​ការ​រៀបចំ​ឡើង​វិញ​ នូវ​ប្រព័ន្ធ​ និង​សមាស​ភាព​ដឹក​នាំ គ.ជ.ប ដោយ​លោក​អះអាង​ថា គ.ជ.ប ត្រូវ​បាន​គេ​មើល​ឃើញ​ថា មិន​ឯករាជ្យ។ លោក សួង សុភ័ណ្ឌ បាន​ថ្លែង​ថា​៖ «ថ្ងៃ​ទី ២៣ តុលា ​ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​ថ្ងៃ​បុណ្យ​ជាតិ​ផង​ដែរ ប៉ុន្តែ​យើង​មិន​ដឹង​ថា ហេតុ​អ្វី បាន​ជា​ក្រោយ​មក ​រដ្ឋាភិបាល និង​សភា យក​ថ្ងៃ​ទី ២៣ តុលា នេះ​ចេញ​ពី​ថ្ងៃ​បុណ្យ​ជាតិ​វិញ​»។​លោក​បន្ត​ថា​៖ «​ហេតុ​ដូច្នេះ​យើង​ចង់​ឲ្យ​រដ្ឋាភិបាល​គោរព​ថ្ងៃ ដែល​កម្ពុជា​បាន​ចុះ​កិច្ច​ព្រមព្រៀង​បញ្ចប់​ជម្លោះ រវាង​ខ្មែរ​នឹង​ខ្មែរ នៅ​ទីក្រុង​ប៉ារីស កាល​ពី​ថ្ងៃ​ទី​ ២៣ តុលា ឆ្នាំ ១៩៩១ នេះ​វិញ​»។

លោក​សួង សុភ័ណ្ឌ សង្ឃឹម​ថា នឹង​មាន​យុវជន​ចំនួន​១០០០ នាក់ ​នឹង​ចូល​រួម​ក្នុង​បាតុកម្ម​នេះ ដោយ​លោក​សំអាង​ថា ពួក​គេ​ មាន​ការ​ឈឺចាប់ បន្ទាប់​ពី​គ្រួសារ​របស់​ពួក​គេ​ ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ដី​របស់​ខ្លួន ហើយ​ដី​របស់​ឪពុក​ម្តាយ​របស់​ពួក​គេ​ក្នុង​ខេត្ត​មួយ​ចំនួន ត្រូវ​បាន​រំលោភ​យក​ ដោយ​សេដ្ឋី និង​មន្រ្តី​ជាន់​ខ្ពស់​មួយ​ចំនួន។  លោក សួង សុភ័ណ្ឌ បន្ត​ថា​៖ «​ប្រសិន​បើ​រដ្ឋាភិបាល មិន​ផ្លាស់​ប្តូរ​សមាសភាព គ.ជ.ប ទេ យើង​នឹង​ធ្វើ​បាតុកម្ម​ធំ​មួយ ក្នុង​មួយ​ខែ​ម្តង រហូត​ដល់​កៀក​ថ្ងៃ​បោះឆ្នោត»។
លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លម្អិត​ទេ ដោយ​ថ្លែង​ថា លោក​រង់​ចាំ​មើល​លិខិត​ពី លោក សួង សុភ័ណ្ឌ ជា​មុន​សិន ប៉ុន្តែ​លោក​បញ្ជាក់​ថា ​ប្រសិន​បើ​ការ​ហែក្បួន ឬ​បាតុកម្ម​នោះ​ មិន​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ នោះ​ផែនការ​របស់​លោក សួង សុភ័ណ្ឌ អាច​បន្ត​ទៅ​មុខ​បាន។​
លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ ​មិន​អាច​ទាក់​ទង​សុំ​ការ​ធ្វើ​អត្ថាធិប្បាយ​​បាន​ទេ​កាលពី​ម្សិលមិញ៕ 

No comments:

Post a Comment

yes