ពិធីការិនី សុខ សោម៉ាវត្តី
ភ្នំពេញៈ ពាក្យគូស្នេហ៍ ឬក៏សង្សារនឹងលែងកើតមានចំពោះពិធីការិនីដ៏មានប្រជាប្រិយភាពដែល មានមូលដ្ឋាននៅស្ថានីយទូរទស្សន៍បាយ័ន នាង សុខ សោម៉ាវត្តី ទៀតហើយ ហើយពាក្យ ស្វាមីភរិយា ឬក៏ ប្តីប្រពន្ធ នឹងចូលមកជំនួស ខណៈដែលពេលានៃការប្រគំភ្លេងអាពាហ៍ពិពាហ៍ដ៏លន្លង់លន្លោចរបស់ នាង និងលោក ពេជ្រ ដែលមានឈ្មោះជាផ្លូវការថា ទូច ដាណារ៉ា កាន់តែមានរយៈខើចខ្លីទៅៗ។
ក្រោយភ្ជាប់ពាក្យយ៉ាងស្ងប់ស្ងាត់ កាលពីព្រឹកថ្ងៃទី៣១ តុលា អ្នកបម្រើការងារនៅស្ថានីយទូរទស្សន៍បាយ័ន បានឲ្យដឹងថា ស្នេហារបស់ សុខ សោម៉ាវត្តី ដែលកន្លងមកល្បីថាធ្លាប់មានការរារាំងពីសំណាក់ឪពុកម្តាយខាង ប្រុសនោះ នៅពេលនេះបានសម្រេចដូចក្តីប្រាថ្នាហើយ ហើយរូបនាងនឹងក្លាយខ្លួនជាកូនក្រមុំពេញសិទ្ធិរបស់លោក ពេជ្រ នៅថ្ងៃទី២៤ ខែវិច្ឆិកា ខាងមុខនេះ។
ចំណងស្នេហ៍ដែលមិនអាចកាត់ ផ្តាច់បានរវាងពិធីការិនី និងជាតារាសម្តែងក្រមិចក្រមើមនាង សុខ សោម៉ាវត្តី និងលោកមន្ត្រីប៉ូលិសសេដ្ឋកិច្ច ទូច ដាណារ៉ា ដែលជាកូនអតីតស្នងការរាជធានីភ្នំពេញ បានសាងស្នេហ៍មិនតិចឆ្នាំទេ ទម្រាំតែពន្លឺស្នេហ៍របស់ពួកគេបានរសាត់អណ្តែតមកទើរលើចំណង អាពាហ៍ពិពាហ៍ដែលជាការទទួលស្គាល់ និងផ្តួចផ្តើមឲ្យមានការរៀបមង្គលការនេះឡើងរបស់ឪពុកម្តាយទាំង សងខាងនោះ។
អ្នកគ្រប់គ្រងកម្មវិធីម្នាក់បានឲ្យដឹងថា ការចូលរោងការរបស់ពិធីការិនី សុខ សោម៉ាវត្តី មានភាពច្បាស់លាស់ហើយ មិនដូចកាលពីមុនដែលចេះតែល្បីថានាងចូលរោងការ តែក្រោយមកក៏មិនឃើញមានអ្វីបានកើតឡើងទាល់តែសោះនោះឡើយ។ អ្នករួមការងារនឹង សុខ សោម៉ាវត្តី រូបនេះបានបញ្ជាក់ថា បើតាមគម្រោងដែលបានព្រាងទុក សុខ សោម៉ាវត្តី នឹងត្រូវរៀបចំពិធីចូលរោងដោយធ្វើការសូត្រមន្តនៅល្ងាចថ្ងៃទី ២៣ ខែវិច្ឆិកា និងបន្តចូលថ្ងៃទី២៤ វិច្ឆិកា ដែលជាថ្ងៃទទួលភ្ញៀវ។
មង្គលការតារាល្បី និងកូនមន្ត្រីពាក់ផ្កាយបែបនេះ ត្រូវបានប្រភពដដែលបញ្ជាក់ថា នឹងមានភ្ញៀវកិត្តិយសមានកេរ្តិ៍ឈ្មោះជាមន្ត្រី និងតារាចម្រៀង សម្តែង កំប្លែង មិនតិចជាង១០០តុឡើយ។ មង្គលការនោះនឹងរៀបចំឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ ហើយគេបានដឹងថា សុខ សោម៉ាវត្តី ពេញចិត្ត និងយកគំរូតាមការរចនារោងការ និងកន្លែងទទួលភ្ញៀវនៅថ្ងៃមង្គលការរបស់នាងឲ្យដូចនឹងមង្គលការ លោក គង់ វិសាល អ្នកគ្រប់គ្រងកម្មវិធីនៅស្ថានីយទូរទស្សន៍បាយ័ន។
ដោយសារ ពេលវេលាដ៏សប្បាយរីករាយនៅក្នុងជីវិតនឹងឈានចូលមកដល់នៅពេល ខាងមុខដ៏ខ្លីនេះ ពិធីការិនីដែលកំពុងដុសខាត់ស្បែកឲ្យស្រស់ស្អាតដើម្បីក្លាយខ្លួន ជាកូនក្រមុំស្រស់សោភារបស់មន្ត្រីប៉ូលិស នាង សុខ សោម៉ាវត្តី មិនបាននិយាយអ្វីច្រើនពាក់ព័ន្ធនឹងការរៀបចំអាពាហ៍ពិពាហ៍របស់ នាងឡើយ គឺនាងគ្រាន់តែបានទទួលស្គាល់ថា នាងនឹងរៀបអាពាហ៍ពិពាហ៍តាមគម្រោងដែលបានកំណត់នោះ។
សុខ សោម៉ាវត្តី បាននិយាយប្រាប់សារព័ត៌មានថា៖ «ខ្ញុំបានត្រៀមខ្លួនរៀបរយសម្រាប់ថ្ងៃចូលរោងការហើយ»។
ជាមួយ គ្នានោះម្តាយរបស់ សុខ សោម៉ាវត្តី ក៏បានឲ្យដឹងផងដែរថា ពិធីមង្គលការរបស់កូនអ្នកស្រី ជាមួយនឹងកូនអតីតស្នងការរាជធានីភ្នំពេញលោក ទូច ណារ៉ុថ ពិតជាបានត្រៀមខ្លួន និងអ្វីៗគ្រប់យ៉ាងរួចរាល់ហើយ ហើយកម្មវិធីលម្អិតចំពោះពិធីមង្គលការនេះ អ្នកស្រីមិនសូវដឹងច្បាស់នោះឡើយ ព្រោះភាគីដន្លងជាអ្នករៀបចំដោយផ្ទាល់។ ទោះជាយ៉ាងណា អ្នកស្រីបានបញ្ជាក់ឲ្យដឹងថា មង្គលការនោះនឹងមានភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករនៅ មជ្ឈមណ្ឌលកោះពេជ្រ តែអ្នកស្រីក៏មិនហ៊ាននិយាយថា កម្មវិធីនោះធំប៉ុនណានោះឡើយ។
អ្នកស្រីបាននិយាយថា៖«អូ! ភ្ញៀវចូលរួមហ្នឹងច្រើនណាស់ ហើយរឿងថា ធ្វើធំ ឬតូចនោះ ខ្ញុំមិនហ៊ាននិយាយទេ សំខាន់ទាល់តែថ្ងៃហ្នឹង ប្អូនមកផ្ទាល់ទើបដឹង បើនិយាយថា តូចទៅដូចជាខ្ញុំភរប្អូន តែបើថា ធំនោះដូចជាខ្ញុំនិយាយអួតពេក»។
ដោយឡែកលោក ទូច ដាណារ៉ា ហៅ ពេជ្រ មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមបានទេកាលពីម្សិលមិញ ដោយសារទូរស័ព្ទរបស់លោកមិនអាចទទួលការហៅចូលបាន។
កន្លងមក ចំណងស្នេហ៍រវាង សុខ សោម៉ាវត្តី និងលោក ពេជ្រ ត្រូវបានសារព័ត៌មានក្នុងស្រុកតែងធ្វើការចុះផ្សាយថា ស្នេហាអ្នកទាំងពីរនឹងមិនអាចឈានដល់ពិធីរៀបអាពាហ៍ពិពាហ៍ឡើយ ព្រោះមានការល្បីថា ក្រុមគ្រួសារលោក ពេជ្រ មិនពេញចិត្តចំពោះពិធីការិនី សុខ សោម៉ាវត្តី តែនាងតែងចេញមុខបដិសេធ។
ដើម្បីបញ្ជាក់បញ្ហានេះជាថ្មី ម្តាយ សុខ សោម៉ាវត្តី បានឲ្យដឹងថា មិនដែលមានរឿងបែបនោះកើតឡើងឡើយ ហើយនៅក្នុងការរៀបចំកម្មវិធីអាពាហ៍ពិពាហ៍នេះ អ្នកស្រីក៏បានទាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងដន្លងឪពុកម្តាយ កូនប្រុសដែរ។ នៅពេលនេះ ទស្សនិកជនទាំងអស់ពិតជាទទួលបានព័ត៌មានយ៉ាងច្បាស់អំពីមង្គល ការ សុខ សោម៉ាវត្តី៕
No comments:
Post a Comment
yes