សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 24, 2012

កូន​ខ្មែរ​ដែល​ព្យាយាម​យក​ទង់ជាតិ​ខ្មែរ​ទៅ​ដោត​លើ​ភ្នំ​អេវើរ៉េស​ស្លាប់​កណ្តាល​ផ្លូវ


121024_20a
លោក លឹម ពិសិដ្ឋ លើក​បង្ហាញ​ទង់​ជាតិ​កម្ពុជា​ក្នុង​ដំណើរ​ឡើង​ភ្នំ​អេវើរ៉េស​
ភ្នំពេញៈ សព​យុវជន​កម្ពុជា​ម្នាក់​ដែល​ស្លាប់​ដោយ​សារ​បញ្ហា​សុខភាព​នៅ​ពេល​ ព្យាយាម​យក​ទង់​ជាតិ​ប្រទេស​កម្ពុជា​ទៅ​ដោត​នៅ​លើ​កំពូល​ភ្នំ​ខ្ពស់​បំផុត​ របស់​ពិភព​លោក​អេវើរ៉េស (Everest) ដែល​មាន​កម្ពស់​៨៨៤៨​ម៉ែត្រ​នោះ អាច​នឹង​ត្រូវ​បូជា​នៅ​ប្រទេស​នេប៉ាល់​តែ​ម្តង ខណៈ​ដែល​គ្រួសារ​នៃ​សព​គ្មាន​លទ្ធ​ភាព​ចំណាយ​ប្រាក់​ដឹក​សាក​សព​ត្រឡប់​ មក​ប្រទេស​កំណើត​វិញ។
លោក លឹម ពិសិដ្ឋ វ័យ​២៨​ឆ្នាំ ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​អង្គការ IDE នៅ​ភ្នំពេញ បាន​ទទួល​មរណភាព​នៅ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​កំពូល​ភ្នំ​អេវើរ៉េស​ដើម្បី ​យក​ទង់​ជាតិ​ប្រទេស​កម្ពុជា​ទៅ​ដោត​នៅ​ទីនោះ​ ដើម្បី​សម្រេច​បំណង​ប្រាថ្នា​នៃ​ដំណើរ​កម្សាន្ត​ចុង​ក្រោយ​របស់​ខ្លួន​កាល ពី​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១២ នៅ​តំបន់​ភ្នំ​អេវើរ៉េស​ ប្រទេស​នេប៉ាល់​។
លោក លឹម ពិសាល អាយុ​៣២​ឆ្នាំ ជា​បង​ប្រុស​បង្កើត​របស់ លឹម ពិសិដ្ឋ បាន​និយាយ​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ប្អូន​ប្រុស​របស់​ខ្ញុំ​បាន​ស្លាប់​កាល​ពី​ថ្ងៃ​សុក្រ ទី​១៩ នៅ​ក្រោយ​ពេល​គេ​បាន​ទៅ​ដល់​ប្រទេស​នេប៉ាល់​ប្រមាណ​២​សប្តាហ៍​ ដើម្បី​ឡើង​លើ​ភ្នំ​អេវើរ៉េស​យក​ទង់​ជាតិ​ប្រទេស​កម្ពុជា​ដោត​នៅ​ទីនោះ​»។

បង ប្រុស​រូប​នេះ​ បាន​ឲ្យ​ដឹង​ថា ប្អូន​ប្រុស​របស់​លោក​គឺ លឹម ពិសិដ្ឋ ជា​មនុស្ស​ល្អ​ណាស់។ គេ​ជា​មនុស្ស​ដែល​មាន​ការ​គិត​ពិចារណា​ខ្ពស់​ និង​ចង់​ឲ្យ​អ្នក​រស់​នៅ​ក្បែរ​ខ្លួន​មាន​ភាព​រីក​រាយ​ជា​និច្ច​ ហើយ​គេ​តែង​មាន​បំណង​ប្រាថ្នា​ចង់​ដើរ​ជុំវិញ​ពិភពលោក​។ លោក លឹម ពិសាល បាន​បន្ត​ថា តាម​រយៈ​ការងារ​របស់​គេ​ គេ​បាន​ឱកាស​ចេញ​ទៅ​កម្សាន្ត​នៅ​បរទេស​ជាច្រើន​លើក ហើយ​ប្រទេស​នេប៉ាល់​នេះ​ជា​ក្តី​ប្រាថ្នា​ចុង​ក្រោយ​របស់​គេ។
លោក បាន​និយាយ​ថា៖​ «​ពិសិដ្ឋ ជា​មនុស្ស​ល្អ​ណាស់ ម្នាក់ៗ​ក្នុង​គ្រួសារ​យំ​គ្រប់​ៗ​គ្នា ហើយ​មិត្ត​ភក្តិ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​របស់​គេ​ក៏​មាន​ទុក្ខសោក​ខ្លាំង​ណាស់​ដែរ​។ គេ​ជា​មនុស្ស​ចូល​ចិត្ត​ឲ្យ​អ្នក​ក្បែរ​ខ្លួន​សើច សប្បាយ​ចិត្ត តែ​ខាង​ក្នុង​គេ​ជា​មនុស្ស​គិត​វែង​ឆ្ងាយ​។ គេ​តែង​ប្រាប់​ថា ចង់​ដើរ​លេង​ជុំវិញ​ពិភពលោក​»។
ជាមួយ​នឹង​ការ​រំជួល​ចិត្ត អ្នក​ស្រី មាន សារៀន ដែល​ជា​មិត្ត​ជិត​ដិត​របស់​លោក លឹម ពិសិដ្ឋ ​បាន​បន្ថែម​ថា៖ «[ពិសិដ្ឋ] គាត់​ជា​មនុស្ស​ចូល​ចិត្ត​ដើរ​លេង​ស្គាល់​កន្លែង​ជា​ច្រើន ហើយ​គាត់​បាន​ចំណាយ​ប្រាក់ និង​ពេល​ជាច្រើន​សម្រាប់​ការ​ដើរ​កម្សាន្ត​ដើម្បី​សម្រេច​បំណង​នៃ​ក្តី សុបិន​របស់​គេ​។ ក្តី​សុបិន​ចុង​ក្រោយ​របស់​គេ គឺ​យក​ទង់​ជាតិ​កម្ពុជា​ទៅ​ដោត​លើ​ភ្នំ​អេវើរ៉េស ប៉ុន្តែ​អកុសល គេ​មិន​អាច​សម្រេច​បំណង​នេះ​បាន»។
ដំណើរ​ផ្សង​ព្រេង​បាន​ពាក់​កណ្តាល​ ផ្លូវ​ក៏​ត្រូវ​ស្លាប់​បែប​នេះ លោក លឹម ពិសាល បាន​រៀប​រាប់​ដំណើរ​រឿង​ថា ប្អូន​ប្រុស​លោក​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ នេប៉ាល់​នៅ​ថ្ងៃ​ទី​១២ ខែ​តុលា កន្លង​ទៅ​នេះ ទាំង​អាការ​មិន​សូវ​ស្រួល​ខ្លួន ដោយ​គេ​ត្រូវ​ជួប​ជុំ​គ្នា​ជាមួយ​នឹង​មិត្តភក្តិ​ជន​ជាតិ​ម៉ាឡេស៊ី​របស់​គេ ៤​នាក់​ផ្សេង​ទៀត​នៅ​ទីនោះ និង​ឡើង​លើ​ភ្នំ​អេវើរ៉េស​ទាំង​អស់​គ្នា ដោយ​រូប​គេ​មាន​បំណង​យក​ទង់​ជាតិ​របស់​កម្ពុជា​ទៅ​ដោត​ឲ្យ​បក់​រវិចៗ​នៅ​ ទីនោះ​ដំបូង​គេ​។
លោក​បាន​បន្ត​ថា ពិសិដ្ឋ មាន​បំណង​ឡើង​ទៅ​កាន់​ចំណុច​មួយ​មាន​ឈ្មោះ​ថា ឌីសាខេម (​Desacame) ដែល​មាន​កម្ពស់​៥៣០០​ម៉ែត្រ ជា​ទី​ដែល​ត្រូវ​ដោត​ទង់​ជាតិ​នៅ​ទីនោះ តែ​គេ​ឡើង​បាន​កម្ពស់​តែ​៣៨០០​ម៉ែត្រ​ប៉ុណ្ណោះ ក៏​មាន​បញ្ហា​សុខភាព​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ក៏​ស្លាប់​នៅ​ទីនោះ​តែ​ម្តង​។
លោក លឹម ពិសាល ដែល​ទទួល​បាន​ព័ត៌មាន​១០០​ភាគ​រយ​ពី​មិត្តភក្តិ​ជាតិ​ម៉ាឡេស៊ី​របស់​លោក លឹម ពិសិដ្ឋ បាន​និយាយ​ថា៖ ​«និយាយ​ទៅ​វែង​ឆ្ងាយ​ណាស់ គេ​មាន​បញ្ហា​សុខភាព​តាំង​ពី​ចេញ​ពី​ស្រុក​ខ្មែរ​ម្ល៉េះ​តែ​គេ​ចេះ​តែ​លេប ថ្នាំ​ជាប់​ក៏​ធូរ​ខ្លះ ហើយ​ពេល​គេ​ឡើង​ដល់​កម្ពស់​៣៨០០​ម៉ែត្រ​ហ្នឹង គេ​អត់​ស្រួល​ខ្លួន សម្បុរ​របស់​គេ​ក៏​បាន​ប្រែ​ពី​ធម្មតា​ទៅ​ជា​ខ្មៅ តែ​អ្នក​នៅ​ទីនោះ​ដឹង​ក៏​បាន​នាំ​គេ​ចុះ​មក​ក្រោម​បាន​បន្តិច គេ​ឈឺ​នោម តែ​នោម​អត់​ចេញ ហើយ​ពេល​គេ​នោម​នោះ គេ​ក៏​បាន​ស្រែក​ឲ្យ​អ្នក​នៅ​ជិត​ជួយ ព្រោះ​គេ​អស់​ខ្យល់​ដក​ដង្ហើម។ ៣​នាទី​ក្រោយ​មក គេ​ក៏​បាន​ស្លាប់​តែ​ម្តង​»។
លោក​បញ្ជាក់​ថា៖​«គេ​ស្លាប់​នោះ​មក​ពី​ បញ្ហា​សុខ​ភាព និង​សម្ពាធ​អាកាស​ធាតុ។ មិត្ត​គេ​ប្រាប់​ថា យប់​មុន​គេ​ស្លាប់​នោះ គេ​ក្អក​ពេញ​មួយ​យប់។ មិត្តភក្តិ​ប្រាប់​ឲ្យ​គេ​សម្រាក​ដែរ តែ​គេ​នៅ​តែ​ជម្នះ​ចង់​ឡើង​ឲ្យ​ដល់ ចុង​ក្រោយ​គេ​ដាច់​ខ្យល់​ស្លាប់​»។
នៅ​ពេល​នេះ សព​របស់​យុវជន លឹម ពិសិដ្ឋ កំពុង​ស្ថិត​នៅ​ទីក្រុង​កាត់ថ្មាន់ឌូ នៅ​ឡើយ ហើយ​សព​របស់​គេ​អាច​នឹង​បូជា​នៅ​ប្រទេស​នេប៉ាល់​តែ​ម្តង​ យក​តែ​ធាតុ​មក​វិញ​ប្រសិន​បើ​តម្លៃ​នៃ​ការ​ដឹក​ជញ្ជូន​តាម​យន្ត​ហោះ​មាន​ តម្លៃ​ខ្ពស់​ពេក​គ្មាន​លទ្ធភាព​នោះ​។
បង​ប្រុស​នៃ​សព​បាន​ប្រាប់​ថា៖​ «​ឥឡូវ​នេះ​(ថ្ងៃ​ទី​២២ ខែ​តុលា​ម្សិល​មិញ) ប្អូន​ថ្លៃ​ខ្ញុំ និង​ព្រះ​សង្ឃ​មួយ​អង្គ​បាន​ទៅ​ទទួល​សព​យក​មក​វិញ ក៏​ប៉ុន្តែ​នៅ​ពេល​នេះ​នៅ​មិន​ទាន់​ច្បាស់​ថា​ត្រូវ​នាំ​សព​មក​ ឬ​ក៏​ត្រូវ​បូជា​នៅ​ទីនោះ​ទេ ព្រោះ​យើង​កំពុង​ពិនិត្យ​មើល​តម្លៃ​នៃ​ការ​ដឹក​ជញ្ជូន បើ​លើស​ពី​មួយ​ម៉ឺន​ដុល្លារ យើង​នឹង​បូជា​នៅ​ទីនោះ យក​តែ​ធាតុ​មក​វិញ​ទេ​»។
តែ​បើ​តាម​អ្នក​ស្រី មាន សារៀន បាន​ឲ្យ​ដឹង​ថា ការ​ដឹក​ជញ្ជូន​នឹង​ត្រូវ​ចំណាយ​​អស់​ប្រាក់​២​ម៉ឺន​ដុល្លារ​ឯណោះ​។
លោក លឹម ពិសាល បាន​ឲ្យ​ដឹង​ថា ការ​ស្លាប់​របស់​ប្អូន​លោក​ក៏​មាន​ការ​ជួយ​យក​ចិត្ត​ទុក​ដាក់​ពី​មន្ត្រី​នៅ នេប៉ាល់ និង​មន្ត្រី​កម្ពុជា​ដែរ ហើយ​នៅ​ពេល​នេះ​លោក​បាន​សុំ​ការ​ជួយ​អន្តរាគមន៍​បន្ថែម​ផង​ដែរ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​។ លោក​បាន​បញ្ជាក់​ថា ដំណឹង​ពិត​ប្រាកដ​នឹង​បាន​ដឹង​ច្បាស់​នៅ​ថ្ងៃ​នេះ៕

No comments:

Post a Comment

yes