សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 2, 2012

លោក​សមរង្ស៊ី ប្រកាស​ពី​ការវិល​មកវិញ

លោក​សមរង្ស៊ី ប្រកាស​ពី​ការវិល​មកវិញ
​លោក កែវ រ៉េមី រដ្ឋលេខាធិការ និង​ជា​អនុប្រធាន​នៃ​អង្គភាព​ព័ត៌មាន 
និង​ប្រតិកម្ម​ហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី

CEN: (ថ្ងៃទី 2 តុលា 2012, ម៉ោង 04:15:PM) | ដោយ: រតនា

ភ្នំពេញ: ​លោក សម រង្ស៊ី ដែល​កំពុងតែ​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស បាន​បញ្ជាក់ថា នឹង​វិល​មកកាន់​ប្រទេស​កម្ពុជា​វិញ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៥ ឆ្នាំ​២០១៣​។ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​អំពី​ពេលវេលា​ណាមួយ​ពិតប្រាកដ​នោះទេ​។ 

​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយ​បែបនេះ កាលពី​ព្រឹក​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១២ ពី​ទីក្រុង​ប៉ារីស ប្រទេស​បារាំង តាមរយៈ​វីដេអូ​ខន​ហ្វឺ​រិ​ន នៅក្នុង​ពិធី​ជួប​ជាមួយ​អ្នករត់ម៉ូតូឌុប ម៉ូតូ​កង់​បី និង​អ្នកគាំទ្រ នៅ​ស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​។​

​លោក សម រង្ស៊ី បាន​បញ្ជាក់ថា លោក​នឹង​វិលត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ មក​រួមចំណែក​ដឹកនាំ​ប្រទេស និង​ដឹកនាំ​យុទ្ធនាការ​ឃោសនាបោះឆ្នោត ឆ្នាំ​២០១៣​។ លោក​បាន​លើកឡើងថា “​មាន​ចរន្ត​ខ្លាំងណាស់ ទប់​អត់​បានទេ កម្លាំង​អ្នកស្នេហាជាតិ កម្លាំង​សង្គ្រោះ​ជាតិ ប្រជាធិបតេយ្យ ទាំង​នៅក្នុង​ប្រទេស និង​នៅលើ​ឆាក​អន្តរជាតិ ទទួលបាន​ជោគជ័យ​ជា​បណ្តើរៗ​។ ហើយ​ជោគជ័យ​នេះ នឹង​នាំមក​នូវ​ការផ្លាស់ប្តូរ​នៅ​ប្រទេស​កម្ពុជា មិនយូរ​ទេ ព្រឹត្តិការណ៍​ដើរ​លឿន​ណាស់ យ៉ាងយូរ​ប៉ុន្មាន​ខែ​ទៀត នឹងមាន​ការប្រែប្រួល​”​។ 


​លោក សម រង្ស៊ី បានបញ្ជាក់​ទៀតថា “​ពិភពលោក​ទាំងមូល យល់ច្បាស់​អំពី​ស្ថានការណ៍​នៅ​ប្រទេស​កម្ពុជា វា​នាំមក​គ្រោះថ្នាក់ មិនមែន​សម្រាប់​ខ្មែរ​ទេ គ្រោះថ្នាក់​ដល់​គេឯង​ច្រើនណាស់ បើ​បណ្តោយ​ឲ្យ​មានអំណាច​ផ្តាច់ការ​ដូច​សព្វថ្ងៃ ដូចជា​ការចាប់​លោក ម៉ម សូណង់ដូ នេះ​ជាស​ញ្ញា​ឲ្យ​ឃើញថា អំណាច​ផ្តាច់ការ គេ​មិនអាច​អនុញ្ញាត​ឲ្យ​មាន​របប​បែប​ហ្នឹង​ទេ​”​។ 

​លោក​បាន​ឲ្យ​ដឹង​ដែរ​ថា លោក​នឹង​មកជួប​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ នាពេល​ឆាប់ៗ ហើយ​មិនយូរ​មិនឆាប់​ទេ នឹងមាន​ដំណោះស្រាយ​សម្រាប់​រូបលោក ក្នុង​ការវិល​ត្រឡប់មក​កាន់​ប្រទេស​កម្ពុជា​វិញ ពីព្រោះ​រឿងនេះ​ជា​រឿង​នយោបាយ មិនមែន​រឿង​តុលាការ​ទេ​។​

​លោក សម រង្ស៊ី ក៏បាន​អះអាងថា លោក ម៉ម សូណង់ដូ នឹង​ត្រូវគេ​ដោះលែង​ក្នុងពេល​ឆាប់ៗ កុំ​តក់ស្លុត ជា​ឆាកល្ខោន​ទេ ពួក​ផ្តាច់ការ​គេ​តែងតែ​បង្កើត​បញ្ហា​ច្រើន​ជំពូក​។ រឿង​លោក ម៉ម សូណង់ដូ មួយខែ ឬ​ពីរ​ខែ​ទៀត នឹង​បានចេញ​មកវិញហើយ ពីព្រោះ​មាន​សម្ពាធ​អន្តរជាតិ ហើយ​លោក​ហ៊ាន​ធានាថា លោក ម៉ម សូណង់ដូ នឹង​ត្រូវគេ​ដោះលែង ហើយ សម រង្ស៊ី នឹង​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​។​

​លោក កែវ រ៉េមី រដ្ឋលេខាធិការ និង​ជា​អនុប្រធាន​នៃ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​ហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​ថ្ងៃទី​២ ខែតុលា​នេះ បាន​ថ្លែងប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា គ្មាន​ការសម្របសម្រួល​នយោបាយ រវាង​គណបក្សប្រឆាំង ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា​ឡើយ​។​

​លោក កែវ រ៉េមី បាន​បញ្ជាក់ថា “​អត់​មានអី​សម្របសម្រួល នយោបាយ​ផ្សះផ្សា​ជាតិ​ទៀត​អី​ទេ អាហ្នឹង​វា​ហួសពេល​ហើយ ចូលមក​ទសវត្សរ៍​នេះ ២០​ឆ្នាំ ៣០​ឆ្នាំ ហើយ វា​អត់​មានអី​សម្របសម្រួល ផ្សះផ្សា​ជាតិ​តទៅទៀត​ទេ យើង​បាន​ឯកភាព​ជាតិ​ទាំងស្រុង​ហើយ យើង​កំពុង​បោះជំហាន​ទាក់ទង​នឹង​ការអនុវត្តន៍​ច្បាប់​”៕

No comments:

Post a Comment

yes