ភ្នំពេញៈ របាយការណ៍ថ្មីមួយ របស់គណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាខុម ហ្វ្រែល បានបង្ហាញថា មានត្រឹមតែ ៣០ ភាគរយប៉ុណ្ណោះនៃប្រជាជនជាង ៩ លាននាក់ ដែលមានសិទ្ធិបោះឆ្នោត បានទៅចុះឈ្មោះ និងពិនិត្យឈ្មោះបោះឆ្នោតដែលបានកែតម្រូវថ្មី សម្រាប់ការបោះឆ្នោតជាតិនាខែកក្កដា ឆ្នាំ២០១៣។
របាយការណ៍បាន លើកឡើងថា ប្រជាពលរដ្ឋដែលមិនបានទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីអាចប្រឈម នឹងបញ្ហានៅថ្ងៃបោះឆ្នោត ដូចជា ខុសឈ្មោះ ឬទិន្នន័យមិនគ្រប់គ្រាន់ និងរកការិយាល័យមិនឃើញជាដើម ដូចដែលបានកើតឡើង នៅក្នុងការបោះឆ្នោតឃុំសង្កាត់ ហើយរបាយការណ៍នេះបានដាក់បន្ទុកទៅលើ គ.ជ.ប ចំពោះចំនួនអ្នកទៅបោះឆ្នោតទាប នៅក្នុងការបោះឆ្នោតឃុំ សង្កាត់កន្លងមក។
របាយការណ៍ បានលើកឡើងថា៖ «ខុម ហ្វ្រែល មានការព្រួយបារម្ភដែលប្រជាជនភាគច្រើនដែលមានសិទ្ធិបោះ ឆ្នោត មិនបានទៅពិនិត្យឈ្មោះក្នុងបញ្ជីសម្រាប់ការបោះឆ្នោតសភា ។ គ.ជ.ប គួរយកចិត្តទុកដាក់ឲ្យបានហ្មត់ចត់ ក្នុងការពង្រឹង ការចែកប័ណ្ណព័ត៌មានបោះឆ្នោត នៅពេលខាងមុខ»។ របាយការណ៍នេះ មិនបានបូកបញ្ចូលភាពមិនប្រក្រតីជាច្រើនទៀត ក្នុងអំឡុងពេលចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី ១២ ខែតុលានោះទេ។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីថ្ងៃអង្គារថា ជាទូទៅក្នុងរយៈពេលចុះឈ្មោះ គឺប្រព្រឹត្តទៅយ៉ាងរលូន។ លោកបន្តថា៖ «ប៉ុន្តែភាពមិនប្រក្រតីខ្លះៗ ក៏បានកើតមានដែរ ដោយគណបក្សនយោបាយនីមួយៗ និងប្រជាជន បានដាក់ពាក្យបណ្តឹងទៅថ្នាក់ឃុំ សង្កាត់។ គ.ជ.ប កំពុងតែដោះស្រាយបណ្តឹងចំនួន ៣៤ ករណី ហើយនឹងប្រកាសលទ្ធផលជាផ្លូវការ អំពីបញ្ជីឈ្មោះបោះឆ្នោតថ្មី នាថ្ងៃទី ៣១ ខែធ្នូ»។ លោកបន្តថា ពាក្យបណ្តឹង គឺត្រូវបានដាក់ប្តឹង ដោយគណបក្ស សម រង្ស៊ី គណបក្ស សិទ្ធិ មនុស្ស និងគណបក្សប្រជាជនកម្ពុជា ហើយប្រជាជន ដែលបានដាក់ពាក្យប្តឹងដែរ គឺដោយសារពួកគេអះអាងថា ពួកគេរកមិនឃើញឈ្មោះ នៅក្នុងបញ្ជីបោះឆ្នោតថ្មី៕
No comments:
Post a Comment
yes