នាយករដ្ឋមន្រ្តីថៃ យីងឡាក់ ស៊ីណាវ៉ាត្រា កាលពីថ្ងៃទី១៨ តុលា ម្សិលមិញ បានទូរស័ព្ទដោយផ្ទាល់មកកាន់នាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែន ដោយសម្តែងនូវការសោកស្តាយចំពោះឧបទ្ទវហេតុ ដោយអចេតនារបស់អ្នកយកព័ត៌មានទូរទស្សន៍ ប៉ុស្តិ៍លេខ៣ថៃជាន់លើរូបថតអតីតព្រះមហាក្សត្រ ខ្មែរកាលពីថ្ងៃទី១៧ តុលា នោះ។
ចំពោះឧបទ្ទវហេតុនេះ បើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ ក៏បានចេញនូវសេចក្តីថ្លែងការណ៍របស់ខ្លួន ធ្វើការបកស្រាយបំភ្លឺការពិតលើហេតុការណ៍ដែលបានកើឡើងនោះ ដោយអះអាងថា «គ្មានចេតនាដែលនឹងរមិលគុណ ឬសំដែងការមិនគោរពចំពោះស្ថាប័នព្រះមហាក្សត្រ ដែលជាទីគោរពស្រឡាញ់របស់ប្រជាជនកម្ពុជានោះទេ ព្រោះខណៈនោះក្នុងពេលកំពុងអនុវត្តន៍មុខនាទីធ្វើសេចក្តីរាយការណ៍ព័ត៌មាននៅក្នុងព្រះរាជពិធីបុណ្យព្រះបរមសព ដែលអ្នកសារព័ត៌មានរូបនេះ ត្រូវដាក់ចុះនូវអ្វីៗដែលជាសម្ភារៈផ្ទាល់ខ្លួន រួមមានទូរស័ព្ទដៃ សៀវភៅកត់ត្រា និងការសែតដែលចុះរូបភាព ព្រះបរមឆាយាលក្ខណ៍ សម្តេចព្រះ នរោត្តម សីហនុ របស់កម្ពុជា ដែលបានបោះពុម្ពក្រោយពេលដែលស្តេចយាងចូលព្រះទិវង្គត និងបានដាក់នៅលើដីដោយអចេតនា ដែលបានដាក់ឆ្ងាយពីខ្លួនគួរសមដែរ»។
សេចក្តីថ្លែងការណ៍បន្តថា «ប៉ុន្តែដោយសាររូបដែលបង្ហោះក្នុង Facebook ថតពីចំហៀងខិតទៅក្រោយ ធ្វើឲ្យឃើញថា របស់ទាំងអស់ហាក់បីដូចជានៅជិតជាប់នឹងជើង»។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ទាំងអ្នកសារព័ត៌មានកញ្ញា ឋបនីយ៍ អៀតស៊ីថៃ និងអ្នកតំណាងស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ បានសម្តែងនូវការសោកស្តាយជាទីបំផុតចំពោះឧបទ្ទវហេតុដែលកើតឡើង និងបានធ្វើការសូមអភ័យទោសចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ហើយសង្ឃឹមថា ហេតុការណ៍នេះ នឹងមិនបណ្តាលឲ្យប៉ះពាល់ដល់សម្ព័ន្ធភាពរបស់ប្រទេសទាំងពីរឡើយ៕
No comments:
Post a Comment
yes