កម្លាំងសមត្ថកិច្ច និងក្រុមអ្នកភូមិកាន់បារ៉ាស់រុញច្រានគ្នា នៅក្នុងការប៉ះទង្គិច
កាលពីម្សិលមិញ នៅក្បែរព្រះបរមរាជវាំង
ភ្នំពេញៈ ការប៉ះទង្គិចប្រវាយប្រតប់គ្នា បានកើតឡើងយ៉ាងក្តៅគគុក កាលពីម្សិលមិញ ខណៈកម្លាំងនគរបាល និងសន្តិសុខរាប់រយនាក់របស់សាលារាជធានីបានដាក់របាំងនិងឈរពាំង ផ្លូវ មិនឲ្យក្រុមអ្នកភូមិបឹងកក់ និងបុរីកីឡា ទាំងចាស់ទាំងក្មេង ប្រមាណជាង ២០០ នាក់ ចូលទៅកាន់សាលាឧទ្ធរណ៍ ជាទីដែលសមាជិករបស់អ្នកភូមិពីរនាក់ គឺអ្នកស្រីយ៉ោម បុប្ផា និងអ្នកស្រីទឹម សាក់មុន្នី ត្រូវបាននាំមកពីគុកព្រៃស មកធ្វើការសាកសួរ ពាក់ព័ន្ធនឹងបណ្ដឹងសុំនៅក្រៅឃុំរបស់ពួកគេ។
នៅខាងក្រៅបរិវេណសាលាឧទ្ធរណ៍ ក្រុមសមត្ថកិច្ចចម្រុះ បានដាក់របាំងបិទផ្លូវ ចាប់តាំងពីមុខព្រះគម្លង់ រហូតដល់មុខសាលសន្និសីទចតុមុខ។ នៅលើដងផ្លូវព្រះស៊ីសុវត្ថិ ត្រង់ចំណុចព្រះអង្គដងកើ ទល់មុខព្រះបរមរាជវាំង ក្រុមអ្នកភូមិ បានព្យាយាមរុលសម្រុកបុករបាំងកាត់ផ្លូវ របស់សមត្ថកិច្ច ហើយកម្លាំងសមត្ថកិច្ចក៏បានប្រឹងទប់រុញច្រានទៅវិញ។ ការរុញច្រានគ្នាទៅវិញទៅមក រវាងក្រុមសមត្ថកិច្ច និងក្រុមអ្នកភូមិទាំងនេះ បានបង្កឲ្យមានការវាយប្រតប់គ្នា ហើយក្រុមសន្តិសុខបានវាយស្ត្រីម្នាក់ឲ្យសន្លប់។
អ្នកស្រី ឆាយ គឹមហ៊ន តំណាងក្រុមអ្នកតវ៉ា មកពីសហគមន៍បុរីកីឡា ដែលងើបពីសន្លប់ បាននិយាយថា៖«បន្ទាប់ពីមានការរុញច្រានពីខាងក្រោយឲ្យដួលរបាំងបិទ ផ្លូវ សន្តិសុខម្នាក់បានដាល់មួយដៃចំ ពោះខ្ញុំ និងម្នាក់ទៀត បានស្ទុះមកទះខ្ញុំមួយដៃចំថ្ពាល់ខាងស្តាំ បណ្ដាលឲ្យខ្ញុំចុកឆ្អល់និងដួលសន្លប់តែម្ដង»។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងថា លោកមិនបានដឹងពីព័ត៌មាននេះទេ ដោយលោក ជាប់រវល់ប្រជុំ។
ដោយមិន អាចរុលទៅមុខបានក្រុមអ្នកតវ៉ា បានបំបែកគ្នា ចាកចេញពីតំបន់នោះ ហើយបានទៅប្រមូលផ្ដុំសាជាថ្មី នៅមុខស្ថានទូតអាមេរិក ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ដោះលែងសកម្មជនរបស់ពួកគេ។
អ្នកស្រី យ៉ោម បុប្ផា សមាជិកសកម្ម ក្នុងការតវ៉ាការពារដីធ្លី នៃសហគមន៍បឹងកក់ត្រូវបានសាលាដំបូងរាជធានី សម្រេចឃុំខ្លួននៅគុកព្រៃស កាលពីថ្ងៃទី ៤ ខែតុលា ក្រោមការចោទប្រកាន់ពីបទ «ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស»។ មួយថ្ងៃបន្ទាប់មក អ្នកស្រី ទឹម សាក់មុន្នី សកម្មជនដីធ្លីរបស់សហគមន៍បុរីកីឡា ក៏ត្រូវបានតុលាការដដែលនេះ សម្រេចឃុំខ្លួននៅគុកព្រៃសផងដែរ ពីបទ«ប្រកាសក្លែងបន្លំការពិត»។
នៅ ក្នុងការសាកសួរស្រ្តីទាំងពីរនាក់ នៅសាលាឧទ្ធរណ៍ កាលពីម្សិលមិញ ក្រុមអ្នកកាសែត មិនត្រូវបានគេអនុញ្ញាតឲ្យចូលស្តាប់ឡើយ។ ប៉ុន្តែក្រុមមេធាវីការពារស្ត្រីជាប់ចោទ បានឲ្យដឹងថា បន្ទាប់ពីធ្វើការសាកសួរ សាលាឧទ្ធរណ៍ បានច្រានចោលនូវបណ្ដឹងសុំនៅក្រៅឃុំរបស់កូនក្ដីពួកគេ។
លោក ចាន់ សុជាតិ មេធាវីការពារអ្នកស្រី យ៉ោម បុប្ផា និង អ្នកស្រីទឹម សាក់មុន្នី បាននិយាយថា៖«ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ក្នុងសវនាការសភាស៊ើបសួរ បានជំទាស់ ទៅលើបណ្ដឹងសុំនៅក្រៅឃុំរបស់យើង ដោយរក្សាតម្កល់តាមសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានី»។
លោក យិន សាវ៉ាត មេធាវីការពារអ្នកស្រីទឹម សាក់មុន្នី បានថ្លែងថា៖«ទោះបីជាយើងបានខំប្រឹងលើកឡើងពីស្ថានភាពរស់នៅដ៏ លំបាកតោកយ៉ាក របស់កូនប្រុស និងចៅទាំងពីរ របស់កូនក្ដីខ្ញុំ ទៅតុលាការក្តី ប៉ុន្តែត្រូវបានជំទាស់»។
លោក ឡាំង គឹមសេង មេធាវីរបស់អ្នកស្រី ស៊ុយ សុផាន ម្ចាស់ក្រុមហ៊ុនផានអ៊ីម៉ិច ដែលជាអ្នកប្តឹង អ្នកស្រីទឹម សាក់មុន្នី មិនអាចទំនាក់ទំនងស្នើសុំការពន្យល់បានទេ កាលពីម្សិលមិញ។
អ្នក ស្រីយ៉ោម បុប្ផា និង អ្នកស្រីទឹម សាក់មុន្នី បាននិយាយទាំងទឹកភ្នែករលីងរលោង ខណៈដែលក្រុមសន្តិសុខបានបណ្ដើរពួកគាត់ ចេញពីបន្ទប់សាកសួរថា ពួកគាត់នឹងខិតខំតស៊ូអត់ទ្រាំ ដើម្បីរង់ចាំ «យុត្តិធម៌»។
មុន ពេលបង្ខំឡើងលើរថយន្តដឹកអ្នកទោសត្រឡប់ទៅកាន់ពន្ធនាគារព្រៃសវិញ អ្នកស្រីយ៉ោម បុប្ផា បាននិយាយថា៖«ខ្ញុំមិនភ័យខ្លាចទេ ហើយក៏មិនតក់ស្លុតដែរ ហើយខ្ញុំនៅតែសង្ឃឹម និងជឿជាក់ថា ភាពស្អាតស្អំរបស់ខ្ញុំ នឹងនាំឲ្យខ្ញុំទទួលបាននូវយុត្តិធម៌ នៅថ្ងៃណាមួយជាមិនខាន»។
បើទោះបីជាស្ត្រីជាប់ចោទទាំងពីរ នាក់ត្រូវបានដឹកយកទៅឃុំខ្លួន នៅគុកព្រៃសវិញក៏ដោយ ក៏ក្រុមអ្នកភូមិ មិនព្រមវិលត្រឡប់ទៅផ្ទះវិញឡើយ ដោយបាននាំគ្នាអង្គុយតវ៉ា នៅខាងមុខស្ថានទូតសហរដ្ឋអាមេរិក ពេញមួយថ្ងៃម្សិលមិញ។
រហូតដល់ម៉ោងប្រមាណជាជាង៦ ល្ងាច ទើបក្រុមអ្នកភូមិទាំងនោះ បាននាំគ្នារំសាយទៅផ្ទះវិញ នៅពេលដែលកងកម្លាំងបង្ក្រាបបាតុកម្ម ប្រដាប់ដោយខែល និងដំបងឆក់ ត្រូវបានដឹកមកដល់ ហើយចាប់ផ្តើមត្រៀមសម្រុកចូលសង្គ្រុបវាយបង្ក្រាប និងចាប់ខ្លួនពួកគេ ជាមួយនិងរថយន្តចតត្រៀមរួចជាស្រេច៕
No comments:
Post a Comment
yes