សមាសភាព គ.ជ.ប ថ្មីក្នុងពិធីប្រកាសការចូលកាន់តំណែង នៅក្រសួងមហាផ្ទៃ
ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០១២។ លោក អ៊ឹម សួស្ដី (កណ្ដាល) ជាប្រធាន
សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ថ្មី ចំនួន ៩ រូប ដែលជ្រើសតាំងដោយរដ្ឋសភាជាតិ បានប្រកាសចូលកាន់តំណែងក្នុងអាណត្តិថ្មីរបស់ខ្លួន នៅថ្ងៃទី ៥ ខែវិច្ឆិកា។
ប្រធាន គ.ជ.ប អាណត្តិថ្មី បានប្ដេជ្ញាថា នឹងបន្តពង្រឹងការអនុវត្តការងារ គ.ជ.ប ឲ្យបានប្រសើរជាងមុន និងដើម្បីបង្កើនជំនឿទុកចិត្តពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ។
សមាសភាពថ្មីរបស់ គ.ជ.ប ដែលមានសមាជិក ២ រូប ជាអតីតចៅក្រម បានចាប់ផ្តើមបំពេញការងារក្នុងអាណត្តិថ្មីរបស់ខ្លួន ចាប់ពីថ្ងៃទី ៥ ខែវិច្ឆិកានេះតទៅ សម្រាប់ត្រៀមរៀបចំការបោះឆ្នោតជាតិ ឆ្នាំ ២០១៣ ខាងមុខ។
លោក អ៊ឹម សួស្ដី ប្រធាន គ.ជ.ប ចាស់ ហើយត្រូវជាប់ជាប្រធាន គ.ជ.ប ក្នុងអាណត្តិថ្មីម្ដងទៀត ថ្លែងនៅក្នុងពីធីប្រកាសចូលកាន់តំណែងថ្មី ដោយសន្យាថា លោកនឹងបន្តដឹកនាំ គ.ជ.ប និងពង្រឹងការងារ គ.ជ.ប បន្ថែមទៀត សម្រាប់ដំណើរការនៅពេលខាងមុខ។ លោកបញ្ជាក់ថា ចំណុច ៤ ដែលលោកនឹងពង្រឹងបន្ថែម ជាអាទិ៍មាន ពង្រឹងឯករាជភាពរបស់ គ.ជ.ប ភាពឥតលំអៀង ការពង្រឹងនូវភាពពេញលេញរបស់ខ្លួន និងការធ្វើឲ្យមានតម្លាភាព។
លោក អ៊ឹម សួស្ដី៖ «គឺពង្រឹងថែមទៀត នូវឯកភាព។ យើងមានបទបញ្ជា និងនីតិវិធី ដែលត្រូវអនុវត្តទៅតាមច្បាប់ ហើយទន្ទឹមនឹងនោះ គឺយើងមានការឯករាជ្យទាំងរចនាសម្ព័ន្ធនឹងការចាត់តាំង។ទី២ គឺការឥតលំអៀង គឺភាពឥតលំអៀង។ បានសេចក្ដីថា រាល់ការសម្រេច គឺមិនត្រូវឲ្យផ្អៀងទៅខាងណាមួយ។ ការងារទី៣ ដែលត្រូវពង្រឹងបន្ថែមដែរនោះ គឺការពង្រឹងនូវភាពពេញលេញនូវក្នុងទស្សនៈ ដែលត្រូវធ្វើសេចក្ដីសម្រេចលើវិធានការ និងគោលការណ៍ផ្សេងៗ ត្រូវអនុវត្តន៍ឲ្យទៀងត្រង់ ច្បាស់លាស់ និងមានសុគតភាព។ ចំណុចទី៤ ដែលត្រូវពង្រឹងបន្ថែមទៀតនោះ ការធ្វើឲ្យមានតម្លាភាព តម្លាភាពឲ្យបើកទូលាយស្មោះត្រង់ បើកចំហឲ្យគ្រប់ភាគីពាក់ព័ន្ធ»។
សមាសភាពចំនួន ៩ រូប ដែលរដ្ឋសភាបានជ្រើសតាំងកាលពីដើមខែតុលា សម្រាប់ គ.ជ.ប អាណត្តិថ្មី នឹងត្រូវព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យតែងតាំងនោះ រួមមាន លោក អ៊ឹម សួស្ដី ជាប្រធាន អ្នកស្រី ស៊ីន ជុំបូ ជាអនុប្រធាន លោក ហាវ៉ាណ ស៊ីវិល័យ លោក មាន សាទិ លោក ឯម សូផាត លោក សោម ច័ន្ទឌីណា លោក ម៉ៅ សុភារិទ្ធ លោក ស៊ីន ឌឹម និងលោក សោ សុភរី ជាសមាជិក។ សម្រាប់អាណត្តិថ្មីនេះ នឹងមានរយៈពេល ៥ ឆ្នាំ។
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ និងត្រឹមត្រូវនៅកម្ពុជា លោកបណ្ឌិត ហង្ស ពុទ្ធា យល់ឃើញថា ការសច្ចាប្រណិធានរបស់ប្រធាន គ.ជ.ប ថ្មី ជាការប្ដេជ្ញាចិត្តលើកដំបូង។ ប៉ុន្តែបញ្ហាសំខាន់ គឺស្ថិតនៅលើការអនុវត្តជាក់ស្ដែងរបស់គ.ជ.ប ហើយសាធារណៈមតិ និងតាមដានមើលថា តើ គ.ជ.ប នឹងអនុវត្តត្រឹមត្រូវតាមច្បាប់ គ.ជ.ប រឺក៏អត់?
លោកបណ្ឌិត ហង្ស ពុទ្ធា៖ «បញ្ហាសំខាន់ គឺមិនចង់ឲ្យអនុវត្តឲ្យលើសទេ គឺឲ្យអនុវត្តឲ្យបានត្រឹមត្រូវ ទៅតាមនីតិវិធីជារឿងចាំបាច់ ហើយប្រជាពលរដ្ឋរាប់លាននាក់ នឹងសម្លឹងទៅលើការងាររបស់ គ.ជ.ប»។
ស្ថាប័នជាតិរៀបចំការបោះឆ្នោត គ.ជ.ប. តែងតែទទួលរងការរិះគន់ពីគណបក្សប្រឆាំង និងសង្គមស៊ីវិលមួយចំនួនថា មិនមានឯករាជភាព លម្អៀងទៅកាន់គណបក្សកាន់អំណាច។
គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ធ្លាប់ទាមទារស្នើសុំឲ្យមានការផ្លាស់ប្ដូរសមាសភាព ដឹកនាំ គ.ជ.ប ថ្មី ដើម្បីបង្ហាញពីតម្លាភាព និងយុត្តិធម៌ នៅក្នុងការរៀបចំការបោះឆ្នោតជាតិ ឆ្នាំ ២០១៣ ខាងមុខ។ តែសំណើនោះមិនទទួលជោគជ័យនោះទេ។
ការទាមទារឲ្យមានការផ្លាស់ប្ដូរសមាសភាពសមាជិក គ.ជ.ប កាលពីពេលកន្លងមក ក៏មានការលើកឡើងនៅក្នុងរបាយការណ៍របស់លោក សុរិយា ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហ ប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា។
ទាំងគណបក្សប្រឆាំង ទាំងលោក សុរិយា ស៊ូប៊ែឌី ចង់ឲ្យសមាសភាព គ.ជ.ប ប្តូរចេញ និងឲ្យមានសមាសភាព គ.ជ.ប ថ្មី ដែលចេញមកពីចៅក្រមចូលនិវត្តន៍មានកិត្តិយស មេធាវីចូលនិវត្តន៍មានកិត្តិយស សាស្ត្រាចារ្យច្បាប់ជាន់ខ្ពស់ចូលនិវត្តន៍មានកិត្តិយស ដើម្បីធានាការបោះឆ្នោត នៅកម្ពុជា មានសេរី និងយុត្តិធម៌ ដែលអាចទទួលយកបាន។ គណបក្សប្រឆាំងនៅកម្ពុជា ធ្លាប់បានប្រកាសជាសាធារណៈថា ពួកគេមិនចូលរួមប្រកួតការបោះឆ្នោត ឆ្នាំ ២០១៣ ឡើយ បើសមាសភាព គ.ជ.ប នៅតែមានអ្នកដឹកនាំជាមនុស្សដដែល៕
No comments:
Post a Comment
yes