សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 12, 2012

អ្នក​បឹងកក់​ប្រារព្ធ​ពិធី​លែង​សត្វ​ចាប​ជា​និមិត្ត​រូប​ឲ្យ​តុលាការ​ដោះលែង​សកម្មជន​ដីធ្លី


អ្នក​ភូមិ​បឹងកក់ ជិត ១០០នាក់ ស្លៀក​សំលៀក​បំពាក់​តាម​បែប​ប្រពៃណី នាំ​គ្នា​ដើរ​ដង្ហែ​ក្បួន​ពី​តំបន់​បឹងកក់ ទៅ​កាន់​វត្ត​នាគវ័ន រាជធានី​ភ្នំពេញ ដើម្បី​បង្សុកូល និង​ឧទ្ទិស​បុណ្យ​កុសល​ជូន​ដល់​បុព្វការី ព្រម​ទាំង​ប្រារព្ធ​ពិធី​លែង​សត្វ​ចាប ជា​និមិត្ត​រូប​ទាម​ទារ​ឲ្យ​តុលាការ​ដោះ​លែង​អ្នកស្រី យ៉ោម បុប្ផា សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់។
RFA/Vichey Anandh
អ្នក​បឹងកក់ ដង្ហែ​គ្នា​ទៅ​វត្ត​នាគវ័ន ប្រគេន​ចង្ហាន់​ព្រះសង្ឃ សង្កាត់​បឹងកក់២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១១ ខែ​តុលា ឆ្នាំ​២០១២។
ស្វាមី​របស់​អ្នកស្រី យ៉ោម បុប្ផា គឺ​លោក លួស សាខន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី១១ តុលា ថា តាម​ប្រពៃណី ឲ្យ​តែ​ដល់​រដូវ​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ ពលរដ្ឋ​ទូទាំង​ប្រទេស​តែង​នាំ​គ្នា​ទៅ​កាន់​វត្តអារាម ដែល​ស្ថិត​នៅ​ក្បែរ​លំនៅឋាន​របស់​ពួក​គាត់ ដើម្បី​បង្សុកូល និង​ឧទ្ទិស​បុណ្យ​កុសល​ជូន​ជីដូន​ជីតា ដែល​បាន​លា​ចាក​លោក​នេះ​ទៅ​កាន់​លោក​ខាង​មុខ។
ចំណែក​អ្នក​ភូមិ​បឹងកក់ ក៏​មិន​ខុស​គ្នា​ដែរ លើស​ពី​នេះ​ទៀត បំណង​របស់​អ្នក​ភូមិ​បឹងកក់ បន់​ស្រន់ និង​សម្បូងសង្រូង​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ​ទាំង​អស់ សុំ​ជួយ​ធ្វើ​យ៉ាង​ណា បន្ទន់​ចិត្ត​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ឲ្យ​ដោះ​លែង​ភរិយា​របស់​លោក គឺ​អ្នកស្រី យ៉ោម បុប្ផា ឲ្យ​មាន​សេរីភាព​វិញ។

លោក លួស សាខន៖ «បន្ទន់​ចិត្ត​ដល់​រដ្ឋាភិបាល ឬ​ដល់​មន្ត្រី​ដែល​បាន​ចោទ​ប្រពន្ធ​ខ្ញុំ​ថា វ៉ៃ​គេ​ជាប់​ពន្ធនាគារ ឲ្យ​ឆាប់​បាន​ដោះ​លែង​ប្រពន្ធ​ខ្ញុំ​មក​វិញ ទី១។ ហើយ​ទី២ សូម​ឲ្យ​មាន​ដំណោះស្រាយ​នៅ​ក្នុង​តំបន់​បឹងកក់ ទាំង​អស់ គឺ​ឲ្យ​វាស់​ព្រំដី ១២,៤៤​ហិកតារ ហើយ​និង​មាន​ប្លង់​កម្មសិទ្ធិ​គ្រប់ៗ​គ្នា ហើយ​និង​គ្មាន​កាត់​ប្រជាជន​ណា​មួយ​ចេញ​ពី​តំបន់​បឹងកក់ ទេ ហើយ​សូម​ឲ្យ​មាន​ដំណោះស្រាយ​ក្នុង​ពេល​ឆាប់ៗ»
ទាក់​ទង​នឹង​ការ​សម្រេច​ចិត្ត​របស់​អ្នក​បឹងកក់ ចូល​រួម​កាន់​បិណ្ឌ នៅ​វត្ត​នាគវ័ន នេះ លោក លួស សាខន មាន​ប្រសាសន៍​ថា វត្ត​នេះ​ជា​វត្ត​ដែល​មាន​មហិទ្ធិឫទ្ធិ ឬ​ឫទ្ធានុភាព ព្រោះ​កន្លង​មក មេ​ដឹកនាំ​ប្រទេស​កម្ពុជា នា​ពេល​បច្ចុប្បន្ន ក៏​ធ្លាប់​បាន​ស្នាក់​នៅ​វត្ត​នេះ​ដែរ។ ដូច្នេះ លោក​សង្ឃឹម​ថា បារមី​វត្ត​នាគវ័ន អាច​នឹង​ជួយ​បំភ្លឺ​ផ្លូវ​រក​ដំណោះស្រាយ​សមស្រប​ណា​មួយ ដើម្បី​បញ្ចប់​ជម្លោះ​អ្នក​បឹងកក់ ជាមួយ​នឹង​ក្រុមហ៊ុន​ស៊ូកាគូ។
ក្រៅ​ពី​បង្សុកូល និង​ដាក់​បាត្រ​ប្រគេន​ព្រះសង្ឃ​រួច​រាល់​ហើយ អ្នកស្រី ហេង មុំ មាន​ប្រសាសន៍​ថា អ្នក​ភូមិ​ប្រារព្ធ​ពិធី​លែង​សត្វ​ចាប។ អ្នកស្រី​អះអាង​បន្ត​ថា ការ​នាំ​គ្នា​ដោះ​លែង​សត្វ​ចាប​នេះ ជា​និមិត្តរូប​ឲ្យ​តុលាការ​ដោះ​លែង​អ្នក​គ្មាន​កំហុស​ទាំង​ប៉ុន្មាន ដែល​តុលាការ​បាន​ចាប់​ខ្លួន ដោយ​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់ ឲ្យ​ពួក​គាត់​រួច​ខ្លួន និង​មាន​សេរីភាព​ឡើង​វិញ។
អ្នកស្រី ហេង មុំ៖ «មិន​តំបន់​បុរីកីឡា ឬ​តំបន់​បឹងកក់ នោះ​ទេ ឬ​ក៏​លោក​តា ម៉ម សូណង់ដូ ជាដើម។ ដូច្នេះ ខ្ញុំ​ធ្វើ​បុណ្យ​នេះ គឺ​ខ្ញុំ​រំលែក​ទុក្ខ​ដល់​អ្នក​ដែល​គ្មាន​កំហុស​នៅ​ក្នុង​ពន្ធនាគារ​នោះ សូម​ឲ្យ​ដោះ​លែង​គាត់​ឲ្យ​មាន​សេរីភាព​វិញ​ដូច​ចាប»
ភ្ជាប់​នឹង​រឿង​ក្ដី​នេះ មេធាវី​ការពារ​ក្ដី​អ្នកស្រី យ៉ោម បុប្ផា លោក ជិន លីដា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី១១ តុលា ថា ចៅក្រម​ស៊ើបសួរ​បាន​បិទ​ការ​សាក​សួរ​លើ​រឿង​ក្ដី​នេះ​ហើយ តែ​លោក​បញ្ជាក់​ថា រឿង​ក្ដី​នេះ​មិន​ទាន់​ត្រូវ​គេ​ដឹង​ពី​ការ​កំណត់​នៃ​ថ្ងៃ​បើក​សវនាការ​នោះ​ទេ។
អ្នកស្រី យ៉ោម បុប្ផា ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ទី៤ កញ្ញា ឆ្នាំ​២០១២ ពី​បទ​អ្នកស្រី​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ទៅ​លើ​បុរស​ពីរ​នាក់ ឈ្មោះ ង៉ែត ចិត្ត និង វ៉ាត ថៃសេង ដែល​មាន​មុខ​របរ​ជា​អ្នក​រត់​ម៉ូតូ​ឌុប។
កាល​ពី​ថ្ងៃ​ទី៧ សីហា ឆ្នាំ​២០១២ សមាជិក​សមាគម​រួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​ពីរ​រូប គឺ​លោក វ៉ាត ថៃសេង អាយុ ២៤ឆ្នាំ និង​លោក ង៉ែត ចិត្ត អាយុ ២៨ឆ្នាំ ត្រូវ​គេ​វាយ​ដោយ​ចាក់​នឹង​ទួរណឺវីស និង​យក​ពូថៅ​កាប់​លើ​ក្បាល​រង​របួស​ជា​ទម្ងន់ នៅ​ទល់​មុខ​ផ្ទះ​សំណាក់​បុប្ផា សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ដោយ​ចោទ​បុរស​ទាំង​នោះ​ថា ប៉ុនប៉ង​លួច​កាច់​កញ្ចក់​ឡាន។ ហេតុការណ៍​នេះ កើត​ឡើង​បន្ទាប់​ពី​ឡាន​របស់​អ្នកស្រី យ៉ោម បុប្ផា ត្រូវ​ចោរ​លួច​កាច់​កញ្ចក់​ជា​ញឹកញាប់ ហើយ​ករណី​នេះ អ្នកស្រី​តែង​ប្ដឹង​ប៉ុស្តិ៍​នគរបាល​នៅ​ក្បែរ​នោះ​ឲ្យ​រក​ជនល្មើស ប៉ុន្តែ​សមត្ថកិច្ច​នោះ​ហាក់​មិន​សូវ​អើពើ​ពាក្យ​បណ្ដឹង​នេះ​ឡើយ។
ទោះ​យ៉ាង​ណា សាក្សី​ដែល​បាន​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ កាល​ពី​ថ្ងៃ​ទី៩ តុលា អ្នកស្រី ផាន់ ឈុនរ៉េត បញ្ជាក់​ថា អ្នកស្រី យ៉ោម បុប្ផា មិន​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការ​ចោទ​របស់​តុលាការ​នោះ​ទេ៕

No comments:

Post a Comment

yes