ពលរដ្ឋខ្មែរគ្រប់រូបចាំបាច់ត្រូវទៅវត្តប្រគេនចង្ហាន់ព្រះសង្ឃក្នុងរដូវដាក់បិណ្ឌ
ភ្នំពេញៈ កម្មកររោងចក្រកាត់ដេររាប់ពាន់នាក់សប្បាយរីករាយក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ខណៈដែលបានធ្វើដំណើរទៅស្រុកកំណើត ប៉ុន្តែក្តីរីករាយនេះទំនងជាមិនសាទរពីថៅកែពួកគេឡើយ ដោយសារតែចង្វាក់ផលិតកម្មផ្អាកមួយសប្តាហ៍ពេញ។
ក្រសួងការងារ បានប្រកាសតាំងពីថ្ងៃទី២៩ ខែសីហាថា បុគ្គលិកសហគ្រាស និងផលិតកម្ម ក្នុងនោះ មានទាំងកម្មកររោងចក្រកាត់ដេរនិងស្បែកជើង ជាដើមទទួលបានពីរដ្ឋាភិបាលនូវឱកាសទៅចុះឈ្មោះ ឬពិនិត្យបញ្ជីបោះឆ្នោតខាងមុខនេះ។
កម្មករដែលធ្វើការនៅ តាមបណ្តាខេត្តគឺទទួលបាន៣ថ្ងៃ មុនពិធីបុណ្យភ្ជុំបិណ្ឌធំថ្ងៃអាទិត្យ។ អ្នកធ្វើដំណើរពីរាជធានីទៅកាន់បណ្តាខេត្តទទួលបានពីរថ្ងៃមុន ហើយក្រៅពីនេះទទួលបាន១ថ្ងៃមុន។ អាស្រ័យលើខេត្តនិងរោងចក្រ កម្មករនឹងឈប់សម្រាកការងាររហូតដល់ថ្ងៃអង្គារ ឬពុធ ទើបវិលត្រឡប់ចូលធ្វើការវិញ។
អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជាលោក ខេន លូ ថ្លែងថា រោងចក្រកាត់ដេរទាំងឡាយនឹងរងប៉ះពាល់លើការផលិតអស់មួយ សប្តាហ៍។ លោកថា៖«វាជាថ្ងៃឈប់សម្រាកដ៏សំខាន់ ពីព្រោះវាជាផ្នែកមួយនៃពិធីបុណ្យប្រពៃណីជាតិ»។
ចំពោះ អ្នកគ្រប់គ្រងរោងចក្រកាត់ដេរ តៃយ៉ាង នៅស្រុកអង្គស្នូល ក្នុងខេត្តកណ្តាលបានបន្ថែមថ្ងៃឈប់សម្រាកបីថ្ងៃទៀតនៅក្នុង ពិធីបុណ្យភ្ជុំបិណ្ឌឲ្យកម្មករដែលធ្វើឲ្យរោងចក្រខាតបង់ប្រមាណ ៥ម៉ឺនដុល្លារ។
លោក Wu Minghour ប្រធានរោងចក្រនេះនិយាយថា៖«វានឹងធ្វើឲ្យក្រុមហ៊ុនខ្ញុំខាតបង់ប្រាក់យ៉ាងច្រើនសន្ធឹក»។
រោងចក្រកាត់ដេរដែលកម្មកររាប់ពាន់នាក់ បានធ្វើកូដកម្មជាច្រើនខែពីដើមឆ្នាំ ទាមទារឲ្យបើកប្រាក់ខែពេញនិងប្រាក់លើកទឹកចិត្តក្នុងថ្ងៃ បុណ្យឈប់សម្រាក និងពេលចុះឈ្មោះបោះឆ្នោត ថែមទៀត។
កម្មការិនី ឈុន សុធី នៅរោងចក្រ M&V ខេត្តកំពង់ឆ្នាំង ប្រាប់ថា ថៅកែនាងបានសន្យាបើកប្រាក់ខែឲ្យពេញ ហើយថា ពួកគេនឹងធ្វើការតវ៉ា បើមិនបានដូចការសន្យា«ខ្ញុំខ្លាចតែក្រុមហ៊ុនមិនគោរពសន្យា»។
លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីម្សិលមិញ បានអំពាវនាវឲ្យប្រជាជនប្រុងប្រយ័ត្ន និងចេះគោរពគ្នា ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលធ្វើដំណើរទៅ បុណ្យភ្ជុំបិណ្ឌ ដែលអាចកើតមានឡើងជាយថាហេតុទាំងតាមផ្លូវទឹក និងផ្លូវគោក។
លោកថ្លែង ក្នុងពិធីប្រគល់សញ្ញាបត្រនិស្សិតបញ្ចប់ការសិក្សានៅកោះពេជ្រថា៖«យើងទៅប្រារព្ធពិធី ប៉ុន្តែ យើងទទួលគ្រោះថ្នាក់ស្លាប់ គឺគ្មានន័យទេ ដូច្នេះ ត្រូវតែប្រយ័ត្នទាំងអស់គ្នា ទាំងអ្នកបើកបរ អ្នកធ្វើដំណើរ និងទាំងឡាន ម៉ូតូ និងកង់»។ លោកបន្ថែមថា វាក៏ដូចគ្នាដែរចំពោះអ្នកធ្វើដំណើរតាមផ្លូវទឹក ពីព្រោះឆ្នាំមុន មនុស្សជាច្រើនបានស្លាប់ដោយសារលិចទូកនៅពេលត្រឡប់មកពី ថ្ងៃភ្ជុំបិណ្ឌវិញ។
លោកហ៊ុន សែន រំពឹងថា ប្រជាជនទាំងអស់នឹងយកចិត្តទុកដាក់ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ។
លោក ហេង ចាន់ធារី ប្រធាននគរបាលចរាចរណ៍រាជធានីភ្នំពេញ បានបដិសេធមិនធ្វើអត្ថាធិប្បាយ៕
No comments:
Post a Comment
yes