កំពង់ធំ ៖ ប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅខាងក្រោយផ្សារកំពង់ធំបាននាំគ្នាបញ្ចេញប្រតិកម្ម យ៉ាងខ្លាំងប្រាប់អ្នកយកព័ត៌មានឲ្យដឹងថាបច្ចុប្បន្ននេះលោក កូយ គឹមសាយ ដែលជាប្រធានផ្សារកំពង់ធំ បានផ្ដល់សិទ្ធិផ្ដាច់មុខទៅឲ្យលោក សាយ សំអាត ដែលគេដឹងថាជាមន្ដ្រីប៉ូលិសថ្នាក់អន្ទ្រើសមានអំណាចម្នាក់នៅ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ធំ ជាអ្នកមើលការខុសត្រូវខាងសន្ដិសុខសណ្ដាប់ធ្នាប់ និងដើរទារភាស៊ីផ្សារនៅកំពង់ធំ បាននិងកំពុងប្រើអំណាចតួនាទីរបស់ខ្លួន ទារភាស៊ី តាមតែទំនើងចិត្ដដោយមិនខ្វល់ពីការគោរពតាមកិច្ចសន្យាដែលបានចែងនៅក្នុងសៀវភៅបន្ទុកទាល់តែសោះ ។
នៅក្នុងសៀវភៅបន្ទុកបានកំណត់មិនឲ្យទារលុយលើសពីតម្លៃនៅក្នុងតារាងឡើយដូចជាលក់១កញ្ច្រែង ១កញ្ជើ ឬ១កញ្ឆេរ ១ថ្ងៃ ១០០៛ (មួយរយរៀល) លក់១តូប ឬ១គ្រែបន្លែបបរ នំបញ្ចុក និងបង្អែមគ្រប់មុខមួយថ្ងៃ២០០៛(ពីររយរៀល) ផ្ញើកង់រយៈពេលមួយថ្ងៃ២០០៛(ពីររយរៀល) ផ្ញើម៉ូតូរយៈពេលមួយថ្ងៃ៣០០៛(បីរយរៀល) ។ល។ ចំណែកអ្នកលក់បន្លែផ្លែឈើ(គ្មានតូប) លក់ក្រោមតង់ ឬដំបូលឆត្រត្រូវបង់ភាស៊ីចាប់ពី១,០០០៛ (មួយពាន់រៀល) ទៅ២,០០០៛(ពីរពាន់រៀល) ហើយមានកន្លែងខ្លះត្រូវបង់លុយប្រចាំខែជាង១០០,០០០៛(ដប់ម៉ឺនរៀល) ទៀតផង ។
រីឯអ្នកផ្ញើកង់វិញមួយគ្រឿងបង់ភាស៊ីមួយថ្ងៃ៥០០៛(ប្រាំរយរៀល) ម៉ូតូ១,០០០៛(មួយពាន់រៀល) ក្នុងមួយគ្រឿងផ្ញើមួយថ្ងៃ ផ្ទុយពីប័ណ្ណភាស៊ីដែលចេញដោយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានកំណត់គឺត្រឹមតែតម្លៃ៣០០៛(បីរយរៀល) ក្នុងម៉ូតូឬកង់ក្នុងមួយគ្រឿងមួយថ្ងៃ ។ បញ្ហានេះបានកើតឡើងជាជំលោះស្ទើររៀងរាល់ថ្ងៃរវាងអ្នកផ្ញើកង់ម៉ូតូ និងម្ចាស់កង់ ម៉ូតូដោយមិនឃើញវត្តមានលោក កូយ គឹមសាយ ប្រធានផ្សារកំពង់ធំ ឬលោក សាយ សំអាត មេការទារភាស៊ីនិងគ្រប់គ្រងសណ្ដាប់ធ្នាប់ចេញមកអន្ដរាគមន៍ ឬសម្របសម្រួលឡើយ គឺសម្ងំនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ធ្វើព្រងើយហាក់ដូចជាមិនដឹងឮអ្វីទាំងអស់ ។
តាមមតិរិះគន់ជាច្រើន បានដាក់បន្ទុកទៅលើលោក ហុក វិន អភិបាលក្រុងស្ទឹងសែននិង ឯកឧត្ដម ឈុន ឈន់ ដែលហាក់ដូចជាមិនសូវចាប់អារម្មរណ៍ពីបញ្ហានេះ ដោយចាត់ទុកថាជារឿងតូចតាចទៅវិញ។ ជាគោលការណ៍សៀវភៅបន្ទុកបានកំណត់ឲ្យបង់ពី១០០៛(មួយរយរៀល) ទៅ២០០៛(ពីររយរៀល) ចំណែកតម្លៃផ្ញើកង់ ម៉ូតូកំណត់ឲ្យបង់៣០០៛(បីរយរៀល) ទាររហូតដល់ ៥០០៛(ប្រាំរយរៀល) ទៅ១,០០០៛(មួយពាន់រៀល) តើក្នុងមួយខែៗ មួយឆ្នាំៗ លោក កូយ គឹមសាយ និងលោក សាយ សំអាត ប្រមូលលុយពីញើសឈាមប្រជាពលរដ្ឋ និងអាជីវករលើសសៀវភៅបន្ទុកបានប៉ុន្មានលាន ? ហេតុអ្វីបានជាអាជ្ញាធរដែនដីបណ្ដែតបណ្ដោយឲ្យលោក កូយ គឹមសាយ និងលោក សាយ សំអាត បង្ករព្យុះភ្លៀងតាមតែទំនើងចិត្តបែបនេះ៕
No comments:
Post a Comment
yes