ចំណែកក្រុមនេសាទជនជាតិវៀតណាម អាចចូលទៅដាក់ដៃសៃយ៉ឺន យ៉ាំងកាវ ជាឧបករណ៍ខុសច្បាប់ចាប់យកត្រីយ៉ាងអានាធិបតេយ្យនៅក្នុងស្រុកបូរីជលសារ ខេត្តតាកែវ។
ប្រជាពលរដ្ឋខេត្តតាកែវ នៅឃុំបូរីជលសារ ស្រុកបូរីជលសារ បានចោទជនជាតិវៀតណាម ថា ចូលមកដណ្ដើមមុខរបរនេសាទក្នុងឡូត៍លេខ៥ ដែលរដ្ឋាភិបាលទើបកាត់មកឲ្យប្រជាពលរដ្ឋរកនេសាទនៅក្នុងឆ្នាំ២០១២ នេះ។
អ្នកស្រី ជា ស្តើង អ្នកភូមិក្អែកយំ ថ្លែងនៅថ្ងៃទី១ ខែវិច្ឆិកា ថា គ្រាន់តែរដ្ឋបាលជលផលបើកឲ្យប្រជាពលរដ្ឋនេសាទក្នុងឡូត៍លេខ៥ ដែលរដ្ឋាភិបាលទើបកាត់មកឲ្យប្រជាជនអាចប្រកបរបរនេសាទបាន ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១២ ស្រាប់តែឡូត៍ទាំងប៉ុន្មាន ពិសេសឡូត៍លេខ៥ ត្រូវក្រុមជនជាតិវៀតណាម ចូលមកដណ្ដើមនេសាទពេញទឹកពេញបឹងតែម្តង៖ «ពួកវៀតណាម ហ្នឹង គេហ៊ឹកហ៊ាក់មាំណាស់ គេដាក់ខ្សែដែក ខ្សែអីនិយាយអាឡូអាឡាពេញហ្នឹងទាំងអស់។ គេដាក់ដាយពេញធឹងតែហ្មងហ្នឹង»។
លោក ប៉ែន ដេត បន្ថែមថា ការនេសាទរបស់ប្រជាជននៅក្នុងភូមិក្អែកយំ ដាក់បានតែទ្រូ និងលប យកបានទែត្រីឆ្ពិនប៉ុណ្ណោះ។ ចំណែកវៀតណាម ដាក់ដាយ និងសៃយ៉ឺន ទទឹងព្រែកចាប់យកត្រីសម្រុកពីថ្ងៃទី២៥ ខែតុលា មក៖ «សម្ដេចប្រកាសថា រំសាយហើយ ឥឡូវមានវៀតណាម ចូលមកដាក់ឡូត៍យកត្រីធំទៅណា។ ដល់វាដាក់ជាទ្រង់ទ្រាយធំពេក យើងរកវាសូវមិនបាននោះណា»។
យុវជន វីរៈ ខែម ថ្លែងថា គាត់ដាក់ឧបករណ៍នេសាទត្រូវតាមច្បាប់នេសាទ ហើយចាប់ត្រីក្នុង ១ថ្ងៃ ១យប់ មិនអាចបានលើស ៣គីឡូក្រាមទេ ព្រោះជនជាតិវៀតណាម អាងខ្នងអ្នកធំ ហ៊ានប្រើឧបករណ៍ខុសច្បាប់ ចាប់យកទាំងកូនត្រី ទាំងត្រីធំ សម្រុកចាប់យកត្រីទាំងថ្ងៃទាំងយប់ ពីក្នុងឡូត៍លេខ៥៖ «វាមានផ្ទះបណ្ដែតវានៅហ្នឹង ចាំលើកត្រីដាក់ទូកនៅហ្នឹងតែម្តង។ ឃើញតែវៀតណាម តែមិនដឹងអ្នកណាឲ្យដាក់ទេ បានខ្ញុំចង់ដឹងថា តើអ្នកណាឲ្យដាក់?»។
បុរសម្នាក់ទៀតឲ្យដឹងថា វៀតណាម ចូលដាក់សៃយ៉ឺន នៅក្នុងឡូត៍លេខ៥ នេះ នៅពីមុខសាលាស្រុកបូរីជលសារ តែម្តង អាជ្ញាធរស្រុកធ្វើមិនដឹងមិនឮអំពីបញ្ហាវៀតណាម បំពានផលត្រីក្នុងស្រុកនេះ៖ «យួនៗវាដាក់ដាយ ទន្លេជាង ១០០ម៉ែត្រ វាដាក់ក្នុងទន្លេធំតែម្តង»។
វិទ្យុអាស៊ីសេរី បានព្យាយាមទាក់ទងអភិបាលស្រុកបូរីជលសារ ដើម្បីជម្រាបសួររឿងនេះ ប៉ុន្តែលោកមិនលើកទូរស័ព្ទ។
អនុប្រធានសហគមន៍នេសាទស្រុកបូរីជលសារ លោក សឹម ផល្លី ថ្លែងថា បទល្មើសនេសាទនៅក្នុងឡូត៍ចំនួន៦ ដែលសហគមន៍កំពុងគ្រប់គ្រង ត្រូវជនជាតិវៀតណាម ចូលមកដាក់សៃយ៉ឺន និងយ៉ាំងកាវ ចាប់យកត្រីអានាធិបតេយ្យ។ លោកថា នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា សហគមន៍បានចុះស្រាវយកសៃយ៉ឺន និងយ៉ាំងកាវ ដែលដាក់បាំងយកត្រីនៅក្នុងឡូត៍លេខ៣ និងលេខ៤ បានចំនួន ១០ឧបករណ៍ខុសច្បាប់៖ «ការចុះបង្ក្រាបហ្នឹង សុទ្ធតែជួបបញ្ហា។ ម្យ៉ាងទូកយើងវាអត់ ហើយទៅធ្វើការនោះ យើងជាមន្ត្រីស៊ីវិល ខ្លាចគ្រោះថ្នាក់ដែរ ព្រោះជនបរទេសខ្លះ វាកាចដែរហ្នឹង»។
ប្រជាពលរដ្ឋ និងសហគមន៍នេសាទក្នុងស្រុកបូរីជលសារ សំណូមពរឲ្យរដ្ឋាភិបាល និងមន្ត្រីជំនាញជលផល មេត្តាជួយចុះបង្ក្រាបបទល្មើសដោយក្រុមជនជាតិវៀតណាម នេះផង។ ប្រសិនបើលោក ហ៊ុន សែន ខំកាត់ឡូត៍នេសាទពីការគ្រប់គ្រងដោយរដ្ឋ ប្រគល់ឲ្យប្រជាជននេសាទវិញ តែបែរជាក្រុមជនបរទេសចូលមកដណ្តើមនេសាទ ធ្វើឲ្យពលរដ្ឋខ្មែរដែលរស់នៅមូលដ្ឋានបានត្រឹមការពារត្រីទុកឲ្យវៀតណាម ចូលនេសាទតាមចិត្ត ចាប់យកត្រីអស់វិញ នាំឲ្យប្រជាជននៅតែក្រីក្រដដែល។
សហគមន៍នេសាទស្រុកបូរីជលសារ លោក សឹម ផល្លី ឲ្យដឹងថា សហគមន៍នេះបានគ្រប់គ្រងឡូត៍ចំនួន៦ គឺឡូត៍លេខ៣ លេខ៤ លេខ៥ លេខ១០ លេខ១១ និងឡូត៍លេខ១២៕
No comments:
Post a Comment
yes