ភ្នំពេញ ៖ នៅវេលាម៉ោង ២និង៤៥នាទី រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ នេះ ព្រះទីនាំងដង្ហែព្រះបរមសព សម្ដេចឪ សម្ដេចតា សម្ដេចតាទួត នៃយើងទាំង អស់គ្នា បានយាងមកដល់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញហើយ ដោយ មានការរង់ចាំទទួលទាំងអារម្មណ៍ក្ដុកក្ដួល និងរន្ធត់ចិត្ដយ៉ាងខ្លាំង ពីសំណាក់ប្រជារាស្ដ្រ គ្រប់ស្រទាប់វណ្ណៈ ព្រះសង្ឃ ដូនជី តាជី របស់ទ្រង់ ដែលនៅចាំទទួលយ៉ាងច្រើនកុះករ តាំងពីព្រលានយន្ដហោះ រហូតមកដល់ព្រះ បរមរាជវាំង។
នៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជាទាំងមូល ទាំងរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា គ្រប់ក្រសួង ស្ថាប័នរដ្ឋទាំងអស់ រង់ចាំទទួលព្រះ បរមសពនៅទីនោះ ដើម្បីដង្ហែពីព្រលានយន្ដ ហោះអន្ដរជាតិភ្នំពេញ ឆ្ពោះមកព្រះបរមរាជវាំង ។
នៅពេលព្រះបរមសព របស់អតីត ព្រះមហាក្សត្រនៃយើងទាំងអស់គ្នា បានយាងមកដល់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញហើយនោះ ព្រះទីនាំង ដែលមានរូបហង្ស រូបសិង្ហ និងរូបនាគក្បាល៣ បានមកដង្ហែព្រះបរមសពរបស់ព្រះអង្គ ឆ្ពោះទៅកាន់ព្រះបរម រាជវាំង ដោយក្នុងនោះព្រះបរមសព ត្រូវបានដង្ហែតាមព្រះទីនាំងរូបហង្ស អមដោយព្រះទីនាំងរូបសិង្ហសម្រាប់សម្តេចសង្ឃ និងនាគក្បាល៣ ព្រះសង្ឃ ។
មន្ដ្រីនៃរាជរដ្ឋាភិបាលបានឱ្យដឹងថា ចំពោះការដង្ហែព្រះបរមសព របស់សម្ដេចឪ មកកាន់ ប្រទេសកម្ពុជា គឺធ្វើឡើងពីសំណាក់ឧបនាយករដ្ឋមន្ដ្រីចិនម្នាក់ និងមន្ដ្រីរដ្ឋាភិបាលចិន ចំនួន ៦០នាក់ផ្សេងទៀត ។
អតីតព្រះមហាក្សត្រ សម្ដេចឪ សម្ដេចតាទួតនៃយើង ទាំងអស់គ្នា បានយាងសោយទីវង្គត កាលពីវេលាម៉ោង ១និង២០នាទី យប់រំលងអធ្រាត្រ ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០១២ នៅមន្ទីរពេទ្យ ក្នុងទីក្រុងប៉េកាំង ប្រទេសចិន ដោយ រោគជរាពាធ ៕
No comments:
Post a Comment
yes