សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 16, 2012

CCHR៖ រដ្ឋាភិបាល​មាន​ចេតនា​រារាំង​មិន​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក


«ជា ​ការ​ដំណើរ​ការ​មួយ​ផ្ទុយ​ពី​ប្រជាធិបតេយ្យ​ទាំង​ស្រុង អីចឹង​ការ​ដក​បញ្ជី​ឈ្មោះ​នេះ   ជា​រឿ​ធ្វើ​ឲ្យ​រឹងមាំ​នៃ​ការ​ប្រ ឆាំង​នឹង​លោក សម រង្ស៊ី។ បញ្ហា​នេះ ជា​រឿង​មួយ​បរាជ័យ​ប្រជាធិបតេយ្យ​មែន​ទែន»។
 
Photo: RFA
CCHR Website: www.cchrcambodia.org
 ដោយ ទីន ហ្សាការីយ៉ា 
2012-11-16 RFA

ការ​វិល​មក​ចូល​ធ្វើ​នយោបាយ​របស់​លោក សម រង្ស៊ី គឺ​ស្ថិត​នៅ​ក្នុង​ភាព​មិន​ទាន់​ច្បាស់​លាស់​នៅ​ឡើយ ថា​តើ​រដ្ឋាភិបាល​នឹង​មាន​ការ​សម្រប​សម្រួល​ផ្នែក​នយោបាយ​ដើម្បី​អនុញ្ញាត​ ឲ្យ​លោក​វិល​ចូល​ស្រុក​វិញ ឬ​យ៉ាង​ណា​នៅ​ពេល​ខាង​មុខ។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ នៅ​ថ្ងៃ​ទី១៥ វិច្ឆិកា មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ សរសេរ​លំអិត​អំពី​ករណី​លោក សម រង្ស៊ី ថា រដ្ឋាភិបាល​មាន​ចេតនា​រារាំង​មិន​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​ដើម្បី​ធ្វើ​នយោបាយ​វិញ​បាន​ទេ ទោះ​បី​ជា​ព្រះមហាក្សត្រ​ព្រះ​ប្រទាន​ការ​លើក​លែង​ទោស​ដល់​លោក សម រង្ស៊ី ក៏ដោយ។

ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី១៥ វិច្ឆិកា ថា ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី ត្រូវ​បញ្ចប់​នៅ​ក្រោយ​ពេល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​លុប​ឈ្មោះ​លោក​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត។
លោក អ៊ូ វីរៈ បាន​លើក​ហេតុផល​ថា រដ្ឋាភិបាល​បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​អនុវត្ត​ច្បាប់​ជា​យុទ្ធសាស្ត្រ​នយោបាយ ដើម្បី​ចាត់​ការ​ប្រឆាំង​លោក សម រង្ស៊ី ពិសេស​ករណី គ.ជ.ប បាន​លុប​ឈ្មោះ​លោក សម រង្ស៊ី ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នោះ​ជា​ការ​រាំង​លោក សម រង្ស៊ី មិន​ឲ្យ​ធ្វើ​នយោបាយ ទោះ​បី​ជា​ព្រះមហាក្សត្រ​ប្រទាន​ការ​លើក​លែង​ទោស​ដល់​លោក សម រង្ស៊ី ក៏ដោយ៖ ​«ជា ​ការ​ដំណើរ​ការ​មួយ​ផ្ទុយ​ពី​ប្រជាធិបតេយ្យ​ទាំង​ស្រុង អីចឹង​ការ​ដក​បញ្ជី​ឈ្មោះ​នេះ ជា​រឿ​ធ្វើ​ឲ្យ​រឹងមាំ​នៃ​ការ​ប្រឆាំង​នឹង​លោក សម រង្ស៊ី។ បញ្ហា​នេះ ជា​រឿង​មួយ​បរាជ័យ​ប្រជាធិបតេយ្យ​មែន​ទែន»
សេចក្ដី​ថ្លែងការណ៍​របស់​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី១៥ វិច្ឆិកា បាន​សរសេរ​វិភាគ​អំពី​ករណី​លោក សម រង្ស៊ី ថា ថ្វី​ត្បិត​តែ​មាន​ភាព​អយុត្តិធម៌ និង​មាន​ចរិត​លក្ខណៈ​នយោបាយ​ចំពោះ​ការ​ផ្ដន្ទាទោស​លោក សម រង្ស៊ី ក៏ដោយ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី១២ តុលា ឆ្នាំ​២០១២ ថា ឈ្មោះ​លោក សម រង្ស៊ី មិន​ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ ជាតិ​នៅ​ឆ្នាំ​២០១៣ ទេ ដោយ​ផ្អែក​លើ​មូលដ្ឋាន​ថា លោក សម រង្ស៊ី ជា​ជន​ដែល​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ។
ឆ្លើយ​តប​ទៅ​នឹង​ករណី​នេះ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ទេព នីថា បាន​បំភ្លឺ​ថា គ.ជ.ប បាន​អនុវត្ត​លុប​ឈ្មោះ លោក សម រង្ស៊ី នេះ ផ្អែក​លើ​លិខិត​បញ្ជាក់​ពី​ទោស​របស់​លោក សម រង្ស៊ី និង​លិខិត​លុប​ឈ្មោះ​លោក សម រង្ស៊ី ពី​សង្កាត់​បឹងរាំង៖ «យើង​អនុវត្ត​តាំង​ពី​ដើម​មក មិន​ដែល​មាន​អ្នក​តវ៉ា​ទេ ទើប​តែ​ឆ្នាំ​នេះ មាន​ការ​លុប​ឈ្មោះ​ឯកឧត្តម សម រង្ស៊ី ពី​ចៅ​សង្កាត់​បឹងរាំង ទើប​ឆ្នាំ​នេះ ទើប​មាន​ការ​ឆោឡោ​អំពី​ការ​លុប​ឈ្មោះ​ឯកឧត្តម សម រង្ស៊ី និង​មាន​ការ​ឆោឡោ​ថា គ.ជ.ប នៅ​ក្រោម​ការ​គ្រប់គ្រង​គណបក្ស​កាន់​អំណាច»
ទាក់​ទង​ទៅ​នឹង​ការ​លុប​ឈ្មោះ​លោក សម រង្ស៊ី ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នេះ មេធាវី​លោក សម រង្ស៊ី លោក ជូង ជូងី បាន​ប្ដឹង​ទាស់​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​អំពី​បញ្ហា​នេះ។
កាល​ពី​ថ្ងៃ​ទី១៤ វិច្ឆិកា ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​កោះ​ហៅ​លោក ជូង ជូងី ជា​មេធាវី​របស់​លោក សម រង្ស៊ី ទាក់​ទង​នឹង​ករណី​លោក​បាន​ប្ដឹង​តវ៉ា​អំពី​ការ​លុប​ឈ្មោះ​លោក សម រង្ស៊ី នេះ។ លោក ជូង ជូងី មាន​ប្រសាសន៍​ថា ការ​លុប​ឈ្មោះ​លោក សម រង្ស៊ី នេះ មិន​ត្រឹមត្រូវ​ទេ៖ «អីចឹង ខ្ញុំ​ប្ដឹង​តវ៉ា​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បដិសេធ​ការ​លុប​ឈ្មោះ​នោះ​ចោល ហើយ​រក្សា​ឈ្មោះ សម រង្ស៊ី នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នៅ​សង្កាត់​បឹងរាំង ដដែល»
លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១២​ឆ្នាំ ក្រោម​បទ​ចោទ​ចំនួន​៤។ ទី១ បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​រដ្ឋ​ដោយ​ខុស​ច្បាប់ ទី២ ញុះញង់​ឲ្យ​មាន​ការ​រើសអើង ទី៣ ក្លែង​ឯកសារ​សាធារណៈ និង​ទី៤ ផ្ដល់​ព័ត៌មាន​មិន​ពិត​ទាក់​ទិន​នឹង​ការ​ដក​បង្គោល​តម្រុយ​ព្រំដែន​ កម្ពុជា-វៀតណាម និង​ការ​ផ្សព្វផ្សាយ​ផែនទី​តាម​អ៊ីនធឺណិត (Internet) ដើម្បី​បង្ហាញ​ពី​ការ​ចោទ​ប្រកាន់​របស់​គាត់​ថា វៀតណាម បាន​ទន្ទ្រាន​យក​ដី​កម្ពុជា។
ភ្ជាប់​ទៅ​នឹង​បញ្ហា​នេះ ព្រឹទ្ធសមាជិក​សហរដ្ឋ​អាមេរិក​ចំនួន ១២​រូប បាន​សរសេរ​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) នៅ​មុន​ពេល​លោក​មក​ប្រទេស​កម្ពុជា ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន។
លិខិត​នោះ​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​បាន​រំលោភ​សិទ្ធិ​ប្រជាពលរដ្ឋ​ជាច្រើន​ករណី ដោយ​ប្រើប្រាស់​ស្ថាប័ន​រដ្ឋ​ត្រួតត្រា​តុលាការ និង​បំភិត​បំភ័យ​សកម្មជន​ធ្វើ​ការងារ​ការពារ​សិទ្ធិ​មនុស្ស។
លិខិត​នោះ​បាន​សុំ​ឲ្យ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ធ្វើ​ការ​អំពាវនាវ​ឲ្យ​មាន​ការ​លើក​លែង​ទោស​លោក សម រង្ស៊ី ជា​អ្នក​ដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ដើម្បី​បាន​មក​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៣ ខាង​មុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments:

Post a Comment

yes