សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 12, 2012

ពលរដ្ឋ​ខ្មែរ​នៅ​អឺរ៉ុប​គ្រោង​នឹង​ធ្វើ​បាតុកម្ម​គាំទ្រ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស


ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្នុង​ប្រទេស​នៃ​ទ្វីប​អឺរ៉ុប ចំនួន​ជិត ៦០០នាក់ គ្រោង​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ប្រទេស​បារាំង នៅ​ថ្ងៃ​អាទិត្យ សប្ដាហ៍​ក្រោយ ដើម្បី​បង្ហាញ​ពី​ទឹក​ចិត្ត​របស់​ពួក​គេ​ក្នុង​ការ​គាំទ្រ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស។
ពលរដ្ឋ​ខ្មែរ​នៅ​អឺរ៉ុប គ្រោង​នឹង​ធ្វើ​បាតុកម្ម​នៅ​កណ្ដាល​ក្រុង​ប៉ារីស នៃ​ប្រទេស​បារាំង ដើម្បី​ជំរុញ​អោយ​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស អោយ​បាន​ពេញ​លេញ។
សេចក្ដី​ជូន​ដំណឹង​របស់​អ្នក​រៀបចំ​បាតុកម្ម អោយ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​រស់នៅ​អឺរ៉ុប នឹង​ជួប​ជុំ​គ្នា​នៅ​រសៀល​ថ្ងៃ​ទី២១ ខែ​តុលា ឆ្នាំ​២០១២ នៅ​ទីលាន​សេរីភាព​ដ្រូកាដេរ៉ូ នៅ​ទីក្រុង​ប៉ារីស។
អ្នក​សម្រប​សម្រួល​កម្មវិធី លោក ហម ប៊ុនឆាយ មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ពី​ប្រទេស​បារាំង នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី១១ ខែ​តុលា ថា​ក្នុង​រយៈពេល ២១ឆ្នាំ​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​កម្ពុជា ពុំ​បាន​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បាន​ពេញ​លេញ​ឡើយ។ លោក ហម ប៊ុនឆាយ បន្ត​ថា ប្រការ​នេះ​ធ្វើ​អោយ​កម្ពុជា បាត់​បង់​អធិបតេយ្យ​ភាព និង​ខ្វះ​ចន្លោះ​ការ​គោរព​សិទ្ធិ​មនុស្ស។

លោក ហម ប៊ុនឆាយ បន្ត​ថា បាតុកម្ម​គាំទ្រ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នឹង​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​អឺរ៉ុប ជិត ៦០០​នាក់​ចូល​រួម។ ជា​មួយ​គ្នា​នេះ ក៏​មាន​តំណាង​អង្គការ​នានា រួម​មាន ចលនា​ខ្មែរ​ម្ចាស់​ស្រុក គណៈកម្មការ​ព្រំដែន​កម្ពុជា​នៅ​ប្រទេស​បារាំង និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​បង្រួប​បង្រួម​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស។
រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ពលរដ្ឋ​កម្ពុជា​គ្រប់​រូប​មាន​សិទ្ធិ​ក្នុង​ការ​តវ៉ា​ទាមទារ​អោយ​មាន​ការ​ផ្លាស់​ប្ដូរ ដើម្បី​ភាព​រីក​ចម្រើន​របស់​ប្រទេស។ លោក ផៃ ស៊ីផាន បន្ត​ថា រដ្ឋាភិបាល​តែង​តែ​បំពេញ​ភាព​ខ្វះ​ចន្លោះ​នៅ​ក្នុង​ការ​ដឹកនាំ​ប្រទេស​អោយ​មាន​ការ​អភិវឌ្ឍ។
ដោយ​ឡែក ប្រធាន​ក្រុម​ប្រឹក្សា​យុវជន​គណបក្ស សម រង្ស៊ី លោក សួង សុភ័ណ បាន​ប្រកាស​នៅ​ខាង​មុខ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី១១ ខែ​តុលា ដែរ​ថា គេ​គ្រោង​នឹង​ធ្វើ​បាតុកម្ម​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៣ ខែ​តុលា ដើម្បី​ទាមទារ​អោយ​មាន​ការ​បោះ​ឆ្នោត​សេរី ត្រឹមត្រូវ ស្រប​តាម​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស។ បាតុកម្ម​នោះ​នឹង​មាន​យុវជន​មក​ពី​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស សិស្ស និង​និស្សិត ប្រមាណ ១.០០០​នាក់​ចូល​រួម។
អ្នក​ឃ្លាំ​មើល​សង្គម​នៅ​កម្ពុជា ហៅ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ​២០១១ ថា​ជា​មូលដ្ឋាន​គតិយុត្តិ ឬ​ជា​ប្រព័ន្ធ​ច្បាប់​ដែល​ធានា​ភាព​សុខសាន្ត ស្ថិរភាព​នយោបាយ​ផ្ទៃ​ក្នុង​ប្រទេស​កម្ពុជា។ កិច្ច​ព្រមព្រៀង​ទាក់​ទង​នឹង​អធិបតេយ្យ​ភាព ឯករាជ្យ បូរណភាព និង​ភាព​មិន​អាច​រំលោភ​បាន​នៃ​ដែន​ដី​អព្យាក្រឹត​ភាព និង​ឯកភាព​ជាតិ​កម្ពុជា៕

No comments:

Post a Comment

yes