សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 29, 2012

ចាប់ខ្លួនក្រឡាបញ្ជីភ្នំពេញ ពាក់ព័ន្ធរឿងស៊ីដាច់ប្រាក់ ២៥ ម៉ឺនដុល្លារ

ភ្នំពេញ:  សមត្ថកិច្ច​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​សមត្ថកិច្ច​ប៉ូលិស​ក្រសួងមហាផ្ទៃ បាន​ចាប់ខ្លួន​ក្រឡាបញ្ជី​ម្នាក់ បម្រើ​ការងារ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ម៉ោង ១ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១២ ក្នុង​ក្លឹប​កម្សាន្ត​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ ពាក់ព័ន្ធ​រឿង​ស៊ីដាច់​ប្រាក់​គូភាគី​ក្នុង​សំណុំរឿង​រដ្ឋប្បវេណី ចំនួន ២៥ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​ក្រឡាបញ្ជី​ដែល​ត្រូវបាន​ចាប់ខ្លួន​នេះ មានឈ្មោះ គ្រួច បូ​រ័ត្ន ត្រូវបាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពីបទ រំលោភ​លើ​ទំនុកចិត្ត និង​ក្លែង​លិខិតឯកជន ដោយ​ភ្ជាប់​យក​ករណី​ស៊ីដាច់​ប្រាក់​ចំនួន ២៥ ម៉ឺន​ដុល្លារ ដែល​គូភាគី​ក្នុង​រឿងក្តី​រដ្ឋប្បវេណី​បាន​តម្កល់ទុក ដើម្បី​ដោះស្រាយ​បញ្ហា​ជម្លោះ កាលពី​អំឡុង​ឆ្នាំ​២០១១ កន្លងទៅ​។​


​ក្រោយពី​ចៅក្រម​បាន​ចាត់ការ​ជា​បន្តបន្ទាប់​តាម​នីតិវិធី​រួចហើយ គូភាគី​ក្នុង​សំណុំ​រឿងនេះ បាន​ព្រមព្រៀងគ្នា​ឈានដល់​ការសុំ​ដក​ប្រាក់​តម្កល់ ២៥ ម៉ឺន​ដុល្លារ​នេះ ដើម្បី​បញ្ចប់រឿង​។ ប៉ុន្តែ​ពេល​ទៅ​ដក​ប្រាក់​នោះ ទើប​ដឹងថា​ក្រឡាបញ្ជី គ្រួច បូ​រ័ត្ន បាន​យកប្រាក់​នេះ​ទៅ​ចាយវាយ​អស់ហើយ​។​

​នៅ​ចន្លោះ​ពេលដែល​រឿងនេះ​ត្រូវបាន​បែកធ្លាយ ឈ្មោះ គ្រួច បូ​រ័ត្ន បាន​ចេញពី​ប្រទេស​កម្ពុជា ទៅ​ប្រទេស​បារាំង​មួយរយៈ​។ លុះ​មកដល់​ដើមឆ្នាំ​២០១២ គ្រួច បូ​រ័ត្ន បាន​ត្រឡប់មក​កម្ពុជា​វិញ ហើយ​បាន​ចូល​ឆ្លើយ​នៅ​ដំណាក់កាល​អយ្យការ ថា ខ្លួន​ពិតជា​បាន​ដក​ប្រាក់​នោះ​យកទៅ​ចាយ​ប្រាកដ​មែន ហើយ​រឿងនេះ​ទៀតសោត ពុំមាន​ជាប់​ពាក់ព័ន្ធ​នឹង​ចៅក្រម​ណា​ម្នាក់​ទេ ពោលគឺ​ខ្លួន​ប្រព្រឹត្ត​តែម្នាក់ឯង​។​

​ក្រោយពេល​សាកសួរ​រួចហើយ លោក លី សុ​ផា​ណា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់ គ្រួច បូ​រ័ត្ន ពីបទ​រំលោភ​លើ​ទំនុកចិត្ត និង​ក្លែង​លិខិតឯកជន រួច​បញ្ជូន​សំណុំ​រឿងនេះ​ទៅ​ចៅក្រម​ស៊ើបសួរ ចាត់ការ​បន្ត​តាម​នីតិវិធី ក្រោមរូបភាព​ជន​ត្រូវ​ចោទ​ស្ថិតនៅ​ក្រៅ​ឃុំ​។ ប៉ុន្តែ​ក្នុងនោះ តុលាការ​បានសម្រេច​ហាមឃាត់​ជន​ត្រូវ​ចោទ មិន​ឲ្យ​ចេញពី​ប្រទេស​កម្ពុជា ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​ពី​ករណីនេះ​។​

​ចន្លោះ​ពេលដែល​ចៅក្រម​កំពុង​ចាត់ការ​សំណុំ​រឿងនេះ ជន​ត្រូវ​ចោទ​បានគេច​ខ្លួន​ទៅ​រស់​នៅតាម​បណ្តា​ខេត្ត​មួយចំនួន ដែលមាន​ព្រំប្រទល់​ជាប់​ប្រទេស​វៀតណាម និង​ថៃ ដោយ​ពុំ​ព្រម​ចូលខ្លួន​បំភ្លឺ​ពី​ករណីនេះ​ទេ​។ ហេតុ​ដូច្នេះហើយ ទើប​ចៅក្រម​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​ស្វែងរក​ចាប់ខ្លួន គ្រួច បូ​រ័ត្ន យកមក​សាកសួរ ពី​ករណី​ដែល​ត្រូវបាន​ចោទប្រកាន់​នេះ​។​

​មួយរយៈ​ពេលដែល​សម​ត្ថ​កិច្ច​ពុំទាន់​ចាប់ខ្លួន គ្រួច បូ​រ័ត្ន បាន​នោះ ចៅក្រម​បានសម្រេច​បិទ​ការ​ស៊ើបសួរ រួច​បញ្ជូន​សំណុំរឿង​ទៅ​ចៅក្រម​ជំនុំជម្រះ​ចាត់ការ​បន្ត​។ ប៉ុន្តែ​រហូតមកទល់​ពេលនេះ តុលាការ​ពុំទាន់​កំណត់ពេល​បើកសវនាកា​រ​ជំនុំជម្រះ​នៅឡើយ​ទេ​។​

​តាម​ប្រភព​មួយ​បាន​ឲ្យ​ដឹងថា ទឹកប្រាក់​ចំនួន ២៥ ម៉ឺន​ដុល្លារ​នោះ គ្រួច បូ​រ័ត្ន បាន​យកទៅ​ចាយវាយ និង​ចាញ់ល្បែង ពិសេស​ចាញ់ល្បែង​ចាក់បាល់​តែម្តង​។​

​ចំពោះ​ករណីនេះ ប៉ូលិស​នឹង​បញ្ជូន គ្រួច បូ​រ័ត្ន មក​តុលាការ​នៅ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១២ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ថា​តើ​ត្រូវ​ឃុំខ្លួន ឬ​មិន​ឃុំខ្លួន​៕ 

No comments:

Post a Comment

yes