សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 31, 2012

ប៉ូលិស​សេដ្ឋកិច្ច​រង​ការ​ចោទ​ថា​ជំរិត​ទារ​ប្រាក់​ពី​អ្នក​នេសាទ​នៅ​កំពង់ឆ្នាំង

របាំង​សំណាញ់​តាម​ដង​ស្ទឹង​ដែល​ជា​ឧបករណ៍​នេសាទ​ខុស​ច្បាប់ នៅ​ខេត្ត​កំពង់ឆ្នាំង 
កាល​ពី​ខែ​មេសា ឆ្នាំ​២០១២

ការ​ទារ​ប្រាក់​មិន​បាន​សម្រេច ហើយ​បែរ​ជា​ទៅ​កាប់​បំផ្លាញ​ឧបករណ៍​នេសាទ​របស់​អ្នក​ភូមិ​ចោល​ពី​សំណាក់​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ បាន​បណ្ដាល​ឲ្យ​អ្នក​ភូមិ​ជាច្រើន ប្រតិកម្ម​ដោយ​ចាត់​ទុក​សកម្មភាព​នេះ​ថា​ជា​អំពើ​ឃោរឃៅ​របស់​មន្ត្រី​រដ្ឋាភិបាល មក​លើ​ប្រជាពលរដ្ឋ​ដែល​មិន​គួរ​កើត​មាន​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ​ឡើយ។

ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ មួយ​ក្រុម បាន​រង​ការ​ចោទ​ប្រកាន់​ពី​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​នេសាទ​ត្រី​នៅ​ភូមិ​កំពង់បាស្រូវ ឃុំ​ជលសារ ស្រុក​ជលគីរី ដោយ​បាន​ចោទ​ថា ក្រុម​មន្ត្រី​ប៉ូលិស​ទាំង​នោះ មក​ជំរិត​ទារ​ប្រាក់​ពី​ពួក​គាត់ ហើយ​បើ​អ្នក​ណា​មិន​ឲ្យ គេ​នឹង​កាប់​បំផ្លាញ​ឧបករណ៍​នេសាទ​របស់​អ្នក​នោះ​ចោល។

បុរស​អ្នក​ភូមិ​ឈ្មោះ អ៊ុច ចេង ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​កំពង់បាស្រូវ ឃុំ​ជលសារ ស្រុក​ជលគីរី ខេត្ត​កំពង់ឆ្នាំង គាត់​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី៣០ ខែ​តុលា ថា កាល​ពី​ថ្ងៃ​ទី២៧ តុលា មាន​ក្រុម​ប៉ូលិស​មួយ​ក្រុម ដែល​អះអាង​ថា​ជា​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ បាន​ចុះ​មក​ដល់​ភូមិ​កំពង់បាស្រូវ ហើយ​បាន​កោះ​ហៅ​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​ដាក់​លប​ឡុក​ទាំង​អស់ មក​ជួប​ហើយ​ទាម​ទារ​ឲ្យ​បង់​ប្រាក់​ឲ្យ​គេ ខ្លះ ២០​ម៉ឺន ខ្លះ ៣០​ម៉ឺន និង​ខ្លះ​ដល់​ទៅ ៥០​ម៉ឺន តាម​ប្រវែង​ព្រួល​វែង ឬ​ខ្លី។
លោក អ៊ុច ចេង បន្ត​ថា ដោយ​គាត់​គ្មាន​ប្រាក់ ហើយ​ម្យ៉ាង​ឡុក​គាត់​ខ្លី​ជាង​គេ គាត់​សុំ​បង់ ១០​ម៉ឺន តែ​ក្រុម​ប៉ូលិស​នេះ​មិន​ព្រម ហើយ​គេ​ក៏​ទៅ​កាប់​បំផ្លាញ​ព្រួល និង​លប​របស់​គាត់​ចោល បើ​ទោះ​ជា​គាត់​អង្វរ​គេ​យ៉ាង​ណា ក៏​គេ​មិន​ព្រម​ដែរ៖ «គេ​អត់​និយាយ​ទេ ពួក​អ្នក​របាំង​វែង គេ​និយាយ​ជាមួយ​ពួក​ខ្ញុំ​របាំង​ខ្លី​ថា គេ​យក​ម្នាក់ ២០​ម៉ឺន។ ខ្ញុំ​អង្វរ​គេ​ថា ខ្ញុំ​អត់​មាន​លទ្ធភាព​ទេ។ តែ​គេ​នៅ​តែ​ដាច់​ខាត​យក ២០​ម៉ឺន ខ្ញុំ​ឲ្យ​លុយ ១០​ម៉ឺន គេ​អត់​យក​ទេ គេ​ហុច​មក​ឲ្យ​ខ្ញុំ​វិញ។ លុះ​ព្រឹក​ឡើង គេ​ទៅ​កាប់​លប និង​របាំង​ខ្ញុំ​ចោល​តែ​ម្ដង។ ចំណែក​របាំង​វែងៗ​នៅ​ជិត​ខ្ញុំ គេ​អត់​ប៉ះពាល់​ទេ ទើប​ខ្ញុំ​តូច​ចិត្ត»
លោក អ៊ុច ចេង បាន​ឲ្យ​ដឹង​បន្ថែម​ថា ក្រុម​ប៉ូលិស​ដែល​មក​ទារ​ប្រាក់​ពី​អ្នក​ភូមិ​នោះ លោក​មិន​បាន​ស្គាល់​ឈ្មោះ​ថា​នរណា​ខ្លះ​នោះ​ទេ។ គេ​មាន​គ្នា ៥នាក់ ហើយ​គេ​បាន​ហុច​លិខិត​បញ្ជា​បេសកកម្ម​ដែល​មាន​បោះ​ត្រា​នាយ​ឧត្ដមសេនីយ៍ នេត សាវឿន ឲ្យ​អ្នក​ភូមិ​មើល ដែល​ក្នុង​លិខិត​នោះ​មាន​ឈ្មោះ​លោក​ឧត្ដមសេនីយ៍ គឹង វណ្ណៈ៖ «ខ្ញុំ​មើល​ទៅ​ឃើញ​មាន​ឈ្មោះ​ឧត្តមសេនីយ៍ គឹង វណ្ណៈ ខាង​ផ្នែក​សេដ្ឋកិច្ច​នៃ​អគ្គស្នងការ​នគរបាល​ជាតិ និង​មាន​សមាជិក ១៧​នាក់ ព្រម​ទាំង​មាន​កាំភ្លើង​វែង​ខ្លី​ផង​ដែរ ក្នុង​លិខិត​បេសកកម្ម​នោះ។ តែ​ថ្ងៃ​ដែល​មក​នេះ មាន​គ្នា​តែ ៤​ឬ ៥​នាក់​ទេ»
យ៉ាង​នេះ​ក្ដី លោក​ឧត្ដមសេនីយ៍ គឹង វណ្ណៈ បាន​បដិសេធ​ថា លោក​ពុំ​បាន​ប្រព្រឹត្ត​អំពើ​ណា​មួយ​ដូច​ការ​ចោទ​ប្រកាន់​របស់​អ្នក​ភូមិ​នោះ​ឡើយ។ លោក​ថា​អាច​មាន​មន្ត្រី​ប៉ូលិស​ខិល​ខូច​ខ្លះ យក​លិខិត​បេសកកម្ម​ដែល​មាន​ឈ្មោះ​លោក​យក​ទៅ​ប្រើ​ដោយ​ខុស​ច្បាប់។ លោក​សន្យា​ថា​នឹង​ស្រាវជ្រាវ​រក​ជន​ខិល​ខូច​នោះ​មក​ឲ្យ​ប្រឈម​ចំពោះ​មុខ​ច្បាប់​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ៖ «ខ្ញុំ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​គាត់​ដាក់​ពាក្យ​បណ្ដឹង​មក ដើម្បី​ឲ្យ​ដឹង​ថា មាន​នរណា​ខ្លះ​ដែល​ប្រើ​ឈ្មោះ​ខ្ញុំ​ទៅ​យក​លុយ​នោះ ដើម្បី​ងាយ​ស្រួល​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។ ខ្ញុំ​ជា​សមាជិក​គណៈកម្មការ​អធិការ​កិច្ច​លើ​ឡូត៍​នេសាទ​ជុំវិញ​បឹង​ទន្លេសាប។ ខ្ញុំ​មិន​ដែល​បាន​ធ្វើ​អ្វី​មួយ​ខុស​ពី​បញ្ជា​របស់​បង​អគ្គ​ទេ។ បង​ស៊ើប​មើល​ទៅ​ថា តើ​ខ្ញុំ​ធ្លាប់​ប្រើ​នរណា​ម្នាក់​ឲ្យ​ទៅ​ធ្វើ​អ្វី​ផ្ដេសផ្ដាស​នោះ គឺ​ខ្ញុំ​សូម​ទទួល​ខុស​ត្រូវ។ តែ​បើ​ករណី​លោក យូ ប៊ុនស្រ៊ាង គាត់​ចុះ​ទៅ​ហ្នឹង ហើយ​គាត់​យក​ឈ្មោះ​ខ្ញុំ​ទៅ​លាប អា​ហ្នឹង​បើ​មាន​ពាក្យ​បណ្ដឹង​មក ខ្ញុំ​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ហើយ»
យ៉ាង​ក៏​ដោយ មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ការពារ​សិទ្ធិ​មនុស្ស​ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា មាន​ប្រសាសន៍​ថា ប្រសិន​បើ​ប្រជាពលរដ្ឋ​បាន​ប្រព្រឹត្ត​បទ​ល្មើស​នេសាទ អាជ្ញាធរ​គួរ​តែ​អនុវត្ត​វិធានការ​ច្បាប់។ ការ​ទាម​ទារ​ប្រាក់​ពី​អ្នក​ប្រព្រឹត្ត​បទ​ល្មើស គឺ​ជា​អំពើ​ពុក​រលួយ​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ត្រូវ​តែ​មាន​វិធានការ​បំបាត់​ជា​បន្ទាន់ ដើម្បី​ឲ្យ​សង្គម​មាន​សមធម៌ និង​ភាព​ស្អាតស្អំ៕

No comments:

Post a Comment

yes