សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, October 25, 2012

ពលរដ្ឋ​នៅ​ព្រំដែន​កម្ពុជា-​វៀតណាម​មិន​ហ៊ាន​និយាយ​ការ​ពិត​ពី​ការ​ដឹកនាំ​បច្ចុប្បន្ន


ប្រជា​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន ទាំង​នៅ​តាម​ជនបទ និង​ទីប្រជុំ​ជន នៅ​តែ​មិន​ហ៊ាន​និយាយ​​ពី​ការ​ពិត ឬ​រិះគន់​ទៅ​លើ​ប្រព័ន្ធ​ដឹកនាំ​រដ្ឋាភិបាល​ដែល​ស្ថិត​ក្រោម​គោល​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បើ​ទោះ​ជា​​គេ​ដឹង​ថា មាន​ចំណុច​ខ្លះ​សិទ្ធិ​សេរីភាព​របស់​ពួកគេ​ត្រូវ​បាន​​គាំពារ​ដោយ​ច្បាប់​ក្នុង​ការ​បញ្ចេញ​មតិយោបល់​យ៉ាង​ណា​ក្ដី។
តើ​មាន​កត្តា​អ្វី​ខ្លះ​ដែល​ជំរុញ​ឲ្យ​ពលរដ្ឋ​មាន​ការ​ព្រួយបារម្ភ​បែប​នេះ? តើ​ការ​ព្រួយ និង​ការ​ភ័យ​ខ្លាច​ជា​ផ្នែក​មួយ​ដែល​អាច​ជំរុញ​ឲ្យ​សង្គម​មាន​ការវិវត្តន៍​ទៅ​រក​ភាព​រុងរឿង​បាន​ទេ? តើ​ហេតុ​ផល​នៃ​ការ​មិន​ហ៊ាន​បញ្ចេញ​មតិ​យោបល់​នឹង​ទៅ​ជា​យ៉ាងណា?
«ខិត​ព្រំ​ប្រទល់​ក៏​ខ្ញុំ​មិន​បាន​ឲ្យ​វា​កៀក ឲ្យ​ដឹង វា​អត់​ដែល​ដឹង​ថា កន្លែង​ណា​ព្រំប្រទល់ កន្លែង​ណា​ព្រំ​អី យើង​មិន​បាន​ចូល​ ចុះ​ទៅ​ជាប់​នោះ​ណាស់»៖ នេះ​ជា​ការ​អះអាង​របស់​ពលរដ្ឋ​នៅ​ក្រុង​បាវិត ដែល​ស្ថិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៃ​ព្រំ​ប្រទល់​ខេត្ត​ស្វាយរៀង ទល់​មុខ​នឹង​ខេត្ត​តៃនិញ ប្រទេស​វៀតណាម។

លោក លាង សាឃឿន បន្ត​ថា អ្វី​ក៏​ដោយ​បើ​ទោះជា​ពលរដ្ឋ​ដឹង​​ថា រដ្ឋាភិបាល​មាន​ភាព​ឆ្គាំឆ្គង និង​មាន​កំហុស​ដែល​មិន​គួរ​កើត​មាន​នៅ​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន ដូច​ជា​ជន​អន្តោប្រវេសន៍​វៀតណាម នៅ​តែ​បន្ត​ហូរ​ចូល​លើ​ទឹកដី​កម្ពុជា និង​ការ​អភិវឌ្ឍ​រង​ការ​ចោទ​ថា ពុំ​បាន​ផ្ដល់​គោលនយោបាយ​ដោះស្រាយ​សំណង​សមរម្យ​​យ៉ាង​ណា​ក្ដី តែ​ថា បញ្ហា​ប្រឈម​ទាំង​នេះ​គេ​នៅ​តែ​មិន​អាច​ទិតៀន ឬ​រិះគន់​​បាន​នោះ​ទេ។
លោក លាង សាឃឿន បន្ត​ថា៖ «ខ្ញុំ​មិន​ហ៊ាន​សន្និដ្ឋាន មិន​ហ៊ាន​ថា មិន​អាច​មើល​ទៅ​ឃើញ​ថា យ៉ាង​ម៉េចៗ​ទេ​អា​ហ្នឹង។ អ៊ីចឹង​មិន​ហ៊ាន​ទោះ​ទាយ​មិន​ហ៊ាន​នាំ​កុំ​ឲ្យ​វា​យើង​ខុស​អ៊ីចឹង​តើ!»
ទិដ្ឋភាព​បច្ចុប្បន្ន​​នៅ​ក្នុង​សង្គម​កម្ពុជា ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ផ្នែក​សិទ្ធិមនុស្ស​តែង​រិះគន់​ថា រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​តែ​បន្ត​ខកខាន​ក្នុង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ទៅ​លើ​ប្រព័ន្ធ​គ្រប់គ្រង​នៃ​អនុសញ្ញា​​ដែល​មាន​ចែង​ជា​សកល​ស្ដី​ពី​សិទ្ធិ​មនុស្ស និង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ដោយ​សេរី និង​ស្មើភាព នៅ​គ្រា​ប្រទេស​កំពុង​​អភិវឌ្ឍន៍​មួយ​នេះ ក៏​ជា​ម្ចាស់​ហត្ថលេខី​នៃ​សន្ធិសញ្ញា និង​កតិកា​សញ្ញា​អន្តរជាតិ​នានា​​​ស្ដី​ពី​សិទ្ធិ​មនុស្ស​ដែរ​នោះ។
អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន (Watchdog Reporters Without border) បាន​ចាត់​ទុក​​​ប្រទេស​កម្ពុជា ក្នុង​​​ចំណាត់ថ្នាក់​​រៀង​ទី ១១៧ ក្នុង​ចំណោម​ប្រទេស​នៅ​​​តំបន់​អាស៊ី​អាគ្នេយ៍​ចំនួន ១៧៩ ដែល​ជា​​ប្រទេស​នៅ​មិនទាន់​មាន​ភាព​ប្រសើរ​នៅ​ឡើយ​ផ្នែក​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​សារព័ត៌មាន។
ក៏​ប៉ុន្តែ​​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា តែង​​ច្រាន​ចោល និង​ចាត់​ទុក​ថា ប្រទេស​កម្ពុជា​ស្ថិត​ក្រោម​នយោបាយ​របស់​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កំពុង​បើក​ចំហ​ជើង​មេឃ​​ក្នុង​ផ្លូវ​មួយ​ដ៏​ត្រឹមត្រូវ ដោយ​រួម​ទាំង​សិទ្ធិ​សេរី​បញ្ចេញ​មតិ​បាន​ទូលំទូលាយ ​ដោយ​ផ្ដល់​​ភាព​ងាយស្រួល​ដល់​​ក្រុម​អ្នក​រិះគន់ និង​បក្ស​ប្រឆាំង​ផ្អែក​លើ​មាគ៌ា​លទ្ធិប្រជាធិបតេយ្យ​ជា​មូលដ្ឋាន។
បើ​ទោះ​ជា​មាន​ការ​អះអាង​បែប​នេះ របស់​មន្ត្រី​រដ្ឋាភិបាល​យ៉ាង​ណា​​ក្ដី តែ​ពលរដ្ឋ​នៅ​តាម​សហគមន៍​មូលដ្ឋាន​បញ្ជាក់​ថា សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​​ពួក​គេ​កំពុង​តែ​​ស្ថិត​នៅ​មាត់​ជ្រោះ៖ «អ្នក​ណា​អ្នក​មេខ្លោង​ស្រាវជ្រាវ​ក្នុង​មួយ​ភូមិ​ហ្នឹង​ចាប់​ទាំង​អស់។ អ៊ីចឹង​ធ្វើ​អី​ចាប់​បំបាក់​ស្មារតី​អ៊ីចឹង​ទៅ​លែង​មក​វិញ​មក​​វា​គ្មាន​អី​ទេ»
សកម្មជន​ការពារ​សិទ្ធិមនុស្ស ការពារ​ដីធ្លី ពលរដ្ឋ និង​មន្ត្រី​បក្ស​ជំទាស់​ដែល​តែង​ប្រើប្រាស់​សារ​តាម​រយៈ​យន្តការ​សន្តិវិធី​​នៃ​​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ជាដើម​ដែល​បង្ហាញ​ជំហរ​​មិន​គាំទ្រ​គោលនយោបាយ​ឆ្គាំឆ្គង​ណា​មួយ​​​របស់​ពួកគេ តែង​ត្រូវ​រដ្ឋាភិបាល​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ចោទ​ប្រកាន់​​អ្នក​ដែល​រិះគន់​ទាំង​នោះ​ថា ជា​ក្រុម​ប្រឆាំង​ផ្កាប់​មុខ។
ស្ថិត​ក្រោម​បរិបទ​នយោបាយ​បែប​នេះ​​ហើយ​​ដែល​ពលរដ្ឋ​បញ្ជាក់​ថា គឺ​ជា​ហេតុផល​តែ​មួយ​គត់​ដែល​ជា​រនាំង​សម្រាប់​សេរីភាព​​បញ្ចេញ​មតិ​នៅ​កម្ពុជា។
លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ។ លោក​ពន្យល់​ថា អ្វី​ដែល​ធ្វើ​ឲ្យ​សង្គម​កម្ពុជា នៅ​តែ​បន្ត​រួម​តួច​​នៃ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​​​​នោះ គឺ​ការ​គ្រប់គ្រង​រដ្ឋ​របស់​មេដឹកនាំ​ប្រទេស​​មិន​ចង់​ឲ្យ​អំណាច​បាត់បង់ និង​វប្បធម៌​គំរាមកំហែង​តាមរយៈ​ការ​និយាយ​​​ស្ដី បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​ផ្នត់​គំនិត​របស់​មនុស្ស​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ដូច​ជា​ពាក្យ​ចាស់​ពោល​ថា "អណ្ដាត​ជា​អាទិ​កន្លង​បាន​សុខ​ទុក្ខ​ផង​ក៏​ព្រោះ​តែ​​អណ្ដាត" ជាដើម។
ក្នុង​ន័យ​នេះ​ហើយ​ដែល​លោក ឡៅ ម៉ុងហៃ គិត​ថា ជា​ឧបសគ្គ​សម្រាប់​ការវិវត្តន៍​នៃ​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា៖ «ចេះ​តែ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​ហើយ​បែប​ផែន​នៃ​ការ​គ្រប់គ្រង​រដ្ឋ គឺ​ច្រើន​តែ​គាប​សង្កត់ ហើយ​ក៏​ពី​ដើម​ៗ​មក​មាន​ការ​គាប​សង្កត់​ក៏​វា​ច្រើន​ដែរ​ហើយ គឺ​អា​រឿង​និយាយ​ស្ដី​​វា​ចេញ​ជា​ពាក្យ​ស្លោក​មក​ថា "កំភ្លាញ​ងាប់​ដោយសារ​មាត់" "ពង់​មាន់​កុំ​យក​ជល់​នឹង​ថ្ម" អី​​ជា​អាទិ។ ខ្មែរ​យើង​ក៏​និយាយ​ដែរ​ពាក្យ​ពិត​រែង​ស្លែង គឺ​ធ្វើ​ឲ្យ​គេ​ខឹង​សម្បា​​ហើយ​ក៏​ខាង​ព្រះ​ពុទ្ធសាសនា​​ក៏​អ៊ីចឹង​ដែរ គឺ​ថា ហាម​មិន​ឲ្យ​និយាយ​អី​ដែល​ប៉ះ​​ដល់​គេ​ឯង​អ៊ីចឹង​ទៅ»
ចំណែក​ពលរដ្ឋ​នៅ​ក្រុង​បាវិត ជាប់​ព្រំប្រទល់​កម្ពុជា-​វៀតណាម ឲ្យ​ដឹង​ថា មាន​ហេតុផល​មួយ​ចំនួន​ដែល​ជំរុញ​មិន​ឲ្យ​ពួក​គេ​អាច​ហ៊ាន​និយាយ ឬ​រិះគន់​ចំពោះ​ការ​មិន​ពេញ​ចិត្ត​ក្នុង​ការ​ដឹកនាំ​ណា​មួយ​ទៅ​លើ​រដ្ឋាភិបាល។ ប្រភព​ដដែល​បន្ត​ថា ព្រោះ​មាន​សកម្ម​ជន​ការពារ​សិទ្ធិមនុស្ស​មួយ​ចំនួន​ត្រូវ​​រង​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ ដូចជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ អនុ​ប្រធាន​ស៊ើប​អង្កេត​​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ចាន់ សុវ៉េត ជាដើម​ត្រូវ​រង​បណ្ដឹង​ជា​បន្តបន្ទាប់​តាម​ប្រព័ន្ធ​តុលាការ។
លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ ត្រូវ​រង​ការ​បាញ់​ប្រហារ​ក្នុង​ខេត្ត​កោះកុង ព្រោះ​ការពារ​ព្រៃឈើ។ ចំណែក​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​បង្រួបបង្រួម​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស រូវ​សាលាដំបូង​ខេត្ត​ស្វាយរៀង ចោទ​ប្រកាន់​ថា ដក​តម្រុយ​បង្គោល​ព្រំដែន​នៅ​ស្រុក​ចន្ទ្រា និង​តុលាការ​ក្រុង​ភ្នំពេញ ចោទ​ពី​បទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ និង​បទ​បរិហារកេរ្តិ៍។
យ៉ាង​នេះ​ក្ដី ទាំង​លោក ឱម យ៉ិនទៀង ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​លោក ញ៉ែម ថាវី ប្រធាន​គណៈកម្មការ​ការពារ​​សិទ្ធិ​មនុស្ស​​ទទួល​ពាក្យ​បណ្ដឹង អង្កេត និង​ទំនាក់​ទំនង​រដ្ឋ​សភា ព្រឹទ្ធ​សភា មិន​ហ៊ាន​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​ទេ។
ចំណែក​លោក សុខ ទូច បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ។ លោក​អត្ថាធិប្បាយ​ថា មាន​កត្តា ៣​យ៉ាង​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា នៅ​តែ​បន្ត​ភ័យ​ខ្លាច និង​ព្រួយ​បារម្ភ។ ក្នុង​នោះ​ទី​១ ភាព​ភ័យ​ខ្លាច​កើត​ចេញ​ពី​ចរន្ត​នយោបាយ ទី​២ ចាំ​មើល​រលក​របស់​អ្នក​នយោបាយ និង​ទី​៣ ការ​ជឿ​ដោយ​ពុំ​មាន​ឯកសារ​ជា​មូលដ្ឋាន។
លោក​បន្ត​ថា អ្វី​ដែល​នៅ​តែ​ជា​ចំណោទ​​នោះ គឺ​ការ​ប្រកាន់​ទស្សនៈ​និយម​​​របស់​ពលរដ្ឋ ដូច​ជា​ថា "ដំបៅ​មិន​ឈឺ​កុំ​យក​ឈើ​ចាក់" ឬ "ស៊ូ​នៅ​ស្ងៀម​ជា​ជាង​ស្រដី" ជាដើម។
លោក សុខ ទូច៖ «យើង​ឃើញ​ទេ សព្វថ្ងៃ​នេះ​ហ្នឹង​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ផ្នត់​គំនិត​ហ៊ានៗ​ជ្រុល ខ្លាចៗ​ជ្រុល។ លោ​តែ​ហ៊ាន​អត់​ខ្លាច​ស្លាប់​ទេ ហើយ​អត់​ស្វែង​រក​ការពិត​ទេ។ សព្វថ្ងៃ​​ហ្នឹង​សូម្បី​សារព័ត៌មាន​​របស់​ថៃ ធ្លាក់​រូប​ដោយ​អចេតនា យើង​បះ​ឡើង។ ថ្មីៗ​នេះ​ទៀត ជាមួយ​អ្នក​គ្រប់គ្រង​ចិន​ម្នាក់ ដែល​កាត់​រូប​ព្រះ​ឆាយាល័ក្ខណ៍​របស់​ព្រះអង្គ​នោះ​​ផ្ទុះ​ឡើង។ អា​ហ្នឹង​គឺ​ដោយសារ​អី? ដោយសារ​ចរន្ត​នយោបាយ​រុញ គឺ​ចាប់​ផ្ដើម​រុញ​ទៅ​តែ​ម្ដង ហើយ​រហូត​ដល់​ឃើញ​រូប​ព្រះ​ករុណា​នៅ​ក្នុង​លោក​ខែ​អី​អ៊ីចឹង សុទ្ធ​តែ​រឿង​ដែល​ជឿ ហើយ​អត់​ពិចារណា។ ​ខ្មែរ​យើង​តែ​ជឿ​ហ៊ានៗ​ហួស ហ៊ាន​លែង​ខ្លាច ហ៊ាន​លែង​ពិចារណា ហ៊ាន​យក​តែ​ម្ដង ហើយ​បើ​លោ​ថា​ខ្លាច ស្អី​ក៏​ដោយ​យក​ទស្សនៈ​៣​យក​មក​ធ្វើ​ការ បើ​​មិន​នៅ​កុំ​យក​ជ័រ​ព្នៅ​ត្បៀត​ក្លៀក បើ​មិន​បាន​សាច់​ស៊ី​កុំ​យក​ឆ្អឹង​ព្យួរ​ក កុំ​ធ្វើ​នយោបាយ​បើ​យើង​មិន​មែន​ជា​អ្នក​នយោបាយ។ អ៊ីចឹង​ឃើញ​ទេ? នេះ​ដោយសារ​អី កម្រិត​នៃ​ការ​យល់​ដឹង​​របស់​ប្រជាជន​យើង​អាន​តិច​ស្ដាប់​ច្រើន»
មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ប្រចាំ​កម្ពុជា រក​ឃើញ​ថា ការ​តស៊ូ​មតិ​ដើម្បី​សេរីភាព​​របស់​ពលរដ្ឋ​ហាក់​មាន​ភាព​ប្រសើរ​បើ​ប្រៀបធៀប​​បណ្ដា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន​នេះ។ ក៏​ប៉ុន្តែ​បើ​ទោះ​ជា​មាន​ការ​អះអាង​​បែប​នេះ​ក្ដី មន្ត្រី​បក្ស​ប្រឆាំង និង​ក្រុម​អ្នក​ឃ្លាំមើល​សង្គម​​កត់​សំគាល់​ថា ពលរដ្ឋ​កម្ពុជា បច្ចុប្បន្ន​ហាក់​ប្រកាន់​យក​វប្បធម៌​រួច​ខ្លួន​ជា​ជាង​ស្វែងរក​ដំណោះ​ស្រាយ​រួម​ បើ​ទោះ​ជា​ដឹង​ថា ការ​រំលោភ​សិទ្ធិ​មនុស្ស បញ្ហា​ព្រំដែន និង​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរ​ជាតិ រក​ឃើញ​ថា កំពុង​កើត​មាន​ឡើង​យ៉ាងណា​ក្ដី៕

No comments:

Post a Comment

yes