លោកកែវ រ៉េមី អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី
ចាប់តាំងពីទសវត្សរ៍ទី ៧០ដែលប្រទេសកម្ពុជាចាប់ផ្តើមធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម ដ៏ហែកហួរ និងវិនាសអន្តរាយ ទៅក្នុងជ្រោះមរណៈដ៏សែនជ្រៅ ប្រជារាស្ត្រទទួលនូវក្តីឈឺចាប់ខ្លោចផ្សា បែកបាក់វិនាស ព្រាត់ប្រាសមហាសែនសោកស្តាយ អូសបន្លាយដល់ជាង ៣ ទសវត្សរ៍។
កត្តានេះហើយ បាននាំឲ្យប្រជាជន កម្ពុជាទូទាំងនគរ បាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូរទទួលនូវការប្រមាថមើលងាយ មើលថោកពីបណ្តាប្រទេសជិតខាង និងប្រទេសមួយចំនួនទៀតនៅលើពិភពលោក។ កាលណោះនៅពេលដែលនិយាយអំពីស្រុកខ្មែរ គឺគេនិយាយអំពីសង្គ្រាម អំពើឃោរឃៅ ការកាប់សម្លាប់ ឆក់ប្លន់ អសន្តិសុខគ្រប់បែបយ៉ាង ស្គាល់តែឈាម និងទឹកភ្នែក គឺជាទឹកដីដ៏សែនអាប់អួក្នុងស្បៃអន្ធការរកលេខដាក់គ្មាន។ ហេតុដូច្នេះហើយ ទើបជនជាតិខ្មែរ តែងបិទបាំងអត្តសញ្ញាណរបស់ខ្លួនមិនឲ្យបរទេសដឹងថា ខ្លួនជាជនជាតិខ្មែរទេ ដើម្បីគេចពីភាពអាម៉ាស់នេះ នៅពេលដែលខ្លួន កំពុងក្លាយជាជនភៀសខ្លួននិរទេសនៅក្រៅប្រទេសយ៉ាងប្រសេចប្រសាច អនាថាគ្មានកោះត្រើយនោះ។
សករាជនៃព្រះរាជាណាចក្រទី ២ បានមកដល់ ពន្លឺនៃការផ្សះផ្សាបង្រួបបង្រួមជាតិបានលេចជារូបរាងឡើងរហូតដល់ មានថ្ងៃនេះ។ កិត្តិយស និងសេចក្តីថ្លៃថ្នូរសម្រាប់ជនជាតិខ្មែរ ត្រូវបានគេលើកតម្កើង ឲ្យតម្លៃឡើងវិញជាបន្តបន្ទាប់។ នៅលើឆាកអន្តរជាតិ កម្ពុជាត្រូវបានគេស្គាល់ច្បាស់ពីមួយថ្ងៃទៅមួយថ្ងៃតាមរយៈ ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ សម្តេចឪ សម្តេចព្រះនរោត្តម សីហនុ ជាអ្នកនយោបាយខ្មែរ ដែលល្បីថា ជាក្សត្រមានគុណធម៌ ចំពោះជាតិ ជាវរជនស្នេហាជាតិដល់កំពូលរបស់កម្ពុជា ក្នុងរយៈពេលជិត១សតវត្សរ៍ ចុងក្រោយនេះ ហើយត្រូវបានគេស្គាល់ជុំវិញពិភពលោក និងសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែនជាបុរសខ្លាំងនៃកម្ពុជា ដែលខ្នះខ្នែងរុញច្រានប្រទេសឲ្យលេចត្រដែតឡើង លើឆាកអន្តរជាតិតាមរយៈសហគមន៍ អាស៊ាន ការចូលរួមគ្រប់សកម្មភាពនៃអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិដទៃទៀត។
ជាការពិត អ្វីៗដែលយើងមាននៅថ្ងៃនេះ គឺកើតឡើងដោយសារមេដឹកនាំខ្មែរ ចាប់ផ្តើមភ្ញាក់រឭក យល់ដឹងយ៉ាងច្បាស់ ពីផលវិបាកនៃការបែកបាក់ធ្ងន់ធ្ងរក្នុងសង្គមគ្រួសារខ្មែរ ពីអតីតកាល មិនចង់ឲ្យមេរៀន ដ៏ជូរចត់នោះត្រឡប់មកជាថ្មី ក៏ចាប់ផ្តើមសាមគ្គីគ្នា ផ្សះផ្សាជាតិឈរលើប្រយោជន៍ជាតិរួមជាធំ ពោលគឺ បើឈ្លោះគ្នា ឬទិតៀនគ្នា គឺដើម្បីការចម្រើននិងស្ថាបនា មិនដើម្បីបម្រើគោលដៅប្រយោជន៍ផ្ទាល់ខ្លួនឡើយ។
ទោះយ៉ាងណា ក៏ដោយ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០១២កន្លងទៅនេះ អង្គភាពព័ត៌មាន និងប្រតិកម្ម រហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានចេញនូវសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនក្នុងន័យមើលងាយមើល ថោក បន្តុះបង្អាប់ប្រជាពលរដ្ឋខ្លួនឯងដោយសារតែប្រជាពលរដ្ឋខ្មែរ ទាំងនោះ មានប្រតិកម្មពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយសង្គម (Facebook) បានបង្ហោះរូបភាពព្រះបរមឆាយាល័ក្ខណ៍របស់ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ជាទីគោរពសក្ការ បំផុតរបស់ប្រជាជនកម្ពុជា នៅក្បែរជើងរបស់អ្នករាយការណ៍ព័ត៌មានប្រចាំស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ ៣ ថៃ គឺ កញ្ញា ឋបនីយ៍ អៀតស៊ីថៃ នោះ។
តើព្រឹត្តិការណ៍ដែលកើតឡើងគួរឲ្យអាម៉ាស់នេះ ជាកំហុសរបស់អ្នកណា? របស់អ្នកសារព័ត៌មានថៃ ឬរបស់ប្រជាពលរដ្ឋខ្មែរដែលមានគំនិតជាតិនិយម អធិបតេយ្យភាពនិយម បូរណភាពទឹកដីនិយម?
ក្រោយថ្ងៃកើតព្រឹត្តិការណ៍ គឺនៅថ្ងៃទី១៧ខែតុលា ឆ្នាំ២០១២ អ្នករាយការណ៍ព័ត៌មានរូបនេះ អមដោយនាយករងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ថៃ បានប្រញាប់ប្រញាល់ទៅកាន់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសថៃ ហើយក៏បានលត់ជង្គង់សំពះគោរពសុំព្រះរាជទានទោស និងអភ័យទោស ចំពោះជនជាតិកម្ពុជានៅចំពោះព្រះបរមឆាយាល័ក្ខណ៍ព្រះមហាវីរក្សត្រកម្ពុជា។
នៅថ្ងៃដដែលនោះដែរស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ ៣ ថៃ ក៏បានចេញនូវសេចក្តីថ្លែងការណ៍របស់ខ្លួន អះអាងថា គ្មានចេតនានឹងរមិលគុណ ឬសម្ដែងការមិនគោរព ចំពោះស្ថាប័នព្រះមហាក្សត្រ ដែលជាទីគោរព ស្រឡាញ់ របស់ប្រជាជនកម្ពុជានោះទេ....។
ទោះជាយ៉ាងណាក៏ដោយអ្នកសារព័ត៌មានរូបនេះ និងអ្នកតំណាងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ បានសម្ដែងនូវការសោកស្តាយជាទីបំផុត ចំពោះឧបទ្ទវហេតុដែលបានកើតឡើង និងបានធ្វើការសូមអភ័យទោស ចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងសង្ឃឹមថា.....។
នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១២ លោកជំទាវ យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃ ក៏បានធ្វើទំនាក់ទំនងតាមទូរស័ព្ទដោយផ្ទាល់ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវបានសម្ដែងនូវការសោកស្តាយ ចំពោះឧបទ្ទវហេតុដោយអចេតនានេះ ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានឈានទៅដល់ការយោគយល់គ្នា...។
បើពិនិត្យ និងវិភាគលើចំណុចទាំង ៤ ដែលបានលើកយកមកដោយសង្ខេប និងមានសេចក្តីពេញលេញទាំងស្រុងនៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ចុះថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១២ បង្ហាញឲ្យយើងទាំងអស់គ្នាដឹងច្បាស់ថា គឺពិតជាកំហុសរបស់អ្នករាយការណ៍ព័ត៌មានថៃរូបនោះយ៉ាងពិតប្រាកដ មិនអាចប្រកែកបាន ប៉ុន្តែគ្រាន់តែមានមន្ទិលត្រង់ថា តើជាកំហុសចេតនា ឬអចេតនាតែប៉ុណ្ណោះ ។ បើមិនមែនជាកំហុសទេម្ល៉េះសមមិនមែនសាមីខ្លួនតំណាងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ រហូតដល់លោក ជំទាវនាយករដ្ឋមន្ត្រីថៃសុខចិត្តសូមព្រះរាជទានទោសសូមអភ័យ ទោសនិងសម្ដែងនូវការសោកស្តាយនោះទេ។
សម្រាប់ស្រុកខ្មែរ បច្ចុប្បន្ន ចរិតជាតិនិយម មិនមែនកើតឡើងតែពីទឹកចិត្តរបស់ពួកប្រឆាំងនឹងរដ្ឋាភិបាលនោះទេ គឺវាកើតចេញពីទឹកចិត្តខ្មែរគ្រប់និន្នាការនយោបាយទាំងអស់ បក្សប្រឆាំង បក្សស្រប និងបក្សប្រឆាំងខ្លះស្របខ្លះក៏មាន វាដូចគ្នាទៅនឹងចរន្តនៃការគោរពព្រះបរមសពរបស់សម្តេចឪ សម្តេចតា សម្តេច តាទួតនៃយើង គឺជាឆន្ទៈរួមរបស់ជនជាតិខ្មែរ មកពីគ្រប់មជ្ឈដ្ឋានទាំងអស់ដូច្នោះដែរ។ ការដែលអង្គភាព ព័ត៌មាន និងប្រតិកម្មរហ័ស ប្រើពាក្យថា(ជនអគតិ ជនជ្រុលនិយម) គឺជាការប្រមាថបន្ថោកដល់ជាតិសាសន៍ខ្លួនឯងយ៉ាងខ្លាំង ហើយបង្ហាញឲ្យឃើញនូវគំនិតលើកតម្កើងជាតិសាសន៍ដទៃជាងថា ទង្វើរបស់គេជារឿង មិនខុសឆ្គង ឯជនជាតិខ្មែរឯងដែលប្រើប្រាស់គំនិតជាតិនិយមសុទ្ធតែមានកំហុស ជាជនអគតិ ជនជ្រុលនិយម គ្រប់ៗគ្នា។ គួរណាស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ធ្វើការអប់រំណែនាំ ក្រើនរំឭកដល់អ្នកសារព័ត៌មាន ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃរូបនេះ ឲ្យបង្កើនការប្រុងប្រយ័ត្ននៅក្នុងវិជ្ជាជីវៈរបស់ខ្លួន កុំឲ្យកំហុសទាំងនេះកើតឡើងជាថ្មីម្តងទៀត ទើបប្រសើរ និងគួរអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរមានការអត់ធ្មត់ មានសីលធម៌ខ្ពស់ មានសេចក្តីថ្លៃថ្នូរ ស័ក្តិសមជាជនជាតិដែលមានអារ្យធម៌រុងរឿងទើបត្រឹមត្រូវ មិនគួរបន្ទោស និងបន្ទាបជាតិសាសន៍ខ្លួនឯងបែបនេះឡើយ។ សរបញ្ជាក់ឲ្យឃើញថា ចរិតអ្នកធំខ្មែរមួយចំនួន ជាមួយរាស្ត្រខ្មែរខ្លួនឯង មានប្រតិកម្មខ្លាំងៗ និងលឿនដូចផ្លេកបន្ទោរ មិនអត់ឱនឲ្យទេ តែបើជាមួយជាតិសាសន៍ដទៃហាក់បង្ហាញនូវការចុះញ៉មយោគយល់ ទន់ជ្រាយ ទ្រីកទ្រើក ធ្វើឲ្យជនជាតិជិតខាងយើងកាន់តែបានចិត្ត និងកាន់តែហ៊ាន ប្រមាថជាន់ឈ្លីជនជាតិខ្មែរម្តងហើយម្តងទៀត។ ជាក់ស្តែងនៅពេលដែលទាហានថៃ បាញ់សម្លាប់ពលរដ្ឋខ្មែរ ជាបន្តបន្ទាប់ គេកម្រឃើញអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស មានប្រតិកម្មតបតណាស់ ដោយខ្លាចប្រទេសជិតខាងយើងអន់ចិត្ត តែបើមានប្រតិកម្ម គឺធ្វើឡើងដោយប្រយ័ត្នប្រយែងនិងស្លូតបូតជាទីបំផុត។
គួរណាស់ គ្រប់គ្នា លះបង់ចោលការប្រមាថមាក់ងាយជាតិសាសន៍ខ្លួនឯង ដោយចេះប្រើប្រាស់ពាក្យ ពេចន៍ល្អៗរបស់ខ្មែរដែលមានមិនខ្វះ ប្រកបដោយទឹកចិត្តល្អ សន្តានចិត្តល្អ ការយោគយល់អធ្យាស្រ័យ មេត្តា ករុណា មុទិតា ឧបេក្ខា គឺជាគុណធម៌ដើមដ៏ល្អប្រពៃរបស់ជនជាតិខ្មែរ ដើម្បីជាគំរូល្អដល់សង្គមគ្រួសារខ្មែរទាំងមូល ជាពិសេសត្រូវសាងគំរូល្អ ចំពោះយុវវ័យ ចេះសាងកេរ្តិ៍ឈ្មោះឲ្យប្រទេសជាតិលាងជម្រះទាំងកាយ វាចា ចិត្ត ឲ្យស្អាត ដើម្បីក្លាយជាប្រជាពលរដ្ឋល្អ គ្រួសារល្អ សហគមន៍ល្អ និងសង្គមខ្មែរទាំងមូលល្អ។ ពីពេលនេះតទៅ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនេះ គួរពិចារណាថ្លឹងថ្លែង ពាក្យសម្ដីរបស់ខ្លួនឡើងវិញមុននឹងចេញសេចក្តីថ្លែងការណ៍នានា ចៀសវាងការប្រើប្រាស់សម្ដីមិនពីរោះពិសា ដែលនាំឲ្យបែកបាក់ ហែកហួរក្នុងសង្គមគ្រួសារខ្មែរតទៅទៀត ហើយក៏គួរ រៀនសូត្រពីគំរូវីរភាពរបស់អតីតព្រះមហាវីរក្សត្រ ដែលទ្រង់ជានិមិត្តរូបជាបិតាបង្រួបបង្រួមជាតិ និងផ្សះផ្សាជាតិ មានទឹកព្រះទ័យត្រជាក់ និងមានបន្ទូលផ្អែមល្ហែម សព្វព្រះទ័យ នឹងកូនចៅរបស់ព្រះអង្គមិនរើសមុខហើយក្នុងសម័យដែលព្រះអង្គដឹក នាំប្រទេសប្រជារាស្ត្របានសេចក្តីសុខសុភមង្គល ប្រទេសជាតិមានការអភិវឌ្ឍ ថ្កុំថ្កើងរុងរឿង ល្បីល្បាញខ្លាំងក្លាទាំងកម្រិតតំបន់ និង លើឆាកអន្តរជាតិ គឺព្រះអង្គដឹកនាំប្រទេស ប្រកបដោយគុណធម៌ ព្រហ្មវិហារធម៌និងទសពិធរាជធម៌នោះឯង៕
No comments:
Post a Comment
yes