សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 1, 2012

អ្នក​វិភាគ៖ ទស្សនៈ​«ម្នាក់​ឯង​ទូល​ផែនដី​មិន​រួច»​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រយោជន៍​ជាតិ

លោក​សាស្ត្រាចារ្យ​បណ្ឌិត សុខ ទូច សកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ ខេមរៈ

ក្រុម​អ្នក​វិភាគ​យល់​ឃើញ​ថា ទស្សនៈ «ម្នាក់​ឯង​ទូល​ផែនដី​មិន​រួច» កំពុង​តែ​កប់​ជ្រៅ​នៅ​ក្នុង​ផ្នត់​ចិត្ត​គំនិត​របស់​ប្រជាពលរដ្ឋ​ខ្មែរ ហើយ​ថា ទស្សនៈ​នេះ​ជា​ទស្សនៈ​អន់ថយ ដែល​នាំ​ឲ្យ​មនុស្ស​ខ្មែរ​បោះបង់​នូវ​ឧត្ដមគតិ មនសិការ​ជាតិ។

ក្នុង​ការ​ដាស់តឿន​ក្រើន​រំឭក​បងប្អូន​ក្ដី​មិត្តភ័ក្ដិ​ក្ដី​ឲ្យ​ពួក​គេ​ប្រព្រឹត្តិ​ល្អ ស្មោះ​ស​ចំពោះ​សង្គម​ជាតិ គិត​អំពី​ផលប្រយោជន៍​រួម ឬ​ផលប្រយោជន៍​សាធារណៈ ក្រុម​អ្នក​វិភាគ​មួយ​ចំនួន​ថ្លែង​ថា ពួក​គាត់​ច្រើន​តែ​ទទួល​បាន​ការ​ឆ្លើយ​តប​មក​វិញ​នូវ​ពាក្យ​មួយ​ប្រយោគ​គឺ «ម្នាក់​ឯង​ទូល​ផែនដី​មិន​រួច»។
«ទូល​ផែនដី​មិន​រួច» គឺ​ជា​ប្រតិកម្ម​តប​ទាំង​ចំពោះ​បំណង​ក្នុង​ការ​កែកុន​សង្គម​ដែល​កំពុង​តែ​ញាំញី​ដោយ​អំពើ​ពុក​រលួយ ការ​ជំរុញ​ឲ្យ​ចូលរួម​ចំណែក​ក្នុង​ការពារ​បូរណភាព​ទឹកដី និង​ការ​ទប់ស្កាត់​នូវ​លំហូរ​ចូល​នៃ​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ជា​ដើម។

អ្នក​វិភាគ​សង្គម​ឯករាជ្យ លោក តុង សុប្រាជ្ញ យល់​ថា ទស្សនៈ «ម្នាក់​ឯង​ទូល​ផែនដី​មិន​រួច» នាំ​ឲ្យ​មាន​ការ​រាំង​ស្ទះ​ដល់​ការ​ចូលរួម​អភិវឌ្ឍន៍​សង្គម ដោយ​លោក​បញ្ជាក់​ថា ការ​ផ្ដួចផ្ដើម​គំនិត​ធ្វើ​អ្វី​មួយ អាច​ចេញ​ពី​មនុស្ស​ម្នាក់ ឬ​ច្រើន​នាក់។
លោក តុង សុប្រាជ្ញ៖ «ម្នាក់​ៗ​ប្រសិន​បើ​គិត​ថា ទូល​ផែនដី​មិន​រួច ទូល​ផែនដី​មិន​រួច អ៊ីចឹង​នៅ​តឿ​គំនិត​រហូត ហើយ​សព្វ​ថ្ងៃ​ហ្នឹង​គឺ​មាន​មតិ​ជា​ច្រើន ដូច​ជា​ហៃអើ​និយម គឺ​ថា ព្យាយាម​ប្រាប់​គេ​ថា កុំ​ឲ្យ​ធ្វើ​អ៊ីចឹង ទូល​ផែនដី​មិន​រួច​ទេ​ម្នាក់​ឯង។ អ៊ីចឹង​មាន​អា​គំនិត​ហៃអើ​និយម​ធ្វើ​ឲ្យ​ខ្វះ​ការ​អភិវឌ្ឍ​នៅ​ក្នុង​សង្គម ក៏​ដូច​ជា​នៅ​ក្នុង​ស្ថាប័ន​នីមួយ​ៗ។ អ៊ីចឹង​ចំណុច​ហ្នឹង ប្រសិន​បើ​ក្នុង​ករណី​ដែល​ពេល​ខ្លះ​ចំណុច​ខ្លះ គាត​ថា ហ៊ឺ​កុំ​និយាយ​អី​ប៉ះពាល់​រឿង​ដីធ្លី ប៉ះពាល់​រឿង​ពុក​រលួយ ប៉ះពាល់​រឿង​ព្រៃឈើ ប៉ះពាល់​រឿង​ព្រំដែន កុំ​និយាយ​អី​អា​ហ្នឹង​ទុក​ឲ្យ​គេ​អ្នក​ធំៗ​គេ​ធ្វើ ប៉ុន្តែ​អា​ហ្នឹង​វា​ជា​បញ្ហា​ជាតិ វា​ជា​បញ្ហា​របស់​ខ្លួន​យើង។ អ៊ីចឹង​ម្នាក់ៗ​យើង​ត្រូវ​គិត​ថា អា​ហ្នឹង​វា​ជា​ចំណុច​ដែល​យើង​ត្រូវ​ការ​ធ្វើ​យ៉ាង​ណា​ឲ្យ​វា​អភិវឌ្ឍ​ឡើង ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ទទួល​ផល​ទាំង​អស់​គ្នា កុំ​ឲ្យ​បាន​ផល​តែ​មនុស្ស​មួយ​ក្ដាប់​តូច»
ចំណែក​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី ថ្លែង​ថា «ម្នាក់​ឯង​ទូល​ផែនដី​មិន​រួច» អាច​ជា​ការ​បង្ហាញ​នូវ​ក្ដី​អស់​សង្ឃឹម ហើយ​ក៏​អាច​ជា​ការ​គេចវេះ​យក​រួច​ខ្លួន ឬ​ជា​លេស​ដើម្បី​ទទួល​យក​ឱកាស​ចូលរួម​ក្នុង​ការ​ប្រព្រឹត្ត​មិន​ល្អ​ណា​មួយ​ក៏​ថា​បាន ដោយ​ពួក​គេ​សំអាង​ថា មនុស្ស​ភាគ​ច្រើន​ទៅ​អស់​ហើយ។
លោក កែម ឡី៖ «ពាក្យ​នេះ​ប្រហែល​ជា​ចេញ​ពី​ពាក្យ​អ្នក​ដែល​ដឹកនាំ​ទៅ​ទៀត អ្នក​ដែល​ដឹកនាំ​របៀប​ផ្ដាច់ការ អ្នក​ដែល​ដឹកនាំ​របៀប​ជិះជាន់​គេ គាត់​មិន​ចង់​ឲ្យ​ប្រជាជន ឬ​ក៏​មនុស្ស​ម្នាក់ៗ​នៅ​ក្នុង​សង្គម​ហ្នឹង​និយាយ​រិះគន់​អី។ អ៊ីចឹង​គាត់​គិត​ថា យើង​មិន​អាច​ទូល​ផែនដី​បាន​ទេ មិន​អាច​មាន​ការ​ផ្លាស់ប្ដូរ​បាន​ទេ ក៏​ប៉ុន្តែ​បើ​យើង​មើល​ករណី​សិក្សា​ផ្សេងៗ​នៅ​ប្រទេស​ផ្សេងៗ ឧទាហរណ៍​ថា ដូច​ជា​នៅ​ប្រទេស​ភូមា ជា​ប្រទេស​មួយ​ដែល​មាន​ការ​ដឹកនាំ​បែប​កុម្មុយនិស្ត​ផ្ដាច់ការ ក៏​ប៉ុន្តែ លោកស្រី អ៊ុងសាន ស៊ូជី គាត់​ធ្វើ​ការ​តស៊ូ​ស្វិតស្វាញ​នៅ​ក្នុង​សង្គម​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពី​មួយ​ខែ​ទៅ​មួយ​ខែ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ គឺ​អាច​ធ្វើ​ឲ្យ​ប្រទេស​ភូមា​ហ្នឹង​រត់​ចេញ​ពី​ទណ្ឌកម្ម​សេដ្ឋកិច្ច រត់​ចេញ​ពី​ការ​ហ៊ុំព័ទ្ធ​សេដ្ឋកិច្ច​ទាំង​មូល ហើយ​អាច​កសាង​ប្រជាធិបតេយ្យ​បណ្ដើរៗ​បាន»
ទាក់ទិន​នឹង​បញ្ហា​នេះ​ដែរ លោក​បណ្ឌិត សុខ ទូច សកលវិទ្យាធិការ​នៃ​សកលវិទ្យាល័យ​ខេមរៈ និង​ជា​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ វិភាគ​ឃើញ​ថា ទស្សនៈ «ម្នាក់​ឯង​ទូល​ផែនដី​មិន​រួច» មិន​ត្រឹម​តែ​ស្ថិត​ក្នុង​ផ្នត់​គំនិត​ប៉ុណ្ណោះ​ទេ តែ​បាន​ចាក់​ជ្រៅ​ក្នុង​សរសៃ​ឈាម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ថែម​ទៀត​ផង ហើយ​វា​ផ្ដល់​នូវ​ផល​វិបាក​ដល់​ទៅ ៥​ចំណុច គឺ​ធ្វើ​ឲ្យ​មនុស្ស​បាត់​ភាព​ម្ចាស់​ការ មិន​ចូលរួម​ក្នុង​សង្គម យក​សុខ​តែ​ខ្លួន​ឯង ការ​ឆ្លៀតឱកាស​របស់​អ្នក​នយោបាយ និង​ការ​ចូលរួម​បំផ្លាញ​សង្គម​ជាមួយ​នឹង​គេ​ដែរ។
លោក សុខ ទូច៖ «តាម​ពិត​ន័យ​នេះ​គេ​ចង់​និយាយ​អំពី​ការ​ចូលរួម​ចំណែក​ទូល​មួយ​ជ្រុង​ណា​នៅ​លើ​ផែនដី​ដែល​មាន។ មិន​មាន​ន័យ​ថា ទូល​ផែនដី​ទាំង​មូល​ទេ។ យើង​មាន​លទ្ធភាព​ទូល​ជ្រុង​មួយ​ណា គឺ​យើង​ទូល​ជ្រុង​មួយ​ហ្នឹង ប៉ុន្តែ​ដោយសារ​អី ? អ្នក​នយោបាយ​គេ​គៃបន្លំ​រឿង​ហ្នឹង ហើយ​គេ​ដាក់​បញ្ហា​ហ្នឹង​ដើម្បី​អី? ដើម្បី​កុំ​ឲ្យ​យើង​គិត​រឿង​នយោបាយ រឿង​សេដ្ឋកិច្ច ទុក​ឲ្យ​គេ​មាន​អ្នក​គិត ហើយ​គំនិត​ហ្នឹង​វា​មាន​នៅ​ក្នុង​សម័យ​សង្គម​ចាស់​ហ្នឹង​គឺ​ច្រើន​មែនទែន គឺ​សម័យ​សក្ដិភូមិ ហើយ​ក្រោយ​មក​ទៀត​របប​កុម្មុយនិស្ត ពីព្រោះ​យើង​ដឹង​ហើយ​ថា បក្ស​ដឹកនាំ រដ្ឋ​គ្រប់គ្រង ប្រជាជន​ធ្វើ​ម្ចាស់។ អ៊ីចឹង​ប្រជាជន​មិន​បាច់​គិត​ទេ​ទុក​ឲ្យ​បក្ស​គេ​អ្នក​គិត ប្រជាជន​មិន​បាច់​គិត​ទេ​ទុក​ឲ្យ​ស្ដេច​អ្នក​គិត។ អ៊ីចឹង​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​មិន​មែន​អ៊ីចឹង​ទេ កាល​ណា​យើង​មិន​គិត មាន​ន័យ​ថា យើង​មិនបាន​ចូលរួម​ក្នុង​សង្គម ដូច​ជា​បញ្ហា​បោះឆ្នោត យើង​អត់​ចូល​យើង​ឃើញ​យើង ១​សន្លឹង​មែន តែ ១​សន្លឹក​បើ​យើង​មិន​ចូលរួម​ទេ មាន​ន័យ​ថា យើង​បាន​បោះ​ចោល​នូវ​សេចក្ដី​សង្ឃឹម​របស់​យើង​នៅ​ក្នុង​សង្គម»
ជុំ​វិញ​បញ្ហា​នេះ​ដែរ អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ហៅ​ទស្សនៈ «ម្នាក់​ឯង​ទូល​ផែនដី​មិន​រួច» ថា​ជា​ពាក្យ​ស្លោក ឬ​ជា​សុភាសិត។ លោក​អះអាង​ថា លោក​បាន​ឮ​ទស្សនៈ​នេះ​តាំង​តែ​ពី​លោក​នៅ​ក្មេង​ម្ល៉េះ។ លោក​មាន​ប្រសាសន៍​ថា ថ្វី​ត្បិត​តែ​ពុំ​ទាន់​ឯកសារ​ស្ដី​ពី​ប្រវត្តិ និង​ការ​កកើត​នៃ​ពាក្យ​ស្លោក និង​សុភាសិត​ខ្មែរ តែ​លោក​សន្និដ្ឋាន​ថា ទស្សនៈ​នេះ​អាច​កើត​ចេញ​ពី​ការ​លំបាក​វេទនា របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ រួម​នឹង​ពាក្យ​ស្លោក​ដទៃ​ទៀត ដូច​ជា «ពង​មាន់​កុំ​ជល់​នឹង​ថ្ម» «កំភ្លាញ​ស្លាប់​ដោយសារ​មាត់» ជា​ដើម។
លោក​ថា «ម្នាក់​ឯង​ទូល​ផែនដី​មិន​រួច» មាន​អត្ថន័យ​អវិជ្ជមាន​ផង និង​វិជ្ជមាន​ផង៖ «មាន​អ្នក​ខ្លះ​និយាយ​ថា ហ៊ឺ​ម្នាក់​ឯង​ទូល​ផែនដី​មិន​រួច​ទេ។ ក៏​ប៉ុន្តែ មាន​ទិដ្ឋភាព​វិជ្ជមាន​មួយ​ក្នុង​ការ​ពោល​ពាក្យ​អ៊ីចឹង​នោះ​ណា៎! មាន​ន័យ​ថា អ្នក​ធ្វើ​ហ្នឹង​ត្រូវ​ហើយ អត់​ខុស​ទេ គ្រាន់​តែ​បញ្ហា​រឿង​សមត្ថភាព។ ដូច្នេះ​អ្វី​ដែល​ត្រូវ​បាន​ទទួល​ការ​ទិតៀន​ថា ទូល​ផែនដី​មិន​រួច​ហ្នឹង គឺ​ធ្វើ​អ៊ីចឹង​គឺ​ត្រូវ​គេ​អត់​ថា​ខុស​ទេ ក៏​ប៉ុន្តែ​គេ​និយាយ​អ៊ីចឹង​ដើម្បី​គេ​គេចវេះ​យក​រួច​ខ្លួន។ ធ្វើ​ទៅ​អ្នក​ឯង ក៏​ប៉ុន្តែ​យើង​មិន​សង្ឃឹម​ទេ។ ក៏​ប៉ុន្តែ​អ្នក​នោះ​ក៏​មិន​គិត​ថា ចុះ​អ្នក​ណា​ឲ្យ​ទៅ​ទូល​ផែនដី​ម្នាក់​ឯង? ម៉េច​ក៏​មិន​ជួយ​មក? បើ​គ្នា​កំពុង​តែ​ជ្រោង​ហើយ! ដឹង​ថា ទៅ​មិន​រួច​ដែរ​សមត្ថភាព​ទៅ​មិន​ដល់​ដែរ ចុះ​ម៉េច​ក៏​មិន​លូក​ដៃ​មក​ជួយ​ជ្រោង​ដែរ​ទៅ ឬ​ក៏​ទូល​ដែរ​ទៅ ឬ​ក៏​ជួយ​លី​ជួយ​សែង​ទៅ? មាន​អ្នក​ណា​ហាម​ឃាត់ មាន​តែ​គេ​ស្វាគមន៍​ទេ​តើ!»
ដោយ​ឡែក​អ្នកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធាន​អង្គការ​សិទ្ធិមនុស្ស​លីកាដូ មាន​ប្រសាសន៍​ថា «ម្នាក់​ឯង​ទូល​ផែនដី​មិន​រួច» មាន​អត្ថន័យ​វិជ្ជមាន គឺ​សំដៅ​អប់រំ​ប្រៀន​ប្រដៅ​មនុស្ស​កុំ​ឲ្យ​អាត្មា​និយម គិត​ថា​ខ្លួន​ឯង​ម្នាក់​ខ្លាំង​ពូកែ​អាច​ធ្វើ​អ្វី​បាន​គ្រប់​យ៉ាង។
អ្នកស្រី ពុង ឈីវកេក៖ «សំខាន់​បំផុត លោក ណាប៉ូឡេអុង ដែល​មាន​ចំណេះ​វិជ្ជា​មែនទែន លោក​ពូកែ​ណាស់ ក៏​នៅ​ធ្វើ​ខុស​ដែរ! ដូច្នេះ​មនុស្ស​តែ​កើត​ឡើង​មក​ហើយ​ធ្វើ​មិន​ដែល​បាន​ល្អ​មួយ​រយ​ភាគ​រយ​ទេ ដូច្នេះ​យើង​កុំ​លោភ យើង​កុំ​ចង់​ធ្វើ​គ្រប់​ជំពូក។ យើង​គិត​ថា យើង​ធ្វើ​អី​បាន​ល្អ យើង​មាន​ជំនាញ យើង​កើត​មក ទេវតា​ឲ្យ​យើង​កើត​មក​យើង​ពូកែ​ខាង​អី អ្នក​ខ្លះ​ពូកែ​ខាង​លេង​ភ្លេង មិន​ដែល​ទៅ​រៀន​សូត្រ​ខាង​លេង​ភ្លេង​សោះ ស្រាប់​តែ​ទៅ​ចាប់​យក​មក ភ្លេង​អី​ក៏​លេង​បាន។ ច្រៀង​អត់​ដែល​ទៅ​រៀន​ច្រៀង​អី​ផង ស្រាប់​តែ​ហារ​មាត់​ច្រៀង​ឡើង​សំឡេង​ក៏​ល្អ​ច្រៀង​ក៏​បាន​ល្អ។ ដូច្នេះ​អ្នក​ហ្នឹង​ត្រូវ​ធ្វើ​ការងារ​ហ្នឹង ដែល​គេ​កើត​មក​គេ​មាន​ជំនាញ​ខាង​ហ្នឹង គេ​មាន​សមត្ថភាព​គេ​ខាង​ហ្នឹង។ ធ្វើ​អា​ហ្នឹង​ទៅ ហើយ​ធ្វើ​តែ​អា​ហ្នឹង​ទៅ ចិត្ត​កុំ​ចង់​ទៅ​ធ្វើ​ស្អីៗ​ឯ​ទៀត​ដែល​យើង​ធ្វើ​មិន​សូវ​បាន​ល្អ យើង​ចំណាយ​ពេល​វេលា យើង​ចំណាយ​កម្លាំង យើង​ធ្វើ​អ្វី​ដែល​យើង​បាន​ល្អ យើង​ជួយ​ប្រទេស​ជាតិ​យើង​ហើយ ជួយ​ពិភពលោក​យើង​ហើយ!»
ទាក់ទិន​នឹង​ការ​គិតគូរ​អំពី​ផល​ប្រយោជន៍​រួម ក្រុម​អ្នក​វិភាគ​អះអាង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ថ្វី​ត្បិត​តែ​ពួក​គាត់​ភាគ​ច្រើន​មាន​ជីវភាព​ទី​ទាល់​ក្រ ពួក​គាត់​នៅ​តែ​មាន​ឧត្ដមគតិ​មនសិការ​ជាតិ​យ៉ាង​ជ្រាលជ្រៅ គ្រាន់​តែ​ពួក​គាត់​ឆាប់​បោះបង់​ការ​ព្យាយាម​ដោយ​ការ​ភ័យខ្លាច​ផង​ប៉ុណ្ណោះ។
ទន្ទឹម​គ្នា​នេះ​ដែរ ក្រុម​និស្សិត​បញ្ញវន្ត​ខ្មែរ​មួយ​ចំនួន ដែល​ធ្លាប់​បាន​ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាម បាន​ឲ្យ​ដឹង​ថា ប្រជាជន​វៀតណាម ភាគ​ច្រើន​មាន​ឧត្ដមគតិ និង​មនសិការ​ជាតិ ដោយ​ពួក​គេ​មិន​ចាំបាច់​ខ្វល់​ថា អ្នក​ដទៃ​ដឹង​ឬ​មិន​ដឹង​ថា ពួក​គេ​ស្នេហា​ជាតិ​នោះ​ឡើយ គឺ​ពួក​គេ​ខំ​ចិញ្ចឹម​ចិត្ត​ជាតិ​និយម​របស់​ពួក​គេ​ជានិច្ច។
ក្រុម​អ្នក​វិភាគ​បាន​ផ្ដល់​ជា​អនុសាសន៍​ថា ប្រជាពលរដ្ឋ​ខ្មែរ​គប្បី​បោះបង់​ទស្សនៈ «ម្នាក់​ឯង​ទូល​ផែនដី​មិន​រួច» ក្នុង​ន័យ​អវិជ្ជមាន ហើយ​នាំ​គ្នា​ចូល​រួម​ដោះស្រាយ​បញ្ហា​រួម និង​ជួយ​អភិវឌ្ឍ​ប្រទេស​ជាតិ​ឲ្យ​បាន​រីកចម្រើន​រុងរឿង​ដូច​បណ្ដា​អារ្យប្រទេស​នៅ​ក្នុង​ពិភពលោក៕

No comments:

Post a Comment

yes