សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 2, 2012

គ្រូ​បង្រៀន​ទាម​ទារ​ប្រាក់​បៀវត្ស​១លាន​រៀល​ក្នុង​១ខែ


"យើង​ប្រកាន់​ជំហរ ដើម្បី​គ្រូ​បង្រៀន" គឺ​ជា​ប្រធាន​បទ​នៃ​ទិវា​គ្រូ​បង្រៀន​ពិភពលោក​ឆ្នាំ​នេះ។ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី៥ ខែ​តុលា ឆ្នាំ​២០១២ ប្រទេស​កម្ពុជា ក៏​ប្រារព្ធ​ទិវា​គ្រូ​បង្រៀន​ដូច​ពិភពលោក​ដែរ។
RFA/Tin Zakariya
៨-មេសា-២០១២៖ លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ផ្ដល់​បទ​សម្ភាសន៍ នៅ​ការិយាល័យ​របស់​លោក។
ថ្លែង​ក្នុង​សន្និសីទ​កាសែត នា​ទីស្នាក់ការ​ក្រុង​ភ្នំពេញ ព្រឹក​ថ្ងៃ​ចន្ទ ទី១ ខែ​តុលា លោក រ៉ុង ឈុន បាន​ឲ្យ​ដឹង​ថា ប្រាក់​ខែ​គ្រូ​បង្រៀន​ពី​កម្រិត​បឋម​ដល់​វិទ្យាល័យ គិត​ជា​មធ្យម​មាន​ចន្លោះ​ពី ២០ម៉ឺន​រៀល ទៅ​ជាង ៤០ម៉ឺន​រៀល​ក្នុង​១ខែ។ លោក​ថា ប្រាក់​បៀវត្ស​នេះ មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​តម្លៃ​ទំនិញ​កើន​ខ្ពស់​នៅ​លើ​ទីផ្សារ​នោះ​ទេ។
លោក រ៉ុង ឈុន ឲ្យ​ដឹង​ថា ប្រាក់​បៀវត្ស​គ្រូ​បង្រៀន​ស្រុក​ខ្មែរ​ចំនួន ៤ឆ្នាំ ស្មើ​នឹង​ប្រាក់​ខែ​គ្រូ​បង្រៀន​នៅ​ប្រទេស​អង់គ្លេស ចំនួន ១ខែ។ ហើយ​បើ​ប្រៀបធៀប​ប្រាក់​បៀវត្ស​របស់​គ្រូ​បង្រៀន​ក្នុង​តំបន់ មាន​ថៃ ម៉ាឡេស៊ី ឬ​ប្រទេស​សិង្ហបុរី ជាដើម ប្រាក់​ខែ​គ្រូ​បង្រៀន​កម្ពុជា ទាប​ជាង​គេ​ដាច់៖ «ប្រាក់​អប្បបរមា គឺ ១លាន​រៀល។ ប៉ុន្តែ ១លាន​រៀល​ហ្នឹង បើ​ទីផ្សារ​ឡើង ៥០០% ១លាន​រៀល​នេះ ក៏​អត់​មាន​ន័យ​ខ្លឹម​សារ​អី​ទៀត​ទេ។ អាហ្នឹង ត្រូវ​ដើរ​ទន្ទឹម​គ្នា អ្នក​ដឹកនាំ​រដ្ឋ​ហ្នឹង។ មិន​មែន​ចេះ​តែ​ដំឡើង​បៀវត្ស ដើម្បី​យក​ប្រជាភិថុតិ ហើយ​មិន​គិត​អំពី​ទីផ្សារ គឺ​គ្រូ​បង្រៀន​នៅ​តែ​រងគ្រោះ​ដដែល»

លោក​បន្ថែម​ថា ប្រព័ន្ធ​អប់រំ​ល្អ គឺ​ជា​ចំណុច​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ធនធាន​មនុស្ស​នៅ​ក្នុង​ប្រទេស។
គ្រូ​បង្រៀន​សរុប​នៅ​ទូទាំង​ប្រទេស​កម្ពុជា មាន​ជាង ១០ម៉ឺន ៤ពាន់​នាក់។ គ្រូ​បឋម ទទួល​បាន​ប្រាក់​បៀវត្ស​ជា​មធ្យម​ក្នុង ១ខែ មាន​ប្រមាណ ២០ម៉ឺន​រៀល។ គ្រូ​មធ្យម ទទួល​បាន​ប្រមាណ ៣០ម៉ឺន​រៀល និង​គ្រូ​កម្រិត​វិទ្យាល័យ ទទួល​បាន​ប្រមាណ ៤០ម៉ឺន​រៀល ក្នុង ១ខែ។
អ្នកគ្រូ គុន្ធា ជា​គ្រូ​បង្រៀន​នៅ​សាលា​បឋម​សិក្សា​បឹងត្របែក រាជធានី​ភ្នំពេញ បាន​ត្អូញត្អែរ​ថា ប្រាក់​បៀវត្ស​ដែល​រូប​គាត់​ទទួល​បាន​ប្រចាំ​ខែ ជាង ២០ម៉ឺន​រៀល មិន​បាន​ឆ្លើយ​តប​នឹង​តម្លៃ​ទំនិញ​កើន​ខ្ពស់​នោះ​ទេ៖ «ទឹក​ចិត្ត​គ្រូ​បង្រៀន​ដូច​នាង​ខ្ញុំ ចង់​បាន​ប្រាក់​ខែ​សមរម្យ អាច​ចាយ​វាយ​បាន​គ្រប់គ្រាន់ គឺ​ចំនួន ១លាន​រៀល​ឡើង​ទៅ។ ខ្វះ​ដូច​ថា ទំនិញ​ទីផ្សារ​ឡើង​ថ្លៃ ណា​មួយ​ប្រាក់​បៀវត្ស​អត់​បាន​គ្រប់គ្រាន់ មាន​ការ​ខ្វះ​ខាត​ច្រើន។ ម្ហូប​អាហារ​ថ្លៃ​ខ្ពស់ ខុស​ពី​ប្រាក់​បៀវត្ស​ទទួល​បាន»
អ្នកគ្រូ​បាន​ស្នើ​ប្រមុខ​ដឹកនាំ និង​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​លើក​កម្ពស់​ជីវភាព​គ្រូ​បង្រៀន ឲ្យ​បាន​ប្រសើរ​ជាង​សព្វថ្ងៃ តាម​រយៈ​ដំឡើង​ប្រាក់​បៀវត្ស​ជូន​គ្រូ​បង្រៀន។
គ្រូ​បង្រៀន​ម្នាក់​ទៀត​ឈ្មោះ ណុប មុនីលក្ខិណា បង្រៀន​នៅ​សាលា​បឋម​សិក្សា​សុធារស ក៏​បាន​រអ៊ូរទាំ​ពី​ប្រាក់​ខែ​តិច​តួច​នេះ​ដែរ។
អ្នកគ្រូ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​បៀវត្ស​ជូន​គ្រូ​បង្រៀន ឲ្យ​បាន​យ៉ាង​តិច​ចំនួន ១លាន​រៀល​ក្នុង ១ខែ ទើប​អាច​នាំ​ឲ្យ​ជីវភាព​លោកគ្រូ​អ្នកគ្រូ​រស់នៅ​បាន​ថ្លៃថ្នូរ៖ «ចាប់​ពី ១លាន​រៀល​ឡើង​ទៅ។ ពិបាក​ណាស់​ជីវភាព​គ្រូ​បង្រៀន។ ព្រោះ​អី យើង​មើល​ទៅ ការ​ចំណាយ​មាន​ច្រើន។ ដូច​ជា​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង ម្ហូប​អាហារ និង​ថ្លៃ​កូន​រៀន​ជាដើម»
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ក្រសួង​អប់រំ ដើម្បី​បំភ្លឺ​ជុំវិញ​កង្វល់​គ្រូ​បង្រៀន និង​ការ​ប្រារព្ធ​ទិវា​គ្រូ​បង្រៀន​ពិភពលោក របស់​សមាគម​គ្រូ​បង្រៀន​បាន​ទេ នៅ​រសៀល​ថ្ងៃ​ចន្ទ ទី១ ខែ​តុលា។
ប៉ុន្តែ​រាល់​ឆ្នាំ រាជរដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់​បៀវត្ស​ជូន​លោកគ្រូ​អ្នកគ្រូ​ចំនួន ២០% បន្ថែម​លើ​ប្រាក់​បៀវត្ស​គ្រូ​បង្រៀន។ យ៉ាង​នេះ​ក្តី ទាំង​លោក រ៉ុង ឈុន និង​ក្រុម​គ្រូ​បង្រៀន អះអាង​ថា ការ​ដំឡើង​នេះ មិន​ទាន់​បាន​ឆ្លើយ​តប និង​ជំរុញ​ឲ្យ​ជីវភាព​គ្រូ​បង្រៀន​ប្រសើរ​ទេ ព្រោះ​តម្លៃ​ទំនិញ​បាន​កើន​ខ្ពស់​ពី ១ថ្ងៃ​ទៅ ១ថ្ងៃ។
ទាក់​ទិន​ទិវា​នេះ​ដែរ សារ​គាំទ្រ​រួម​របស់​អង្គការ​ពលកម្ម​អន្តរជាតិ អាយ.អិល.អូ (ILO) អង្គការ​យូណេស្កូ (UNESCO) អង្គការ​យូនីសេហ្វ (UNICEF) អង្គការ​យូ.អិន.ឌី.ភី (UNDP) និង​អង្គការ​អប់រំ​អន្តរជាតិ បាន​បញ្ជាក់​ថា គ្រូ​បង្រៀន គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សាលារៀន​ល្អ ហើយ​សាលារៀន​ដែល​ល្អ គឺ​មាន​សសរ​ទ្រូង​ទ្រទ្រង់​រឹងមាំ និង​សហគមន៍​ដែល​កាន់​លទ្ធិប្រជាធិបតេយ្យ។ ដូច្នេះ គ្រូ​បង្រៀន គឺ​ជា​កូនសោ​ដ៏​សំខាន់ ក្នុង​ការ​សម្រេច​បាន​គោលដៅ​នៃ​ការ​អប់រំ ដើម្បី​ទាំង​អស់​គ្នា៕

No comments:

Post a Comment

yes