សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 2, 2012

មូលហេតុ​ម្ដាយ​និង​ទារក​ស្លាប់​ក្នុង​ពេល​សម្រាល​កូន​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​បាត់ដំបង

០១-វិច្ឆិកា-២០១២៖ លោកស្រី ហ៊ឹម វន ជា​ម្ដាយ​ស្ត្រី​រងគ្រោះ​ឈ្មោះ ហង្ស ធាវី
 ដែល​ស្លាប់​ក្រោយ​ការ​សម្រាល​កូន​នៅ​មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង

ស្ត្រី​ជា​ម្ដាយ និង​កូន បាន​ស្លាប់​ទាំង​ពីរ​នាក់ បន្ទាប់​ពី​សម្រាល​កូន​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាត់ដំបង។ គ្រួសារ​ស្ត្រី​រងគ្រោះ​ចោទ​ថា ក្រុម​គ្រូពេទ្យ​មាន​ការ​រើសអើង ដោយ​ទុក​ចោល​អ្នក​ជំងឺ មិន​យក​ចិត្ត​ទុក​ដាក់​ជួយ​សង្គ្រោះ​ឲ្យ​ទាន់​ពេល​វេលា។
ការ​ចោទ​នេះ ត្រូវ​បាន​មន្ទីរពេទ្យ​ច្រាន​ចោល ហើយ​អះអាង​ថា មន្ទីរពេទ្យ​បាន​ព្យាយាម​ជួយ​សង្គ្រោះ​ស្ត្រី​ជា​ម្ដាយ និង​ទារក​ក្នុង​ផ្ទៃ​អស់​ពី​លទ្ធភាព​ដែរ ប៉ុន្តែ​ស្ត្រី​ជា​ម្ដាយ​ស្លាប់​ដោយ​សារ​មាន​ជំងឺ និង​ទារក​ស្លាប់​បន្ទាប់​ពី​កើត​បាន​ប៉ុន្មាន​នាទី ដោយ​សារ​ទង​សុក​រុំ​ក​ចំនួន​ពីរ​ជុំ។
គ្រួសារ​ស្ត្រី​រងគ្រោះ​ដែល​ស្លាប់​ទាំង​ម្ដាយ និង​ទារក កំពុង​មាន​ទុក្ខ​យ៉ាង​ក្រៀមក្រំ ហើយ​បាន​រិះគន់​ក្រុម​គ្រូពេទ្យ​ថា មាន​ការ​រើសអើង​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ជំងឺ ទុក​បណ្ដែត​បណ្ដោយ​ឲ្យ​ស្ត្រី​ជា​ម្ដាយ និង​ទារក​ស្លាប់​ទាំង​ពីរ​នាក់​នៅ​ក្នុង​មន្ទីរពេទ្យ នៅ​ក្រោយ​ការ​សម្រាល​កូន​បាន​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។

លោក គូ រិទ្ធិ អាយុ ២៩​ឆ្នាំ ត្រូវ​ជា​ប្ដី​ស្ត្រី​រងគ្រោះ​រស់នៅ​ភូមិ​អូរតាគាំ២ សង្កាត់​ទួលតាឯក ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹង​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី៣០ ខែ​តុលា ប្រពន្ធ​របស់​គាត់​ឈ្មោះ ហង្ស ធាវី ហៅ ធីម៉ានី អាយុ ៣១​ឆ្នាំ មាន​អាការៈ​ឈឺ​ពោះ​ធ្លាក់​ឈាម​រក​សម្រាល​កូន ក៏​បាន​ដឹក​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាត់ដំបង។ ទៅ​ដល់​បាន​រយៈ​ពេល​ប្រហែល ១ម៉ោង ក៏​បែក​ទឹក​ភ្លោះ ហើយ​មាន​ធ្លាក់​ឈាម​ច្រើន ប៉ុន្តែ​គ្រូពេទ្យ​ប្រាប់​ថា មិន​អី​ទេ នោះ​ជា​ឈាម​ក្បាល​ខ្នើយ​របស់​កូន។
លោក គូ រិទ្ធិ៖ «ពេទ្យ​ក៏​ឲ្យ​យក​ចូល ទាំង​អស់​គ្នា​ក៏​ដេញ​ខ្ញុំ​ចេញ​មក​វិញ។ បន្ទាប់​មក​មួយ​សន្ទុះ​ទៀត ចូល​ទៅ​មើល គាត់​ក៏​ឲ្យ​ប្រពន្ធ​ខ្ញុំ​ចេញ​មក​វិញ ប្រាប់​ថា កូន​ហ្នឹង​អត់​ទាន់​កើត​ទេ ទាល់​តែ​មួយ​សន្ទុះ​ទៀត​បាន​កូន​ហ្នឹង​កើត។ ប្រពន្ធ​ខ្ញុំ​ចេញ​មក​ក្រៅ រហូត​ធ្លាក់​ឈាម​រហូត ខ្ញុំ​ទៅ​ប្រាប់​ពេទ្យ គេ​ថា​បើ​អូន​ឯង​ចេះ​ជាង​ពេទ្យ​អ៊ីចឹង អូន​ឯង​មិន​ធ្វើ​ពេទ្យ​យក​ប្រពន្ធ​មក​ពេទ្យ​ធ្វើ​អី»
លោក​បន្ត​ថា ឈាម​នៅ​តែ​ធ្លាក់​រហូត​ដល់​ម៉ោង​ជិត ៧​យប់​ថ្ងៃ​ដដែល ទើប​មាន​គ្រូពេទ្យ​ប្រុស​ម្នាក់​នាំ​ប្រពន្ធ​គាត់​ចូល​ទៅ​ក្នុង​បន្ទប់​សម្រាល​កូន។ ចូល​បាន​ប្រហែល​ជាង​មួយ​ម៉ោង ពេទ្យ​ប្រាប់​ថា កូន​កើត​ហើយ៖ «កើត​បាន​ប្រហែល​ជាង ១ម៉ោង ខ្ញុំ​ក៏​ចូល​ទៅ​ឃើញ​ប្រពន្ធ​ខ្ញុំ​ផ្ទាល់​តែ​ម្ដង។ ពេទ្យ​អត់​មាន​យក​ចិត្ត​ទុក​ដាក់​មើល​ទេ។ គាត់​គ្រាន់​តែ​ដាក់​សេរ៉ូម ហើយ​កាន់​ចុង​ជើង​ចុង​ដៃ​ទេ ព្រោះ​អី​ប្រពន្ធ​ខ្ញុំ​វា​មាន​រោគ​អេដស៍។ ពេទ្យ​គាត់​អត់​យក​ចិត្ត​ទុក​ដាក់​មើល​ទេ។ ខ្ញុំ​ក៏​ចាប់​ដៃ​ផង យក​ដៃ​មួយ​ខ្ទប់​អុកស៊ីហ្សែន ដល់​ពេល​អ៊ីចឹង ខ្ញុំ​ថា ពេទ្យ​ធ្វើ​ម៉េច​ជួយ​ប្រពន្ធ​ខ្ញុំ​ឲ្យ​បាន​ផង»
នៅ​ម៉ោង​ប្រហែល ១០ និង​១៥​នាទី​យប់​ថ្ងៃ​ទី៣០ ខែ​តុលា ប្រពន្ធ​គាត់​បាន​ដាច់​ខ្យល់​ស្លាប់។ ចំណែក​ឯ​ទារក​ដែល​កើត​មក​មិន​ទាន់​បាន​ឃើញ​មុខ​ផង​នោះ គ្រូពេទ្យ​ប្រាប់​ថា​ស្លាប់​ដែរ។
ទោះ​ជា​មាន​ការ​បញ្ជាក់​ពី​គ្រួសារ​ជន​រងគ្រោះ​យ៉ាង​នេះ​ក្ដី ប៉ុន្តែ​នៅ​ក្នុង​របាយការណ៍​សង្ខេប​ស្ដីពី​មរណភាព​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាត់ដំបង ចុះ​ថ្ងៃ​ទី៣១ ខែ​តុលា បាន​បញ្ជាក់​ថា ស្ត្រី​ឈ្មោះ ធីម៉ានី ចូល​ទៅ​ផ្នែក​សម្ភព​រោគ​ស្ត្រី ដោយ​សារ​ឈឺ​ពោះ​ជ្រាប​ទឹក​ភ្លោះ។ ស្ត្រី​ជា​ម្ដាយ​ធ្លាប់​បាន​វះ​កាត់​យក​កូន​ទី១ រយៈពេល ១០​ឆ្នាំ​កន្លង​មក កូន​ទី​២ កើត​ធម្មតា។
របាយការណ៍​បញ្ជាក់​ទៀត​ថា អ្នក​ជំងឺ​មាន​ផ្ទុក​មេរោគ​អេដស៍។ ប្រព័ន្ធ​ការពារ​រាងកាយ​ចុះ​ខ្សោយ ពិនិត្យ​ក្រុម​ឈាម កំហាប់​ឈាម ល្បឿន​ឈាម​កក។ ស្រោម​ទឹក​ភ្លោះ​បែក​នៅ​ម៉ោង ៩​ព្រឹក ថ្ងៃ​ទី៣០ ខែ​តុលា មុន​ចូល​ទៅ​ដល់​មន្ទីរពេទ្យ។ ស្ត្រី​ខំ​ប្រឹង​សម្រាល​កូន​មិន​រួច គ្រូពេទ្យ​បាន​ប្រើ​ឧបករណ៍​បូម។ រយៈពេល​បូម ១០​នាទី បាន​ពិនិត្យ​ឃើញ​ទង​សុក​រុំ​ក​ទារក​ចំនួន ២​ជុំ​តឹង​ខ្លាំង។
លោក កាក់ សិលា ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាត់ដំបង លោក​មាន​ប្រសាសន៍​បញ្ជាក់​ថា បន្ទាប់​ពី​សម្រាល​កូន​ភ្លាម ពេទ្យ​បាន​ចាក់​ថ្នាំ​ទម្លាក់​សុក​ដែរ និង​ប្រើ​ដៃ​ជំនួយ តែ​សុក​មិន​ធ្លាក់។ អ្នក​ជំងឺ​ស្រែក​ថា ចុក​ចុង​ដង្ហើម ចុក​ទ្រូង ឈឺ​ឆ្អឹង​ខ្នង ពេល​នោះ​សម្ពាធ​ឈាម​សូន្យ ជីពចរ​សូន្យ។ ក្រុម​គ្រូពេទ្យ​បាន​ដំណើរ​ការ​សង្គ្រោះ​បន្ទាន់​បញ្ចូល​ខ្យល់​អុកស៊ីហ្សែន តែ​ស្ថានភាព​នៅ​តែ​បន្ត​ធ្ងន់ធ្ងរ និង​បាន​ស្លាប់​នៅ​ម៉ោង ២៣​និង ១០​នាទី៖ «អ៊ីចឹង ខ្ញុំ​សំណូមពរ​ថា មន្ទីរពេទ្យ​មាន​គុណធម៌ មាន​សីលធម៌ ព្រោះ​មន្ទីរពេទ្យ គឺ​ជា​មាតា​នៃ​អ្នក​ជំងឺ មិន​មាន​ចេតនា​ណា​ធ្វើ​ខូច​អាប់​កិត្តិយស​របស់​មន្ទីរពេទ្យ​ទេ កាល​ណា​អាប់​កិត្តិយស​របស់​មន្ទីរ​ពេទ្យ...»
ទោះ​យ៉ាង​នេះ​ក្តី លោកស្រី ហ៊ឹម វន អាយុ ៥០​ឆ្នាំ ត្រូវ​ជា​ម្ដាយ​ស្ត្រី​រងគ្រោះ បាន​ថ្លែង​ថា ដោយ​សារ​កូន​គាត់​មាន​ផ្ទុក​មេ​រោគ​អេដស៍ គ្រូពេទ្យ​មាន​ការ​រើសអើង​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ជួយ​សង្គ្រោះ​ទេ។ នៅ​ពេល​ឃើញ​កូន​ធ្លាក់​ឈាម​ខ្លាំង លោកស្រី​បាន​ប្រាប់​គ្រូពេទ្យ​ឲ្យ​ជួយ តែ​គ្រូពេទ្យ​ថា​មិន​អី​រហូត ទោះ​បី​កូន​គាត់​ស្រែក​ថា ម៉ែ ឈឺ អោយ​គេ​ធ្វើ​អី​ក៏​ធ្វើ​ទៅ​ចុះ តែ​ចុង​ក្រោយ​កូន​គាត់​ដាច់​ខ្យល់​ស្លាប់។ គាត់​មិន​បាន​ទាន់​ដង្ហើម​កូន​នោះ​ឡើយ ព្រោះ​គេ​មិន​បាន​ឲ្យ​គាត់​ចូល​ទៅ​មើល​កូន​នៅ​ក្នុង​បន្ទប់៖ «ខ្ញុំ​បាន​សុំ​គេ គេ​ថា​ចែ​ឯង​ដឹង​កូន​ចែ​ឯង​ផ្ទុក​អី​ដែរ ហើយ​គេ​ថា ចែ​ឯង​នៅ​ជាមួយ​អត់​ខ្លាច​ឆ្លង​ទេ។ ខ្ញុំ​ថា​មិន​ខ្លាច​ឆ្លង​អី​ទេ​កូន​ខ្ញុំ​នោះ បង​អើយ​ខ្ញុំ​មិន​ចង់​មាន​ត​ទៅ​ទៀត​ទេ កូន​ខ្ញុំ​ងាប់​ទៅ​ហើយ ខ្ញុំ​មិន​ចង់​បាន​អី​ទាំង​អស់។ ទៅ​ថ្ងៃ​ក្រោយ​ទៅ ឲ្យ​គេ​ជួយ​សង្គ្រោះ​អ្នក​មាន​រោគ​ផង គ្នា​មិន​ចង់​ទេ...»
សាកសព​ស្ត្រី​រងគ្រោះ​ឈ្មោះ ហង្ស ធាវី ហៅ ធីម៉ានី ត្រូវ​បាន​ក្រុម​គ្រួសារ​ជួល​ឡាន​ពេទ្យ​ថ្លៃ ៧​ម៉ឺន​រៀល ដឹក​ពី​មន្ទីរពេទ្យ យក​មក​ធ្វើ​បុណ្យ​សព​នៅ​វត្ត​ដំរីស កាល​ពី​ថ្ងៃ​ទី៣១ ខែ​តុលា ឆ្នាំ​២០១២។ ការ​ស្លាប់​របស់​ស្ត្រី​ជា​ម្ដាយ និង​ទារក​នេះ បាន​បន្សល់​ទុក​កូន​តូច​ប្រុស​ស្រី ២នាក់ រស់​នៅ​ជាមួយ​ឪពុក និង​ជីដូន នៅ​ភូមិ​អូរតាគាំ២ សង្កាត់​ទួលតាឯក ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង៕

No comments:

Post a Comment

yes