ព្រះភិក្ខុ សុខ តុញ បានធ្លាក់ព្រះកាយឈឺស្គមស្គាំងនៅពេលដែលព្រះអង្គ
មានជំងឺដុះដុំសាច់នៅក្នុងពោះ ហើយនៅពេលនេះកំពុងត្រូវការវះកាត់បន្ទាន់
កំពង់ចាម: ព្រះភិក្ខុសង្ឃមួយអង្គដែលទ្រាំរស់នឹងជំងឺដុះដុំសាច់ក្នុងពោះ ឬហៅថា អណ្តើក អស់រយៈពេលប្រមាណ២០ឆ្នាំមកនោះ នៅពេលនេះព្រះអង្គកំពុងប្រវេប្រវាសុំរកការជួយសង្គ្រោះ ខណៈដែលសាច់ក្នុងដុំពោះរបស់ព្រះអង្គកាន់រីកធំទៅៗ ស្ទើរផ្ទុះ ហើយត្រូវបានគ្រូពេទ្យបង្ហើបប្រាប់សាច់ញាតិថា បើមិនធ្វើការវះកាត់ភ្លាមៗនៅពេលនេះទេ ប្រហែលមួយឆ្នាំក្រោយព្រះអង្គនឹងគ្មានព្រះជន្មលើភពផែនដីនេះ ទៀតទេ។
ព្រះអង្គសុខ តុញ មានវ័យ២៣ព្រះវស្សា សព្វថ្ងៃព្រះអង្គជាសង្ឃកំពុងគង់នៅវត្តសុខារាម ហៅវត្ត ទ្រមូង ស្ថិតនៅក្នុងភូមិជាំទោក ឃុំរូង ស្រុកមេមត់ ខេត្តកំពង់ចាម ហើយព្រះអង្គនឹងធ្វើដំណើរមករាជធានីភ្នំពេញ ដើម្បីស្វែងរកការវះកាត់នៅសប្តាហ៍ក្រោយនេះ។
ព្រះភិក្ខុ សុខ តុញ បានមានសង្ឃដីកាថា៖ «អាត្មាកើតជំងឺនេះ តាំងពីអាត្មានៅតូចមកម្ល៉េះ ប៉ុន្តែវាមិនដែលធ្វើទុក្ខយើងទេ ទើបតែក្នុងអំឡុងពេលអាត្មាមកបួសជានេនក្នុងវត្តនេះ ទើបវាចាប់ផ្តើមធ្វើទុកខ្លាំង។ វាចាប់ផ្តើមចុកពោះរាល់ថ្ងៃ»។ ព្រះអង្គបានបន្តថា៖ «ដោយសារបញ្ហានេះ អាត្មាក៏បានទៅពិនិត្យមើល ពេទ្យគេថា អាត្មាដុះដុំសាច់ក្នុងពោះ ឬគេហៅថា អណ្តើក។ អាត្មាអស់សង្ឃឹមណាស់នៅពេលពេទ្យប្រាប់ថា ជំងឺអាត្មាមិនអាចព្យាបាលបានទេ»។
នៅពេលពេទ្យប្រាប់បែបនេះ ព្រះអង្គក៏ស្វែងរកការព្យាបាលតាមបែបគ្រូខ្មែរបុរាណវិញ ហើយគ្រូខ្មែរតែងព្យាយាមព្យាបាលព្រះអង្គដោយការប្រើដុំធូបដុតលើ រាងកាយធ្វើឲ្យព្រះអង្គក្តៅរលាកញ័រសាច់ រលួយស្បែកសាច់ ហេតុតែចង់ជាសះស្បើយព្រះអង្គក៏ចេះតែទ្រាំពីគ្រូខ្មែរមួយទៅ គ្រូមួយ ហើយបច្ចុប្បន្នព្រះអង្គរលួយមានស្លាកស្នាមពេញសាច់ទាំងពោះ ខ្នង ខ្លួន និងក។
ដើម្បីជាក់ច្បាស់កាលពីសប្តាហ៍មុននេះព្រះអង្គបាន មកពិនិត្យជាថ្មីម្តងទៀតនៅរាជធានីភ្នំពេញ ពេទ្យបានឆ្លុះអេកូហើយប្រាប់ថា ព្រះអង្គពិតជាកើតជំងឺអណ្តើកមែន ហើយព្រះអង្គក៏មានសង្ឃឹមឡើងវិញនៅពេលដែលពេទ្យប្រាប់ថា ជំងឺនេះនឹងជាសះស្បើយក្រោយវះកាត់ តែក្តីសង្ឃឹមនោះ ក៏បានរលាយទៅវិញដូចអំបិលត្រូវទឹក នៅពេលដែលការវះកាត់មានតម្លៃខ្ពស់ ខណៈព្រះអង្គគ្មានលទ្ធភាពទាល់តែសោះនោះ។
ព្រះសង្ឃដែលកើតនៅ ក្នុងត្រកូលអ្នកក្តីក្រអង្គនេះបានបន្តថា៖«តាមតម្លៃនៃការវះ កាត់ហ្នឹង ពេទ្យប្រាប់ថា ប្រហែលចន្លោះជាង១ពាន់ទៅ២ពាន់ដុល្លារ។ ពេទ្យប្រាប់ថា សាច់នោះកាន់តែដុះធំទៅៗ ហើយពេទ្យបានប្រាប់ថា កុំឲ្យអាត្មាដួល ឬមានគេរត់បុក បើដូច្នោះវានឹងបែក បើបែកហើយអាត្មានឹងស្លាប់ភ្លាមៗតែម្តង»។ សង្ឃអង្គនេះបានបញ្ជាក់ថា៖«ឥឡូវនេះ វាធ្វើទុក្ខខ្លាំងណាស់ ធ្វើឲ្យអាត្មាឆាន់លែងកើត ឆាប់ហត់ សឹងមិនលក់ ហើយបើវាចុកគឺអាត្មាកម្រើកខ្លួនលែងរួចតែម្តង»។
ក្នុងសភាព ស្លេកស្លាំង រាងស្គមស្គាំង មុខអស់សង្ឃឹម ព្រះសង្ឃអង្គ សុខ តុញ បានមានថេរដីកាថា៖«នៅពេលនេះអាត្មាអស់សង្ឃឹមតែម្តង ញោម(ឪពុកម្តាយ) អាត្មា សុទ្ធតែមានជីវភាពលំបាក បងប្អូនក៏យ៉ាប់ អាត្មាចង់វះកាត់តែគ្មានប្រាក់ មិនដឹងជាត្រូវពឹងអ្នកណាទេ។ ឥឡូវនេះដុំសាច់ហ្នឹងវាចាប់ផ្តើមរីកកាន់តែធំ រឹង អាត្មាបារម្ភណាស់។ អាត្មាសំណូមពរថា សុំឲ្យបងៗ ញោមទាំងអស់ជួយអាត្មាផង អាត្មាខ្វះខាតខ្លាំងណាស់ គ្មានលទ្ធភាពមើលខ្លួនទេ»។ ព្រះអង្គបញ្ជាក់ថា៖«អាត្មាអត់ទាន់ហ៊ានកំណត់ថានឹងទៅវះថ្ងៃណាទេ ព្រោះអត់មានលុយ»។
លោក សាន ម៉ានុត ដែលជាអ្នកភ្នំពេញជួយស្វះស្វែងរកអ្នកជួយព្រះសង្ឃអង្គនេះ និងគ្រោងនាំលោកមកទទួលការវះកាត់នោះ បានឲ្យដឹងថា កាលពីរដូវភ្ជុំបិណ្ឌ លោកបានទៅលេងនៅវត្តនោះ ក៏បានជួបនឹងព្រះសង្ឃអង្គនេះ ឃើញលោកមានសភាពស្លេកស្លាំងខ្លាំង ពេលសួរនាំទើបដឹងថា លោកមានជំងឺអណ្តើក ហើយលោកក៏បានជួយនាំលោកមកពិនិត្យនៅភ្នំពេញ ដោយពេទ្យបានប្រាប់ថា សង្ឃអង្គ តុញ ត្រូវតែធ្វើការវះកាត់នៅក្នុងរយៈពេលដ៏ខ្លីនេះ បើមិនដូច្នេះទេ ដុំសាច់នោះនឹងធ្លាយបែកជាក់ជាមិនខាន។
លោក ម៉ានុត បាននិយាយថា៖«ពេទ្យបានលួចប្រាប់ខ្ញុំថា លោកតុញមានពេលមិនយូរទេ បើមិនធ្វើការវះកាត់ភ្លាមៗនោះ។ ដូច្នេះខ្ញុំគ្រោងនឹងនាំលោកមកភ្នំពេញវះកាត់តែលោកអត់លុយ ហើយឥឡូវខ្ញុំក៏គ្មានលទ្ធភាពដែរ តែខ្ញុំក៏ស្វះស្វែងរកអ្នកជួយលោកដែរ គឺខ្ញុំបានផ្សព្វផ្សាយតាមហ្វេសប៊ុក ហើយពេលនេះក៏មានអ្នកចូលរួមចំណែកតិចតួចខ្លះដែរ ហើយក៏សូមអរគុណពួកគាត់ដែរ»។
ដោយមុខស្ងួតនិយាយមួយៗលោក ម៉ានុត បាននិយាយថា៖ «សូមបងប្អូនទាំងអស់គ្នាជួយលោកផង ព្រះអង្គពិតជាត្រូវការការជួយដ៏ចាំបាច់បំផុត »៕
បើលោកចង់ជួយព្រះសង្ឃអង្គនេះសូមទាក់ទង (855) 12 52 56 94
No comments:
Post a Comment
yes