អ្នកស្រី យ៉ាង សុភ័ណ្ឌ (រូបកាន់ឯកសារ)ប្រធានសហជីពសម្ព័ន្ធកម្ពុជា(CATU)
កណ្តាលៈ ប្រធានសហជីពសម្ព័ន្ធកម្ពុជា(CATU)បានទទួលដីកាកោះឲ្យចូល ខ្លួនទៅសាលាដំបូងខេត្តកណ្ដាលជាលើកទីពីរដើម្បីបំភ្លឺពាក់ព័ន្ធនឹង ពាក្យបណ្ដឹងរបស់អគ្គនាយករោងចក្រតៃយ៉ាង ដែលផ្គត់ផ្គង់ឲ្យក្រុមហ៊ុន Levis និងក្រុមហ៊ុន Gap។
សាលាដំបូង ខេត្តកណ្ដាលបានបញ្ជូនដីកាកោះហៅអ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហជីពសម្ព័ន្ធកម្ពុជាពីថ្ងៃអង្គារឲ្យចូលទៅបំភ្លឺតុលាការនៅ ថ្ងៃទី២១ វិច្ឆិកា។
ដីកាកោះនោះសរសេរថា៖ «យើង ទេព មុនី ព្រះរាជអាជ្ញាខេត្តសូមអញ្ជើញ អ្នកស្រីយ៉ាង សុ ភ័ណ្ឌ ចូលបង្ហាញខ្លួននៅតុលាការនាថ្ងៃទី២១វិច្ឆិកា ម៉ោង៩ព្រឹកដើម្បីសាកសួរពីដំណើររឿងដែលលោក JACK LIU អគ្គនាយកនៃសហគ្រាសតៃយ៉ាង ប្ដឹងពីលោក រ៉ុង ឈុន ប្រធានសហព័ន្ធសហជីពកម្ពុជានិងអ្នកស្រីពីបទញុះញង់ឲ្យកម្មករធ្វើកូដកម្មដោយខុសច្បាប់ និងបទបរិហារកេរ្តិ៍ជាសាធារណៈ»។
អ្នកស្រី យ៉ាង សុភ័ណ្ឌ ដែលត្រូវថៅកែក្រុមហ៊ុនបានដាក់ពាក្យប្ដឹងពាក់ព័ន្ធនឹងកូដកម្មរយៈពេលប្រមាណជាបីខែ ចាប់ផ្ដើមតាំងពីចុងខែមិថុនា ថ្លែងថា អ្នកស្រីបានទទួលដីកានោះហើយ ហើយក៏បានត្រៀមរួចហើយផងដែរ ក្នុងការចូលបង្ហាញខ្លួននៅតុលាការតាមកាលកំណត់។
អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំនឹងទៅបង្ហាញខ្លួនតាមថ្ងៃកំណត់។ នេះជាដីកាកោះទីពីររបស់ខ្ញុំចេញពីតុលាការខេត្តកណ្ដាល ដែលខ្ញុំធ្លាប់ចូលទៅបង្ហាញខ្លួនកាលពីខែកក្កដាម្ដងរួចហើយ ប៉ុន្តែខ្ញុំមិនដឹងថា ហេតុអីបានជាគេចេញដីកាកោះហៅខ្ញុំម្ដងទៀត»។
អ្នកស្រី យ៉ាង សុភ័ណ្ឌ បានបន្តថា គាត់មិនខ្លាចឬក៏ព្រួយបារម្ភពីការកោះនេះទេ ព្រោះអ្នកស្រីមិនបានធ្វើអ្វីដូចក្រុមហ៊ុនបានចោទប្រកាន់នោះទេ។ អ្នកស្រីថា៖ «ខ្ញុំមិនបានញុះញង់កម្មករឲ្យធ្វើកូដកម្មដូចគេប្ដឹងខ្ញុំទេ ហើយខ្ញុំក៏មិនបារម្ភនោះដែរ។ ខ្ញុំពេញចិត្តនឹងទៅបង្ហាញខ្លួនដើម្បីរកយុត្តិធម៌សម្រាប់រូប ខ្ញុំ និងកម្មករដទៃទៀតដែលក្រុមហ៊ុនប្តឹងផងដែរ»។ អ្នកស្រីថា គាត់មិនព្រួយពីការចាប់ខ្លួនទេ ហើយថា នឹងព្យាយាមឲ្យអស់ពីលទ្ធភាពសហការជាមួយតុលាការនិងក្រុមហ៊ុន ដើម្បីបង្ហាញភាពស្អាតស្អំរបស់គាត់។
សូមបញ្ជាក់ថា កាលពីចុងខែមិថុនា កម្មករជាង៤ពាន់នាក់បានធ្វើកូដកម្មមុខរោងចក្រដើម្បីទាមទារ លក្ខខណ្ឌការងារមួយចំនួន អូសបន្លាយជាច្រើនខែ៕
No comments:
Post a Comment
yes