ការបញ្ចេញមន្ទិលសង្ស័យបែបនេះ បន្ទាប់ពីគណបក្ស សម រង្ស៊ី បានជួបជុំគ្នាប្រារព្ធអង្គសមាជវិសាមញ្ញមួយ កាលពីថ្ងៃទី២ វិច្ឆិកា ដើម្បីធ្វើវិសោធនកម្មច្បាប់ផ្ទៃក្នុងរបស់គណបក្សលើចំណុចសំខាន់មួយចំនួនរួចមក។
ទោះយ៉ាងណាក៏ដោយ ប្រធានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សបង្រួបបង្រួមគ្នានៃគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស លោក សម រង្ស៊ី ថ្លែងក្នុងអង្គសមាជវិសាមញ្ញនាទីស្នាក់ការកណ្ដាលនៃគណបក្ស សម រង្ស៊ី ចាស់ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ថា សម្ព័ន្ធនៃគណបក្សទាំងពីរនឹងរឹងមាំ ហើយការរួបរួមនេះនឹងអាចឈានដល់យកជ័យជម្នះសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០១៣។
រីឯអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ក៏បញ្ជាក់នៅក្នុងអង្គសមាជវិសាមញ្ញនៃគណបក្ស សម រង្ស៊ី ដែរថា សម្ព័ន្ធនៃគណបក្សសង្គ្រោះជាតិ ជាសម្ព័ន្ធមួយដែលប្រមូលផ្ដុំអ្នកស្នេហាជាតិពីគ្រប់និន្នាការនយោបាយទាំងអស់ ដើម្បីស្រោចស្រង់ប្រទេស ដែលកំពុងលិចលង់ដោយសារអំពើរំលោភសិទ្ធិមនុស្សដោយអយុត្តិធម៌ពីសំណាក់អាជ្ញាធរទៅលើប្រជាពលរដ្ឋ តាមរយៈរូបភាពផ្សេងៗ។
តែការលើកឡើងនេះ ត្រូវអ្នកវិភាគឯករាជ្យបានចាត់ទុកថា ជាការសំអាងដែលមានលក្ខណៈផ្ទុយទៅនឹងរូបភាពពិត ដែលគណបក្សទាំងពីរបានស្ដែងចេញ។ អ្នកវិភាគនយោបាយបានចាប់អារម្មណ៍លើវិសោធនកម្មច្បាប់ផ្ទៃក្នុងរបស់គណបក្ស សម រង្ស៊ី លើចំណុចសំខាន់ៗចំនួនបី។ ទី១ គឺត្រូវជ្រើសរើសលោក សម រង្ស៊ី ឲ្យធ្វើជាប្រធានទីប្រឹក្សាកំពូលនៃគណបក្ស មិនត្រូវផ្លាស់ប្ដូរស្លាកសញ្ញាគណបក្សដែលមានរូបភ្លើងទៀន និងត្រូវរក្សាឈ្មោះគណបក្ស សម រង្ស៊ី ឲ្យនៅដដែល ព្រមទាំងអនុញ្ញាតឲ្យលោក សម រង្ស៊ី ត្រឡប់មកធ្វើជាប្រធានគណបក្សក្នុងករណីលោកមិនជាប់រវល់ធ្វើការនៅគណបក្សផ្សេងទៀតទេនោះ។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា សម្ពន្ធភាពនៃគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សបង្រួបបង្រួមគ្នានៃគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស គេពិបាកនឹងទុកចិត្តថា សម្ពន្ធភាពនេះនឹងរឹងមាំទៅថ្ងៃអនាគតនោះខ្លាំងណាស់ ដោយលោកបញ្ជាក់ថា មានលក្ខណៈវិនិច្ឆ័យបីចំណុចជាសំខាន់ ដែលគេយកមកសំអាងថា សម្ពន្ធភាពនៃគណបក្សទាំងពីរងាយនឹងរងការរង្គោះរង្គើ។
ទី១ គឺការបង្កើតគណៈកម្មការមួយចំនួននៃគណបក្សសង្គ្រោះជាតិ ហាក់បង្ហាញពីភាពមិនទុកចិត្តគ្នា ទី២ អ្នកនយោបាយនៃគណបក្សទាំងពីរ ហាក់នាំគ្នាគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនច្រើនជាងការគិតពីប្រយោជន៍រាស្ត្រ និងទី៣ គណបក្សទាំងពីរហាក់កំពុងបង្ហាញភាពមិនទុកចិត្តគ្នាទៅវិញទៅមក ដោយពួកគេបង្កើតច្បាប់ផ្ទៃក្នុងផ្សេងៗឲ្យគណបក្សចាស់សម្រាប់បង្ការភាពមិនអាចទុកចិត្តបាននៃអនាគតគណបក្សសង្គ្រោះជាតិ។
លោក សុខ ទូច៖ «យើងបង្កើតគណបក្សដើម្បីផ្ដួលរំលំ ឬក៏ជោគជ័យមិនចង់ឲ្យអ្នកណាកាន់អំណាចផ្ដាច់មុខតែឯង? ហើយអ៊ីចឹងដល់យើងបង្កើតច្បាប់សម្រាប់បុគ្គល យើងឃើញច្បាប់វិសោធនកម្មសម្រាប់បុគ្គលណាមួយអ៊ីចឹងទៅ ជាអាទិរាជថា បើខ្លួនអស់ពីនេះមកខាងនេះវិញ»។
លោក សុខ ទូច លើកឡើងបន្តទៀតថា ប្រសិនបើសម្ពន្ធភាពរបស់គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សបង្រួបបង្រួមគ្នានៃគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ត្រូវគេបំបែក ឬបែកបាក់ដោយប្រការណាមួយ ហើយលោក សម រង្ស៊ី និងលោក កឹម សុខា ត្រឡប់មកធ្វើជាប្រធានបក្សរបស់ខ្លួនរៀងៗខ្លួនវិញនោះ ប្រជាប្រិយភាពនឹងមិនអាចនៅជាទីពេញនិយមដូចមុនឡើង ដោយសារប្រជារាស្ត្រអស់ជំនឿលើមេដឹកនាំនៃគណបក្សទាំងពីរនេះ។
ផ្ទុយពីការលើកឡើងរបស់លោកបណ្ឌិត សុខ ទូច អ្នកវិភាគឯករាជ្យម្នាក់ទៀត គឺលោកបណ្ឌិត ឡៅ ម៉ុងហៃ ឆ្លើយតបថា ប្រសិនបើអនាគតនៃគណបក្សសង្គ្រោះជាតិរងវិបត្តិប្រេះឆាណាមួយជាយថាហេតុ ហើយប្រធាននៃគណបក្សទាំងពីរត្រឡប់ទៅកាន់អតីតគណបក្សរបស់រៀងៗខ្លួនវិញ លោកជឿថា ប្រធានគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស នឹងនៅតែមានប្រជាប្រិយភាពដដែល ដោយលោកសំអាងថា អ្នកគាំទ្រនយោបាយនៅប្រទេសកម្ពុជា គាំទ្របុគ្គលជាជាងគាំទ្រគណបក្ស។
ចំណែកអ្នកសិក្សាស្រាវជ្រាវផ្នែកសង្គម លោក កែម ឡី មានប្រសាសន៍ថា ការធ្វើវិសោធនកម្មលើច្បាប់ផ្ទៃក្នុងរបស់គណបក្ស សម រង្ស៊ី នេះ គឺជាការបង្ហាញពីភាពងាយប្រឈមនឹងការបែកបាក់នៃសម្ពន្ធភាពនៃគណបក្សទាំងពីរ។ បន្ថែមលើនេះ លោកអះអាងថា ឥរិយាបថនៃអ្នកនយោបាយគណបក្សទាំងពីរ ស្ដែងឲ្យឃើញថា ពួកគេហាក់ពុំមានបំណងចង់ធ្វើឲ្យសម្ព័ន្ធគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សបង្រួបបង្រួមគ្នានៃគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស មានភាពរឹងមាំ និងមាននិរន្តរភាពយូរអង្វែងនោះឡើយ។
លោក កែម ឡី៖ «តែបើសិនជាគណបក្សក្រៅរដ្ឋាភិបាលហ្នឹង គាត់មានយុទ្ធសាស្ត្រថ្មីៗ ប្លែកៗ ហើយមានទស្សនៈវែងឆ្ងាយ ផ្ដល់ក្ដីសង្ឃឹមទៅឲ្យប្រជាជនវែងឆ្ងាយ ខ្ញុំគិតថា តោងប្រជាប្រិយភាពបានច្រើន»។
ទោះយ៉ាងណា អ្នកនាំពាក្យនៃគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ មានប្រសាសន៍ថា ទិសដៅសំខាន់នៃការធ្វើវិសោធនកម្មរបស់គណបក្ស គឺដើម្បីរក្សាអាសនៈសមាជិកព្រឹទ្ធសភាចំនួន ១១ និងក្រុមប្រឹក្សាឃុំសង្កាត់ ដែលបានជាប់ឆ្នោតធ្វើជាមេឃុំ និងជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន ២.១៥៥នាក់ ទើបជាប់ឆ្នោតថ្មី និងក្រុមប្រឹក្សាស្រុក ខណ្ឌ ក្រុង ខេត្ត រាជធានី។ ម្យ៉ាងទៀតលោកបញ្ជាក់ថា ការធ្វើវិសោធនកម្មលក្ខន្តិកៈផ្ទៃក្នុងលើចំណុចសំខាន់ទាំងបីរបស់គណបក្សនោះ គឺជាឆន្ទៈរបស់សមាជិកសមាជិកាសមាជវិសាមញ្ញរបស់គណបក្ស។ ក្រៅពីនេះគណបក្សទាំងពីរជាទម្ររបស់គណបក្សដ៏រឹងមាំនៃគណបក្សសង្គ្រោះជាតិ។
លោក យឹម សុវណ្ណ៖ «គណបក្សសង្គ្រោះជាតិគឺរឹងមាំ អត់មានបញ្ហាអ្វីកើតឡើងទេ វាជាគណបក្សដែលកើតឡើងចេញពីកម្លាំងគណបក្ស សម រង្ស៊ី បូកជាមួយគណបក្សសិទ្ធិមនុស្ស ដូច្នេះកម្លាំងទាំងពីរនេះទាល់តែគណបក្ស សម រង្ស៊ី ខ្លាំង និងគណបក្សសិទ្ធិមនុស្សខ្លាំង បានគណបក្សសង្គ្រោះជាតិខ្លាំង វាមិនមែនជារឿងនៅក្នុងគណបក្សសង្គ្រោះជាតិទេ»។
ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានព្យាករលើជោគវាសនានៃសម្ពន្ធភាពបក្សសង្គ្រោះជាតិ ដោយប្រើពាក្យសម្ដីបែបចំអកឡកឡឺយទៅនឹងសម្ព័ន្ធនៃគណបក្សទាំងពីរនេះ កាលពីថ្ងៃទី៨ សីហា ឆ្នាំ២០១២ ថា ជាការបង្រួមដែលគ្មាននិរន្តរភាព។
លោកនាយករដ្ឋមន្ត្រីប្រដូចការជួបជុំគ្នានៃមេដឹកនាំគណបក្សទាំងពីរថា ជាសត្វសុនខជួបគ្នាដើម្បីដណ្ដើមបាយគ្នាស៊ី៖ «ឥឡូវថាគេនឹងប្ដូរផ្ដាច់ហើយ... ហ៊ុន សែន ខ្លាចណាស់! អាសម្ពន្ធភាពហ្នឹងចាំតើអាពៅ! ឆ្កែបើដាក់ឲ្យស៊ីតែវា វាអត់ចេះខាំគ្នាទេ ស៊ីស្ងាត់ឈឹង ប៉ុន្តែចាប់ពីរក្បាលឡើងហើយ ខាំគ្នាបែកចានបាយឯណោះ។ អញចង់ឲ្យហែងចូលគ្នាស្រូត លោកយាយ លោកតា ចាំមើលទំនៀមទម្លាប់ បើកូនឆ្កែតែមួយស៊ីបាយស្ងាត់ឲ្យឈឹង ព្រោះអានេះវាស៊ីតែវា ប៉ុន្តែចូលស៊ីពីរហើយឡើងលើខាំគ្នា ចានបាយហ្នឹងខ្ទេចហើយ»។
ទាក់ទងនឹងសម្ពន្ធភាពគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សបង្រួបបង្រួមគ្នានៃគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សនេះ គេសង្កេតឃើញថា មុននឹងគណបក្សទាំងពីរអាចបង្រួបបង្រួមគ្នាបាននោះ គឺពួកគេក៏ធ្លាប់ខ្វែងគំនិតគ្នានៃការបង្កើតសម្ព័ន្ធនេះដែរ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៩ ដែលអ្នកវិភាគខ្លះបានចាត់ទុកការខ្វែងគំនិតដោយសារតែហេតុផលនៃការគិតតែពីប្រយោជន៍របស់អ្នកនយោបាយគនៃណបក្សទាំងពីរ ដែលតែងព្យាយាមទាមទារប្រយោជន៍ផ្ទាល់ខ្លួន។
ក្រោយមកនៅថ្ងៃទី១៧ កក្កដា ឆ្នាំ២០១២ ទើបគណបក្សទាំងពីរអាចបង្រួបបង្រួមគ្នាបាន ដែលការបង្រួបបង្រួមនេះធ្វើឡើងនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ហើយមេដឹកនាំនៃបក្សទាំងពីរសុទ្ធតែបានសច្ចាថា គេបានដាក់ប្រយោជន៍ផ្ទាល់ខ្លួននៅពីក្រោយខ្នង ហើយនាំគ្នាធ្វើអ្វីគ្រប់យ៉ាងដើម្បីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ៕
No comments:
Post a Comment
yes