សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 23, 2012

ទស្សនៈ​ជុំវិញ​អនាគត​របប​រាជា​និយម​ក្រោយ​ការ​សោយទិវង្គត


នៅ​ក្រោយ​ពេល​ព្រះករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រ ទ្រង់​យាង​ចូល​ទិវង្គត មហា​ជន​ជា​ច្រើន​បាន​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​បញ្ហា​អនាគត​របស់​រាជា​និយម និង​ការ​បង្រួបបង្រួម​ជាតិ។
RFA/Tep Soravy
ប្រជាពលរដ្ឋ​នាំ​គ្នា​ទិញ​រូប​ព្រះ​ឆាយាល័ក្ខណ៍​ព្រះ​មហា​វីរក្សត្រ នរោត្ដម សីហនុ នៅ​ខាង​មុខ​ព្រះ​បរម​រាជវាំង កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១២។
ប៉ុន្តែ​អ្នក​នយោបាយ​ និង​អ្នក​វិភាគ​បញ្ហា​សង្គម​បាន​មើល​ឃើញ​ថា ថ្វី​ត្បិត​តែ​រាជា​និយម​នៅ​កម្ពុជា ចេះ​តែ​មាន​វិបត្តិ​ជា​បន្ត​បន្ទាប់ ប៉ុន្តែ​សង្គម​ខ្មែរ​នៅ​តែ​ត្រូវ​ការ​របប​រាជា​និយម ជា​ពិសេស​ស្ថាប័ន​រាជ​បល្ល័ង្ក​នៅ​តែ​ជា​ស៊ីម៉ងត៍​ផ្សារភ្ជាប់ និង​ជា​បង្គោល ដើម្បី​ទាញ​រឹត​ខ្មែរ​គ្រប់​និន្នាការ​ទាំង​អស់​ឲ្យ​ចេះ​អង្គុយ​ធ្វើ​ការ​ជាមួយ​គ្នា ដោយ​ឈរ​លើ​ឆន្ទៈ​រួម គឺ​ត្រូវ​គិត​ពី​ប្រយោជន៍​ជាតិ​ជា​ធំ។
អ្នក​នយោបាយ​ជើង​ចាស់​មួយ​ចំនួន​នៅ​តែ​មាន​សុទិដ្ឋិនិយម​ចំពោះ​របប​រាជា​និយម ព្រម​ទាំង​មាន​ជំនឿ​ថា ប្រជាប្រិយភាព​នៃ​របប​នេះ​នឹង​មិន​ព្រម​ចុះ​ឡើយ បើ​ទោះ​បី​ជា​អវត្តមាន​សម្ដេច​ព្រះ នរោត្តម សីហនុ ក៏​ដោយ​ចុះ។

អតីត​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ គឺ​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង។ លោក​មាន​ប្រសាសន៍​ថា ទឹក​ចិត្ត​ប្រជារាស្ត្រ​ខ្មែរ​នៅ​តែ​មាន​សន្តាន​ចិត្ត​ស្រលាញ់​រាជា​និយម ចង់​ឲ្យ​ប្រទេស​ខ្លួន​នៅ​តែ​មាន​ស្ថាប័ន​រាជបល្ល័ង្ក ព្រះ​មហាក្សត្រ​ជានិច្ច។
លោក​បន្ត​ថា ជាង​នេះ​ទៅ​ទៀត បក្ស​នយោបាយ​នានា​ក៏​ត្រូវ​ការ​អង្គ​ព្រះ​មហា​ក្សត្រ​ជា​អ្នក​ផ្សះផ្សា​នៅ​ពេល​មាន​វិបត្តិ​ម្តងៗ។
បើ​ទោះ​បី​ជា​មាន​ការ​អះអាង​បែប​នេះ​ក្តី ក៏​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​មាន​ក្តី​បារម្ភ​ចំពោះ​វាសនា​អនាគត​របស់​រាជា​និយម ហើយ​ថា ការ​បាត់បង់​ព្រះ​មហា​វីរក្សត្រ​នៅ​ពេល​នេះ ហាក់​បី​ដូច​ជា​បាត់​បង្គោល ឬ​តួ​អង្គ​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​បង្រួម​បង្រួម​ជាតិ ផ្សះផ្សា​ជាតិ ឬ​រក្សា​ឲ្យ​មានឯក​ភាព​ជាតិ​ខ្មែរ​រឹង​មាំ​យូរ​អង្វែង​ទៅ​មុខ​ទៀត​នោះ។
ទោះ​យ៉ាង​ណា របប​រាជា​និយម​ត្រូវ​បាន​គាំទ្រ​ដោយ​ច្បាប់​កំពូល​របស់​ជាតិ​ទៅ​ហើយ។ រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​១៩៩៣ បាន​ចែង​ថា ប្រទេស​កម្ពុជា ជា​ព្រះរាជាណាចក្រ​ដែល​ព្រះ​មហាក្សត្រ ប្រតិបត្តិ​តាម​រដ្ឋ​ធម្មនុញ្ញ និង​តាម​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស។
អតីត​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី បច្ចុប្បន្ន​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សិទ្ធិ​មនុស្ស លោក គៀត សុគន្ធ។ លោក​មាន​ប្រសាសន៍​ចាប់​អារម្មណ៍​ដែរ​ថា រាជា​និយម​មាន​សារសំខាន់​ណាស់​សម្រាប់​កម្ពុជា ទាំង​ពេល​បច្ចុប្បន្ន និង​ពេល​អនាគត ពីព្រោះ​លោក​យល់​ថា ទៅ​អនាគត​បើ​គេ​អាច​រក្សា​រាជា​និយម​បាន បាន​ន័យ​ថា កម្ពុជា​អាច​រក្សា​អត្តសញ្ញាណ​ជាតិ​ខ្លួន​បាន​ល្អ។
ទាក់ទង​នឹង​ប្រជាប្រិយភាព​រាជា​និយម​ទៅ​ថ្ងៃ​មុខ​យ៉ាង​ណា​នោះ លោក​បញ្ជាក់​ថា គឺ​អាស្រ័យ​លើ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​គ្នា​មាន​សាមគ្គីភាព មាន​ឯកភាព​ជាតិ​នៅ​ជុំវិញ​ព្រះ​រាជា​របស់​ខ្លួន​បច្ចុប្បន្ន។លោក​បន្ត​ថា កន្លង​មក​អតីត​ព្រះ​មហាក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះអង្គ​បាន​ទុក​ស្នាព្រះហស្ត និង​បទពិសោធន៍​ជា​ច្រើន​ដែល​បង្ហាញ​ពី​ភាព​រុងរឿង​នៃ​របប​រាជា​និយម ដែល​មាន​ការ​ឯកភាព​ជាតិ មាន​សាមគ្គីភាព​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​បាន​រីក​ចំរើន។
លោក​បង្ហាញ​ទៀត​ថា នៅ​ក្នុង​រជ្ជកាល​សម្ដេច​ព្រះ នរោត្តម សីហនុ ទ្រង់​ចេះ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ក្លាយ​ជា​គុជ​នៅ​អាស៊ី ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​តម្លៃ​របស់​ខ្មែរ​នៅ​លើ​ឆាក​អន្តរជាតិ។
លោក គៀត សុគន្ធ ក៏​បាន​ប្រៀបធៀប​មក​សង្គម​គ្រួសារ​តូច​ដែរ​ថា នៅ​ពេល​ដែល​​មេ​គ្រួសារ​មាន​ឪពុក​ម្ដាយ​ជា​ដើម​បាត់​បង់​ទៅ ជា​ធម្មតា​កូន​ចៅ​តែងតែ​មាន​ការ​បែកបាក់​គ្នា ឬ​លែង​មាន​ភាព​ជិតស្និទ្ធ​នឹង​គ្នា​ជា​ដើម។ ប៉ុន្តែ​សម្រាប់​សង្គម​ជាតិ​នៅ​ពេល​នេះ មាន​ភាព​ខុស​គ្នា​ពី​សង្គម​គ្រួសារ​របស់​ពលរដ្ឋ។
សម្រាប់​អ្នក​ស្រាវជ្រាវ​លើ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី លោក​ឆ្លុះ​បញ្ចាំង​ឃើញ​ដែរ​ថា អនាគត​រាជា​និយម​នឹង​មិន​មាន​ការ​ប្រែប្រួល​ខ្លាំង​នោះ​ទេ។ ទន្ទឹម​គ្នា​នេះ អ្នក​នយោបាយ​សព្វថ្ងៃ​នៅ​តែ​ពឹង​ផ្អែក​ច្រើន​លើ​ស្ថាប័ន​ព្រះ​មហាក្សត្រ។
លោក​បន្ត​ថា ដើម្បី​រក្សា​ស្ថិរភាព និង​ដើម្បី​គ្រប់​ភាគី​អាច​ពឹង​ពាក់​លើ​ស្ថាប័ន​ព្រះមហាក្សត្រ​បាន គេ​គួរ​តែ​ពង្រឹង​សសរស្ដម្ភ​ទាំង ៥ ជុំវិញ​ព្រះរាជ​បល្ល័ង្ក។
ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ តុលា ថា ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​មុន​ព្រះអង្គ​សោយ​ទិវង្គត ព្រះអង្គ​មាន​ព្រះ​រាជ​ឱង្កា​​ណែនាំ​ដល់​ព្រះ​រាជវង្សានុវង្ស​ឲ្យ​ធ្វើ​អំពើ​ល្អ​នៅ​ក្នុង​សង្គម និង​ផ្ដល់​ភាព​យុត្តិធម៌​ដល់​ប្រជារាស្ត្រ​ខ្មែរ​ទូទៅ។
អតីត​លេខា​ផ្ទាល់​ព្រះ​មហា​វីរក្សត្រ និង​ជា​ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ ព្រះមហាក្សត្រ ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​ព្រះរាជ​បន្ទូល​ថា នៅ​ពេល​ព្រះ​រាជវង្សានុវង្ស​ទៅ​ថ្វាយ​បង្គំ​គាល់​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ កាល​ពី​ទ្រង់​នៅ​មាន​ព្រះជន្ម ព្រះអង្គ​តែងតែ​លើក​អំពី​គោលបំណង​សំខាន់​របស់​ព្រះអង្គ​ឲ្យ​មាន​ការ​បង្រួបបង្រួម​ជាតិ។
របប​រាជា​និយម​នៅ​កម្ពុជា តែងតែ​មាន​ការ​វាយ​ប្រហារ​ជា​ច្រើន​ជំនាន់​មក​ហើយ ដូចជា​នៅ​ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ​របស់​លោក​សេនា​ប្រមុខ លន់ នល់ របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ខ្មែរ​ក្រហម និង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ជាដើម។ ប៉ុន្តែ​រាជានិយម​នៅ​តែ​រក្សា​ជំហរ និង​កិត្តិនាម​បាន​រហូត​មក​ដល់​ពេល​សព្វថ្ងៃ​នេះ ហើយ​ការ​គោរព​ព្រះរាជា​នៅ​តែ​ដក់​ជាប់​ក្នុង​បេះ​ដូង​ប្រជាពលរដ្ឋ​ខ្មែរ៕

No comments:

Post a Comment

yes