កំពង់ចាម ៖ នៅក្បែរច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ស្ថិតនៅក្នុងភូមិត្រពាំងផ្លុង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តកំពង់ចាម មានក្រោលគោក្របីដ៏ធំមួយកន្លែងដែលគេស្គាល់ថាជារបស់លោក តេន ដែលជាស្ដេចត្រាញ់ដ៏ល្បីល្បាញខាងទិញគោ ក្របី យ៉ាងអនាធិបតេយ្យបំផុត បើទោះបីជាគោ ក្របីនោះមានច្បាប់ ឬមួយគ្មានលិខិតស្នាមអ្វីក៏ដោយ ឲ្យតែយកមកដល់កន្លែងក្រោលរបស់លោក តេន គឺគាត់ទទួលទិញទាំងអស់ ចំណែកឯសមត្ថកិច្ចជំនាញ ប្រធានពេទ្យសត្វ ខេត្តកំពង់ចាមវិញគឺមិនខ្វល់ខ្វាយអ្វីក្រៅពីនៅចាំទទួល លាភសក្ការៈពីលោក តេន តែប៉ុណ្ណោះ។
តាមប្រភពពីសមត្ថកិច្ចមួយចំនួននៅតាមដងផ្លូវបានឲ្យដឹងថា ក្នុងមួយយប់ៗ មានរថយន្តដឹកគោ ក្របី មិនតិចជាង ១០ រថយន្តធំៗឡើយ ដែលមានចំនួនគោ ក្របីពី ១៥០ក្បាល ទៅ ២០០ក្បាល យកទៅលក់ឲ្យលោក តេន នៅព្រំដែនត្រពាំងផ្លុងហើយគេដឹងថាគោ ក្របី ទាំងនោះគឺដឹកមកពីតាមបណ្ដាខេត្តមួយចំនួនដូចជា ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ចំណែកសមត្ថកិច្ចតាមដងផ្លូវ ហាក់បីដូចជាគ្មានសមត្ថភាពក្នុងការទប់ស្កាត់បង្ក្រាបនោះទេ។ ព្រោះគេដឹងថាគោ ក្របីដែលគេដឹកយកមកលក់ឲ្យលោក តេន គឺលោក តេន តែងតែយកឈ្មោះថ្នាក់ដឹកនាំដែលមានឥទ្ធិពលនៅក្នុងខេត្ត មកគំរាមកំហែង ដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិ ត្រពាំងផ្លុង បានឲ្យដឹងទៀតថា គោ ក្របី របស់លោក តេន គាត់ដឹកចេញទៅប្រទេសវៀតណាម ភាគច្រើននៅពេលពាក់កណ្ដាលយប់ រហូតដល់ជិតភ្លឺ ហើយក៏មិនមានការត្រួតពិនិត្យ ឲ្យបានត្រឹមត្រូវពីសមត្ថកិច្ចជំនាញនោះទេ ហើយក៏មិនបានបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋឲ្យបានត្រឹមត្រូវនោះឡើយ។ ព្រោះលោក តេន តែងតែយកឈ្មោះអ្នកមានអំណាចមករកស៊ីដឹកគោ ក្របី ឆ្លងដែន មានច្បាប់ខ្លះ ឥតច្បាប់ខ្លះ ហើយកេងចំណេញពីរដ្ឋយ៉ាងច្រើនក្នុងមួយថ្ងៃៗ។ ដូច្នេះគួរតែ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានបសុព្យាបាល ចុះត្រួតពិនិត្យ ក្រោលគោ ក្របី ដ៏ធំមួយកន្លែងរបស់លោក តេន នេះផង ដើម្បីគ្រប់គ្រងថវិកាពន្ធជាចំណូលបង់ជូនរដ្ឋ ក៏ដូចជាទប់ស្កាត់អំពើចោរកម្ម លួចសត្វគោ ក្របី របស់ប្រជាពលរដ្ឋផងដែរ៕
No comments:
Post a Comment
yes