ពលករខ្មែរសម្រុកចេញទៅរកការងារធ្វើនៅប្រទេសថៃ តាមច្រកទ្វារព្រំដែនប៉ោយប៉ែត
ក្រុងប៉ោយប៉ែតៈ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានត្រៀមកម្លាំងចល័ត ប្រមាណ១០០នាក់ដើម្បីដើរល្បាត ក្នុងបំណងទប់ស្កាត់រាល់បទល្មើសផ្សេងៗ ជាពិសេសបទល្មើសលួចឆ្លងដែនទៅប្រទេសថៃនៅពេលយប់ខុសច្បាប់។
លោក ហម ម៉ុត មេបញ្ជាការរងកងរាជអាវុធហត្ថ កាលពីថ្ងៃអង្គារបានឲ្យដឹងថា លោកបានដាក់ផែនការរៀបចំកម្លាំងចល័ត១០០នាក់ ដើម្បីផ្លាស់ប្តូរវេនគ្នាការពារសន្តិសុខនៅពេលយប់ ដោយក្នុង១យប់ មានកម្លាំងចល័ត ២ ក្រុម មួយក្រុមមានគ្នា៥នាក់និងរថយន្តស៊ីរ៉ែន២គ្រឿង ចុះល្បាត។
ជាលទ្ធផល កាលពីយប់ថ្ងៃទី៣០ ខែតុលា កម្លាំងចល័តយើងបានឃាត់ខ្លួនពលករ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ បានចំនួន២៣នាក់ ដែលកំពុងរង់ចាំមេខ្យល់នាំឆ្លងដែនទៅថៃ នៅក្នុងព្រៃម្តុំខាងក្រោយសណ្ឋាគារនាគមាស ស្ថិតក្នុងភូមិក្បាលកោះ សង្កាត់-ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក ហម ម៉ុត បានបន្តថា ពួកគេត្រូវឃាត់ខ្លួន១យប់ នៅព្រឹកថ្ងៃទី៣១ ខែតុលា ទើបឲ្យត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ។
លោកបញ្ជាក់ថា៖ «យើងមិនបានឃុំខ្លួនពួកគេទេ ប៉ុន្តែយើងបានរៀបចំកន្លែងឲ្យពួកគេស្នាក់នៅ និងបានណែនាំពួកគេអំពីផលប៉ះពាល់នៃការធ្វើចំណាកស្រុកដែលមិន ស្របច្បាប់និងពីការប្រឈមនានា»។ លោកបន្តថា តាមពលកររងគ្រោះ មេខ្យល់បានប្រាប់ឲ្យពួកគេឲ្យអង្គុយចាំនៅ ក្នុងព្រៃនោះដើម្បីត្រៀមឆ្លងចូលប្រទេសថៃ ប៉ុន្តែ ក៏ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានមុន។
បើគិតត្រឹមដប់ថ្ងៃចុងខែតុលា ពលករចំណាកស្រុកដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន មានចំនួន១១៣នាក់ ភាគច្រើនមកពីខេត្តកំពង់ចាម ឧត្តរមានជ័យ និងខេត្តសៀមរាប ហើយថា ពួកគេបានប្រថុយប្រថានប្រឈមនឹងគ្រោះថ្នាក់ ត្រូវសមត្ថកិច្ចថៃចាប់ដាក់គុក ឬបាញ់សម្លាប់ និងការមិនបើកប្រាក់ឈ្នួល ហើយជួបនឹងឧប្បត្តិហេតុដល់បាត់បង់ជីវិតនៅក្នុងទឹកដីថៃផងក៏មាន។
បញ្ជាការប៉េអឹមរូបនេះបន្តថា៖«យើងមិនមានវិធានការ អ្វីក្រៅពីពន្យល់ណែនាំអប់រំ និងបង្ហាញរូបភាពដែលប្រថុយនឹងគ្រោះថ្នាក់ ពេលឆ្លងដែនខុសច្បាប់ទៅថៃនោះទេ។ តែថា នេះគឺជាសិទ្ធិសេរីភាពពួកគាត់ ប៉ុន្តែអ្វីដែលសំខាន់ គឺការឆ្លងដែនត្រូវតែមានច្បាប់និងលិខិតស្នាមឲ្យបានត្រឹមត្រូវ»។
លោក ស៊ុំ ចន្ទគា អ្នកសម្របសម្រួលរបស់អាដហុកនៅខេត្តបន្ទាយមានជ័យ បានកត់សម្គាល់ថា ការសម្រុកឆ្លងដែនបែបនេះជាធម្មតាទេ ពីព្រោះតែដើម្បីប្រាក់មកទ្រទ្រង់ជីវភាពគ្រួសារដែលក្រីក្រ។ លោកគិតថា៖«អាជ្ញាធរមិនគួរឃាត់ពួកគាត់ទេ ហើយគួរបង្កលក្ខណៈឲ្យពួកគាត់មានការងាររកកម្រៃក្នុងស្រុកជំនួស»៕
No comments:
Post a Comment
yes