សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 2, 2012

អ្នក​ស្រុក​ស្នួល​២០០​នាក់​បិទ​ផ្លូវ​លេខ៧​តវ៉ា​រឿង​វាស់ដី

121102_8
អ្នក​ឃុំ ២ធ្នូ ស្រុក​ស្នួល បិទ​ផ្លូវ​ជាតិ​ តវ៉ា​រឿង​ក្រុម​ហ៊ុន​រំលោភយក​ដី​គាត់​កាល​ពីដើម​ឆ្នាំ

ក្រចេះ: ពលរដ្ឋ​ប្រមាណ​ជា​២០០​នាក់ រស់នៅ​ក្នុង​ឃុំ​ស្នួល ស្រុក​ស្នូល ខេត្ត​ក្រចេះ បាន​នាំគ្នា​បិទ​ផ្លូវ​ជាតិ​លេខ​៧ ដើម្បី​ធ្វើ​ការ​ប្រឆាំង ឆ្លើយតប​ទៅ​នឹង​លោក​អភិបាល​ខេត្ត​ក្រចេះ ដែល​បញ្ជា​មិន​ឲ្យ​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ធ្វើ​ការ​វាស់​វែង​ដី​ជា​កម្មសិទ្ធិ​ឲ្យ​ពួកគាត់។
ពលរដ្ឋ ប្រមាណ​ជា​២០០ នាក់​បាន​នាំ​គ្នា​បិទ​ផ្លូវ​ក្នុង​រយៈ​ពេល​ខ្លី​នៅ​ត្រង់​ចំណុច​វត្ត ធម្មយុត្ត ហៅ វត្ត សេះស ស្ថិត​ក្នុង​ភូមិ​ក្រសាំង ឃុំ​ស្នួល ស្រុក​ស្នួល​ខេត្ត​ក្រចេះ ដើម្បី​ធ្វើ​ការ​តវ៉ាឲ្យ​ប្រជាជន​ទូទៅ ដឹង​អំពី​ទុក្ខ​កង្វល់​របស់​ពួកគាត់​ដែល​លោក​អភិបាល​ខេត្ត​បាន​ទូរស័ព្ទ បញ្ជា​មក​លោក អភិបាល​ស្រុក ហាម​មិន​ឲ្យ​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​វាស់វែង​ដី​ចែក​ជូន​ពួកគាត់។
លោក អ៊ុក ពៅ តំណាង​ប្រជាពលរដ្ឋ បាន​អះអាង​ឲ្យ​ដឹង​ថា​ ប្រជា​ពលរដ្ឋ​នៅ​ក្នុង​តំបន់​នោះ​មាន​បញ្ហា​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ហរាយ​ស្សិន ខូអិល​ធីឌី តាំង​ពី​ឆ្នាំ​២០០៨ ប៉ុន្តែ នៅ​ថ្ងៃ​នេះ​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​របស់​សម្តេច ហ៊ុន សែន បាន​ចុះ​មក​វាស់​វែង​ដី​ឲ្យ​ពួកគាត់ តែ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បញ្ជា​តាម​ទូរស័ព្ទ​ឲ្យ​បញ្ឈប់​ការ វាស់វែង​ដី​ឲ្យ​ពលរដ្ឋ​ជា​បន្ទាន់។ លោក​ឲ្យ​ដឹង​ទៀត​ថា៖ «ដោយសារ​តែ​ពុំ មាន​បញ្ជាក់​ហេតុផល​ច្បាស់​លាស់​នោះ ទើប​យើង​ទាំង​អស់​គ្នា​មក​បិទ​ផ្លូវ​ជាតិ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ។ ពីព្រោះ​បើ​សិន​ជា​ពួក​យើង​មិន​បិទ​ផ្លូវ ក៏​គ្មាន​ដំណោះ​ស្រាយ​ដែរ»។

លោក បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​របស់​សម្តេច ពុំ​មាន​ឆ្លើយ​តប​ឬក៏​ប្រតិកម្ម​យ៉ាង​ណា​នោះ​ទេ ចំពោះ​ការ​ហាម​មិន​ឲ្យ​វាស់​ពី​សំណាក់​អាជ្ញាធរ​ស្រុក​ស្នួល​នោះ គឺ​ពួកគាត់​នៅ​ស្ងៀម ពី​ព្រោះ​អី​ពួកគាត់​ពុំ​មែន​ជា​អ្នក​ដោះ​ស្រាយ​ជម្លោះ​នោះ​ទេ គឺ​ពួកគាត់​គ្រាន់​តែ​ចុះ​មក​វាស់​វែង​ដី​ឲ្យ​ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណោះ។
លោក អ៊ុក ពៅ បន្ត​ថា៖ «ពួកយើង​បាន​បើក​ផ្លូវ​វិញ បន្ទាប់​ពី​មាន​ការ​សន្យា​ពី​សំណាក់​លោក​អភិបាល​ស្រុក​ថា នឹង​ធ្វើ​របាយ​ការណ៍​ទៅ​សាលា​ខេត្ត ហើយ​នឹង​សួរ​នាំ​អំពី​បញ្ហា​នេះ។ យើង​សូម​ឲ្យ​អាជ្ញាធរ​គោរព​បទ​បញ្ជា​លេខ ០១ របស់​សម្តេច»។
លោក ម៉ែន វណ្ណា អភិបាល​ស្រុក​ស្នួល​បាន​ថ្លែង​ឲ្យ​ដឹង​ថា លោក​នឹង​ចុះ​ទៅ​ដោះ​ស្រាយ​បញ្ហា​ទំនាស់​នោះ​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​ជាមួយ​លោក​អភិបាល​ខេត្ត​ដើម្បី​ស្វែង​រក​ការ​ពិត។ ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​គាត់​វាស់​វែង​ឲ្យ​តែ​ដី​ដែល​កាន់​កាប់​ជាក់ ស្តែង​ប៉ុណ្ណោះ ហើយ​បើ​ដី​នោះ​អត់​ជាក់​ស្តែង តើ​ឲ្យ​គេ​វាស់​ឲ្យ​យ៉ាង​ម៉េច។ លោក​បញ្ជាក់​ថា ៖​«អាជ្ញាធរ​យើង​ពុំ បាន​ហាម​មិន​ឲ្យ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​មិន​ឲ្យ​វាស់​វែង​ដី​ឲ្យ ពលរដ្ឋ​នោះ​ទេ យើង​ចង់​តែ​វាស់​ឲ្យ​ទេ ​ឲ្យ​តែ​មាន​ដី​ពិត​ប្រាកដ។ តែ​បើ​គាត់​ចេះ​តែ​ដើរ​ទៅ​ចង្អុល​ដី​របស់​ក្រុម​ហ៊ុន​ដែល​គេ​បាន​ឈូស​ឆាយ​ហើយ ចង្អុល​បង្ហាញ​ឲ្យ​គេ​វាស់​ឲ្យ​នោះ តើ​ឲ្យ​គេ​វាស់​របៀប​ម៉េចទៅ»។
លោក សំរិទ្ធ វណ្ណា មន្ត្រី​ស៊ើប​អង្កេត​សមាគម​សិទ្ធិ​មនុស្ស​អាដ​ហុក​ប្រចាំ​ខេត្ត​ក្រចេះ​បាន ថ្លែង​ឲ្យ​ដឹង​ថា ប្រជាជន​នៅ​ក្នុង​តំបន់​នោះ​មាន​ជម្លោះ​ជាមួយ​ក្រុម​ហ៊ុន ហរាយ​ស្សិន ខូអិល​ធីឌី តាំង​ពី​យូរ​មក​ហើយ ដោយសារ​តែ​មាន​ការ​ដោះ​ស្រាយ​យឺត​យ៉ាវ​ទើប​បណ្តាល​ឲ្យ​មាន​ការតវ៉ា​រហូត​មក ដល់​សព្វ​ថ្ងៃ​នេះ៕

No comments:

Post a Comment

yes