ពលរដ្ឋមានបញ្ហាដីធ្លីចំនួន ៣ សហគមន៍ ជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋអាមេរិក
នារាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១២
តំណាងសហគមន៍ចំនួន ៣ គឺសហគមន៍បឹងកក់ សហគមន៍បុរីកីឡា និងសហគមន៍ភូមិថ្មគោល ដែលមានអ្នកចូលរួមប្រមាណ ៦០នាក់ យកញត្តិទៅដាក់ស្ថានទូតសហរដ្ឋអាមេរិក។
គោលបំណងនៃការដាក់ញត្តិនោះ ដើម្បីសុំឲ្យលោកប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងពេលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសកម្ពុជា ជួយធ្វើអន្តរាគមន៍ទៅរដ្ឋាភិបាល ដោះស្រាយបញ្ហាដីធ្លី និងសុំដោះលែងសកម្មជនដីធ្លីដែលតុលាការបានចាប់ដាក់គុក។
ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីនៅសហគមន៍៣ នៅកម្ពុជា បានស្វែងរកកិច្ចអន្តរាគមន៍ពីអ្នកដឹកនាំប្រទេសមហាអំណាចដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសកម្ពុជា។
តំណាងសហគមន៍ឲ្យដឹងនៅថ្ងៃទី៥ វិច្ឆិកា ថា ពួកគាត់បានខិតខំអស់លទ្ធភាពហើយ ដើម្បីរកកិច្ចអន្តរាគមន៍ពីសំណាក់មន្ត្រីរដ្ឋាភិបាល និងសង្គមស៊ីវិល ដើម្បីដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ តែមន្ត្រីទាំងនោះហាក់មានលទ្ធភាពតិចតួចក្នុងការដោះស្រាយលើបញ្ហាជូនពួកគាត់។
អ្នកស្រី បូវ សោភា តំណាងសហគមន៍មកពីតំបន់បឹងកក់ ឲ្យដឹងនៅថ្ងៃទី៥ វិច្ឆិកា ថា ការអញ្ជើញមកទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ក្នុងកិច្ចការប្រជុំអាស៊ាននៅប្រទេសកម្ពុជា នាពេលខាងមុខ វាជាពន្លឺនៃក្ដីសង្ឃឹមថ្មីមួយទៀតរបស់សហគមន៍រងគ្រោះ។ អ្នកស្រីជឿថា លោក បារ៉ាក់ អូបាម៉ា អាចនឹងជួយធ្វើកិច្ចអន្តរាគមន៍ទៅរដ្ឋាភិបាលដើម្បីជួយដោះស្រាយពីបញ្ហានេះ។
អ្នកស្រីអះអាងបន្តថា កន្លងមកអ្នកស្រីក៏ធ្លាប់យកញត្តិមកដាក់នៅស្ថានទូតសហរដ្ឋអាមេរិកនេះជាច្រើនលើកច្រើនសាដែរ ប៉ុន្តែក្រោយពីមន្ត្រីទូតបានទទួលញត្តិពួកគាត់ហើយ ពួកគាត់មិនដែលឃើញមន្ត្រីទូតទាំងនោះឆ្លើយតបមកសហគមន៍វិញឡើយ។ ដូច្នេះលើកនេះ អ្នកស្រីសង្ឃឹមថា មន្ត្រីទូតបានទទួលញត្តិពួកគាត់ និងបញ្ជូនញត្តិនេះដល់លោក បារ៉ាក់ អូបាម៉ា ជាមិនខាន។
អ្នកស្រី បូវ សោភា៖ «គិតថា មានតែលោក បារ៉ាក់ អូបាម៉ា ទេ គាត់មានសមត្ថភាពដោះស្រាយជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅតំបន់បឹងកក់ ព្រោះអីគាត់មានសមត្ថភាពទៅជួបនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីដោះស្រាយជម្លោះដីធ្លី បើសម្រាប់ពួកខ្ញុំជាប្រជាពលរដ្ឋ ដែលជាខ្មែរចង់ទៅជួបនាយករដ្ឋមន្ត្រី គឺពួកខ្ញុំគ្មានសមត្ថភាពនឹងទៅនោះទេ សូម្បីតែត្រឹមហ្នឹងមកដល់ត្រឹមស្ថានទូតអាមេរិក ពួកខ្ញុំពិបាកនឹងមកដល់ណាស់!»។
ខ្លឹមសារនៃញត្តិរបស់អ្នកភូមិបឹងកក់ ទាមទារលើ ៤ចំណុចសំខាន់ៗ រួមមានទី១ សុំឲ្យអាជ្ញាធរបោះព្រំប្រទល់ដី ១២.៤៤ហិកតារតាមអនុក្រឹត្យលេខ ៨៣ របស់រាជរដ្ឋាភិបាល ទី២ សូមដាក់បញ្ចូលគ្រួសារប្រជាពលរដ្ឋបឹងកក់ដែលរស់នៅក្រៅដី ១២.៤៤ហិកតារ អោយចូលទៅក្នុងតំបន់នោះដែរ។ ទី៣ ផ្ដល់ប្លង់កម្មសិទ្ធិដល់ពលរដ្ឋបឹងកក់ ដែលត្រូវសាលាក្រុងកាត់ចេញពីដី ១២.៤៤ហិកតារទាំងអស់ និងទី៤ សុំឲ្យតុលាការដោះលែងអ្នកស្រី យ៉ោម បុប្ផា ពីពន្ធនាគារ។
ខ្លឹមសារនៃញត្តិរបស់អ្នកភូមិបុរីកីឡា ទាមទារឲ្យដោះលែងអ្នកស្រី ទឹម សាក់មុន្នី និងសុំឲ្យក្រុមហ៊ុនផានអ៊ីម៉ិច សង់ផ្ទះចំនួន ២អាគារបន្ថែមទៀតតាមកិច្ចសន្យាដែលភាគីក្រុមហ៊ុនបានចុះកិច្ចសន្យាជាមួយសហគមន៍។
ដោយឡែកអ្នកភូមិថ្មគោល ស្ថិតនៅក្រោយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលត្រូវអាជ្ញាធរខណ្ឌជូនដំណឹងស្ដីពីការរុះរើផ្ទះសម្បែង កាលពីថ្ងៃទី២៥ កក្កដា ឆ្នាំ២០១២ ក៏បានយកញត្តិដាក់នៅស្ថានទូតសហរដ្ឋអាមេរិកដែរ។
តំណាងសហគមន៍ភូមិថ្មគោល អ្នកស្រី ច្រាយ នីម មានប្រសាសន៍ថា ពួកគាត់មិនប្រឆាំងនឹងការអភិវឌ្ឍដើម្បីពង្រីកអាកាសយានដ្ឋានរបស់រដ្ឋាភិបាលនោះឡើយ តែពួកគាត់គ្រាន់តែសុំឲ្យអាជ្ញាធរជួយផ្ដល់សំណងជូនពួកគាត់ឲ្យបានត្រឹមត្រូវទៅតាមច្បាប់៖ «ពួកខ្ញុំមិនអាចទទួលយកទេ ព្រោះពួកខ្ញុំទិញដីនេះ មិនមែនពួកខ្ញុំមកយកដីព្រលាន ឬដីរដ្ឋមករស់នៅនោះទេ អ៊ីចឹងមានគាត់ជាអ្នកស៊ីញេទទួលខុសត្រូវ អ៊ីចឹងសូមអាជ្ញាធរ សូមកុំឲ្យរំលោភសិទ្ធិរស់នៅ និងសិទ្ធិមនុស្ស»។
កាលពីថ្ងៃទី២៥ កក្កដា ២០១២ អាជ្ញាធរសុំឲ្យអ្នកភូមិថ្មគោល រើផ្ទះដែលស្ថិតនៅជាប់របងព្រលានយន្តហោះថយចម្ងាយ ៥ម៉ែត្រ ដើម្បីពង្រីកព្រលានយន្តហោះ។ អាជ្ញាធរសុំឲ្យម្ចាស់គេហដ្ឋាននីមួយៗ កុំទារសំណងជាថ្នូរនឹងផលប៉ះពាល់នៃការពង្រីកព្រលានយន្តហោះនោះ ដោយអាជ្ញាធរសំអាងថា រដ្ឋក្រ ពុំមានលទ្ធភាពផ្ដល់សំណងនោះទេ។
ទោះយ៉ាងណា គេសង្កេតឃើញថា ចំណាត់ការរបស់អាជ្ញាធរលើបញ្ហាដីធ្លី និងការបណ្ដេញពលរដ្ឋចេញពីលំនៅឋាន ដើម្បីយកដីទៅអភិវឌ្ឍផ្សេងៗ ពលរដ្ឋតែងក្រោកឡើងតវ៉ាប្រឆាំងនឹងដំណោះស្រាយនោះ៕
No comments:
Post a Comment
yes