ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុម័តគម្រោងអភិវឌ្ឍន៍ វារីអគ្គិសនីសេសាន ក្រោម២ ដែលមានតម្លៃជាង ៧៨១ លានដុល្លារអាមេរិក និងអាចផ្តល់អនុភាព ៤០០ មេហ្គាវ៉ាត់។
ការសម្រេចអនុម័ត លើការអភិវឌ្ឍន៍វារីអគ្គិសនីសេសាន ដែលស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែងនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី២ ខែវិចិ្ឆកានេះ ដោយសម្បទានជាមួយក្រុមហ៊ុន HYDRO POWER LOWER SESAN 2 Co., Ltd រយៈពេល ៤៥ឆ្នាំ ដែលក្នុងនោះរយៈពេល ៥ឆ្នាំសម្រាប់ធ្វើការសាងសង់ និងរយៈពេល ៤០ឆ្នាំ ធ្វើអាជីវកម្ម ។
ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា អាជ្ញាធរខេត្តស្ទឹងត្រែង និងស្ថាប័នពាក់ព័ន្ធ ត្រូវរៀបចំកំណត់ទីតាំង និងវាស់វែងដីធ្លីទុកចែកជូនប្រជាពលរដ្ឋដែលរងការប៉ះពាល់ ដោយក្នុងមួយគ្រួសារទទួលបានដី ៥ហិកតា និងឲ្យក្រុមហ៊ុនអាចជួយធ្វើការឈូសឆាយជូនប្រជាពលរដ្ឋសម្រាប់បង្កបង្កើនផល។
លោកក៏បានណែនាំឲ្យគណៈកម្មការអន្តរក្រសួង និងក្រុមហ៊ុនត្រូវសង់ផ្ទះជូនប្រជាពលរដ្ឋក្នុងស្តង់ដារតែមួយ គឺស្តង់ដារសម្រាប់មនុស្ស ៨នាក់រស់នៅ ឲ្យបានស្រេចទើបអនុញ្ញាតឲ្យប្រជាពលរដ្ឋផ្លាស់ទីលំនៅ ដោយក្រុមហ៊ុនជាអ្នកចេញសោហ៊ុយរុះរើ និងដឹកជញ្ជូន។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំ បានឲ្យដឹងថា គម្រោងវិនិយោគសាងសង់ស្ថានីយវារីអគ្គិសនី សេសានក្រោម ២ ត្រូវបានសិក្សាតាំងពីឆ្នាំ២០០៤ មកម្ល៉េះ លើផលចំណេញផង និងផលប៉ះពាល់ខាងបរិស្ថានរូបសាស្ត្រ បរិស្ថាន ជីវសាស្ត្រ បរិស្ថានសង្គម និងបានដាក់ចេញនូវដំណោះស្រាយ ដោយធានាឲ្យបាននូវសុខដុមនីយកម្ម រវាងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ក៏ដូចជាការវិនិយោគ សាងសង់ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម ២នេះ។
សេចក្តីប្រកាសបានបញ្ជាក់ថា ប្រទេសកម្ពុជានឹងទទួលបាននូវប្រភពអគ្គិសនីមួយដែលចេញពីធនធានធម្មជាតិក្នុងស្រុក កាត់បន្ថយការប្រើ ប្រាស់ប្រេង និងមានថ្លៃលក់ថេរក្នុងរយៈពេល ៤០ឆ្នាំ ដែលជួយធានានូវសន្តិសុខថាមពលធ្វើឲ្យ កម្ពុជាមានលទ្ធភាពអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ច បានឆាប់រហ័ស ជាពិសេស អាចផ្គត់ផ្គង់អគ្គិសនីដល់គ្រួសារប្រជាពលរដ្ឋតាមបណ្តោយបណ្តាញបញ្ជូន ភ្នំពេញ-កំពង់ចាម-ក្រចេះ-ស្ទឹងត្រែង ជាពិសេសទទួលចំណូលពន្ធសរុប ជាមធ្យមប្រមាណ ២៩.៥៩ លានដុល្លារអាមេរិក ក្នុង ១ឆ្នាំ។
No comments:
Post a Comment
yes