០៧-កុម្ភៈ-២០១១: រថយន្តយោធាដឹកជញ្ជូនប្រជាពលរដ្ឋជម្លៀស
ខ្លួនចេញពីភូមិស្រអែម ឃុំកន្ទួត ស្រុកជាំក្សាន្ត ទៅកាន់ភូមិថ្នល់បំបែក
ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងកងទ័ពខ្មែរ-ថៃ
កាលពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១១
ពលរដ្ឋ និងអ្នកនយោបាយតែងតែគិតពីបញ្ហាព្រំប្រទល់ដែនរវាងប្រទេសជិតខាងគ្នា គឺជារឿងសំខាន់ និងជាអាយុជីវិតរបស់ប្រទេសជាតិ។ ប្រទេសកម្ពុជា ធ្លាប់មានជម្លោះបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ទាំងប៉ែកខាងកើត និងប៉ែកខាងលិច រហូតដល់មានសង្គ្រាមបង្ហូរឈាមដាក់គ្នាទៀតផង។
ទាក់ទងនឹងរឿងរ៉ាវប្រវត្តិសាស្ត្រពីបញ្ហាព្រំដែននេះដែរ ត្រូវបានអ្នកវិភាគចាត់ទុកថា ជារឿងជម្លោះប្រវត្តិសាស្ត្រដែលមានភាពរ៉ាំរ៉ៃ ដែលបានបន្សល់ទុកពីអតីតកាលមក។ បញ្ហានេះអ្នកវិភាគបានជំរុញឲ្យអ្នកដឹកនាំប្រទេសគិតពីការអភិវឌ្ឍប្រទេសនៅពេលបច្ចុប្បន្នវិញប្រសើរជាង។
ការអភិវឌ្ឍប្រទេស គឺជាតម្រូវការចាំបាច់សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ទាំងនៅតំបន់នៅតាមព្រំប្រទល់ដែន និងតាមទីប្រជុំជនផ្សេងៗទៀត។ ប៉ុន្តែបញ្ហានេះ នៅតាមតំបន់ជាប់ព្រំដែន រដ្ឋាភិបាលពុំទាន់បានធ្វើការអភិវឌ្ឍបានច្រើនដូចនៅទីប្រជុំជននៅឡើយទេ។
ក្រុមអ្នកវិភាគបានលើកឡើងថា នៅក្នុងបរិបទកម្ពុជា បច្ចុប្បន្ននេះ រដ្ឋាភិបាលគួរតែយកបញ្ហាជម្លោះព្រំដែនដាក់មួយឡែក និងគិតគូរពីការអភិវឌ្ឍ និងចងសម្ព័ន្ធភាពរវាងប្រទេសជិតខាងដែលជាសមាជិកនៃសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍នោះ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ មានទស្សនៈថា នៅក្នុងកាលៈទេសៈនេះ វាហួសពេលទៅហើយចំពោះការចង់ឲ្យមានការទាមទារទឹកដីខ្មែរកម្ពុជាក្រោម និងកោះត្រល់របស់ខ្មែរ ដែលបានបាត់បង់នោះមកវិញ។ លោកអះអាងថា អ្វីដែលជាបញ្ហាសំខាន់នោះ គឺធ្វើយ៉ាងណាកុំឲ្យមានភាពមិនចុះសម្រុងនឹងគ្នារវាងប្រទេសជិតខាង ហើយរដ្ឋាភិបាលខ្មែរត្រូវការអភិវឌ្ឍប្រសើរជាងការទាមទាររឿងព្រំដែន។
លោកបណ្ឌិត ឡៅ ម៉ុងហៃ៖ «រឿងព្រំប្រទល់ដែន រឿងអីនេះ ខ្ញុំមានទស្សនៈមួយប្រហែលជាខុសប្លែកពីគេ។ រឿងកោះត្រល់ បើតាមខ្ញុំដឹង វាចប់សព្វគ្រប់អស់ហើយ រឿងកម្ពុជាក្រោម វាចប់សព្វគ្រប់អស់ហើយ។ តាមខ្ញុំដឹង គឺអារឿងព្រំប្រទល់ដែនរឿងអីហ្នឹង គឺរឿងកោះត្រល់ រឿងអីហ្នឹង ហើយនិងកម្ពុជាក្រោមហ្នឹង យើងឈឺក្បាលវិលមុខ ចំណាយពេលវេលាចំណាយខួរក្បាលយើងហ្នឹងច្រើនណាស់។ បើខ្ញុំយកឧទាហរណ៍ដូចប្រទេសមួយ ប្រទេសតូចទេ ប្រទេសដាណឺម៉ាក គេបាត់ខេត្តគេពីរ មុនសង្គ្រាមលោកលើកទី១ រួចនៅតែរអ៊ូរទាំៗហើយទាមទារហើយទាមទារទៀត ប៉ុន្តែម្ដងនោះថា ឈប់ទៅចំណាយពេលយូរហើយ អត់បានការទេ ចំណាយពេលវេលាច្រើនតប់ប្រមល់អត់អំពើទេ អ្វីដែលនៅសល់ហ្នឹង គឺអភិវឌ្ឍន៍ទៅ។ មានអីដល់គេអភិវឌ្ឍទៅ ដីគេអត់សូវមានអីផងទេ ឥឡូវគេមានប្រជាពលរដ្ឋ ៥លាននាក់។ គេផ្ដល់ជំនួយឲ្យយើងហ្នឹងមិនតិចជាង ៥លានទេមួយឆ្នាំៗ។ នេះទស្សនៈខ្ញុំ ហើយយកឧទាហរណ៍ហ្នឹងមក គឺឈប់ខ្វល់ខ្វាយទៀតទៅ គឺរៀបចំមិត្តភាព ហើយបោះបង្គោលឲ្យស្រួលបួលទៅចប់សព្វគ្រប់ទៅ រឿងជាមួយប្រទេសជិតខាងឈប់ទៀតទៅ។ យើងមិត្តភាពជាមួយគ្នាទៅ យើងចូលអាស៊ានជាមួយគ្នាទៅ ខ្ញុំថាប្រហែលជាចំណេញទាំងអស់គ្នាឈ្នះៗទាំងអស់គ្នាទៅវិញទៅមក»។
ទោះបីជាយ៉ាងនេះក្ដី លោកបណ្ឌិត ឡៅ ម៉ុងហៃ បានបញ្ជាក់ថា ប្រទេសកម្ពុជា មិនទាន់ធានាបាននូវឯករាជ្យ និងអធិបតីភាពទឹកដីរបស់ខ្លួនបាននៅឡើយ ដែលស្នាព្រះហស្តរបស់អតីតព្រះមហាក្សត្រដែលបានទាមទារពីប្រទេសបារាំង ឆ្នាំ១៩៥៣ នោះ។ ពិសេសទៅទៀត លោកបណ្ឌិត ឡៅ ម៉ុងហៃ បានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជា ត្រូវបានធានាដោយអង្គការសហប្រជាជាតិនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១។ កិច្ចព្រមព្រៀងនេះ បាននាំឲ្យកម្ពុជា មានប្រព័ន្ធបោះឆ្នោតបែបប្រជាធិបតេយ្យ សន្តិភាព ការឯកភាព និងបង្រួបបង្រួមជាតិ ព្រមទាំងសេដ្ឋកិច្ចទីផ្សារសេរី សម្រាប់លើកតម្កើងជីវភាពប្រជាពលរដ្ឋខ្មែរ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ៖ «ខ្ញុំមិនទាន់បានបញ្ជាក់ពីរឿងការធានា អធិបតីភាព បូរណភាពទឹកដី ឯករាជ្យភាព អព្យាក្រឹតភាព ឯកភាពជាតិពីសំណាក់ប្រទេសជិតខាង ដែលជាប្រទេសហត្ថលេខីពីសំណាក់ប្រទេសដែលមានអំណាចខ្លាំងដែរ ដូចជាកាណាដា ឥណ្ឌា អូស្ត្រាលី ជប៉ុន ហើយនិង ពិសេសក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ តាមពិត ប្រទេសកម្ពុជា យើងហ្នឹង គឺអង្គការសហប្រជាជាតិ ធានាតែម្ដងហើយគេមានយន្តការទៀត បើសិនជាមានការរំលោភកិច្ចព្រមព្រៀងនេះពីភាគីណាក៏ដោយ ដូចជារឿងថៃអ៊ីចឹង យើងអាចលើក គឺថាគេមានយន្តការគេស្រាប់ ដោះស្រាយការរំលោភហ្នឹង»។
បញ្ហាជម្លោះព្រំដែនខ្មែរថៃ នៅមិនទាន់ដាច់ស្រេចនៅឡើយ។ បញ្ហាព្រំដែនកម្ពុជា-ថៃ ភាគីទាំងពីរមានជម្លោះនឹងគ្នាតាំងពីឆ្នាំ២០០៨ មក នៅតំបន់ប្រាសាទព្រះវិហារ ដែលធ្វើឲ្យទាហានទាំងសងខាងបានស្លាប់ដោយសារតែផ្ទុះអាវុធ។ រហូតដល់ភាគីកម្ពុជា បានដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិ អាយស៊ីជេ (ICJ) ដើម្បីឲ្យដោះស្រាយបញ្ហានេះ។ ប៉ុន្តែបន្ទាប់ពីប្អូនស្រីអតីតលោកនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន បានជាប់ឆ្នោតធ្វើជានាយករដ្ឋមន្ត្រីមកនោះ បញ្ហាព្រំដែនកម្ពុជា-ថៃ ក៏បានស្ងប់ស្ងាត់ទៅវិញ។
ប៉ុន្តែ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី បានយល់ឃើញថា បញ្ហាព្រំដែន គឺជាបញ្ហាប្រវត្តិសាស្ត្រសំខាន់មួយរបស់ប្រទេសកម្ពុជា ដែលមេដឹកនាំគ្រប់ជំនាន់មិនអាចបំភ្លេចបាន ពីព្រោះវាជាបញ្ហាបូរណភាពទឹកដី និងអធិបតីភាពរបស់ប្រទេសមួយ។ បើមិនដូច្នេះទេ នឹងនៅតែមានមហិច្ឆតាឈ្លានពានចូលមកទឹកដីកម្ពុជាទៀត។ យ៉ាងណាក៏ដោយ លោកក៏បានឯកភាពចំពោះការអភិវឌ្ឍប្រទេសជាបញ្ហាចាំបាច់ ទន្ទឹមនឹងកម្ពុជា មិនអាចបំភ្លេចព្រំដែនបាន។
លោក កែម ឡី៖ «អ៊ីចឹងហើយបានជាយើងខំប្រឹងគាស់កកាយអាចាស់នោះ ដើម្បីកុំឲ្យគេមានមហិច្ឆតាអាថ្មីៗបន្តនេះ។ ជារួម យើងមិនមានជម្លោះអីទេ សម័យបច្ចុប្បន្ននេះ កាលណាមានជម្លោះវាខាតទាំងអស់គ្នា។ ក៏ប៉ុន្តែ ប្រសិនបើយើងប្រើក្របខ័ណ្ឌច្បាប់ឲ្យបានច្រើន ប្រើយុទ្ធសាស្ត្រច្បាប់ឲ្យបានច្រើន ប្រើកិច្ចព្រមព្រៀងឲ្យបានច្រើន យើងមានប្រៀបណាស់។ ពីព្រោះយើងមានប្រវត្តិសាស្ត្រ យើងមានកត្តាភូមិសាស្ត្រ យើងមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ អ៊ីចឹងយើងមានប្រៀបលើកលែងតែយើងមិនចង់ប្រើទេ បើយើងប្រើដឹងតែឈ្នះហើយ»។
រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការងារព្រំដែន គឺជារឿងមួយដ៏សំខាន់ទាក់ទងទៅនឹងសន្តិសុខជាតិ និងទំនាក់ទំនងល្អរវាងប្រជាជាតិមួយទៅប្រជាជាតិមួយ បញ្ហានេះមិនអាចយកមកធ្វើជារឿងនយោបាយបានទេ។ ហើយកិច្ចការព្រំដែន គឺជាកិច្ចការអន្តរជាតិ ដែលឈរទៅលើគតិច្បាប់ត្រឹមត្រូវ។
លោក ផៃ ស៊ីផាន៖ «យើងឃើញនយោបាយមួយដល់កម្រិតមួយដែលគេទទួលស្គាល់ថា យើងជាប្រជាជាតិខ្មែរ។ យើងមានអធិបតេយ្យ ហើយនឹងឯករាជ្យក្នុងការធ្វើកិច្ចការនយោបាយក្រៅប្រទេស ដែលឈរទៅលើការដោះស្រាយទៅតាមសន្តិសហវិជ្ជមាន ឈរលើនយោបាយមួយដោះស្រាយដោយសន្តិវិធី ហើយឯករាជ្យ អព្យាក្រឹត្យ គោលការណ៍ទាំងអស់នេះ វាឆ្លើយដូចគ្នាប៉ះដាស់ជាមួយនឹងគោលការណ៍របស់សហគមន៍អាស៊ាន»។
បញ្ហាជម្លោះព្រំប្រទល់ដែនគោក និងព្រំដែនទឹក ជាមួយប្រទេសជិតខាងនោះ ដើម្បីជៀសវាងបញ្ហាកើតមាននៅពេលក្រោយ មានតែតុលាការអន្តរជាតិ និងការកោះប្រជុំសន្និសីទទីក្រុងប៉ារីស ប៉ុណ្ណោះ ដែលអាចធានាបានយូរអង្វែង។
លោកបណ្ឌិត ឡៅ ម៉ុងហៃ៖ «រឿងទឹកដីរឿងអីទាំងអស់នេះ បើថាជជែកមិនដាច់ស្រេចគ្នា កាលណាទៅតុលាការហើយ បើថាយើងចាញ់គេឲ្យបាត់ចុះ ក៏ប៉ុន្តែតុលាការអន្តរជាតិ គឺអានៅសល់ប៉ុន្មានហ្នឹងហើយ អាហ្នឹងវាអន្តរជាតិ។ ហើយម៉្យាងទៀត រឿងទឹកដីហ្នឹងណា បើសិនជាយើងចរចាអីបានស្រួលបួល ដូចសម្ដេចតេជោ ដែលគាត់ខំប្រឹងប្រែងឲ្យមាំទាំទៅអនាគត ត្រូវកោះប្រជុំសន្និសីទទីក្រុងប៉ារីស ដែលឈរលើមូលដ្ឋានកិច្ចព្រមព្រៀងទីក្រុង ដើម្បីឲ្យគេដឹងឮថា ឥឡូវនេះព្រំប្រទល់ដែនយើងនៅត្រង់ណាៗ ឲ្យគេធានា ឈរលើមូលដ្ឋាន គោរព ធានាបូរណភាពទឹកដីរបស់ប្រទេសកម្ពុជា ឲ្យច្បាស់លាស់ អាហ្នឹងគឺរឹងមាំរហូតទាល់តែឆេះកាល»។
ជម្លោះព្រំដែនរវាងកម្ពុជា និងប្រទេសជិតខាង គណបក្សប្រឆាំងតែងតែចោទប្រកាន់លើរដ្ឋាភិបាលជាបន្តបន្ទាប់ថា ការបោះបង្គោលព្រំដែនរវាងប្រទេសវៀតណាម នោះ បានធ្វើឲ្យភាគីកម្ពុជា ខាតបង់ទឹកដី ទោះបីជាប្រមុខរដ្ឋាភិបាលបានព្យាយាមបំភ្លឺនៅក្នុងរដ្ឋសភាក៏ដោយ។
យ៉ាងនេះក្ដី ក្រុមអ្នកវិភាគបានលើកឡើងថា ការអភិវឌ្ឍប្រទេស ជាពិសេសនៅតំបន់ព្រំប្រទល់ដែន រួមមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀនជាដើម គឺរដ្ឋាភិបាលនៅមិនទាន់បានធ្វើការអភិវឌ្ឍបានច្រើននៅឡើយ៕
No comments:
Post a Comment
yes