សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 23, 2012

មនុស្ស​រាប់​ម៉ឺន​នាក់​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​នៅ​ថ្ងៃ​កាន់ទុក្ខ​គម្រប់​៧​ថ្ងៃ


ព្រះរាជ​ពិធី​បុណ្យ​កាន់​ទុក្ខ​ជា​ផ្លូវ​ការ ៧​ថ្ងៃ នៃ​ព្រះ​បរម​សព​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា នេះ។
RFA/Tep Soravy
២៣-តុលា-២០១២៖ ប្រជាពលរដ្ឋ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ នៅ​ថ្ងៃ​កាន់ទុក្ខ​គម្រប់​៧​ថ្ងៃ នា​ព្រះ​បរម​រាជវាំង។
ពិធី​ចុង​ក្រោយ​នេះ គេ​ឃើញ​មាន​ប្រជាពលរដ្ឋ​​មក​ពី​គ្រប់​ទិសទី ទាំង​កម្មករ និង​ក្រុម​និស្សិត​ជា​ច្រើន​ម៉ឺន​នាក់ បាន​ដង្ហែ​ជា​ក្បួន​មក​ជួប​ជុំ​គ្នា​នៅ​ខាង​មុខ​ព្រះ​បរម​រាជវាំង ដោយ​មាន​រូប​ព្រះ​ឆាយាល័ក្ខណ៍ ផ្កាភ្ញី ធូប ទៀន មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះអង្គ។ ព្រះ​សង្ឃ​ប្រមាណ​ជាង ១​ម៉ឺន​អង្គ​​ក៏​បាន​ចូល​រួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​នេះ​ដែរ។
ប្រជាពលរដ្ឋ​ខ្មែរ និង​យុវជន​ប្រមាណ ៣០​នាក់ បាន​កោរ​សក់​បួស​មុខ​ព្រះ​ឆាយាល័ក្ខណ៍​ព្រះបាទ នរោត្តម សីហនុ នៅ​ទីលាន​ប្រជាធិបតេយ្យ មុន​នឹង​ពួកគាត់​ដង្ហែ​ក្បួន​កាន់​មរណទុក្ខ​ខាង​មុខ​ព្រះ​បរម​រាជវាំង។

ក្បួន​ដង្ហែ​ដែល​មាន​ពលរដ្ឋ​ប្រមាណ ២០០​នាក់ ដឹកនាំ​ដោយ​ក្រុម​យុវជន​គណបក្ស សម រង្ស៊ី មាន​ស្លៀក​ពាក់​ស​កាន់​ទុក្ខ មាន​ព្រះ​ឆាយាល័ក្ខណ៍ និង​ព្រះ​រាជ​សកម្មភាព​អតីត​ព្រះ​មហា​វីរក្សត្រ ត្រូវ​បាន​ដង្ហែ​ដោយ​ថ្មើរ​ជើង ដើរ​សន្សឹមៗ​ដោយ​មាន​សមត្ថកិច្ច​ការពារ។ ម្ដង​នេះ​សមត្ថកិច្ច​មិន​បាន​រារាំង​ដំណើរ​ក្បួន​ដង្ហែ​របស់​សមាជិក​គណបក្ស​ប្រឆាំង​ដូច​សព្វ​មួយ​ដង​ទេ តែ​បាន​ដាក់​រនាំង​រាំង​មិន​ឲ្យ​ដង្ហែ​តាម​ផ្លូវ​ជាតិ​ធំ ដូច​ជា​ផ្លូវ​ព្រះ​នរោត្តម​ជាដើម។
សីហនុ ៣០៥
២៣-តុលា-២០១២៖ ព្រះសង្ឃ​បំបួស​យុវជន​ស្ម័គ្រ​ចិត្ត​កោរ​សក់​កាន់​មរណទុក្ខ​ព្រះ​បរម​សព​អតីត​ព្រះ​មហាក្សត្រ​នៅ​ទីលាន​ប្រជាធិបតេយ្យ មុន​ដង្ហែ​មក​ព្រះ​បរម​រាជវាំង។ RFA/Tep Soravy
លោក សួង សុភ័ណ្ឌ តំណាង​យុវជន​មក​ពី​គណបក្ស សម រង្ស៊ី ដឹកនាំ​ការ​ហែ​ក្បួន​ឲ្យ​ដឹង​ថា ការ​ជួបជុំ​ដង្ហែ​ក្បួន និង​ពិធី​បួស​កាន់​ទុក្ខ​នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា គឺ​ដើម្បី​ចូលរួម​មរណទុក្ខ​របស់​ព្រះបាទ នរោត្ត សីហនុ។ ម្យ៉ាង​ជា​ការ​បង្ហាញ​ភក្តីភាព និង​ការ​គោរព​ស្នាព្រះហស្ត​របស់​ព្រះអង្គ។
លោក សួង សុភ័ណ្ឌ៖ «ការ​កោរ​ថ្ងៃ​នេះ គឺ​បង្ហាញ​ទី​១ គឺ​ការ​គោរព​ព្រះបាទ នរោត្តម សីហនុ។ ទី​២ គឺ​គោរព​ស្នា​ព្រះហស្ត​របស់​ព្រះអង្គ ដែល​បាន​បន្សល់​ទុក​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​មាន​ន័យ​សំខាន់ៗ​៣។ ទី​១ ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ ទី​២ ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ពោរពេញ​ទៅ​ដោយ​ការ​គោរព​សិទ្ធិ​មនុស្ស​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​នៃ​ច្បាប់ និង​ទី​៣ ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា បញ្ចប់​ជម្លោះ​ខ្មែរ​នឹង​ខ្មែរ។ អ៊ីចឹង​គោលការណ៍ ៣​ចំណុច​ដែល​ព្រះអង្គ​បន្សល់​ទុក​ជា​ស្នាព្រះហស្ត​ឲ្យ​ព្រះអង្គ​នេះ គឺ​អស្ចារ្យ​បំផុត​ដែល​ខ្មែរ​យើង​នឹង​លុត នឹង​ក្រាប នឹង​ទូល​ព្រះអង្គ ដើម្បី​យក​ស្នាដៃ​ព្រះអង្គ​យក​មក​ប្រើប្រាស់​ក្នុង​សង្គម​កម្ពុជា ដើម្បី​មាន​ឯកភាព​ពលរដ្ឋ និង​មន្ត្រី​គ្រប់​ជាន់​ថ្នាក់»
ក្បួន​ដង្ហែ​ដែល​មាន​ព្រះសង្ឃ​ជាង ១០​អង្គ ចូល​រួម មាន​ទាំង​តា​អាចារ្យ យាយជី​ផង​នោះ បាន​មក​ធ្វើ​ពិធី​សូត្រ​ធម៌​បង្សុកូល​នៅ​មុខ​ព្រះ​បរម​រាជវាំង ដោយ​ឧទ្ទិស​កុសល​ថ្វាយ​ព្រះ​បរម​សព របស់​ព្រះអង្គ​ឲ្យ​ទៅ​សោយ​សុខ​នៅ​ស្ថាន​សុគតិភព។
កម្មករ​ជាង​១​ម៉ឺន​នាក់​ចូល​រួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ
ពិធី​បង្សុកូល​នៅ​មិន​ទាន់​ចប់​សព្វ​ស្រួល​បួល​ផង ក្បួន​ដង្ហែ​របស់​ក្រុម​កម្មករ​ជាង ១​ម៉ឺន​នាក់​ផ្សេង​ទៀត ដែល​ដឹកនាំ​ដោយ​សហជីព​សេរី​កម្មករ បាន​ដង្ហែ​ក្បួន​ពី​ទីស្នាក់ការ​កណ្ដាល​របស់​ខ្លួន មក​កាន់​ព្រះ​បរម​រាជវាំង ដោយ​មាន​ពាក់​ឈ្នួត​ក្បាល​ធ្វើ​អំពី​ក្រដាស​ខ្មៅ មាន​សរសេរ​អក្សរ​ថា «សម្ដេច​តា​ព្រះ​រាជ​បិតា​ឯករាជ្យ​ជាតិ»។
សីហនុ កម្មករ ៣០៥
២៣-តុលា-២០១២៖ ក្រុម​កម្មករ​ដង្ហែ​ក្បួន​មក​កាន់​ព្រះ​បរម​រាជវាំង ដើម្បី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​សព​អតីត​ព្រះ​មហាក្សត្រ។ RFA/Tep Soravy
ក្បួន​ដង្ហែ​ដែល​មាន​មនុស្ស​ច្រើន​កុះករ​នោះ ត្រូវ​បាន​ឈប់​នៅ​មុខ​ព្រះ​បរម​រាជវាំង មុខ​ព្រះ​ឆាយាល័ក្ខណ៍​របស់​ព្រះអង្គ មុន​នឹង​ពួកគេ​អុជ​ធូប​លុតជង្គង់​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​របស់​ព្រះអង្គ។ធូប ទៀន មាន​ជាប់​នឹង​ដៃ​របស់​កម្មករ បាន​អុជ​ហុយ​ផ្សែង​ស​ពេញ​មេឃ រី​ឯ​ផ្កា​ម្លិះ ផ្កា​ឈូក បាន​ដាក់​ថ្វាយ​នៅ​មុខ​ព្រះ​ឆាយាល័ក្ខណ៍​របស់​ព្រះអង្គ​ជា​ពំនូកៗ​គរ​ដូច​ភ្នំ។
កម្មការិនី​រោងចក្រ ហុងវ៉ា កញ្ញា ចន្ថា ដែល​បាន​ចូល​រួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះអង្គ ឲ្យ​ដឹង​ថា ថៅកែ​រោងចក្រ​មិន​អនុញ្ញាត​ឲ្យ​កម្មករ​មក​គោរព​ព្រះ​បរម​សព​ព្រះអង្គ​ទេ។ តែ​ខាង​សហជីព​បាន​ស្នើ​ទៅ​ថៅកែ​រោងចក្រ និង​ជួល​ឡាន​ដឹក​កម្មករ​ឲ្យ​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះអង្គ​ជា​លើក​ចុង​ក្រោយ។
នាង​សំដែង​ការ​សោកស្ដាយ ដោយ​រៀបរាប់​ទាំង​អួល​ដើម​ក​ថា ដោយ​វ័យ​ក្មេង​នាង​មិន​បាន​ដឹង​ច្រើន​ពី​គុណ​សម្បត្តិ​ព្រះអង្គ​ទេ តែ​ក្រោយ​ពេល​ដែល​ទ្រង់​សោយទិវង្គត ទើប​នាង​បាន​ដឹង​ពី​សមិទ្ធផល​ជាច្រើន​ដែល​ទ្រង់​បាន​បន្សល់​ទុក​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ៖ «ដូច​ថា គេ​មិន​ឲ្យ​ឈប់​ទេ ដូច​ថា សហជីព​ទាំង​អស់​នឹង​សុំ​ជួល​ឡាន​ឲ្យ​ពួក​ខ្ញុំ​ជិះ​មក​ទាំង​អស់​គ្នា មក​គោរព​វិញ្ញាណក្ខន្ធ​គាត់ ជា​ថ្ងៃ​ចុង​ក្រោយ គោរព ៧​ថ្ងៃ។ គួរ​សោកស្ដាយ​ថា ខ្ញុំ​វា​ក្មេង ដូច​ថា​អត់​សូវ​ដឹង​អី ដល់​ពេល​គេ​ចាក់​ផ្សាយ​ឲ្យ​ឃើញ​ទៅ បាន​ដឹង​ថា គាត់​មាន​តម្លៃ​វា​យ៉ាង​ម៉េច​ចំពោះ​ពួក​យើង។ ចង់​ឲ្យ​គាត់​ទៅ​កាន់​សុគតិភព ដើម្បី​ជួយ​មើល​កូន​ចៅ​ជំនាន់​ក្រោយ»
នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​កាន់​ទុក្ខ ឬ​ថ្ងៃ​បុណ្យ ៧​ថ្ងៃ នៃ​ព្រះ​បរម​សព​របស់​ព្រះបាទ នរោត្តម សីហនុ នៅ​វេលា​ពេល​ព្រឹក មាន​មនុស្ស​ជាង ២​ម៉ឺន​នាក់ មក​ចូល​រួម​កាន់​មរណទុក្ខ និង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ទ្រង់​នៅ​មុខ​ព្រះ​បរម​រាជវាំង។ ចំនួន​នេះ​នឹង​មាន​ការ​កើន​ឡើង​ថែម​ទៀត នៅ​គ្រា​ដែល​មាន​ពលរដ្ឋ​ជា​ច្រើន​មក​ពី​គ្រប់​ទិសទី ធ្វើ​ដំណើរ​ជា​បន្តបន្ទាប់​មក​ព្រះ​បរម​រាជវាំង ដើម្បី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​នៅ​ពេល​រសៀល។
ក្នុង​ពិធី​បុណ្យ​កាន់​ទុក្ខ​ទី​៧ ជា​ផ្លូវ​ការ​នេះ ព្រះសង្ឃ​ជិត ១​ម៉ឺន​អង្គ និមន្ត​ពី​គ្រប់​ទី​វត្ត​អារាម មក​តាំង​សមាធិ និង​សូត្រ​ធម៌​បង្សុកូល​ប្រមូល​កុសល​ថ្វាយ​ដល់​អតីត​ព្រះ​មហាក្សត្រ​ដែល​សោយ​ទិវង្គត។ ការ​តាំង​សមាធិ​របស់​ព្រះសង្ឃ​ច្រើន​អង្គ​នេះ ធ្វើ​ស្រដៀង​នឹង​ការ​តាំង​សមាធិ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​តុលា កន្លង​ទៅ។
ពលរដ្ឋ​ម្នាក់​មក​ពី​ខេត្ត​កំពង់ចាម អ្នកស្រី ខឹម ជឿ ដែល​បាន​មក​ចូល​រួម​កាន់​មរណទុក្ខ​ព្រះ​បរម​សព​ព្រះអង្គ​ចំនួន ២​ថ្ងៃ​មក​ហើយ ឲ្យ​ដឹង​ថា ទោះ​ជា​ព្រះអង្គ​ចូល​ទិវង្គត​ពិត​មែន តែ​អ្នកស្រី​សង្ឃឹម​ថា ព្រះអង្គ​នៅ​តែ​ជា​ម្លប់​ដ៏​ត្រជាក់​សម្រាប់​ពលរដ្ឋ​ខ្មែរ​គ្រប់ៗ​គ្នា៖«កូន​ចៅ​សូម​មក​កាន់​មរណទុក្ខ​នេះ​ឲ្យ​អស់​ពី​កម្លាំង​ចិត្ត កម្លាំង​កាយ។ មក​នេះ​ព្រោះ​គិត​ថា សម្ដេច​មាន​ម្លប់​ដ៏​ត្រជាក់ មក​អបអរ​សាទរ​ប្រជារាស្ត្រ​កូន​ចៅ​ទាំង​អស់​គ្នា​ឲ្យ​សុខ​សប្បាយ​ទាំង​អស់​គ្នា។ ខ្ញុំ​សូម​បួងសួង​ដល់​សម្ដេច​ឪ​ជា​ប្រធាន ឲ្យ​ជា​ម្លប់​ដល់​កូន​ចៅ​នៅ​ខាង​ក្រោយ​ឲ្យ​បាន​សេចក្ដី​សុខ សេចក្ដី​ចំរើន ផុត​ទុក្ខ ផុត​ទោស ទាំង​អស់​ដល់​អនាគត»
រដ្ឋាភិបាល​បាន​ចេញ​សារាចរ​ណែនាំ ដោយ​កំណត់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​កាន់​ទុក្ខ​ផ្លូវការ​ក្នុង​រយៈពេល ៧​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២៣ ខែ​តុលា។ ព្រះ​បរម​សព​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ នឹង​ត្រូវ​តម្កល់​ទុក​ក្នុង​ព្រះ​បរម​រាជវាំង​រយៈពេល ៣​ខែ។ ក្នុង​អំឡុង​ពេល​នោះ ភ្ញៀវ​ជាតិ អន្តរជាតិ ប្រជាពលរដ្ឋ និង​មន្ត្រី​រាជការ មាន​សិទ្ធិ​ចូល​រួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះអង្គ​បាន។ រី​ឯ​កាលបរិច្ឆេទ​នៃ​ការ​បូជា​ព្រះ​បរម​សព ខាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះអង្គ​នឹង​សម្រេច​តាម​ក្រោយ៕

No comments:

Post a Comment

yes