សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 26, 2012

អនាគត​រាជានិយម​ស្ថិត​នៅ​ក្នុង​កណ្តាប់​ដៃ​បក្ស​ប្រជាជន

121026_2a
ព្រះ​មហា​ក្សត្រ​ និង​សម្តេច​​ម៉ែ​ ស្វាគមន៍​អ្នក​កាន់​ទុក្ខ​នៅ​មុខ​វាំង​

អនាគតនៃ​រាជានិយម​ក្នុង​ប្រទេស​កម្ពុជា បាន​ស្ថិត​ក្នុង​ខួរ​ក្បាល​របស់​ប្រជាជន​កម្ពុជា ខណៈ​ដែល​ពួកគេ​កំពុង​កាន់​មរណ​ទុក្ខ ព្រះ​មហា​វីរ​ក្សត្រ នរោត្តម សីហនុ។ ប្រធាន​បទ​នេះ ត្រូវ​បាន​លើក​ឡើង ដោយ​ប្រជាជន​ក្នុង​ប្រទេស​ផង និង​ថែម​ទាំង​ក្នុង​វេទិកា​អន្តរជាតិ​ផង។
ប្រព័ន្ធផ្សព្វផ្សាយ អន្តរជាតិ​ជា​ច្រើន បាន​សួរ​សំណួរ​ខ្ញុំ អំពី​អនាគត​នៃ​រាជានិយម ក្នុង​នោះ​មាន CNN AsiaAffairs.com និង​ទីភ្នាក់​ងារ​ព័ត៌មាន​អាល្លឺម៉ង់។ ជា​អ្នក​សារ​ព័ត៌មាន​ម្នាក់ ក្នុង​ប្រទេស​ដែល​គ្មាន​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ការ​ផ្សព្វ​ផ្សាយ​ពី​ការ​ពិត ដោយ​មិន​ឲ្យ​ប៉ះពាល់​ដល់​អាជីព​របស់​ខ្លួន គឺជា​ជំនាញ​មួយ។
ក្នុងអំឡុង​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះបរម​សព​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ នៅថ្ងៃ​ទី ១៧ ខែ​តុលា ឆ្នាំ ២០១២ ខ្ញុំ​បាន​មើល​ឃើញ​ផ្ទាល់​ភ្នែក​ថា ការ​រួបរួម ក្នុង​ចំណោម​គ្រួសារ​រាជ​វង្ស មាន​លក្ខណៈ​ពុំ​រឹងមាំ និង​មាន​ការ​បែង​ចែក​ក្នុង​រដ្ឋាភិបាល​បច្ចុប្បន្ន។ ព្រះ​មហាក្សត្រ នរោត្តម សីហមុនី ជា​ព្រះ​មហាក្សត្រ តែ​គ្មាន​អំណាច ហើយ​រដ្ឋាភិបាល​គឺជា​អ្នក​កាន់​អំណាច​ទាំង​ស្រុង។

វាច្បាស់ នៅ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​ព្រះ​បរម​សព នៅពេល​សមាជិក​គ្រួសារ​រាជវង្ស​មួយ​ចំនួន មិន​អាច​ចូល​ទៅ​ក្នុង​សាល​ព្រះរាជ​បល្ល័ង្ក នៃ​ព្រះ​បរម​រាជ​វាំង​បាន ដើម្បី​សម្តែង​គារវកិច្ច ដល់​សមាជិក​គ្រួសារ​ជា​ទី​ស្រឡាញ់​របស់​ពួក​គេ គឺ​ព្រះ​មហា​វីរក្សត្រ​នរោត្តម សីហនុ។ សាល​ព្រះរាជ​បល្ល័ង្គ​ពោរពេញ ទៅ​ដោយ​មន្រ្តី​រដ្ឋាភិបាល ប្រតិភូ និង​ឥស្សរជន​សំខាន់ៗ មក​ពី​បណ្តា​ប្រទេស​អាស៊ី។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ស្ថិ​តនៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន មិនមែន​ក្នុង​ពិធី​បុណ្យ​ព្រះបរម​សព​នៃ​សមាជិក​រាជវង្ស​ជា ទី​ស្រឡាញ់ និង​ជា​ទី​គោរព​របស់​ខ្ញុំ​នោះ​ទេ។
អ្នករិះគន់ បាន​លើក​ឡើង​ថា លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង​រដ្ឋាភិបាល គ្រប់​គ្រង​សង្វៀន​នយោបាយ​និង​រាជានិយម​ហើយ​នឹង​បន្ត​គ្រប់ គ្រង ដរាប​ណា​លោក​នៅ​កាន់​អំណាច។ រដ្ឋាភិបាល​មាន​អំណាច​ក្នុង​ការ​សម្រេច​ថា តើ​សមាជិក​រាជវង្ស​អង្គណា​នឹង​ក្លាយ​ជា​ព្រះ​មហាក្សត្រ​បន្ទាប់។ សមាជិក​ក្រុម​ប្រឹក្សា​រាជ​សម្បត្តិ​ដែល​មាន​សមាជិក ៩ រូប មាន​លោក​នាយក​រដ្ឋ​មន្រ្តី ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា និង​មន្ត្រី​ជាន់​ខ្ពស់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ផ្សេង​ទៀត។ អនាគត​រាជានិយម ស្ថិត​ក្នុង​កណ្តាប់​ដៃ​របស់​ពួកគេ។
គ្រួសាររាជវង្ស​កម្ពុជា គ្មាន​អំណាច និង​គ្មាន​ទ្រព្យ​សម្បតិ្ត​ទេ ខុស​ពី​គ្រួសារ​រាជ​វង្ស​នៅ​ប្រទេស​ថៃ និង​អង់គ្លេស។ ការ​គ្មាន​អ្នក​ស្នង​ព្រះរាជ​សម្បតិ្ត​បន្ត ពី​ព្រះ​មហាក្សត្រ នរោត្តម សីហមុនី ជា​ក្តី​កង្វល់​ចំពោះ​អ្នក​រាជា​និយម និង​អ្នក​គាំទ្រ​មួយ​ចំនួន។ អ្នក​ខ្លះ​ជឿ​ជាក់​ថា រាជា​និយម​នឹង​បាត់បង់​ទៅ​បន្តិច​ម្តងៗ។ ខ្ញុំ​បាន​មើល​ឃើញ​ការ​បែងចែក​ក្នុង​ចំណោម​សមាជិក​គ្រួសារ​រាជវង្ស​របស់​ខ្ញុំ​ផ្ទាល់ នៅ​ថ្ងៃ​នៃ​ពិធី​កាន់​មរណ ទុក្ខ​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ។ យើង​ទាំង​អស់​គ្នា មក​ទី​នេះ ដើម្បី​កាន់​មរណ​ទុក្ខ ព្រះ​មហាវីរក្សត្រ ហើយ​សមាជិក​គ្រួសារ​រាជវង្ស​ខ្ញុំ​មួយ​ចំនួន មិន​បាន​និយាយ​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក​ទេ។ ខ្ញុំ​មិន​បាន​ចូល​រួម​បំពេញ​មុខងារ​គ្រួសារ​រាជវង្ស​ទេ ព្រោះ​ខ្ញុំ​មាន​កាតព្វកិច្ច​ត្រូវ​ថែទាំ​ព្រះ​បិតា​របស់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​ចង់​បង្រួប​បង្រួម​គ្រួសារ​របស់​យើង។
ប្រសិនបើ​យើង មិនអាច​មាន​ទំនាក់​ទំនង​ល្អ ក្នុង​គ្រួសារ​របស់​យើង​ទេ​នោះ តើ​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​គិត​ថា យើង​អាច​នាំ​សន្តិភាព​មក​ជូនប្រទេស​កម្ពុជា? «រួបរួម​គ្នា​យើង​ឈរ បែក​បាក់​គ្នា​យើង​ដួល» ​ជា​បាវចនា​ល្បី​មួយ ពី​សហរដ្ឋ​អាមេរិក ដែល​លើក​ឡើង​ថា នៅ​ពេល​យើង​រួប​រួម​គ្នា យើង​មិន​អាច​ទទួល​បរាជ័យ​បាន​ទេ ប៉ុន្តែ​នៅ​ពេល​អ្នក​នៅ​តែ​ម្នាក់​ឯង អ្នក​អាច​ទទួល​បរាជ័យ។
ជាមួយនឹង​ការ​គ្រប់​គ្រង​របស់​គណបក្ស ប្រជា​ជន​បច្ចុប្បន្ន​ហើយ​នឹង​ការ​បែង​ចែក​ក្នុង​ចំណោម​សមាជិក​គ្រួសារ រាជវង្ស អនាគត​របស់​រាជា​និយម ហាក់​ដូចជា​ស្រអាប់។ ភាព​ភ័យ​ខ្លាច អាច​រីក​ឡើង​ក្នុង​ភាព​ងងឹត។ នៅ​ពេល​អ្នក​ប្រឈម​នឹង​ភាព​ភ័យ​ខ្លាច​ដោយ​មាន​ពន្លឺអ្នក​នឹង​ឈ្នះ៕

No comments:

Post a Comment

yes