ប្រជាពលរដ្ឋខ្មែរដែលនាំគ្នាលួចឆ្លងដែនខុសច្បាប់ចូលទៅក្នុងទឹកដីថៃ ហើយភាគីថៃ តែងចោទថាទៅកាប់ និងដឹកជញ្ជូនឈើគ្រញូងមកលក់ឱ្យពួកឈ្មួញនៅតាមព្រំដែននៃខេត្តឧត្តរមានជ័យ នោះ បានកើតមានផុសផុលឡើងវិញហើយ។
កន្លងទៅ សកម្មភាពនេះបានស្ងប់ស្ងាត់មួយរយៈពេលខ្លី បន្ទាប់ពីប្រមុខរដ្ឋាភិបាលបានចេញបញ្ជាឱ្យបង្ក្រាបការជួញដូរឈើគ្រញូងទាំងនោះ។
ថ្មីៗនេះ អ្នកភូមិបានឱ្យដឹងថា នៅបន្ទាត់ព្រំដែន (ចំបក់កោង) នៃស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ គឺក្រុមប្រជាពលរដ្ឋរាប់សិបនាក់ តែងនាំគ្នាលួចឆ្លងដែនហូរហែ ដើម្បីទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ។
ប្រភពពីប្រជាពលរដ្ឋនៅឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ បានឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរម្នាក់បានស្លាប់ និងម្នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីកងទាហានការពារព្រំដែនថៃ នៃខេត្តស៊ីសាកេត បានបាញ់រះលើក្រុមអ្នកភូមិខ្មែរដែលនាំគ្នាលួចឆ្លងដែនទៅកាប់ឈើគ្រញូង កាលពីថ្ងៃទី២៧ ខែតុលា។
បុរសម្នាក់ជាអ្នកភូមិអូរស្វាយ ដែលសុំមិនបញ្ចេញឈ្មោះ គាត់បានមានប្រសាសន៍កាលពីរសៀលថ្ងៃចន្ទ ទី២៩ ខែតុលា ថា បុរសខ្មែរម្នាក់ឈ្មោះ ហាំង ដែលមានទីលំនៅឯខេត្តពោធិ៍សាត់ បានស្លាប់នៅពេលដែលគាត់ចូលទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ ជាមួយអ្នកភូមិជាច្រើននាក់ទៀត ហើយកងទាហានការពារព្រំដែនថៃ បានបាញ់រះជាច្រើនគ្រាប់មកលើហ្វូងមនុស្ស៖ «កូនគាត់ចុះមកថា ស្លាប់បាត់ហើយ។ ស្លាប់នៅកូនភ្នំ ប្រហែលជា ៥-៦គីឡូ (ពីព្រំដែន) ពីលើភ្នំទៅឈើ។ ម្សិលមិញឮថាគេបាញ់នឹងថ្នល់ក្រហម»។
ប្រភពបានឱ្យដឹងទៀតថា ក្នុងហេតុការណ៍នោះ គឺប្រជាពលរដ្ឋខ្មែរចំនួន ៤នាក់ បានបាត់ខ្លួន ក៏ប៉ុន្តែរហូតមកដល់រសៀលថ្ងៃទី២៩ តុលា អ្នកភូមិចំនួន ៣នាក់ បានវិលត្រឡប់មកវិញហើយ នៅបាត់តែម្នាក់ប៉ុណ្ណោះ។
លោកវរសេនីយ៍ទោ តូច រ៉ា ជាអនុប្រធានក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំច្រកជាំសាង៉ាំ នៃស្រុកអន្លង់វែង បានមានប្រសាសន៍ថា លោកបានទទួលព័ត៌មាននេះ ក៏ប៉ុន្តែពេលសួរទៅភាគីថៃ គេបដិសេធថាមិនមានបាញ់ទេ គឺបានតែចាប់ខ្លួនមនុស្ស ៣នាក់ កាលពីថ្ងៃទី២៦ ខែតុលា កន្លងទៅ។
ចំណែកលោក កែវ តាន់ ជាអធិការនគរបាលស្រុកត្រពាំងប្រាសាទ បានមានប្រសាសន៍ថា សមត្ថកិច្ចរបស់លោកក៏បានឮព័ត៌មានដែលថា ប្រជាពលរដ្ឋខ្មែរមួយចំនួនបានស្លាប់ និងខ្លះទៀតបាត់ខ្លួន ដោយសារទាហានថៃ ខេត្តស៊ីសាកេត បាញ់រះនោះដែរ ហើយលោកកំពុងស្រាវជ្រាវរឿងនេះ ក៏ប៉ុន្តែមិនទាន់បានជួបប្រភពច្បាស់លាស់ណាមួយនៅឡើយ៖ «ឮសូរព័ត៌មានអីចឹងមែន ប៉ុន្តែគ្រាន់តែឮ យើងឱ្យតាមទៅ តែយើងមិនទាន់បានព័ត៌មានច្បាស់ការ មិនទាន់ឃើញឫសគល់ជាក់ស្ដែង»។
ប្រជាពលរដ្ឋនៅស្រុកត្រពាំងប្រាសាទ បានអះអាងថា បច្ចុប្បន្នមានមន្ត្រីយោធាខ្លះដែលប្រចាំការនៅព្រំដែនខេត្តឧត្តរមានជ័យ កំពុងជាប់ពាក់ព័ន្ធនឹងការជួញដូរឈើគ្រញូង ដែលជញ្ជូនចេញពីក្នុងទឹកដីថៃ នោះ។ ដោយសារតែមន្ត្រីយោធាមានពាក់ព័ន្ធនឹងការជួញដូរឈើគ្រញូងនោះ បណ្ដាលឱ្យច្រកព្រំដែនមួយចំនួន នៅតែបើកចំហឱ្យប្រជាពលរដ្ឋខ្មែរលួចឆ្លងដែនទៅកាប់ឈើខុសច្បាប់ដដែល។ ប្រជាពលរដ្ឋខ្មែរជាច្រើន ដែលលួចឆ្លងដែនទៅកាប់ឈើគ្រញូង បានរងគ្រោះថ្នាក់ ខ្លះស្លាប់ រងរបួស និងខ្លះទៀតត្រូវទាហានថៃ ចាប់ខ្លួនជាហូរហែ។
ទោះយ៉ាងណា ចំនួនប្រជាពលរដ្ឋខ្មែរដែលរងគ្រោះថ្នាក់ដោយសារលួចឆ្លងដែនទៅកាប់ឈើក្នុងទឹកដីថៃ នោះ មិនត្រូវបានគេដឹងច្បាស់ថាប៉ុន្មាននាក់ទេក្នុង១ខែៗ ដោយសារតែមានការលាក់បាំងមិនឱ្យសមត្ថកិច្ច និងអាជ្ញាធរដឹង។ ក៏ប៉ុន្តែ តាមតួលេខត្រួសៗចាប់តាំងពីអំឡុងខែមករា រហូតដល់ខែតុលា ឆ្នាំ២០១២ នេះ គឺមានប្រជាពលរដ្ឋខ្មែរចំនួន ១៣នាក់ស្លាប់ ៥នាក់រងរបួស ២នាក់បាត់ខ្លួន និង ៣នាក់ទៀត ត្រូវទាហានថៃ ចាប់ខ្លួននៅតាមព្រំដែននៃខេត្តឧត្តរមានជ័យ៕
No comments:
Post a Comment
yes