យន្តហោះចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ប៊្រុយណេស្នើហោះ
ហើរត្រង់មកកម្ពុជា
ភ្នំពេញៈប្រទេសប្រ៊ុយណេបានស្នើឲ្យមានការហោះហើរត្រង់មកកាន់ខេត្តសៀមរាបជាក្រុងទេសចរណ៍ដ៏ធំរបស់កម្ពុជា។
ការស្នើឡើងនេះត្រូវបានធ្វើឡើងក្នុងជំនួបរវាងឯកអគ្គរាជទូតថ្មីរបស់ប្រ៊ុយណេShaikh FadilahAhmadនិងលោកឧបនាយករដ្ឋមន្ត្រីសុខអាននៅភ្នំពេញកាលពីម្សិលមិញ។
លោកឯកថាអ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីបានប្រាប់អ្នកសារព័ត៌មានក្រោយជំនួបនោះថា ការពិភាក្សាក៏បានផ្ដោតទៅលើចំណុចសំខាន់ពីរផ្សេងទៀត ការធ្វើពាណិជ្ជកម្មអង្ករនិងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យប្រេង។
ឯកអគ្គរាជទូតប្រ៊ុយណេបានឲ្យដឹងថាការហោះហើរត្រង់ជាមួយកម្ពុជាជាការបង្កើនទំនាក់ទំនងបន្ថែមទៀតរវាងប្រទេសទាំងពីរ។ ជាការឆ្លើយតបលោកឧបនាយរដ្ឋមន្ត្រីសុខអានបានស្វាគមន៍ចំពោះសំណើនេះ។នេះបើតាមលោកឯកថា។
តាមលោកឯកថាលោកសុខអានបានលើកឡើងថា ៖ «ប្រសិនបើមានការហោះហើរត្រង់ពីប្រទេសប្រ៊ុយណេមកកាន់ក្រុងសៀមរាបនឹងជួយជំរុញឲ្យវិស័យទេសចរណ៍នៃប្រទេសទាំងពីរកាន់តែរីកចម្រើនឡើង»។
កម្ពុជាកំពុងបង្កើនការតភ្ជាប់ការហោះហើរជាច្រើនជាមួយប្រទេសទំាងក្នុងតំបន់អាស៊ាននិងតំបន់ផ្សេងៗទៀតនៃពិភពលោកដើម្បីពន្លឿនវិស័យទេសចរណ៍ដ៏ក្មេងខ្ចីពោរពេញដោយសក្តានុពលរបស់ខ្លួន។
ថ្ងៃទី៣ខែវិច្ឆិកានេះក្រុមហ៊ុនអាកាសចរណ៍Condorរបស់អាល្លឺម៉ង់និងហោះហើរត្រង់ពីទីក្រុងហ្រ្វេងឃឺតមកកាន់ខេត្តសៀមរាបជាប្រចាំសប្តាហ៍។
វិស័យទេសចរណ៍កម្ពុជាអាចនឹងស្រូបយកអ្នកទេសចរអន្តរជាតិយ៉ាងតិច៤,៥លាននាក់នៅឆ្នាំ២០១៥ហើយចំនួននឹងកើនដល់៧លាននាក់នៅឆ្នាំ២០២០ដែលពេលនោះនឹងបង្កើតការងារផ្ទាល់ជិត១លាននាក់នៅវិស័យទេសចរណ៍នេះ។
ក្នុងជំនួបនេះដែរឯកអគ្គរាជទូតប្រ៊ុយណេក៏បានបង្ហាញពីចំណាប់អារម្មណ៍លើវិស័យកសិកម្មនៅកម្ពុជាផងដែរពោលប្រ៊ុយណេកំពុងសម្លឹងមើលការនាំចូលអង្ករពីកម្ពុជាព្រោះកន្លងមកប្រ៊ុយណេនាំចូលអង្ករពីប្រទេសថៃ។
បើយោងតាមលោកឯកថាប្រទេសប្រ៊ុយណេក៏បានស្វាគមន៍ក្នុងការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រ៊ុយណេផងដែរខណៈលោកឧបនាយករដ្ឋមន្ត្រីសុខអានចង់ឲ្យប្រ៊ុយណេផ្តល់អាហារូបករណ៍សិក្សាលើធនធានប្រេងនិងរ៉ែដោយសារប្រទេសនេះមានជំនាញខាងធនធានទាំងនេះហើយនេះជាវិស័យថ្មីរបស់កម្ពុជា៕
No comments:
Post a Comment
yes