សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 2, 2012

ទេព កុលាប​ត្រូវ​ខ្មាន់​កាំភ្លើង​តាម​បាញ់​បន្ទាប់​ពី​តុលាការ​ដោះលែង

121002_01a
អ្នក​ស្រី​ទេព​ កុលាប​ នៅ​តុលាកា​រកំពូល​កាល​ពី​សប្ដាហ៍​មុន។
 អ្នកស្រី​ ត្រូវ​បាន​គេ​ដោះ​លែង​វិញ​កាល​ពី​ថ្ងៃ​ម្សិលមិញ​។

ភ្នំពេញៈ អ្នក​ស្រី ទេព កុលាប សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ ដែល​ទើប​បាន​ដោះលែង​ដោយ​តុលាការ​កំពូល កាល​ពីល្ងាច​មិញ​បាន​រង​ការ​បាញ់​ប្រហារ​ពីក្រុម​ជន​មិន​ស្គាល់​ អត្តសញ្ញាណ មក​លើ​រថយន្ត​អ្នក​ស្រី​ ក្នុង​រាជធានី​ភ្នំពេញ ធ្វើ​ឲ្យ​លោក​ស្រី​រត់​រក​ទីជ្រកកោន​នៅ​គេហដ្ឋាន​លោក​នាយក រដ្ឋ​មន្រ្តី ហ៊ុន សែន ក្នុង​ខណ្ឌ​ដូនពេញ។
លោក ទូច ណារ៉ុថ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ពី​ផ្ទះ​អ្នក​ស្រី ទេព កុលាប កាល​ពី​ម្សិលមិញ​ថា ៖ «នគរបាល​ត្រូវ​បាន​បញ្ជា​ឲ្យ​ស៊ើប​អង្កេត​ករណី​បាញ់​ប្រហារ​នេះ»។ លោក​បាន​បញ្ជាក់​ថា នគរបាល​នឹង​អម​ដំណើរ​អ្នក​ស្រី​ទេព កុលាប ទៅ​កាន់​តុលាការ​ដើម្បី ផ្ដល់​ចម្លើយ​នៅ​ថ្ងៃ​នេះ​តាម​ដីកា​នាំ​ខ្លួន​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទាក់ទង​នឹង​បទ​ចោទ​មួយ​ប្រឆាំង​ទៅ​នឹង​អ្នក​ស្រី។
ថ្លែង​តាម​ទូរស័ព្ទ​ អ្នក​ស្រី កុលាប​ បាន​ឲ្យ​ដឹង​ថា មាន​បុរស​មួយ​ក្រុម​បាន​ចាប់​ផ្តើម​ដេញ​តាម​ពី​ក្រោយ​អ្នក​ស្រី ភ្លាមៗ​ នៅ​ពេល​អ្នក​ស្រី​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ជា​កន្លែង​ដែល​អ្នក​ស្រី​បាន​ទទួល​ការ​ព្យាបាល និង​ធ្វើ​ការ​ដោះលែង។
អ្នក​ស្រី ទេព កុលាប​ បាន​ថ្លែង​ថា ៖ «បុរស​ប្រហែល ៧ ឬ ៩ នាក់​ បាន​ដេញ​តាម​ខ្ញុំ ពេល​ខ្ញុំ​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ ហើយ​គេ​បាញ់​សំដៅ​លើ​ខ្ញុំ​បី​លើក»។ «យើង​បាន​ព្យាយាម​ទៅ​ស្ថានទូត​មួយ​ចំនួន ប៉ុន្តែ​ស្ថានទូត​មិន​បាន​បើក​ទ្វារ​ឲ្យ​ទេ ហើយ​ក្មួយ​ប្រុស​ខ្ញុំ​ម្នាក់​បាន​បើក​រថយន្ត​ទៅ​គេហដ្ឋាន​លោក​នាយក​រដ្ឋ ​មន្រ្តី ...ពេល​នោះ អង្គរក្ស​ទាំង​អស់​បាន​ចេញ​មក​ ហើយ​គេ​បាន​នាំ​ខ្ញុំ​ទៅ​ការិយាល័យ​សន្តិសុខ»។

ខណៈ​នៅ​ពុំ​ទាន់​មាន សេចក្តី​លម្អិត​ច្បាស់​លាស់​នៅ​ឡើយ​កាល​ពី​យប់​មិញ សាក្សី​ជាច្រើន​នាក់​ នៅ​ខាង​ក្រៅ​គេហដ្ឋាន​លោក​ ហ៊ុន សែន បាន​បញ្ជាក់​ដូច​ពាក្យ​សម្តី​ភាគ​ច្រើន​របស់​អ្នក​ស្រី កុលាប ដោយ​ពួក​គេ​បាន​និយាយ​ថា មាន​ម៉ូតូ​ប្រាំ​មួយ​គ្រឿង​ជិះ​ដោយ​អ្នក​បើកបរ​ស្លៀកពាក់​ស៊ីវិល បាន​ដេញ​តាម​រថយន្ត​អ្នកស្រី។
សាក្សី​ម្នាក់ ដែល​បដិសេធ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​និយាយ​ថា៖ « ពួក​គេ​បាន​ព្យាយាម​បញ្ឈប់​ឡាន​អ្នក​ស្រី ហើយ​បង្ខំ​គាត់​ឲ្យ​ចេញ​ពី​រថយន្ត​។ បុរស​ម្នាក់​ ដែល​ប្រដេញ​តាម បាន​ទាញ​​កាំភ្លើង​បាញ់​មក​លើ​រថយន្ត​គាត់​»។ ពេល​សាក្សី​កំពុង​និយាយ នគរបាល​បាន​ប្រញាប់​ប្រញាល់​សម្អាត​កញ្ចក់​បែក​នៅ​ច្រក​ទ្វារ ខណៈ​អង្គ​រក្ស និង​កង​រាជ​អាវុធ​ហត្ថ បាន​ព្យាយាម​ដេញ​អ្នក​ឈរ​មើល​ដែល​កំពុង​ប្រមូល​ផ្តុំ​គ្នា​នៅ កន្លែង​កើត​ហេតុ ។
កាល​ពី​ថ្ងៃ​សុក្រ ​តុលាការ​កំពូល​បាន​លុប​ចោល​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​អ្នក​ស្រី ទេព កុលាប ដែល​ត្រូវ​បាន​ផ្តន្ទាទោស​កាល​ពី​ឆ្នាំ​មុន ជាមួយ​នឹង​ស្វាមី ពី​បទ​កេង​បន្លំ​ប្រាក់​ជាង ៥៨ លាន​ដុល្លារ​អាមេរិក​ពី​លោក​ឧកញ៉ា កុក អាន ព្រឹទ្ធ​សមាជិក​មក​ពី​គណបក្ស​កាន់​អំណាច។
លោក សុខ រឿន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ទេ។ ប៉ុន្តែ លោក ឡុង តារា មេធាវី​ការពារ​ក្តី​លោក កុក អាន បាន​ថ្លែង​ពី​យប់​មិញ​ថា ​រឿង​ក្តី​កេង​បន្លំ​ជា​បទ​ចោទ​មួយ​ក្នុង​ចំណោម​បទ​ចោទ​បី​ ដែល​បាន​ដាក់​ប្តឹង​លើ​ប្តី​ប្រពន្ធ​ទាំង​ពីរ​ ក្នុង​ឆ្នាំ ២០១០ និង ២០១១ ហើយ​ថា លោក​ជឿ​ថា ដីកា​ចាប់​ខ្លួន​លើ​បទ​ចោទ​ដទៃ​ទៀត ត្រូវ​បាន​ចេញ​ដោយ​តុលាការ​រួច​ហើយ៕ 

No comments:

Post a Comment

yes