សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, October 6, 2012

បក្ស​សង្គ្រោះ​ជាតិ​រក​ការ​គាំទ្រ​ពី​អូស្ត្រាលី​ឲ្យ​ផ្លាស់​ប្ដូរ​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​កម្ពុជា


គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ស្វែង​រក​អន្តរាគមន៍​ពី​ប្រទេស​អូស្ត្រាលី អោយ​ដាក់​សម្ពាធ​ដើម្បី​អោយ​មាន​ការ​ផ្លាស់​ប្ដូរ​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​កម្ពុជា។
Provided Photo
ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ
អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី៥ ខែ​តុលា ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​អនុប្រធាន គឺ​លោក កឹម សុខា កំពុង​ជួប​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី។
លោក យឹម សុវណ្ណ បន្ត​ថា អ្នក​ទាំង​ពីរ​ក៏​នឹង​ជួប​ជាមួយ​មន្ត្រី​នៃ​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី ដើម្បី​និយាយ​ពី​ការ​ទាមទារ​អោយ​មាន​កំណែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​កម្ពុជា៖ «ទៅ​ជម្រាប​ជូន​បង​ប្អូន​យើង​នៅ​ប្រទេស​អូស្ត្រាលី ពី​ដំណើរ​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ។ ហើយ​នឹង​ជួប​មន្ត្រី​នៃ​ប្រទេស​អូស្ត្រាលី ដើម្បី​និយាយ​អំពី​ការ​ធានា​អោយ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ក៏​ដូច​ជា​ការ​ធានា​អោយ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស អោយ​មាន​ប្រសិទ្ធភាព»
ប្រទេស​អូស្ត្រាលី គឺ​ជា​ប្រទេស​ម្ចាស់​ជំនួយ​សំខាន់​មួយ​សម្រាប់​កម្ពុជា ដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ថា អាច​នឹង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា។

អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី ធ្លាប់​ប្រតិកម្ម​ចំពោះ​ការ​ស្វះស្វែង​រក​អន្តរាគមន៍​ពី​បរទេស​របស់​គណបក្ស​ប្រឆាំង​ថា ជា​ចរិត​រណប​បរទេស៖ «គណបក្ស​ប្រឆាំង គឺ​គាត់​ធ្វើ​តែ​អ៊ីចឹង និយាយ​អោយ​ចំ​ទៅ ផ្នត់​គំនិត​គាត់​ហ្នឹង គឺ​រណប​បរទេស។ ខ្ញុំ​មាន​ការ​អៀនខ្មាស​ណាស់ អត់​មាន​បង្ហាញ​ភាព​មួយ​មោទនភាព​ជាតិ​ខ្មែរ ថា​ខ្មែរ​យើង​វា​អាច​ឯករាជ្យ ធ្វើ​អី​ត្រឹមត្រូវ​ច្បាស់​លាស់។ និយាយ​អោយ​ចំ​ទៅ​ក្នុង​គ្រួសារ​ចូល​ចិត្ត​តែ​ហែក​អោយ​គេ​មើល​ហ្នឹង ក៏ប៉ុន្តែ វា​គ្មាន​អី​ធ្ងន់ធ្ងរ​ដូច​ប្រទេស​ផ្សេងៗ​ទេ»
ទាក់​ទង​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នេះ សមាជិក​សភា​នៃ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី៥ ខែ​តុលា ថា នឹង​ពហិការ ឬ​មិន​ចូល​រួម​ក្នុង​ការ​ប្រជុំ​សភា នៅ​ថ្ងៃ​ទី១១ ខាង​មុខ​ឡើយ។ ការ​ប្រជុំ​នោះ គឺ​ទាក់​ទង​ជាមួយ​ការ​តែង​តាំង​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) សម្រាប់​អាណត្តិ​ថ្មី។
មន្ត្រី​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ជា​ញឹកញយ​បាន​បញ្ជាក់​ថា នៅ​ក្នុង​ការ​បោះ​ឆ្នោត ការ​ចាញ់​ឈ្នះ គឺ​ជា​រឿង​ធម្មតា ប៉ុន្តែ​ការ​ជឿ​ទុក​ចិត្ត​ទៅ​លើ​អ្នក​រៀបចំ​ការ​បោះ​ឆ្នោត ជា​រឿង​សំខាន់។ ការ​ប្រកួត​ប្រជែង​ដែល​មាន​អាជ្ញា​កណ្ដាល​ត្រឹម​ត្រូវ នឹង​ធ្វើ​ឲ្យ​អ្នក​ចាញ់​ទទួល​យក​ដោយ​មិន​មាន​ការ​តវ៉ា៕

No comments:

Post a Comment

yes