ស្តូបយុទ្ធជនសង្គ្រាមរបស់តាម៉ុកនៅត្រង់រង្វង់មូលស្រុកអន្លង់វែង
ដែលប្រជាពលរដ្ឋជឿជាក់ថាមានបារមីកាន់
ឧត្តរមានជ័យៈ នៅពេលមានទុក្ខភ័យ ឬត្រូវចេញដំណើរទៅរកស៊ីនៅឆ្ងាយ ឬក៏ឡើងភ្នំដើម្បីកាប់ឈើ រកផលានុផលនោះ អ្នកស្រុកអន្លង់វែង អ្នករស់នៅព្រំប្រទល់ខ្មែរថៃ និងរស់នៅទីរួមខេត្តតែងនាំគ្នាមករកបារមីនៅស្តូបយុទ្ធជន សង្គ្រាមរបស់មេដឹកនាំខ្មែរក្រហមតាម៉ុកជួយ ខណៈដែលទីនោះគេជឿថាមានបារមីស័ក្តិសិទ្ធិនោះ។
តំបន់អន្លង់វែង ត្រូវបានគេស្គាល់ថាជាអតីតមូលដ្ឋានដ៏រឹងមាំចុងក្រោយរបស់ ក្រុមតស៊ូខ្មែរក្រហម ហើយទីនោះតាម៉ុក និងប្រជាជនដែលស្មោះស្ម័គ្រនឹងខ្មែរក្រហម និងប្រជាជនដែលខ្មែរក្រហមកៀរបានផង មានចំនួនជាងបីម៉ឺននាក់ ដោយបោះតង់ប្លាស្ទិក ឬស្បូវជ្រកពួនក្នុងព្រៃដ៏ក្រាស់នេះ។ ពួកគេបានបោះបង់ខោអាវខ្មៅរបស់ខ្មែរចោលតាំងពីរបបនេះបែកបាក់ ភ្លាមៗ។ តាម៉ុកបានបញ្ជាឲ្យប្រជាជនសង់ទំនប់ទប់បឹង ដែលអាចស្តុកទឹកលើផ្ទៃដី៤៤០ហិកតា។ បឹងនេះសម្បូរត្រីណាស់ ដែលអាចផ្គត់ផ្គង់ដល់ប្រជាជននៅសម័យនោះបាន។ បច្ចុប្បន្ន គេហៅបឹងនេះថា «បឹងតាម៉ុក» ដែលបឹងនេះនៅពីក្រោយផ្ទះគាត់ហ្នឹងឯង។
ទន្ទឹមនឹងនេះ តាម៉ុកចាប់ផ្តើមពង្រឹងតំបន់របស់គាត់ ដោយតម្រូវឲ្យបុរសធ្វើទាហាន លាក់ខ្លួនក្នុងព្រៃក្បែរសមរភូមិមុខ។ ចំណែកស្ត្រីៗ និង កុមារនៅផ្ទះ អង្គុយបិទឫស្សីធ្វើចម្រូងដើម្បីប្រើប្រាស់ប្រឆាំងកងទ័ពរដ្ឋាភិបាល។
តាម៉ុកបានធ្វើផ្លូវឡើងកាត់ភ្នំដងរែកបុកចូលទៅប្រទេសថៃ ដើម្បីកាប់ឈើក្នុងតំបន់គាត់យកទៅលក់ និង នាំយកមកវិញនូវរបស់របរប្រើប្រាស់ ដោយការទិញដូរ ឬដោយការផ្តល់ជំនួយពីសម្ព័ន្ធមិត្ត ចិន។ រឿងមិននឹកស្មានដល់ដែលខ្មែរក្រហមមិនដែលខ្វាល់ខ្វាយពេលខ្លួន គ្រប់គ្រងកន្លងមក នោះគឺតាម៉ុកចាប់ផ្តើមសាងសង់មន្ទីរពេទ្យ និងសាលារៀន។
ឥឡូវនេះអន្លង់វែងបាន ប្រែមុខមាត់ថ្មីស្ទើរតែនឹកស្មានមិនដល់ សមិទ្ធផលនានារបស់អតីតមេដឹកនាំខ្មែរក្រហមនៅទីនោះក៏ត្រូវបាន ចាត់ទុកជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រផងដែរ ។ ដោយឡែក អតីតរង្វង់មូលតម្កល់ស្តូបយុទ្ធជនរបស់ តាម៉ុក ដែលស្ថិតនៅចង្កេះភ្នំជាំជិតព្រំដែនថៃនោះ បានក្លាយជាកន្លែងបន់ស្រន់ ដ៏ស័ក្តិសិទ្ធិសម្រាប់អ្នកអន្លង់វែង និង អ្នកដំណើរផងដែរដោយសារតែទីនោះមានបារមី យាយ ម៉ៅ ឃុំគ្រង ដូច្នេះឲ្យតែមានភ័យអាសន្នដោះស្រាយមិនចេញ ពួកគេតែងនាំគ្នាបែរបន់សុំបារមី យាយ ម៉ៅ នៅទីនោះឲ្យជួយ ។
ដោយ ធ្វើដំណើរចេញទីពីប្រជុំជនស្រុកអន្លង់វែងឆ្ពោះទៅច្រកព្រំដែនសាងុំា ប្រមាណ១៣ គីឡូម៉ែត្រ នោះភ្ញៀវទេសចរទាំងអស់នឹងបានឃើញផ្ទាំងថ្មធំមួយមានរូបសំណាក យុទ្ធជនបាក់បែកជាច្រើនអន្លើ ហើយបើក្រឡេកមកផ្ទៃថ្មខាងក្រោមនោះនឹងបានឃើញមានជើងធូប បាយសីយ៉ាងច្រើននៅចំកណ្តាលទ្រូងផ្លូវឡើងទៅព្រំដែន ហើយនិងឃើញមនុស្សម្នាអ្នកដំណើរឈប់សំចតចូលអុជធូបបួងសួងសុំសេចក្តីសុខចម្រើនគ្រប់ៗគ្នា។
ក្នុងចំណោមហ្វូងមនុស្សដ៏អ៊ូអរ ពេលរៀបចំតង្វាយដាក់ថាស រួមមាន ក្បាលជ្រូកធំមួយ ស្រាបៀរ ជាច្រើនកំប៉ុង ព្រមទាំងផ្លែឈើមួយល្អីនោះ អ្នករកស៊ីម្នាក់ដែលមកពីចម្ងាយគឺលោក អាង ប៊ុនសម អាយុ៥០ឆ្នាំ បានឲ្យដឹងថា លោកនាំយកមកថ្វាយលាបំណន់។
អ្នកមានជំនឿយ៉ាងមុត មាំរូបនេះ បានបញ្ជាក់ថា ជាធម្មតានៅពេលលោក និងគ្រួសារចេញរកស៊ីលោកតែងមកបែបន់សូមឱ្យបារមីយាយ ម៉ៅ នៅតំបន់នេះតាមជួយឃុំគ្រងថែរក្សាឱ្យរួចចាកផុតពីគ្រោះភ័យអាសន្ន និងឱ្យជួបតែជោគលាភ ហើយតែងសមប្រកបតាមបំណងជានិច្ច។ លុះពេលត្រឡប់ពីរកស៊ីមកដល់ផ្ទះវិញ លោកតែងនាំយកនូវគ្រឿង តង្វាយមកលាបំណន់រាល់លើកមិនដែលខកខានឡើយ ហើយគ្រានេះលោកយកក្បាលជ្រូកមកថ្វាយ ក្រោយពេលការរកស៊ីបានដូចបំណង។
ស្របគ្នានោះ អ្នកភូមិជើងភ្នំ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង វ័យ៣០ឆ្នាំម្នាក់គឺអ្នកស្រី ប៊ុន ឈឹង ក្រោយអុជធូបបួងសួងធ្វើមាត់ជិបអូចៗចប់ អ្នកស្រីបាននិយាយថា អ្នកស្រីមានទីលំនៅដ្ឋាននៅភូមិជើងភ្នំនេះ ហើយប្រជាពលរដ្ឋនៅទីនេះ មានជំនឿលើបារមីនៅទីនេះណាស់ ឱ្យតែកើតមានភ័យអាសន្នអ្វីមួយដោះស្រាយមិនចេញ ឬ ក៏មានជម្លោះចោទប្រកាន់អ្វីនោះគឺតែងនាំគ្នាមកបន់ស្រន់ ឬស្បថស្បែនៅទីនេះ ដើម្បីឱ្យលោក យាយ ម៉ៅ ជួយឱ្យបានរួចចាកទុក្ខ និងជួយធ្វើសាក្សីកាត់ក្តីឱ្យ។ អ្នកស្រីបានបន្តថា នៅទីនេះ ស័ក្តិសិទ្ធិ និងទាន់ហន់បំផុត បើហ៊ានតែស្បថបំពានប្រាកដជាឃើញភ្លាម កម្រមាននរណាមួយ ចេញរួចណាស់ ចេញស្ទើរមិនទាន់ទេច្បាស់ជាមានគ្រោះថ្នាក់ជាយថាហេតុ មានដូចជា គ្រោះ ថ្នាក់ចរាចរណ៍ជាដើម ។
ដោយឡែកអ្នកដែលប្រកបរបរដឹកផ្លែឈើ ស្ទើររាល់ថ្ងៃឆ្លងកាត់ទីនេះ ដើម្បីនាំចេញផ្លែឈើនានាទៅប្រទេសថៃ គឺ លោក សាន ឧត្តម និងភរិយា បានឲ្យដឹងដែរថា លោកត្រូវឈប់នៅទីនេះរាល់លើកដើម្បីដាក់តង្វាយផ្លែឈើជូនលោកយាយ ម៉ៅដែលជានិច្ចកាលលោកយាយតែជួយមើលថែកូនចៅ។ អ្នកប្រកបរបរដឹក និងលក់ផ្លែឈើនៅច្រកជាំសាងុំារូបនេះ បានបន្តថា យើងគោរពអស់ពីចិត្តដើម្បីរកស៊ីមានបាន និងសុំសេចក្តីសុខចម្រើន ហើយជាលទ្ធផលពួកយើងអស់មិនដែលមានបញ្ហាអ្វីឡើយ។ ពួកខ្ញុំជឿបារមីលោកយាយម៉ៅខ្លាំងណាស់៕
No comments:
Post a Comment
yes