យុវជនជាច្រើនរូបបាននាំគ្នាធ្វើពិធីពូនភ្នំខ្សាច់ អុជធូបទៀនដើម្បីសុំអង្វរការលើកលែងទោស
កណ្តាលៈ ក្រោយការយាងចូលទិវង្គតរបស់ព្រះមហាវីរក្សត្រព្រះបាទព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យ និងបង្រួបបង្រួមជាតិ មាននូវអព្ភូតហេតុចម្លែកៗជាច្រើនបានកើតមានដូចជា ដុំពពកកកវិល រាងដូចជាព្រះទីនាំងដង្ហែសពព្រះអង្គ ព្រះភក្រ្តទ្រង់នៅក្នុងវង់ព្រះខែ អណ្តាតភ្លើងធូបកួចជារូបនាគ ផ្សែងធូប ជារូបព្រះភក្រ្ត និងមួយចំនួនទៀត។ អព្ភូតហេតុទាំងនេះត្រូវបានប្រជាជនខ្មែរទូទាំងប្រទេស មានជំនឿថា នេះជាអព្ភូតហេតុល្អ មានតែអ្នកមានបុណ្យបារមីទេ ទើបបានឃើញនៅក្នុងបរិយាកាសធម្មជាតិនេះបាន ហើយរូបភាពទាំងនោះគឺជាការប្រោះព្រំមកឲ្យកូនចៅរបស់ទ្រង់ឲ្យ បានសេចក្តីចម្រើនផងដែរ។
ទន្ទឹមនឹងជំនឿលើអព្ភូតហេតុនេះ នៅភូមិល្វាឃុំកោះដាច់ឯណោះវិញ ប្រជាជនបាននាំគ្នាផ្អើលថា ព្រលឹងព្រះអង្គដែលចូលទិវង្គតនោះ បានមកទាមទារយកយុវជនក្នុងភូមិនេះចំនួន៣០០០នាក់ទៅជាមួយធ្វើជា សេនារបស់ព្រះអង្គនៅឯឋានបរមសុខ ដោយសារបញ្ហានេះទើបប្រជាជនក្នុងភូមិស្រុកបាននាំគ្នាពូនភ្នំ ខ្សាច់ និងអុជធូបទៀនរយៈពេលបីយប់បីថ្ងៃនៅនឹងមុខផ្ទះ ដើម្បីសុំការអង្វរករ ព្រលឹងព្រះអង្គសូមឲ្យលើកលែង និងបញ្ចៀសនូវគ្រោះនេះ ។
អ្នកមីង ភម ស៊ីយុន វ័យ៤៣ឆ្នាំ បានឲ្យដឹងថា រយៈពេលបីយប់បីថ្ងៃហើយ ដែលអ្នកមីងក៏ដូចជាប្រជាពលរដ្ឋនៅក្នុងភូមិល្វា ឃុំកោះដាច់ នេះ បានរៀបចំធ្វើពិធីពូនភ្នំខ្សាច់ និងអុជធូបអុជទៀន នៅនឹងមុខផ្ទះដើម្បីអង្វរករដល់ព្រលឹងព្រះករុណា ព្រះបាទនរោត្តម សីហនុ សុំការលើកលែង និងសុំកុំឲ្យព្រលឹងទ្រង់ទាមទារយកយុវជនក្នុងភូមិនេះទៅធ្វើជាសេនា ។ អ្នកមីងបានបន្តថា យប់ថ្ងៃទី១១ ខែវិច្ឆិការនេះ ជាយប់គម្រប់បីយប់បីថ្ងៃ ដែលត្រូវបញ្ចប់ពិធីពូនភ្នំខ្សាច់ អុជទៀនសុំអង្វរករព្រលឹងព្រះអង្គសុំកុំឲ្យប្រពន្ធកូនចៅនៅភូមិល្វានេះ ត្រូវព្រះអង្គយកទៅជាមួយទ្រង់នោះ។
អ្នក មីងនិយាយថា៖«ដំបូងឡើយអ្នកភូមិនេះ ក្រៅតែពីនាំគ្នាគោរពនូវវិញ្ញាណក្ខន្ធនិងកាន់ទុក្ខនោះ មិនមាននរណាម្នាក់មានភាពភ្ញាក់ផ្អើលអ្វីទេ។ ប៉ុន្តែទើបតែពីបីថ្ងៃនេះមានក្មេងៗគេទៅធ្វើការរោងចក្រ ពេលត្រឡប់មកវិញពួកគេក៏និយាយថា មានគេយល់សប្តិថា ព្រលឹងព្រះករុណាបានទាមទារយកយុវជនចំនួន៣ពាន់នាក់ទៅជាមួយ ព្រះអង្គដើម្បីធ្វើជាសេនា ឬទ័ព ហើយតម្រូវយកអ្នកភូមិល្វា ឃុំកោះដាច់នេះ»។ អ្នកស្រីបន្តថា៖«ឮដូចនេះមិនថាតែក្មេងៗទេ មនុស្សចាស់ៗក៏មានជំនឿ និងភ័យក្លាចដែរ ហើយក៏ប្រាប់គ្នាតៗថា វិធីមួយដែលអាចបញ្ចៀស នូវគ្រោះនេះ គឺតម្រូវពូនភ្នំខ្សាច់ និងអុជធូបអុជទៀនរយៈពេលបីយប់ បីថ្ងៃបួងសួងអង្វរសុំព្រលឹងព្រះអង្គលើកលែងកុំឲ្យទាមទារដូច អ្វីដែលពួកគេល្បីនោះ»។
ក្រៅពីប្រាប់ថាមានកូនប្រុសពីរ នាក់ស្ថិតក្នុងវ័យជាយុវជននោះ អ្នកស្រីប្រាប់ថា៖«នៅមុខផ្ទះអ្នកស្រីក៏ដូចជាផ្ទះអ្នកភូមិ ឯទៀតដែរ បានយកដីខ្សាច់មកពូនធ្វើជាកូនភ្នំ និងមានអុជធូប និងទៀន មានរយៈពេលបីយប់បីថ្ងៃមិនឲ្យដាច់ ឬរលត់មួយវេលាណាទេ ដើម្បីសុំសេចក្តីសុខដល់ស្រុកភូមិគ្រួសារ ពិសេសគឺសុំកុំឲ្យព្រលឹងព្រះអង្គយកអាយុជីវិតកូន»។
ទាក់ទិន នឹងការភ្ញាក់ផ្អើលនេះលោក ប៊ូ ឡងឌី មេភូមិល្វា បានទទួលស្គាល់ថា នៅក្នុងភូមិល្វានេះ ប្រជាជនពិតជាមានភាពភ្ញាក់់ផ្អើល និងធ្វើការអុជធូបទៀនពូនភ្នំខ្សាច់ នៅនឹងមុខផ្ទះរបស់ពួកគាត់មែន ក្រោយពីមានពាក្យចចាមអារ៉ាមថា ព្រលឹងព្រះអង្គព្រះបាទនរោត្តម សីហនុ ត្រូវការយុវជនចំនួន៣ពាន់ទៅធ្វើជាសេនាការពារទ្រង់នោះ។ ដូច្នេះក្រោយពីផ្ទុះនូវហេតុភេទនោះ ក៏មានព្រះសង្ឃនិមន្តសូត្រធម៌ប្រោះព្រំសុំសេចក្តីសុខតាមភូមិទាំងមូលផងដែរ។
លោក មេភូមិបាននិយាយថា៖«ខ្ញុំមិនបានដឹងថា ពាក្យនេះលេចចេញពីប្រភពណានោះទេ ហើយក៏មិនដឹងថា នៅភូមិឯទៀតគេធ្វើដូចគ្នានឹងភូមិខ្ញុំឬយ៉ាងណាដែរ តែអ្នកខ្លះមិនជឿលើជំនឿនេះទាំងអស់ទេ។ ទោះជាយ៉ាងណា វាមិនបានបង្កភាពចលាចលអីខ្លាំងនោះទេ»។
យុវជន ម៉ែន ច័ន្ទណារិទ្ធ កូនអ្នកភូមិល្វានិយាយថា៖«ខ្ញុំមានអារម្មណ៍ភ័យខ្លាចដែរ ពេលដែលឮថា ព្រះអង្គត្រូវយកយុវជនចំនួន៣ពាន់នាក់ទៅធ្វើជាសេនារបស់ទ្រង់នោះ។ ក្រោយពីឮពាក្យនេះ ខ្ញុំក៏ដូចជាអ្នកភូមិឯទៀតដែរ គឺបាននាំគ្នាពូនភ្នំខ្សាច់អុជធូបអុជទៀន ក្នុងរយៈពេលបីយប់បីថ្ងៃដើម្បីសុំសេចក្តីសុខ»។
ទាក់ ទិននឹងភាពភ្ញាក់ផ្អើលនេះ ឧបទេស្សាចារ្យ និងជាទីប្រឹក្សាក្រសួងធម្មការ និងសាសនា លោក វ៉ាយ វិបុល បានពន្យល់ថា ពាក្យចចាមអារ៉ាម ឬការយល់សប្តិនេះ ស្ថិតនៅតែលើបបូរមាត់អ្នកនិយាយប៉ុណ្ណោះ រីឯប្រភពអ្នកបង្កើតពាក្យចចាមអារ៉ាមមកពីខាងណា គេនៅតែមិនបានដឹង គឺដឹងតៗគ្នា។
លោកបញ្ជាក់ថា៖«នោះគ្រាន់តែជាការបង្កើតឡើង ដើម្បីឆ្លៀតឱកាស កេងយកប្រយោជន៍អ្វីមួយតែប៉ុណ្ណោះ»៕
No comments:
Post a Comment
yes