ភ្នំពេញៈសេចក្តីលម្អិតពុំច្បាស់លាស់ ដែលលាក់បាំងឈ្មោះក្រុមហ៊ុនចិននិងការមិនបញ្ជាក់ថាតើពេល ណាការសាងសង់ទំនប់វារីអគ្គិសនីនៅទន្លេសេសានក្រោម ២ នឹងចាប់ផ្តើម បានធ្វើឲ្យអ្នកភូមិ មានការព្រួយបារម្ភពីអនាគត។ នេះបើយោងតាមតំណាងអ្នកភូមិ និងអង្គការបរិស្ថានបានឲ្យដឹងកាលពីម្សិលមិញ។
ចាប់តាំងពី គណៈរដ្ឋមន្រ្តីបានអនុម័តគម្រោងទំនប់តម្លៃ ៧៨០ លានដុល្លារនេះ ដែលត្រូវសាងសង់នៅដៃទន្លេមេគង្គក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង អ្នកភូមិមន្ទិលថា តើពួកគេនឹងរស់នៅរបៀបណា ប្រសិនត្រូវបង្ខំឲ្យចាក ចេញ ដើម្បីត្រួសត្រាយផ្លូវដល់ការសាងសង់ទំនប់នេះ។
លោក សេក មេគង្គ ប្រធានឃុំស្រែគរ បារម្ភថា ប្រជាជនជាង៤០០គ្រួសារ ក្នុងឃុំរបស់លោកនឹងត្រូវបណ្តេញចេញ។
លោកថា៖ «ជីវភាពរបស់យើងនឹងកាន់តែដុនដាប ព្រោះ យើងពឹងផ្អែកលើធនធានធម្មជាតិ។ តើយើងអាចរស់នៅរបៀបណា បើគេឲ្យយើងចេញពីទីនេះ?»។
លោក មៀច មាន អ្នកសម្របសម្រួលនៃអង្គការបណ្តាញការពារទន្លេសេសាន ស្រែពក សេកុង ថ្លែងថា សេចក្តីលម្អិតមិនគ្រប់គ្រាន់នឹងធ្វើឲ្យមានភាពច្បាស់ លាស់ទេ។ លោកថា អាជ្ញាធរមូលដ្ឋាននិងក្រុមហ៊ុនពាក់ព័ន្ធ ត្រូវផ្តល់ព័ត៌មានឲ្យមានតម្លាភាពដល់ប្រជាជនដែលទទួលរងផលប៉ះពាល់ពីការផ្លាស់ទីលំនៅថ្មី និងបញ្ចូលសហគមន៍ទៅក្នុងកិច្ចពិភាក្សា។ លោកថា ៖ «យើងមិនដឹងថា តើការសាងសង់នឹងចាប់ផ្តើមពេលណា។ យើងចង់ដឹងថាក្រុមហ៊ុនចិនណាខ្លះពាក់ព័ន្ធ»។
ការប្រកាសរបស់ រដ្ឋាភិបាលអំពីការសង់ទំនប់កម្លាំង ៤០០ មេហ្គាវ៉ាត់ នៅលើទន្លេសេសានធ្វើឲ្យមានការប្រឆាំងយ៉ាងខ្លាំងពីក្រុម បរិស្ថាន ដែលបារម្ភថា ទំនប់នឹងបំផ្លាញជីវភាពរបស់កសិករនិងអ្នកនេសាទរាប់ម៉ឺននាក់។
សេចក្តីថ្លែងពីគណៈរដ្ឋមន្រ្តី ចេញផ្សាយកាលពីថ្ងៃសុក្រ បានឲ្យដឹងថា ក្រុមហ៊ុន Hydro Power Lower Sesan2 ដែលមានក្រុមហ៊ុនចិន កម្ពុជា និងវៀតណាម នឹងដាក់ទុនវិនិយោគចំនួន៧៨១,៥ លានដុល្លារអាមេរិក ក្នុងគម្រោងមានរយៈពេល ៥ ឆ្នាំ ដើម្បីសាងសង់។
លោកស្រី Ame Trandem ប្រធានកម្មវិធីអាស៊ីអាគ្នេយ៍នៃអង្គការទន្លេអន្តរជាតិ បានថ្លែងថា កង្វះនៃតម្លាភាពអំពីក្រុមហ៊ុនចិន និងការផ្លាស់ទីលំនៅថ្មី គឺជារឿងគួរឲ្យព្រួយបារម្ភ។
លោកស្រី បន្តថា៖ «ប្រជាជន ដែលត្រូវផ្លាស់ទីលំនៅថ្មី បានទទួលព័ត៌មានតិចតួច។ សេចក្តីព្រាងសំណងមុនមិនបានបង្ហាញថា សហគមន៍នៅខ្សែទឹកក្រោម និងខ្សែទឹកលើនឹងទទួលបានសំណងអ្វីខ្លះឡើយ»។
លោកស្រី Trandem បន្តថា វាអាចបន្ថយជីវម៉ាស់ត្រីប្រហែល ៩ភាគរយ នៅក្នុងអាងទន្លេមេគង្គដោយគំរាមសត្វត្រី៥០ ជំពូក និងកាត់បន្ថយលំហូរដីល្បាប់រហូតដល់ទៅ៨ភាគរយ។
លោកស្រី បន្ថែមថា៖ «ដោយកម្ពុជាបានសម្តែងការព្រួយបារម្ភអំពីទំនប់សាយ៉ាប៊ូរី នៅឡាវ គេគួរពិចារណាឡើងវិញ»។ លោកស្រី បន្តថា សេចក្តីសម្រេចអំពីតំបន់សេសានក្រោម២ ធ្វើដោយក្រសួងមួយចំនួនតូចនៅកម្ពុជា ពុំមានព័ត៌មានពីហានិភ័យដូចសាយ៉ាប៊ូរី ដែលកម្ពុជាបានជំទាស់ទេ។
លោក តែ ណាវុធ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិមេគង្គកម្ពុជា បានថ្លែងពីម្សិលមិញថា គណៈកម្មាធិការនេះមិនបានចូលរួមធ្វើសេចក្តីសម្រេចធ្វើការសាងសង់ទំនប់សេសានក្រោម ២ នោះឡើយ។
យោងតាមសេចក្តីថ្លែងរបស់ គណៈរដ្ឋមន្រ្តីបានឲ្យដឹងថា ទំនប់នឹងបំពេញសេចក្តីត្រូវការអគ្គិសនីកាន់តែកើនឡើងរបស់ កម្ពុជា បង្កើតការងាររាប់ពាន់និងបង្កើនប្រាក់ចំណូល ២៩,៥៩លានដុល្លារអាមេរិកក្នុង១ឆ្នាំ៕
No comments:
Post a Comment
yes