សត្វខ្យងមាសកំពុងពង
ព័ត៌មានស្ដីពីសត្វខ្យងចម្លែកស៊ីបំផ្លាញស្រូវអ្នកស្រុកខេត្តព្រៃវែង បានធ្វើឲ្យលោកនាយករដ្ឋមន្ត្រីព្រួយបារម្ភយ៉ាងខ្លាំង ដោយខ្លាចការស៊ីបំផ្លាញស្រូវរបស់ខ្យងនេះ ប៉ះពាល់ដល់ផែនជាតិការនាំអង្ករចេញ។
លោកនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២ វិច្ឆិកា បានបញ្ជាឲ្យលោករដ្ឋមន្ត្រីកសិកម្ម កេណ្ឌគ្នាបើកយុទ្ធនាការកម្ចាត់សត្វខ្យងនេះជាបន្ទាន់។ មន្ត្រីជំនាញកសិកម្មអះអាងថា ករណីខ្យងចម្លែកស៊ីស្រូវនេះ កសិករភាគច្រើនទាន់មិនបានយល់ដឹងនៅឡើយទេ ហើយពួកគេគួរស្វែងយល់ឲ្យបានមុនស្រូវគាត់ត្រូវបំផ្លាញដោយសត្វខ្យងនេះ។
កសិករជាច្រើនភូមិនៅឃុំពពឺស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាំគ្នាភ្ញាក់ផ្អើលនៅពេលដែលដឹងថា មានខ្យងស៊ីបំផ្លាញស្រូវគាត់អស់រាប់ហិកតារក្នុងរយៈពេលខ្លី។ ពួកគាត់ឆ្ងល់ថា តាំងពីដូនតាមកគេមិនដែលឮថា ខ្យងស៊ីបំផ្លាញស្រូវទេ ទើបតែពេលនេះមានកើតឡើងរឿងនេះ។
លោក ពា ហោ គ្រួសារកសិករមួយរូបនៅភូមិខ្ចោត ឃុំពពឺស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ លោកមានប្រសាសន៍ថា ច្រើនថ្ងៃមកហើយ ខ្យងបានស៊ីបំផ្លាញស្រូវជាច្រើនភូមិរាប់ហិកតារក្នុងមួយយប់ៗ ក៏ប៉ុន្តែកសិករមិនដឹង ដោយនឹកស្មានថា ស្រូវមិនឃើញដុះល្អកន្លងមក គឺដោយសារពូជស្រូវមិនល្អ។
លោកថា ក្រោយមកទើបដឹងថា សំណាបនិងសន្ទូងពួកគាត់ត្រូវខ្យងស៊ីបំផ្លាញ៖ «ហ្នឹងហើយអត់ដឹងដែរ ចេះព្រោះៗចេះតែពាយៗទៅ ស្មានវាមិនដុះ ដូចថាទឹកជ្រោះវាមិនដុះ ដល់ក្រោយមកបានដឹងថា អូរ! មកពីខ្យងស៊ីហើយអាហ្នឹង! ស្រែណាទើបព្រោះបូមទឹកអត់ទាន់ស៊ីចង់ទាំងអស់ ត្រឹមមួយហិកតារស៊ីអស់តែម្ដង បើបូមទឹកទាន់នៅគោកអត់អីទេ»។
លោកបន្តថា ខ្យងនោះស៊ីតែស្រូវខ្ចីៗ ហើយស៊ីស្រែណាដែលមានទឹកទេដក់ ឬស្រែជម្រៅ ចំពោះស្រែគោកមិនស៊ីទេ៖ «កូនវាធ្វើ ឥឡូវខ្យងស៊ីអស់ជាងមួយហិកតារដែរ ព្រោះមួយសាស៊ីអស់មួយសា ឥឡូវព្រោះមួយសាទៀត។ ស៊ីអស់ជាងមួយហិកតារទៅ ដល់នេះទៅភ្ជួររាស់ព្រោះមួយសាទៀត។ ដល់ព្រោះមួយសាទៀត ឥឡូវកំពុងបូមទឹកចេញ ទឹកវាភ្លៀងពេកនោះ មិនដឹងបូមទាន់ ឬមិនទាន់...»។
លោក ព្រាប វិសោរទោ អនុប្រធាននាយកដ្ឋានការពារដំណាំអនាម័យនៃក្រសួងកសិកម្ម។ លោកឲ្យដឹងថា សត្វខ្យងស៊ីបំផ្លាញស្រូវនោះជាខ្យងនាំចូលពីបរទេស ឈ្មោះថា ខ្យងមាស ព្រោះវាមានពណ៌ដូចមាស ហើយពងវាមានពណ៌ផ្កាឈូក ខុសខ្យងស្រុកដែលមានពណ៌ស្លែ ពងពណ៌ស។
លោកថា ខ្យងនេះស៊ីស្រូវមិនចេះឆ្អែត ហើយបង្កើតកូនពូនជាចៅបានយ៉ាងច្រើនក្នុងរយៈពេលយ៉ាងខ្លី៖ «ភាសាសាមញ្ញយើងថា ខ្យងមាសស៊ីស្រូវ។ ប៉ុន្តែខ្យងហ្នឹងវាបង្កើតកូនចៅលឿនណាស់ តែមួយគូក្នុងមួយខែវាពងបាន ១.២០០ពង តែមួយគូទេណា។ ដូច្នេះរយៈពេលមួយឆ្នាំមកទល់ពេលនេះ បើសិនអត់មានអីកម្ចាត់វាអាចកើតឡើងច្រើនតែម្ដង»។
លោកថា កាលពីចុងសប្ដាហ៍កន្លងទៅនេះ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម ច័ន្ទ សារុន រួមទាំងមន្ត្រីជំនាញបានចុះទៅពិនិត្យតំបន់នោះ ហើយបានប្រមូលកម្លាំងប្រហែល ១០០នាក់ កម្ចាត់សត្វខ្យងនោះ។
ចំពោះវិធានការកម្ចាត់សត្វខ្យងមាសនេះលោក ព្រាប វិសោរទោ បញ្ជាក់ថា ក្រសួងកសិកម្មបានហាមប្រើថ្នាំបំពុល ព្រោះខ្លាចប៉ះពាល់បរិស្ថាន ហើយណែនាំឲ្យកសិករប្រើវិធីងាយៗ ដូចជាដើររើសខ្យងនោះចេញពីស្រែដោយដៃ និងកម្ទេចពងវា ឬក៏ជំនួសនឹងការដើរប្រមូលតាមស្រែ។
លោកថា កសិករមានវិធីមួយទៀតដែលងាយប្រមូល គឺកសិករអាចដាក់ចំណីផ្សេងទៀត ដែលអាចទាក់ទាញខ្យងមាសឲ្យមកស៊ីដូចជាត្នោតទុំ ឬរុក្ខជាតិហូបផ្លែដាក់រាយនៅក្នុងស្រែ ហើយចាំប្រមូលយកតែម្ដងក៏បាន ឬក៏យកមែកឈើមែក ឫស្សី ដោតនៅក្នុងស្រែ ដើម្បីឲ្យខ្យងឡើងពង រួចចាំប្រមូលយកទៅកម្ទេចចោលក៏បាន។ ចំពោះវិធីកម្ទេចពងខ្យងមាសនេះ លោកថា ងាយបំផុតគឺគ្រាន់តែដាក់ចូលទៅក្នុងទឹកវាងាប់ស្រេច។
ឯកសារក្រសួងកសិកម្មស្ដីអំពីសត្វខ្យងមាសនេះ បានបង្ហាញថា នៅពេលខ្យងមាសវាចេញពីស្រះ បឹង ដែលគេចិញ្ចឹមស្ដុកទុក ក៏បានក្លាយទៅជាសត្វចង្រៃ ស៊ីបំផ្លាញស្រូវខូចខាតយ៉ាងធ្ងន់ធ្ងរនៅប្រទេសហ្វីលីពីន និងប្រទេសថៃ ហើយកំពុងរាតត្បាតស្រូវនៅប្រទេសឡាវ និងវៀតណាម។
ឯកសារដដែលសរសេរថា ខ្យងមាសអាចរស់នៅយ៉ាងយូររហូតដល់ ៦ឆ្នាំ។ ដំណាក់កាលបំផ្លាញខ្លាំង គឺនៅពេលខ្លួនវាទំហំប៉ុនគ្រាប់ពោតទៅប៉ុនគ្រាប់ប៉េងប៉ុង។ ខ្យងមាសស៊ីសន្ទូងថ្មីៗ និងបំផ្លាញយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីស្ទូងស្ទូងហើយលើស ១៥ថ្ងៃ និងសំណាបសាប ហើយបាន ៤ ទៅ ៣០ថ្ងៃ។ វាកាត់ផ្ដាច់ស៊ីស្លឹក និងដើមស្រូវខ្ចីៗឲ្យបណ្ដែតលើផ្ទៃទឹកនៅក្នុងតែមួយយប់ វាអាចបំផ្លាញសំណាបខ្ចីទើបដុះនៅក្នុងស្រែទាំងមូលឲ្យរាបស្មើបាន ហើយខ្យងមាសស៊ីចំណីមិនចេះឆ្អែត។
បន្ថែមលើនេះ លោក ព្រាប វិសោរទោ ដែលបានស្រាវជ្រាវរឿងខ្ចងមានចង្រៃនេះបញ្ជាក់ថា ដើមឡើយសត្វខ្យងមាសនេះមាននៅតំបន់អាមេរិកឡាទីន។ ក្រោយមកដោយសារខ្យងមាសជាអាហារមានរស់ជាតិឆ្ងាញ់បង្គួរ ក៏ត្រូវបានគេនាំចូលមកប្រទេសហ្វីលីពីន និងប្រទេសតៃវ៉ាន់ ធ្វើជាម្ហូបអាហារតាមហាង និងតាមផ្ទះ។
ចំពោះប្រទេសកម្ពុជាវិញ លោកថា ខ្យងមាសមានវត្តមានតាំងពីទសវត្សឆ្នាំ១៩៩០ ជាងមកម្ល៉េះ ដោយគេនាំចូលក្រៅផ្លូវការពីប្រទេសជិតខាងមកធ្វើម្ហូប និងធ្វើជាចំណីទា ហើយសព្វថ្ងៃនេះ ដោយសារខ្យងមាសបានវាររួចចេញពីស្រះចិញ្ចឹមទុកកន្លងមកបន្តិចម្ដងៗ បានរស់នៅស្ទើរគ្រប់កន្លែងទូទាំងប្រទេស គ្រាន់តែតិច ឬច្រើនដោយតំបន់។
លោក ព្រាប វិសោរទោ បន្ថែមថា ខ្យងមាសបានស៊ីបំផ្លាញស្រូវនៅខេត្តកំពត និងខេត្តកណ្ដាល រួចមកហើយកាលពីឆ្នាំ២០០៦ និងឆ្នាំ២០០៧។ លោកថា ខ្យងមាសមានមានជីវិតរស់យូរ ធន់នឹងធម្មជាតិ អាចក្រាំងបានពេលរដូវប្រាំង។
ចំពោះខ្យងមាសស៊ីបំផ្លាញស្រូវនៅខេត្តព្រៃវែង ឆ្នាំនេះ ប្រភពកសិករ និងមន្ត្រីកសិកម្មខេត្ត ឲ្យដឹងថា ខ្យងមាសដែលបំផ្លាញស្រូវនៅក្នុងឃុំពពឺស ស្រុកស្វាយអន្ទរ បានរសាត់អណ្ដែតតាមទឹកជំនន់មកពីតំបន់ជិតខាង កាលពីឆ្នាំទៅមិញ ហើយខ្យងមាសបានពងនៅតាមដើមស្រូវ ឬស្មៅ និងតាមរុក្ខជាតិវាលស្រែ ដែលដុំផុតពីកម្ពស់ទឹកស៊ីបំផ្លាញ ស្រូវនៅទីនោះ។ ទោះយ៉ាងណា ក្រុមមន្ត្រីកសិកម្មអះអាងថា ការខូចខាតស្រូវនោះមិនធ្ងន់ធ្ងរទេ ព្រោះបានចាត់វិធានការបានទាន់ពេល៕
No comments:
Post a Comment
yes