ស្វាយរៀងៈ សំណុំរឿងអតីតអភិបាលក្រុងបាវិត លោកឈូក បណ្ឌិត ដកកាំភ្លើងបាញ់កម្មករ ធ្វើឲ្យរងរបួសធ្ងន់ ៣ នាក់ ហើយត្រូវបានតុលាការ ធ្វើការចោទប្រកាន់ជនសង្ស័យពីបទបង្ករបួសស្នាមដោយអចេតនា នៅតែត្រូវបញ្ជូនចុះឡើងៗ វិលវល់ នៅក្នុងតុលាការខេត្តស្វាយរៀងនៅឡើយ បើទោះបីជាមានការជំរុញឲ្យតុលាការនេះ ឆាប់បើកសវនាការ និងត្រូវចាប់ឃុំខ្លួនជនសង្ស័យ ជាអ្នកប្រព្រឹត្តក្តី។
ការយឺតយ៉ាវក្នុងការបើកសវនាការ និងការមិនបានចាប់ឃុំខ្លួនជនសង្ស័យ ចាប់តាំងពីមានការបាញ់ប្រហារមកនោះ ត្រូវបានអង្គការសង្គមស៊ីវិល ចោទប្រកាន់ថា ជាចេតនារបស់តុលាការ ក្នុងការការពារអតីតអភិបាលក្រុងបាវិត ដែលគេសង្ស័យថា មានមន្ត្រីជាន់ខ្ពស់នៅពីក្រោយ។
លោក ប៉ិច ឈឿត ប្រធានសាលាដំបូងខេត្តស្វាយរៀង និងជាចៅក្រមស៊ើបអង្កេត បានឲ្យដឹងថា តំណាងអយ្យការអមសាលាដំបូង បានបញ្ចប់ការសន្និដ្ឋាន ទៅលើសុំណុំរឿងលោកឈូកបណ្ឌិត ហើយតំណាងអយ្យការ ក៏បានបញ្ជូនត្រឡប់មកចៅក្រមស៊ើបសួរវិញហើយដែរ កាលពីសប្តាហ៍មុន។ លោកនិយាយថា៖«ដំណើររឿងនេះ គឺ កំពុងស្ថិតនៅក្នុងរដ្ឋបាលចុះបញ្ជី។ ខ្ញុំមិនដឹងថា តើពេលណា ទើបចៅក្រម នឹងត្រូវកំណត់ថ្ងៃបើកជម្រះនោះទេ ប៉ុន្តែមិនឲ្យហួសពីខែវិច្ឆិកាឡើយ។ ខ្ញុំនឹងនិយាយ អំពីការសន្និដ្ឋានរបស់តំណាងអយ្យការ នៅពេលក្រោយ»។
លោកហ៊ីង ប៊ុនជា ព្រះរាជអាជ្ញា ខេត្តស្វាយរៀង ដែលកាន់សំណុំរឿងនេះ ពុំអាចទាក់ទងបានទេកាលពីថ្ងៃម្សិលមិញ។
កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០១២អតីតអភិបាលក្រុងបាវិត ត្រូវបានតុលាការខេត្តចោទប្រកាន់ពីបទបង្ករបួសស្នាមដោយអចេតនា ទាក់ទិននឹងព្រឹត្តិការណ៍ថ្ងៃទី ២០ ខែកុម្ភៈ ដែលមានកម្មករជាង ៦០០០ នាក់ ក្នុងក្រុងបាវិត បានធ្វើការតវ៉ាទាមទារប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន ហើយលោកឈូក បណ្ឌិត បានបាញ់កម្មករ ៣ នាក់ឲ្យរងរបួស។ នៅក្នុងសំណុំរឿងដែលបានអូសបន្លាយជាច្រើនខែមកហើយនេះ កម្មការិនី ៣ នាក់ដែលរងរបួសបានដាក់ពាក្យបណ្តឹងប្រឆាំង ទៅនឹងលោកឈូក បណ្ឌិត ដោយទាមទារសំណងក្នុងម្នាក់ៗ ៤៥០០០ដុល្លារ។
កញ្ញា ប៊ុត ចិន្តា អាយុ ២១ ឆ្នាំ ដែលរងរបួស ថ្លែងថា នាងដូចជាអស់សង្ឃឹមក្នុងការទទួលបានយុត្តិធម៌ពីសំណាក់តុលាការ ពីព្រោះមកដល់ពេលនេះ គឺនាងពុំបានទទួលដំណឹងអ្វីទាំងអស់។ កញ្ញានិយាយថា៖ «ខ្ញុំពុំដែលគិតថា នឹងទទួលបានយុត្តិធម៌នោះទេ ពីព្រោះប្រទេសយើង អ្នកមានអំណាច គឺតែងតែឈ្នះ ហើយនៅក្នុងរឿងខ្ញុំនេះ គឺបានបង្ហាញយ៉ាងច្បាស់រួចហើយថា ពួកខ្ញុំ នឹងមិនទទួលបានយុត្តិធម៌ទេ»។
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ អង្គការការពារសិទ្ធិមនុស្សលីកាដូ ដែលបានតាមដានសុំណុំរឿងនេះយ៉ាងយកចិត្តទុកដាក់បាននិយាយថា វាជាពេលវេលាសមល្មមហើយ ដែលតុលាការ គួរតែបើកសវនាការ ទៅលើសំណុំរឿងនេះ។ លោកបន្តថា៖«ខ្ញុំថានេះ គឺជាចេតនារបស់តុលាការតាំងពីដើមទីមកគឺពុំមានចេតនាធ្វើចំណាត់ការក្នុងរឿងនេះទេ។ យើងមើលអ្វីដែលតុលាការធ្វើនោះ គឺគ្រាន់តែកុំឲ្យគេថា តុលាការមិនចាត់ការរឿងនោះប៉ុណ្ណោះ។
អ្វីដែលតុលាការធ្វើ គឺគ្រាន់តែបង្គ្រប់ កិច្ចសូម្បីតែចោទគឺចោទប្រកាន់ពីបទដែលស្រាលបំផុត»។ លោកថ្លែងថា មូលហេតុដែលតុលាការពន្យារពេលម្តងហើយម្តងទៀតនោះ គឺដោយសារតែមិនចង់ឲ្យចេញលទ្ធផលឆាប់ៗ ពីព្រោះបើលទ្ធផលចេញមក ជនរងគ្រោះ មិនអាចទទួលយកបាននោះ គឺធ្វើឲ្យមានប្រតិកម្មកាន់តែខ្លាំង ដូច្នេះហើយបានជាតុលាការចេះតែពន្យារពេលរហូតដល់ថ្ងៃ។
លោក មឿន តុលា មន្ត្រីកម្មវិធីសិទ្ធិការងារ របស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានថ្លែងថា ក្នុងសុំណុំរឿងលោកឈូក បណ្ឌិត គឺ «វាអយុត្តិធម៌បំផុត»សម្រាប់ជនរងគ្រោះដោយជនល្មើស បានដកកាំភ្លើងបាញ់លើហ្វូងកម្មករ តែបែរជាចោទពីបទបង្ករបួសស្នាម ដោយអចេតនាទៅវិញ។ បទចោទនេះ បានបង្ហាញយ៉ាងច្បាស់ថា តុលាការពុំមានឆន្ទៈរកយុត្តិធម៌ពិតប្រាកដជូនជនរងគ្រោះទេ។ លោកបន្តថា៖ «បើយើងប្រៀបធៀបរឿងលោកឈូក បណ្ឌិត ជាមួយពលរដ្ឋបឹងកក់ គឺឃើញសនិងខ្មៅច្បាស់តែម្តង។ ឈូក បណ្ឌិតបាញ់គេឲ្យរបួសបែរជាពុំមានការឃាត់ខ្លួន រីឯស្ត្រីនៅបឹងកក់(យ៉ោម បុប្ជា) គេវាយគ្នានៅកន្លែងផ្សេងសោះស្រាប់តែធ្វើការចោទប្រកាន់គាត់ រួចចាប់ដាក់ពន្ធនាគារ»។
ដោយសារតែការពន្យារពេលម្តងហើយម្តង ទៀតនោះ កាលពីថ្ងៃទី៦ ខែវិច្ឆិកា សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានដាក់លិខិតស្នើសុំអន្តរាគមន៍ដាច់ដោយឡែកពីគ្នាចំនួនពីរ ទៅក្រសួងយុត្តិធម៌ និងតុលាការខេត្តស្វាយរៀង ជំរុញឲ្យឆាប់បើកសវនាការជំនុំជម្រះសំណុំរឿងបាញ់ប្រហារ ពីសំណាក់អតីតអភិបាលក្រុងបាវិត ឲ្យមានគតិយុត្តិធម៌ និងកែប្រែបទចោទប្រកាន់ហើយក៏បានជំរុញឲ្យតុលាការនាំខ្លួនជន ល្មើសដាក់ពន្ធនាគារ និងសងសំណងដល់កម្មការិនីរងគ្រោះទៅតាមការទាមទាររបស់ពួកគេ៕
No comments:
Post a Comment
yes