ស្ត្រីរងគ្រោះដោយសារទឹកអាស៊ីត
តើអ្នកធ្លាប់ស្រឡាញ់ខ្ញុំទេ? ជាឈ្មោះភាពយន្តមួយ ដែលលោក ព្រាប សុវត្តិ កញ្ញា កែវ ស្រីនាង និងកញ្ញា សារាយ សក្ខណា បានសម្តែង ក្រោមការដឹកនាំដោយ លោក Brando Lee អ្នកដឹកនាំកំពូលជនជាតិម៉ាឡេស៊ី។ ខ្សែភាពយន្ត «តើអ្នកធ្លាប់ស្រឡាញ់ខ្ញុំទេ?» គឺពាក់ព័ន្ធនឹងរឿងស្នេហាត្រីកោណមួយ រវាងតួអង្គបីនាក់។ រឿងនេះនឹងគ្រោងចេញបញ្ចាំង នៅតាមរោងកុននៅចុងខែវិច្ឆិកា។
សេចក្តីស្រឡាញ់ក្នុងរឿងស្នេហាបង្កើតឲ្យមានរូបចម្លាក់ គំនូ កំណាព្យ ចម្រៀង ល្បីៗបំផុត នៅក្នុងពិភពលោក ព្រមទាំងប្រលោមលោក គុន ភាពយន្តផ្សេងៗ។ ស្នេហារ៉ូម៉ែនទិក គឺជាផ្នែកមួយរបស់មនុស្សលោកយើងនេះ។
លោកវេជ្ជបណ្ឌិត Dr. Helen Fisher ដែលជាអ្នកសិក្សាអំពីមនុស្ស និងជាសមាជិកនៃមជ្ឈមណ្ឌលសម្រាប់ការសិក្សាអំពីការវិវត្តរបស់ មនុស្ស នៅសាកលវិទ្យាល័យ Rutgers University សហរដ្ឋអាមេរិក បានឲ្យដឹងថា ស្នេហារ៉ូម៉ែនទិក មិនមែនជាលក្ខណៈនៃអារម្មណ៍ធម្មតាទេ ប៉ុន្តែជាអារម្មណ៍ជំរុញស្រេកឃ្លានមួយដែលត្រូវបំពេញឲ្យបាន។
ប្រទេសនីមួយៗ ធ្វើការបកស្រាយអត្ថន័យនៃពាក្យស្នេហា ទំនាក់ទំនង និង អាពាហ៍ពិពាហ៍ផ្សេងៗគ្នា។ នៅក្នុងបណ្តាប្រទេសអាស៊ី បុគ្គលម្នាក់ៗ រំពឹងថា ស្នេហារបស់ខ្លួន នឹងឈានដល់អាពាហ៍ពិពាហ៍ ហើយមានក្តីបារម្ភផងដែរពាក់ព័ន្ធនឹងលទ្ធភាពនៃការរកប្រាក់ ចំណូល និងការធ្វើយ៉ាងណាឲ្យគ្រួសាររបស់ខ្លួននោះ មានសុភមង្គល។ នៅក្នុងប្រទេសដូចជា សហរដ្ឋអាមេរិក កាណាដា បុគ្គលម្នាក់ៗ សង្កត់ធ្ងន់រឿងសេ្នហា ទៅលើការស្វែងរកដៃគូ និងផ្តោតទៅលើអារម្មណ៍ ភាពទាក់ទាញ និងការរំភើបរីករាយផ្នែករាងកាយ។ នៅពេលស្នេហាទទួលរងការបែកបាក់ វាអាចបង្កឲ្យមានការឈឺចាប់យ៉ាងខ្លាំង និងទុក្ខសោក ហើយដោយសារស្នេហានេះវាអាចធ្វើឲ្យមានឧក្រិដ្ឋកម្មផ្សេងៗ។ ការជះទឹកអាស៊ីត គឺជាឧក្រិដ្ឋកម្មមួយក្នុងចំណោមទម្រង់ឧក្រិដ្ឋកម្មអាក្រក់ បំផុត ដែលជារឿយៗ កើតឡើងនៅក្នុងបណ្តាប្រទេសដូចជា អាហ្វហ្គានីស្ថាន បាគីស្ថាន អ៊ីរ៉ាក់ អ៊ីរ៉ង់ បង់ក្លាដែស ឥណ្ឌា និងកម្ពុជា។ អង្គការជួយជនរងគ្រោះកម្ពុជាដោយទឹកអាស៊ីត(CASC) ដែលជាអង្គការគាំពារ និងស្តារនីតិសម្បទាដល់ជនរងគ្រោះ ពីការវាយប្រហារទឹកអាស៊ី បានកត់ត្រាថា មានករណីវាយប្រហារដោយទឹកអាស៊ីតចំនួន ៣០៨ករណី ក្នុងនោះ មានជនរងគ្រោះចំនួន៣៧៨ នាក់ ចន្លោះពីឆ្នាំ ១៩៧៩ និង២០១២។ ជនល្មើសវាយប្រហារទឹកអាស៊ីត ជាធម្មតា ជះទឹកអាស៊ី ទៅលើផ្ទៃមុខជនរងគ្រោះ ដោយធ្វើឲ្យរលួយផ្ទៃមុខ និងរបួសផ្នែកផ្សេងៗទៀត។ ប្រភេទទឹកអាស៊ីត ដែលប្រើសម្រាប់ការវាយប្រហារទាំងនោះ ជាធម្មតា មានពីរប្រភេទគឺ sulfuric ឬ nitric ដែលជាប្រភេទទឹកអាស៊ីខ្លាំងបំផុត ហើយអាចស៊ីស្បែក សាច់ទាំងដុំ និងថែមទាំងអាចស៊ីដល់ឆ្អឹងទៀតផង។ ផលប៉ះពាល់រយៈពេលយូរដោយសារការវាយប្រហារទឹកអាស៊ីតរួមមាន ភាពពិការភ្នែក និងរបួសស្លាកស្នាមផ្ទៃមុខ និងរាងកាយជារៀងរហូត។
មនុស្សភាគច្រើនសន្និដ្ឋានថា ករណីវាយប្រហារដោយទឹកអាស៊ីត គឺពាក់ព័ន្ធនឹងស្នេហាត្រីកោណ ហើយជនរងគ្រោះភាគច្រើនបំផុតជាស្រ្តី។ ប៉ុន្តែ ៤៨ ភាគរយ នៃជនរងគ្រោះដោយទឹកអាស៊ីត គឺជាបុរស និងជិត១៤ភាគរយ គឺជាកុមារអាយុក្រោម១៣ ឆ្នាំ។
របាយការណ៍មួយដោយអង្គការសិទ្ធិ មនុស្សលីកាដូ បានឲ្យដឹងថា ការជះទឹកអាស៊ីត ជាធម្មតាកើតចេញពីអំពើនៃគំនុំ ការប្រចណ្ឌ ឬការស្អប់ ដែលបង្កឡើងដោយសារបញ្ហាទំនាក់ទំនងរបស់បុគ្គលនោះ ដូចជា បញ្ហាបែកបាក់ស្នេហា ឬអាពាហ៍ពិពាហ៍ ភាពមិនស្មោះត្រង់ ឬបោះបង់លែងរាប់រកគ្នា។ គោលបំណងនៃការវាយប្រហារទឹកអាស៊ីត គឺមិនមែនដើម្បីសម្លាប់នោះទេ ប៉ុន្តែគឺដើម្បីធ្វើឲ្យពួកគេឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្តអស់មួយជីវិត។ រដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំមុន បានអនុម័តច្បាប់ថ្មីមួយ ដើម្បីគ្រប់គ្រងអំពើហិង្សាកើតចេញពីការវាយប្រហារទឹកអាស៊ីត ប៉ុន្តែជនរងគ្រោះជាច្រើននៅកំពុងរង់ចាំយុត្តិធម៌នៅឡើយ។
ក្រុម អ្នកតស៊ូមតិ ដើម្បីជនរងគ្រោះដោយទឹកអាស៊ីត បាននិយាយថា ពួកគេមានក្តីសង្ឃឹមថា ករណីទាំងនោះ នឹងត្រូវបានយកទៅតុលាការ ហើយនឹងធ្វើការដាក់ទោសទណ្ឌ ទៅលើជនល្មើស។
ពួកគេក៏ ត្រូវការឲ្យមានបទប្បញ្ញតិ្តតឹងរ៉ឹងផងដែរ ដើម្បីគ្រប់គ្រងរាល់អំពើហិង្សានៃការវាយប្រហារទឹកអាស៊ី។ ការវាយប្រហារទឹកអាស៊ីត គឺជាលក្ខណៈបំផ្លាញធ្ងន់ធ្ងរ សម្រាប់សង្គម និងវប្បធម៌កម្ពុជា ហើយក៏ជាគំរូអាក្រក់ផងដែរ សម្រាប់យុវវ័យជំនាន់ក្រោយ។ សូមបញ្ឈប់ការវាយប្រហារទឹកអាស៊ីត ហើយចាប់ផ្តើមចេះស្រឡាញ់អ្នកដទៃ សូមឲ្យជួបស្នេហាពិត ក្នុងជិវិតរបស់អ្នក៕
No comments:
Post a Comment
yes