ព្រះបាទនរោត្តម សីហនុ និងលោកនេរុ ក្នុងជំនួបឆ្នាំ១៩៥៤
ខ្ញុំពិតជាមានអារម្មណ៍គួរឲ្យសង្វេគ និងភ្ញាក់ផ្អើលនៅពេលឃើញប្រជាជនជាច្រើនសម្តែងនូវមហាទុក្ខ សោកចំពោះការយាងចូលទិវង្គតរបស់សម្តេចឪ នរោត្តម សីហនុ និងការគោរពដ៏ធំធេងពីសំណាក់ប្រជាជនកម្ពុជាទាំងអស់ ចំពោះសម្ដេចឪ។
ជាមនុស្សជំនាន់ក្រោយម្នាក់ ខ្ញុំក៏ដូចប្រជាជនឥណ្ឌាដទៃៗដែរ គឺស្គាល់ព្រះបាទ នរោត្តម សីហនុ តាមរយៈបុគ្គលិកលក្ខណៈប្រកបដោយទំនុកចិត្តគួរឲ្យកត់សម្គាល់ គួរឲ្យទាក់ទាញ និងគួរឲ្យចាប់អារម្មណ៍របស់សម្ដេចឪ ហើយនេះបានធ្វើឲ្យពិភពលោកមានការកត់សម្គាល់ចំពោះសម្ដេចឪ។ ប៉ុន្តែភាគច្រើន យើងស្គាល់សម្ដេចឪថា ជាមិត្តជិតដិតរបស់នាយករដ្ឋមន្រ្តីទីមួយរបស់យើងគឺលោក Pandit Jawaharlal Nehru។
លោក Nehru បានចាត់ទុកព្រះបាទ នរោត្តម សីហនុ ដោយពាក្យផ្ទាល់របស់គាត់ថា«ជាមិត្តមហាអស្ចារ្យបំផុត» ហើយព្រះបាទនរោត្តម សីហនុ វិញបានចាត់ទុកលោក Nehru ថា ជាគ្រូនយោបាយ ហើយមនុស្សជាច្រើនជឿថា ការសម្រេចចិត្តរបស់ព្រះបាទ នរោត្តម សីហនុ មិនចូលបក្សសម្ព័ន្ធ ថា ដោយសារមានដំបូន្មានពីលោក Nehru ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់សម្ដេចឪ ទៅប្រទេសឥណ្ឌា។
តាម ពិត សម្តេចឪ គឺជាមេដឹកនាំម្នាក់ចុងក្រោយគេ ក្នុងចំណោមក្រុមមេដឹកនាំអស្ចារ្យ ដែលជាស្ថាបត្យករនៃចលនាមិនចូលបក្សសម្ព័ន្ធ។ នៅក្នុងពិធីជប់លៀងមួយនៅទីក្រុងញូវដែលី ដែលប្រារព្ធធ្វើឡើងដើម្បីទទួលសម្ដេចឪក្នុងឆ្នាំ១៩៦៣ ព្រះបាទនរោត្តម សីហនុ បានមានព្រះរាជបន្ទូលថា៖ «វាគឺដោយសារការរៀនពីវិធីសាស្រ្ត និងការបង្រៀនរបស់លោក Nehru និងដោយសារការធ្វើតាមដំបូន្មានប្រកបដោយឧត្តមគតិរបស់គាត់ ដែលធ្វើឲ្យខ្ញុំអាចធ្វើសេចក្តីសម្រេចលើដំណើរការសកម្មភាព ធានាឲ្យបានឯករាជភាព និងឯកភាពជាតិរបស់យើង»។
មានសាច់ រឿងដ៏គួរឲ្យចាប់អារម្មណ៍មួយអំពីថា តើមូលហេតុអ្វី បានជាលោក Nehru បានធ្វើដំណើរទស្សនកិច្ចមកប្រទេសកម្ពុជាក្នុងឆ្នាំ១៩៥៤ ហើយថាតើដំណើរទស្សនកិច្ចនោះ មានលក្ខណៈយ៉ាងដូចម្តេច។ សាច់រឿងគឺថា រដ្ឋាភិបាលកម្ពុជា បានទទួលសារមួយពីឥណ្ឌាស្នើសុំយន្តហោះពិសេសមួយ ដែលដឹកតែនាយករដ្ឋមន្រ្តីឥណ្ឌា សម្រាប់ដំណើរទស្សនកិច្ចទៅប្រទេសវៀតណាម។ នៅពេលព្រះបាទនរោត្តម សីហនុ ទទួលបានសំណើនេះ សម្ដេចឪ បានផ្ញើសារមួយទៅវិញ ដោយបានឡាយថា កម្ពុជានឹងមិនផ្តល់ឲ្យនូវយន្តហោះពិសេសមួយនោះទេ ប្រសិនបើលោក Nehru មិនយល់ព្រមធ្វើទស្សនកិច្ចមកលេងប្រទេសកម្ពុជាដែរ។ លោក Nehru ភ្លាមនោះ បានឆ្លើយតបវិញថា ខ្ញុំនឹងរីករាយក្នុងការធ្វើទស្សនកិច្ចទៅប្រទេសកម្ពុជា។ បើទោះបីជាខ្ញុំមិនមានកំណត់ត្រាអំពីព្រឹត្តិការណ៍នេះក្តី ខ្ញុំបានសួរព្រះបាទនរោត្តម សីហមុនី ក្នុងអំឡុងពិធីថ្វាយសារតាំងរបស់ខ្ញុំ អំពីសាច់រឿងនេះ។ ព្រះអង្គបានអះអាងថា វាពិតជាត្រឹមត្រូវ។ ចំណែកលោក Nehru វិញ លោកមានសេចក្តីពេញចិត្តយ៉ាងខ្លាំង ចំពោះព្រះបាទនរោត្តម សីហនុ បើទោះបីជាអ្នកទាំងពីរមានគម្លាតអាយុខុសគ្នាក៏ដោយ ហើយលោកបានចាត់ទុកសម្ដេចឪថាជាប្អូនប្រុស។ លោក Nehru បានណែនាំលោក Zhou-en-lai ទៅព្រះបាទនរោត្តម សីហនុ នៅទីក្រុង Bangdung ប្រទេសឥណ្ឌូនេស៊ី ដែលនេះបានធ្វើឲ្យមានការចាប់ផ្តើមទំនាក់ទំនងដ៏ជិតស្និទ្ធនិងយូរអង្វែងមួយទៀត។
សាច់រឿងមួយ ក្នុងចំណោមសាច់រឿងជាច្រើនអំពីទំនាក់ទំនងជិតស្និទ្ធរវាង លោក Nehru និងព្រះបាទ នរោត្តម សីហនុ គឺថា នៅក្នុងឆ្នាំ១៩៥៤ នៅពេលដែលលោក Nehru បានមកទស្សនកិច្ចកម្ពុជា លោក សឺង ង៉ុកថាញ់ ដែលជាអ្នកប្រឆាំងសម្ដេចឪជាយូរមកហើយនោះ បានទៅជួបជាមួយលោក Nehru ដើម្បីព្យាយាមបង្កើតឥទ្ធិពលដល់លោក និងទទួលបានការគាំទ្រពីលោក។ បើយោងតាមព្រះបាទនរោត្តម សីហនុ លោក Nehru បានប្រាប់លោក ថាញ់ យ៉ាងច្បាស់ថាឲ្យធ្វើការងារជិតស្និទ្ធជាមួយព្រះបាទនរោត្តម សីហនុវិញ ហើយមិនត្រូវព្យាយាមបង្កើតឲ្យមានផ្លូវបែកគ្នានោះទេ។ វាជាអកុសលដែលគាត់(ថាញ់)មិនបានស្តាប់តាមលោក Nehru ហើយរឿងរ៉ាវបន្តរបស់គាត់ គឺដូចមានសរសេរនៅក្នុងប្រវត្តិសាស្រ្ត។
ព្រះបាទនរោត្តម សីហនុ មានមោទនភាពយ៉ាងខ្លាំង ក្នុងប្រទេសកម្ពុជា រួមជាមួយនឹងប្រជាជនកម្ពុជាហើយនៅពេលជាមួយគ្នានោះដែរ ព្រះអង្គតែងតែមានការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយ ប្រទេសឥណ្ឌា។ ក្នុងអំឡុងដំណើរទស្សនកិច្ចឆ្នាំ១៩៥៥របស់លោក Nehru លោកបានថ្លែងថា«យើង (ឥណ្ឌា) និងកម្ពុជា គឺជាបងប្អូនជីដូនមួយ» ហើយថា «អរិយធម៌ខ្មែរ គឺជាកូននៃអរិយធម៌ឥណ្ឌា ហើយយើងមានមោទនភាពខ្លាំងណាស់»។ ទោះបីជាលោកអះអាងអំពីភាពអស្ចារ្យនៃអរិយធម៌ខ្មែរ ក្តី ព្រះបាទ នរោត្តម សីហនុ មិនមានការសង្ស័យអ្វីនោះទេ អំពីការទទួលស្គាល់ចំពោះឥទ្ធិពលប្រវត្តិសាស្រ្តពីប្រទេសឥណ្ឌា ។ មហាវិថីមួយនៅរាជធានីភ្នំពេញ ត្រូវបានដាក់ឈ្មោះ នេរុ (Nehru) ក្នុងឆ្នាំ១៩៦៥។ នៅទីបំផុត វាមិនអាចបដិសេធបានទេថា សម័យកាលមួយបានឈានដល់ទីបញ្ចប់។
ព្រះបាទ នរោត្តម សីហនុ គឺជាអង្គក្សត្រដ៏អស្ចារ្យមួយអង្គសម្រាប់កម្ពុជា ដែលជនកម្ពុជាស្រឡាញ់ និងគោរព។ សម្ដេចឪ គឺជាវីរបុរស និងជាបុរសរដ្ឋដ៏ឆ្នើមអស្ចារ្យ នៅក្នុងសង្វៀនអន្តរជាតិ ហើយបាននាំមកនូវការទទួលស្គាល់និងមោទនភាពដល់កម្ពុជា។ យើងទាំងអស់គ្នានៅប្រទេសឥណ្ឌានឹងតែងតែមានការចងចាំយ៉ាងកក់ ក្តៅ អំពីក្សត្រដ៏អស្ចារ្យមួយអង្គនេះ និងមិត្តភាពដ៏អស្ចារ្យរបស់សម្ដេចឪជាមួយលោក Nehru៕
No comments:
Post a Comment
yes