លោកសម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិ
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជានៅថ្ងៃពុធនេះបានបដិសេធលិខិតរបស់លោកសម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិដើម្បីស្នើសុំចូលកម្ពុជាវីញក្នុងគោលបំណងគោរពព្រះបរមសពសម្តេចឪនរោត្តមសីហនុ។
សម្តេចឪនរោត្តម សីហនុ បានសោយទិវង្គតកាលពីថ្ងៃទី១៥ ខែតុលាក្នុងព្រះជន្ម៩០ព្រះវស្សាដោយសារជំងឺគាំងបេះដូងនៅទីក្រុងប៉េកាំងប្រទេសចិន។
លោកសម រង្ស៊ីបានសរសេរលិខិតមួយកាលពីថ្ងៃចន្ទទៅជូនលោកជា ស៊ីមប្រធានព្រឹទ្ឋសភា លោក ហេង សំរិនប្រធានរដ្ឋសភា និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនដើម្បីជួយអន្តរាគមឲ្យលោកបានគោរពព្រះបរមសពសម្តេចឪនៅក្នុងព្រះបរមរាជវាំង។
នៅក្នុងលិខិតដែលវីអូអេបានទទួល និងចុះហត្ថលេខាដោយលោកសម រង្ស៊ីពីប្រទេសបារាំងបានបញ្ជាក់ថាលោកមានសេចក្តីរន្ឋត់ និងក្រៀមក្រំយ៉ាងក្រៃលែងដោយសារសម្តេចឪបានសោយទិវង្គត។
លោកបានបញ្ជាក់ទៀតថា នៅក្នុងមហាមរណទុក្ខនេះ លោកសូមឲ្យមេដឹកនាំទាំងបីជួយអន្តរាគមដោយទឹកចិត្តអនុគ្រោះដើម្បីឲ្យលោកបានចូលគោរពព្រះបរមសព និងបានឃើញព្រះភ័ក្រ្តចុងក្រោយសម្តេចឪដោយសារព្រះអង្គមានគុណដ៏ធំធេងចំពោះលោកនិងក្រុមគ្រួសារ។
លោកសម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិបានប្រាប់វីអូអេតាមទូរសព្ទពីប្រទេសកាណាដាមកថា ទោះបីជារដ្ឋាភិបាលមិនបានឆ្លើយតបក៏ដោយក៏នៅក្នុងថ្ងៃណាមួយនាពេលអនាគតលោកនឹងមកកាន់កម្ពុជាដើម្បីគោរពព្រះបរមសពសម្តេចឪនរោត្តមសីហនុខណៈពេលដែលព្រះបរមសពតម្កល់ក្នុងព្រះបរមរាជវាំង។
ក៏ប៉ុន្តែលោកសម រង្ស៊ី មិនបានបញ្ជាក់ថា លោកនឹងមកក្នុងពេលណាទេដោយលោកគ្រាន់តែអះអាងថានឹងមកក្នុងពេលឆាប់ៗ។
«ពេលណាព្រះបរមសពនៅតម្កល់ក្នុងព្រះបរមរាជវាំងនៅរាជធានីភ្នំពេញ។ ដូច្នេះខ្ញុំមានឱកាសក្នុងចន្លោះពេលហ្នឹងទៅថ្វាយបង្គុំដាច់ខាត ទៅគោរពព្រះវិញ្ញាណខន្ឋរបស់ព្រះអង្គដាច់ខាត»។
លោកខៀវ កញារិទ្ឋអ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថារដ្ឋាភិបាលមិនបានហាមឃាត់លោកសម រង្ស៊ីចូលមកប្រទេសកម្ពុជាទេ។ ក៏ប៉ុន្តែករណីរបស់លោកសម រង្ស៊ីជាកិច្ចការរបស់តុលាការ។
«គ្រាន់តែបញ្ជាក់ថា រដ្ឋាភិបាលអត់ដែលហាមឃាត់លោកសម រង្ស៊ីអត់ឲ្យចូលស្រុកទេ។ នេះគឺជារឿងតុលាការចាំមើលគាត់ជជែកជាមួយតុលាការ»។
លោកសម រង្ស៊ីត្រូវបានតុលាការក្រុងភ្នំពេញនិងតុលាការខេត្តស្វាយរៀងកាត់ទោសកំបាំងមុខឲ្យជាប់ពន្ឋនាគាររយៈពេល១០ឆ្នាំពីបទដកតម្លុយបង្គោលព្រំដែនលេខ១៨៥នៅស្រុកចន្ទ្រាខេត្តស្វាយរៀងនិងញុះញង់ឲ្យមានការរើសអើងជាតិសាសន៍ ព្រមទាំងក្លែងឯកសារសារធារណៈ។
លោកសម រង្ស៊ីបានសរសេរលិខិតពីរដាច់ដោយឡែកៗពីគ្នាទៅកាន់មេដឹកនាំគណបក្សប្រជាជនទាំងបីនិងលិខិតដាច់ដោយឡែកមួយទៀតទៅកាន់លោកនាយកលរដ្ឋមន្ត្រីហ៊ុន សែនដើម្បីសម្ដែងការគាំទ្រចំពោះសេចក្តីសម្រេចរបស់រដ្ឋាភិបាលកាលពីថ្ងៃអង្គារដោយបានកំណត់យកថ្ងៃទី២៣ខែតុលាជាទិវាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស និងអនុញ្ញាតឲ្យមន្ត្រីរាជការនៅទូទាំងប្រទេសបានឈប់សម្រាកមួយថ្ងៃ។
លិខិតទាំងពីរនេះត្រូវបានរដ្ឋាភិបាលបានបដិសេដមិនទទួលយក។ នេះបើតាមការបញ្ជាក់របស់លោកអេង ឆៃអ៊ាង អ្នកតំណាងព្រឹទ្ឋសភាមកពីគណបក្សសម រង្ស៊ី។ លោកអេង ឆៃអ៊ាងបានបញ្ជាក់ថា លោកមានការសោកស្តាយចំពោះការបដិសេធនេះ។ លោកបានអះអាងថា នេះជារឿងចំឡែកមិនដឹងរដ្ឋបាលរបស់រដ្ឋាភិបាលមានគោលបំណងយ៉ាងណាចំពោះលោកសម រង្ស៊ី។
គណបក្សសង្គ្រោះជាតិបានរៀបចំពីធីលំរឹកខួបលើកទី២១ឆ្នាំនៃសន្ឋិសញ្ញាសន្តិភាពកិច្ចព្រមព្រៀងក្រុងប៉ារីសនៅទីស្នាក់ការគណបក្សសម រង្ស៊ីដោយបានកោតសរសើរស្នាព្រះហត្ថរបស់សម្តេចឪនរោត្តមសីហនុថាបើគ្មានសម្តេចឪទេក៏គ្មានសន្ឋិសញ្ញាកិច្ចព្រមព្រៀងក្រុងប៉ារីសដែរ៕
No comments:
Post a Comment
yes