សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 8, 2012

ព្រះ​រាជ​សមិទ្ធផល​ដ៏​ធំ​ធេង​ជាង​គេ​របស់​សម្តេច​ឪ

121108_02
សម្តេចឪ នរោត្តម សីហនុ កាល​ពី​ព្រះ​អង្គ​នៅ​មាន​ព្រះ​ជន្ម​​
ជា​ទូទៅ​ព្រះ​ អង្គ​ម្ចាស់​ថ្មី​ ដែល​ទើប​តែ​ទទួល​អំណាច​មក​គ្រប់​គ្រង​បុរី ទោះ​បី​តាម​វិធីសាស្រ្ត​ណា​ក៏​ដោយ តោង​ត្រូវ​ស្តាប់​មតិ​របស់​ក្រុម​អ្នក​ប្រាជ្ញ។
បន្ទាប់​ពី​បាន​សិក្សា​ យ៉ាង​ល្អិត​ល្អន់ ពី​មូល​ហេតុ ដែល​នាំ​មក​នូវ​ជ័យ​ជម្នះ និង​បរាជ័យ របស់​អ្នក​ដឹក​នាំ​ល្បី​ល្បាញ​មួយ​ចំនួន​តាំង​ពី​សម័យ​បុរាណ​ក្រិក រហូត​មក​ដល់​សតវត្សរ៍ទី ១៦ នៅ​បុរី ហ្វ្លរ៉ង់​(Florence)លោក ម៉ាក គី​យ៉ាវែលី (Machiavelli) ជឿ​ថា​ គាត់​មាន​មតិ​ទាំង​នោះ សម្រាប់​ព្រះ​អង្គ​ម្ចាស់​ថ្មី។ នៅ​ក្នុង​សៀវភៅ​ដ៏​ល្បីល្បាញ​របស់​គាត់​ឈ្មោះ​ថា «ព្រះ​អង្គ​ម្ចាស់​» (The Prince) អ្នក​ប្រាជ្ញ​ជាតិ អ៊ីតាលី​រូប​នេះ បាន​ធ្វើ​អធិប្បាយ សង្ខេប​ក្នុង ២៦ ជំពូក​ខ្លី អំពី​រាល់​វិធី​សាស្ត្រ​ដែល​អ្នក​ដឹក​នាំ (prince) ត្រូវ​យក​មក​ប្រើ​ដើម្បី​ថែរក្សា​អំណាច។ ក្នុង​ចំណោម​វិធីសាស្រ្ត​ដែល​គេ​ស្គាល់​ច្រើន​ជាង​គេ របស់​ ម៉ាក គី​យ៉ាវែ​លីគឺ​: ព្រះ​អង្គ​ម្ចាស់​គួរ​ធ្វើ​ឲ្យ​​គេ​ខ្លាច​ជា​ជាង​ធ្វើ​ឲ្យ​គេ​ស្រឡាញ់(ជំពូក ​ទី​ ១៧) ​និង​ព្រះ​អង្គ​ម្ចាស់​ មិន​គួរ​គោ​រព​តាម​ពាក្យ​សន្យា​ទេ បើ​ការ​គោរព​ពាក្យ​សន្យា​នោះ ធ្វើ​ឲ្យ​បាត់​បង់​ផល​ប្រយោជន៍ ឬ​បើ​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​មាន​ការ​សន្យា​នោះ លែង​មាន​តទៅ​ទៀត​ហើយ​(ជំពូក​ទី​១៨)។ ដូច្នេះ​គេ​អាច​សង្កេត​ឃើញ​ថា ព្រះ​អង្គ​ម្ចាស់​របស់ ម៉ាក គី​យ៉ា​វែលី ហាក់​ដូច​ជា​គ្មាន​ក្តី​ករុណា និង​មិន​គោរព​ច្បាប់​ទម្លាប់​សោះ​ បើ​កាល​ណា​ស្ថានភាព​ជាក់​ស្តែង​តម្រូវ​ឲ្យ​ព្រះ​អង្គ​ម្ចាស់ ប្រកាន់​យក​ឥរិយាបថ​បែប​នោះ។​ តើ​ពិត​ជា​ដូច្នេះ​មែន​ឬ?

តាម​ការ​ពិត បើ​សិន​ជា​យើង​សិក្សា​អំពី The Prince ឲ្យ​​បាន​ល្អិត​ល្អន់​ យើង​នឹង​ឃើញ​ភ្លាម​ថា ទ្រឹស្តី​របស់ ម៉ាក គីយ៉ាវែលី មិន​ដែល​ចង់​ឲ្យ​​ព្រះ​អង្គ​ម្ចាស់ ឬ​អ្នក​ដឹក​នាំ​ណា​ម្នាក់​ ប្រកាន់​យក​ឥរិយាបថ គ្មាន​ក្តីក​រុណា ឬ​មិន​គោរព​ច្បាប់​ទម្លាប់​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ ក្នុង​សៀវភៅ The Prince នេះ គាត់​បាន​ពន្យល់​អំពី​គុណធម៌ (Virtue) ជា​ច្រើន​ ដែល​ព្រះ​អង្គ​ម្ចាស់​ត្រូវ​ប្រកាន់​យក​។ ក្នុង​ន័យ​នេះ​ព្រះ​អង្គ​ម្ចាស់​ ដែល​ពោរ​ពេញ​ដោយ​គុណ​ធម៌​ត្រូវ​ជា​អ្នក​មាន​សន្តាន​ចិត្ត​ល្អ មាន​ក្តី​ករុណា អាច​ជឿ​ទុក​ចិត្ត​បាន មាន​ភាព​ម៉ឺង​ម៉ាត់ មាន​ភាព​មនុស្ស​ធម៌ មាន​ភាព​បរិសុទ្ធត្រឹម​ត្រូវ មាន​គោល​ជំហរ​រឹង​មាំ មាន​ភាព​មិន​លម្អៀង មាន​ភាព​នឹង​ធឹង និង​ជា​អ្នក​ប្រតិបត្តិ​តាម​សាស​នា(ជំពូក​ទី​១៥)។ អ្នក​សិក្សា​ពី​ប្រវត្តិ​នៃ​គំនិត​នយោបាយ អាច​សួរ​ថា តើ​កម្ពុជា​ធ្លាប់​មាន​ព្រះ​អង្គ​ម្ចាស់​ ដែល​ប្រកប​ដោយ​គុណធម៌ ទាំង​អស់​ខាង​លើ​ដែរឬ​ទេ? ជា​ការ​ពិត​ណាស់ ម្នាក់ៗ​អាច​នឹក​ឃើញ​ពី​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​ ៧ ភ្លាម ទោះ​បី​ជា​គេ​ពុំ​ដឹងពី​អត្តចរិត របស់​ព្រះមហាក្ស​ត្រអង្គ​នេះ​ច្បាស់​ក៏​ដោយ​។ អ្វី​ដែល​គេ​ដឹង​នោះ​គឺ​ថា ព្រះ​បាទ​ជ័យវរ្ម័ន​ទី​៧​ឈឺ ពី​ជំងឺ​របស់​ប្រជារាស្រ្ត ជា​ជាង​ពី​ជំងឺ​របស់​ព្រះ​អង្គ​ផ្ទាល់ និង​ម្យ៉ាង​ទៀត​ ដូច​ព្រះ​មហាក្សត្រ​តាម​ទ្រឹស្តី​ពុទ្ធ​សាសនា​ដទៃ​ផង​ដែរ ព្រះ​អង្គ​ដឹក​នាំ​តាម​គោលការណ៍ ទសពិធរាជធម៌។
បើ​យើង​ធ្វើ​ការ​ ប្រៀប​ធៀប​ទៅ​ប្រជា​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ ដែល​មាន​អាយុ ៤០ ឬ​ ៤៥ ឆ្នាំ ឡើង​ទៅ សុទ្ធ​តែ​អាច​រៀប​រាប់​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​ទាក់​ទង​នឹង​ព្រះ​រាជ​ជីវប្រវត្តិ និង​ព្រះ​រាជ​ពលិកម្ម​របស់​ព្រះ​ករុណា​ ព្រះ​បាទ​សម្តេច​ព្រះនរោត្តម​ សីហនុ​។ ក្នុង​ខណៈ​ដែល​អ្នក​ប្រវត្តិសាស្ត្រ នៅ​តែ​មិន​ទាន់​ដឹង​ច្បាស់​ពី​ឆ្នាំ​ពិត​ប្រាកដ​ ដែល​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី ៧ សោយ​ទិវង្គត​នោះ គេ​បាន​សង្កេត ឃើញ​ចំនួន​ប្រជា​ពលរដ្ឋ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​លើស​ពី​ការ​ស្មាន​ ដែល​បាន​មក​ឈរ​ដង្ហែ​តាម​ផ្លូវ ដើម្បី​សម្តែង​ភាព​ដ៏​សែន​ក្រៀម​ក្រម ចំពោះ​ព្រះ​រាជ​មរណភាព​របស់​ព្រះករុណា​ ព្រះ​បាទ​សម្តេច​ព្រះន​រោត្តម​សីហនុ​។ ទិដ្ឋភាព​នេះ​បង្ហាញ​នូវ​ក្តី​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ​របស់​ប្រជា​ពលរដ្ឋ​ចំពោះ សម្តេច​ឪ សម្តេច​តា សម្តេច​តាទួត ​ដោយ​សារ​ព្រះអង្គ​ទ្រង់​ចេះ​ផ្ដល់​ភាព​ស្និទ្ធស្នាល​និង​សាង​សមិទ្ធផល​ជូន​ប្រជាជាតិ។ នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ថា​ ព្រះ​ករុ​ណា​ ព្រះបាទ​សម្តេច​ព្រះន​រោត្តម​សីហនុ​បាន​ជ្រើស​រើស​ធ្វើ​ឲ្យ​គេ​ស្រឡាញ់​ជា​ជាង​ធ្វើ​ឲ្យ​គេ​ខ្លាច។
ម្យ៉ាង ​ទៀត​ព្រះ​អង្គ​ក៏​ជា​អ្នក គោរព​តាម​ពាក្យ​សន្យា​ផង​ដែរ ជាក់​ស្តែង​ព្រះ​អង្គ​បាន​សន្យា​ជា ឱឡារិក ថា​នឹង​ទាម​ទារ​ឯករាជ្យ​ពេញ​បរិបូរណ៍ពី​បារាំង​(ដោយ​ថែម​ទាំង​បាន​កំណត់ ​ពេល​វេលា​ជាក់​លាក់​ផង) ហើយ​ព្រះ​អង្គ​ បាន​ធ្វើ​តាម​ពាក្យ​សន្យា​នោះ​មែន​។ ហេតុ​ដូច​នេះ​ហើយ ទើប​មនុស្ស​ភាគ​ច្រើន​តែង​ទទួល​ស្គាល់​ថា ព្រះ​រាជ​បូជនីយ​កិច្ច​ទាមទារ​ឯករាជ្យ ជា​ព្រះ​រាជ​សមិទ្ធផល​ដ៏​សំខាន់​ជាង​គេ​។ ខ្ញុំ​គិត​ថា ព្រះ​រាជ​សមិទ្ធផល​ដ៏​ធំ​ធេង​ជាង​គេ របស់​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​នរោត្តម​ សីហនុ គឺ​ស្ថិត​ក្នុង​វិស័យ​មួយ​ទៀត និយាយ​ឲ្យ​ចំ គឺ​ព្រះ​រាជហឫទ័យ ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ ដែល​ព្រះ​អង្គ​មាន​ចំពោះ​ប្រជា​ពលរដ្ឋ ដែល​គ្មាន​អ្នក​ណា​អាច​បដិសេធ​បាន ហើយ​ប្រជា​ពល​រដ្ឋ ក៏​បាន​ផ្តល់​ក្តី​ស្រឡាញ់​នោះ​ត្រឡប់​ទៅ​វិញ​ដែរ​។ តាម​រយៈ​ការ​បង្កើត​ចំណង​មិត្ត​ភាព​យ៉ាង​ជិត​ស្និទ្ធ ជា​មួយ​ប្រជា​ពលរដ្ឋ​(ពោល​គឺ អំពើ​ដែល​ព្រះ​មហាក្ស​ត្រមុនៗ មិន​អាច​ប្រៀប​ប្រដូច​បាន) ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​នរោត្តម​សីហនុ​មិន​ត្រឹម​តែ​បាន​កសាង​ព្រះ ​កិត្តិសព្ទ ជា​ព្រះ​មហាក្សត្រ​ដែល​ពោរ​ពេញ​ទៅ​ដោយ​គុណធម៌​ប៉ុណ្ណោះ​ទេ​ ព្រះ​អង្គក៏​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​ព្រះ​មហាក្សត្រ​ដែល​នៅ​ជិត​ប្រជារាស្ត្រ​ជា​ទី​បំផុត ដែល​ប្រជារាស្រ្ត​អាច​ប្រាស្រ័យ​ទាក់ទង​បាន។
ជា​ឧទាហរណ៍ ព្រះ​អង្គ​មាន​ប្រជាប្រិយភាព​ណាស់ នៅ​ពេល​ព្រះ​អង្គ​ផ្តល់​សវនាការ​ដល់​ប្រជា​ពលរដ្ឋ ឬ​តាម​រយៈ​សមាជ ដែល​អនុញ្ញាត​ឲ្យ​ប្រជារាស្ត្រ​សាមញ្ញ អាច​បញ្ចេញ​មតិ និង​លើក​សំណើ​ជូន​ថ្នាក់​ដឹក​នាំ​ ដើម្បី​ពិនិត្យ​ដោះ​ស្រាយ​។ ជា​ការ​ពិត​ណាស់ នេះ​ជា​រូបភាព​ដែល​បង្ហាញ​ពី​វប្បធម៌​ពី​បុរាណ​កាល​របស់​ខ្មែរ ដែល​ព្រះ​មហាក្សត្រ​ជា​ចៅ​ក្រម​កំពូល គ្រាន់​តែ​ខុស​គ្នា​ត្រង់​ថា សម្តេច​ឪ ​ជា​ចៅក្រម​ដែល​តែង​ងាក​មក​រក​ខាង​ប្រជារាស្រ្ត​គ្រប់​ពេល​។ បន្ទាប់​ពី​ប្រជារាស្រ្ត​ខ្មែរ​បាន​រស់​នៅ​ក្រោម​ការ​គាប​សង្កត់​ពី​សំណាក់ ​អាណា​និគម​បារាំង អស់​រយៈ​ពេល​ជិត ១​សតវត្សរ៍ សម្តេច​ឪ បាន​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​ ក្នុង​ឆ្នាំ​១៩៤៧ ដោយ​បាន​ដាក់​ចុះ​នូវ​រដ្ឋ​ធម្មនុញ្ញ​លើក​ដំបូង ដែល​បាន​ទទួល​ស្គាល់​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ប្រជា​ពលរដ្ឋ។ នៅ​ឆ្នាំ ១៩៩៣ ព្រះ​អង្គ​ក៏​បាន​ប្រកាស​ឲ្យ​ចូល​ជា​ធរមាន នូវ​រដ្ឋ​ធម្ម​នុញ្ញ​ថ្មី​មួយ​ទៀត​ ដែល​នៅ​ថែ​រក្សា សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​នេះ​ផង​ដែរ​។​និយាយ​ឲ្យ​ខ្លី​ ​សម្តេច​ឪ ជា​ព្រះ​មហាក្សត្រ​ដំបូង​គេ​ដែល​បាន​ទទួល​ស្គាល់​ពី​សារៈសំខាន់​នៃ​ទំនាក់​ ទំនង​ដ៏​ស្អិត​ល្មួត​រវាង​អ្នក​ដឹក​នាំ និង​អ្នក​ត្រូវ​គេ​ដឹក​នាំ​ព្រោះ​ថា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​បាន​ បង្ហាញ​ថា ទី​បង្អែក​ដ៏​រឹងមាំ​បំផុត​របស់​អ្នក​ដឹក​នាំ គឺ​ស្ថិត​នៅ​លើ​ទំនាក់​ទំនង​ដ៏​មាន​ភក្តី​ភាព​បំផុត​ជា​មួយ​ប្រជាពល​រដ្ឋ។ នេះ​ជា​ព្រះរាជ​សមិទ្ធផល​ដ៏​ធំ​ធេង​ជាង​គេ​របស់ ព្រះករុណា ព្រះ​បាទ​ សម្តេច​ព្រះ នរោត្តម​សីហនុ​៕

No comments:

Post a Comment

yes