ស្រ្តីជាម្តាយកីឡាករប្រដាល់ អេ ភូថង(ធាត់) ពេលនាំឡើងតុលាការសាកសួរ
ភំ្នពេញៈ ម្តាយរបស់កីឡាករប្រដាល់ អេ ភូថងដែលត្រូវបានកាត់ទោសកំបាំងមុខពីឆ្នាំ២០១០នោះ កាលពីម្សិលមិញ ត្រូវសាលាដំបូងរាជធានីភំ្នពេញ បើកសវនាការជំនុំជម្រះជាថ្មីតាមការស្នើសុំ ក្រោមការចោទប្រកាន់ពី បទជួញដូរ មនុស្សឆ្លងដែនតាមមាត្រា ១៦ នៃច្បាប់ប្រឆាំងការជួញដូរមនុស្ស។
លោក សួស សំអាត ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានី បានថ្លែងថា អាត អន់ ភេទស្រីអាយុ ៥៨ ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទជួញដូរមនុស្សសម្រាប់នាំឆ្លងដែន។ លោកក៏បានឲ្យដឹងថា សាលក្រមនេះនឹងប្រកាសនៅថ្ងៃទី១៥ ខែវិច្ឆិកា ខាងមុខ។
ក្នុងសវនាការអ្នកស្រី អាត អន់ បានប្រាប់តុលាការថា គាត់បានជួបជនរងគ្រោះឈ្មោះ ហេង ឡាណែត ជាមនុស្សគ ដោយចៃដន្យ ខណៈនាងគកំពុងអង្គុយមើលកូនគាត់ហាត់ប្រដាល់នៅបុរីកីឡា រួចបានសួរនាំ នាងប្រាប់ថា នាងមានផ្ទៃពោះមួយខែកន្លះ ហើយក៏បានហៅជនរងគ្រោះទៅនៅជាមួយគាត់នៅប្រទេសថៃ ជនរងគ្រោះក៏ព្រម ដោយធ្វើដំណើរតាមខេត្តកោះកុង។ គាត់បញ្ជាក់ថា៖«បញ្ជូននាងគទៅថៃក្នុង វិច្ឆិកា ឆ្នាំ២០០៧ តាមច្រករបៀង ខេត្តកោះកុង គឺគ្មានច្បាប់ត្រឹមត្រូវទេ»។
គាត់ បន្តថា គាត់បានប្រាប់នាងគថាទៅនៅជាមួយបងស្រីគាត់ ឈ្មោះ អាត អ៊ីង ហៅ អិង អាយុ៦២ឆ្នាំ នៅប្រទេសថៃ ដោយគ្រាន់តែជូតផ្ទះ ដាំបាយ លាងចាន ហើយនិងទទួលបានប្រាក់ខែ ១៥០០បាត ក្នុង១ខែ។ គាត់ថា៖«នាងគមិនបានរួមភេទជាមួយគេម្តងតម្លៃ៤ពាន់បាត ក្នុងមួយថ្ងៃមាន៤នាក់នោះទេ ហើយនៅផ្ទះរបស់បងស្រីគាត់ក៏មិនបើកខារ៉ាអូខេដែរ គឺគ្រាន់តែលក់ចាប់ហួយ។ ខ្ញុំធ្លាប់ជាប់គុក១០ឆ្នាំ ពីបទជួញដូរគ្រឿងញៀន តែបានអនុវត្តចប់ហើយ»។
នារីរងគ្រោះ ហេង ឡាណែត ហៅស្រីគអាយុ២៣ឆ្នាំ ជាមនុស្សគបានឲ្យដឹងតាមអ្នកបកប្រែថា អាត អន់ មានលុយច្រើន បានហៅនាងទៅទិញខោអាវរួចបបួលនាងបត់ខោអាវទៅថៃជាមួយ គាត់ ធ្វើការងារផ្ទះនិងទទួលប្រាក់ខែមួយពាន់បាតក្នុងមួយខែ។ នាងថា៖«គេសន្យាឲ្យប្រាក់ខែមួយពាន់បាតក្នុងមួយខែ តែខ្ញុំមិនបានទទួលប្រាក់ខែនោះទេ»។
នាងបន្តថា ចេញទៅថៃជាមួយ អាត អន់ ទៅដល់កន្លែងមួយមានមនុស្សប្រុស៣នាក់មកនាំជិះទូកទៅ តែ អាត អន់ មិនបានទៅជាមួយទេ ហើយអ្នកដែលនាំទៅបានចាប់នាងរំលោភ ពេលទៅដល់ថៃគេឲ្យនាងធ្វើជាស្រីខារ៉ាអូខេ និងបានវាយដំបង្ខំនាងឲ្យរួមភេទ។ នៅស្រុកខែ្មរនាងគ្មានពោះធំទេ គឺមាននៅប្រទេសថៃ ហើយកើតបានកូនប្រុសម្នាក់។ នាងថា៖«កូននោះកើតបានប៉ុន្មានខែប៉ុណ្ណោះ ត្រូវគេយកទៅចិញ្ចឹម ហើយគេប្រគល់លុយឲ្យ៥ ពាន់បាត នាងបានតែ២ពាន់ ដោយម្ចាស់ផ្ទះយក៣ពាន់»។
អ្នកស្រី លី សំអឿន អាយុ៤៧ឆ្នាំជាម្តាយនាងគ បានឲ្យដឹងថា គាត់ជាស្រី្តមេម៉ាយ មានកូន៩នាក់ ហើយនាងគជាកូនទី៣ រស់នៅក្នុងខណ្ឌពោធិ៍សែនជ័យ។ នៅថ្ងៃនាងគបាត់ខ្លួន កូនស្រីគាត់ឈ្មោះ ហេង ដាវី បានទូរស័ព្ទប្រាប់ថា អាត អន់ យកនាងគទៅថៃដើម្បីរត់តុ តែខ្ញុំនិងកូនស្រីមិនឯកភាពទេ។ គាត់អះអាងថា៖«ខ្ញុំបានជួបយាយនេះនៅផ្សារ ហើយបានប្រាប់គាត់ឲ្យយកកូនមកសងខ្ញុំដែរ តែគាត់មិនយកមក»។
គាត់បន្តថា ក្រោយពេលដាក់ពាក្យប្ដឹងឆ្នាំ២០០៩ ទើបមានមនុស្សម្នាក់ធ្វើការនៅទីនោះ ជួយរំដោះកូនគាត់មកស្រុកខែ្មរ ដោយគេអាណិតពេក។ គាត់ថា៖«ខ្ញុំទាមទារជំងឺចិត្ត ៦០លានរៀល»។
លោក តុប ឈុនឡុង តំណាងអយ្យការថ្លែងថា ជនជាប់ចោទបានបញ្ជូនជនរងគ្រោះទៅឲ្យកន្លែងខារ៉ាអូខេ ប្រសិនបើមិនបានទទួលផលប្រយោជន៍អី្វនោះ គឺមិនធ្វើទេ ជនជាប់ចោទពិតជាទទួលបានអី្វមួយ ដូច្នេះលោកនៅតែតម្កល់សាលក្រមកំបាំងមុខនៅដដែល។
អ្នកស្រី អាត អន់ ត្រូវសាលាដំបូងរាជធានីភំ្នពេញ កាត់ទោសកំបាំងមុខកាលពីខែកក្កដា ឆ្នាំ២០១០ ឲ្យជាប់ពន្ធនាគារ១៧ឆ្នាំ និងឲ្យសងជំងឺចិត្តជនរងគ្រោះ៦០លានរៀល រួចទើបចាប់ខ្លួនបានកាលពីថ្ងៃទី២០ ខែមិថុនាកន្លងទៅ៕
No comments:
Post a Comment
yes