សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, November 5, 2012

អង្គការ​អន្តរជាតិ​អំពាវនាវ​ឲ្យ​ផ្អាក​អនុម័ត​សេចក្ដី​ប្រកាស​ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន


ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ចំនួន​៨ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ក្នុង​តំបន់​អាស៊ាន​ផ្អាក​ជា​បណ្ដោះ​អាសន្ន​ចំពោះ​ការ​អនុម័ត​លើ​សេចក្ដី​ប្រកាស​ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន ពីព្រោះ​ថា សេចក្ដី​ប្រកាស​នេះ​មិន​ទាន់​ធានា​លើ​ការ​ការពារ​សិទ្ធិ​មនុស្ស​ឲ្យ​បាន​ពេញ​លេញ និង​ស្រប​ទៅ​តាម​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ​នៅ​ឡើយ។
អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ចំនួន​៨ នោះ រួម​មាន​អង្គការ Human Rights Watch, Amnesty International, Freedom House និង​អង្គការ​មួយ​ចំនួន​ទៀត បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​មួយ នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ផ្ញើ​ទៅ​រដ្ឋាភិបាល​ជា​ប្រធាន​អាស៊ាន ទទូច​ឲ្យ​ផ្អាក​អនុម័ត​សេចក្ដី​ប្រកាស​ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន ដែល​សេចក្ដី​ប្រកាស​នេះ​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​កម្រិត​នៃ​ស្តង់​ដារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​នោះ​ទេ។ បញ្ហា​នេះ​នឹង​ក្លាយ​ទៅ​ជា​ភាព​ប្រថុយប្រថាន​ក្នុង​ការ​ការពារ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​តំបន់។ ម្យ៉ាង​ទៀត​នៅ​ក្នុង​មាត្រា​មួយ​ចំនួន​នៃ​សេចក្ដី​ប្រកាស​នេះ ហាក់​មិន​ទាន់​មាន​ស្ដង់ដារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​នោះ​ឡើយ ដោយ​ហេតុ​ថា សេចក្ដី​ប្រកាស​នេះ​គេ​បាន​កំណត់​នូវ​សន្តិសុខ​ជាតិ និង​សីលធម៌​សាធារណៈ។

ការ​សរសេរ​លិខិត​ទៅ​កាន់​រដ្ឋាភិបាល​ជា​មេដឹកនាំ​អាស៊ាន​របស់​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​នេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​ប្រធាន​ប្ដូរ​វេន​នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​អាស៊ាន បាន​ប្រកាស​កាល​ពី​ចុង​ខែ​តុលា ថា សេចក្ដី​ប្រកាស​នេះ​គេ​នឹង​អនុម័ត​នៅ​ចុង​ខែ​វិច្ឆិកា នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន។
ប្រធាន​ប្ដូរ​វេន​នៃ​គណៈកម្មការ​អន្តរ​រដ្ឋាភិបាល​សិទ្ធិមនុស្ស​អាស៊ាន និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​២៣ តុលា ថា សេចក្ដី​ប្រកាស​ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន នឹង​ត្រូវ​អនុម័ត​អោយ​​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​ក្នុង​កិច្ចប្រជុំ​ពេញ​អង្គ​អាស៊ាន​ក្នុង​ខែ​វិច្ឆិកា​នេះ។
លោក ឱម យ៉ិនទៀង បន្ត​ថា សេចក្ដី​ប្រកាស​ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន គឺ​ជា​ឯកសារ​ស្ដីពី​ឆន្ទៈ​នយោបាយ​ដែល​មិន​មែន​ជា​អត្ថបទ​ច្បាប់៖ «បើ​ជា​អត្ថបទ​ច្បាប់​និយាយ​ពី​បង្កើត​នេះ​បង្កើត​នោះ វិធានការ​ស្អីៗ ពាក់ព័ន្ធ​បញ្ហា​បទល្មើស​បញ្ហា​អី តែ​បើ​ជា​អត្ថបទ​នយោបាយ​វា​ជា​បង្ហាញ​នូវ​សុច្ឆន្ទៈ​របស់​ថ្នាក់​ដឹក​នាំ​ប្រទេស​ទាំង​១០។ អ្វី​ដែល​យើង​នឹង​សម្ពោធ​នៅ​ខែ​១១ ខាង​មុខ​នេះ វា​នឹង​បង្ហាញ​នូវ​អ្វី​ដែល​ប្រទេស​ទាំង ១០ បាន​ឯកភាព​គ្នា ហើយ​កុំ​បារម្ភ​ថា ប៉ុណ្ណឹង​វា​មិន​ទាន់​គ្រប់​គ្រាន់ យើង​នៅ​មាន​ពេល​ទៅ​មុខ​ទៀត។ យើង​នៅ​មាន​កិច្ចការ​ខ្លះ​យើង​ធ្វើ​ជា​អនុ​សញ្ញា មិនមែន​ជា​សេចក្ដី​ថ្លែងការណ៍​ទេ។ សេចក្ដី​ថ្លែងការណ៍​​គឺ​មិន​មែន​ជា​ច្បាប់»។
ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី អគ្គលេខាធិការ​នៃ​អ្នក​ជំនាញ​ផ្នែក​ច្បាប់​នៃ​គណៈកម្មការ​អន្តរជាតិ លោក វីលឌើ តៃល័រ (Wilder Tayler) មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដដែល​ថា សេចក្ដី​ប្រកាស​នេះ​វា​ផ្ទុយ​ទៅ​នឹង​សេចក្ដី​ប្រកាស​ជា​សាកល​ស្ដីពី​សិទ្ធិ​មនុស្ស ដែល​រដ្ឋ​ជា​ភាគី​ហត្ថលេខី​ទាំង​អស់​បាន​ទទួល​ស្គាល់​នៅ​ឆ្នាំ​១៩៤៨។ លោក​បញ្ជាក់​ថា ប្រទេស​ដែល​ជា​សមាជិក​សហគមន៍​អាស៊ាន ក៏​បាន​ទទួល​ស្គាល់​ដែរ​នៅ​ឆ្នាំ​១៩៩៣។
ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត មាន​​ប្រសាសន៍​ថា ការ​ព្រួយ​បារម្ភ​អំពី​សេចក្ដី​ប្រកាស​នេះ​នៅ​ត្រង់​ថា ប្រទេស​ក្នុង​តំបន់​អាស៊ាន មាន​ប្រទេស​ខ្លះ​ប្រកាន់​នូវ​របប​លទ្ធិប្រជាធិបតេយ្យ និង​ប្រទេស​ខ្លះ​ប្រកាន់​របប​កុម្មុយនិស្ត ដូច្នេះ​សេចក្ដី​ប្រកាស​ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន គេ​ធ្វើ​ឡើង​តម្រូវ​ទៅ​តាម​ប្រទេស​ប្រកាន់​យក​របប​ទាំង​ពីរ កត្តា​នេះ​ហើយ​ដែល​គេ​មើល​ឃើញ​ថា សេចក្ដី​ប្រកាស​នេះ​មិន​ទាន់​ស្រប​ទៅ​តាម​ស្តង់ដារ ឬ​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ​នៅ​ឡើយ​នោះ។
លោក អំ សំអាត បាន​បញ្ជាក់​ទៀត​ថា សេចក្ដី​ប្រកាស​ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន​នេះ មាន​សារសំខាន់ និង​ជា​គោលការណ៍​គ្រឹះ​មួយ​សម្រាប់​គោលការណ៍​គោរព​សិទ្ធិ​មនុស្ស។ លោក​បញ្ជាក់​ថា បើ​សិន​ជា​គេ​អនុម័ត​សេចក្ដី​ប្រកាស​នេះ​ដោយ​មិន​បាន​ពិនិត្យ និង​កែប្រែ​ឲ្យ​បាន​ល្អិតល្អន់​ទេ នឹង​មាន​បញ្ហា​កើត​ឡើង​នៅ​ថ្ងៃ​អនាគត។
អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី បាន​ពន្យល់​ថា លោក​ឯកភាព​ទៅ​នឹង​ការ​ទទួច​ឲ្យ​ផ្អាក​អនុម័ត​សេចក្ដី​ប្រកាស​ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន​ជា​បណ្ដោះអាសន្ន ពីព្រោះ​ថា សេចក្ដី​ប្រកាស​នេះ​គេ​ធ្វើ​ឡើង​លាក់លៀម ដោយ​មិន​ឲ្យ​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​ចូល​រួម​ក្នុង​ការ​ធ្វើ​សេចក្ដី​ព្រាង​នោះ​ទេ។
លោក កែម ឡី បាន​ពន្យល់​បន្ថែម​ថា ប្រសិន​បើ​សេចក្ដី​ប្រកាស​ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន​ល្អ វា​ជា​ការ​ជួយ​ជំរុញ​ឲ្យ​ប្រទេស​ក្នុង​តំបន់ ដែល​រំលោភ​សិទ្ធិ​មនុស្ស​នោះ ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​ធ្វើ​ឲ្យ​មាន​ការ​កែប្រែ​ច្បាប់ ឬ​ធ្វើ​វិសោធនកម្ម​ច្បាប់​នៅ​ក្នុង​ស្រុក​បាន​ជា​ដើម។
អាស៊ាន​ត្រូវ​បាន​គេ​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៦៧ ក្នុង​ទិសដៅ​រក្សា​សន្តិភាព សន្តិសុខ​ក្នុង​តំបន់ ដែល​កាល​ណោះ​គេ​មិន​ទាន់​បាន​និយាយ​ពី​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​នៅ​ឡើយ។ គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​អាស៊ាន បាន​បង្កើត​ឡើង​នៅ​ក្នុង​ខែ​តុលា ឆ្នាំ​២០០៩។ ក្នុង​រយៈពេល ៣​ឆ្នាំ​កន្លង​ទៅ គណៈកម្មាធិការ​នេះ​បាន​បំពេញ​ការងារ​សម្រប​សម្រួល​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០ ក្នុង​ការ​រក​ចំណុច​រួម ដើម្បី​បង្កើត​អោយ​បាន​សេចក្ដី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន ដែល​គេ​ជឿ​ជាក់​ថា គឺ​ជា​ជំហាន​ក្នុង​ការ​ជំរុញ​ការ​គោរព​សិទ្ធិ​មនុស្ស​ក្នុង​តំបន់៕

No comments:

Post a Comment

yes