ក្រុមអ្នកភូមិអង្គុយសំពះ និងស្រែកសុំការជួយអន្តរាគមន៍នៅមុខទូតអាមេរិក
ភ្នំពេញៈប្រជាពលរដ្ឋជិត១០០នាក់ មកពីសហគមន៍ចំនួនបួន ក្នុងរាជធានីភ្នំពេញ បានប្រមូលផ្តុំគ្នានៅមុខស្ថានទូតអាមេរិកកាលពីព្រឹកម្សិលមិញ ដើម្បីដាក់ញតិ្តស្នើសុំ លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក ជួយអន្តរាគមន៍ ទៅប្រមុខរដ្ឋាភិបាលកម្ពុជាឲ្យជួយដោះលែងសកម្មជនរបស់ពួកគេ ចំនួនពីរនាក់ដែលកំពុងត្រូវបានចាប់ឃុំខ្លួន នៅគុកព្រៃស ដោយសារតែបញ្ហាតវ៉ាការពារសិទ្ធិលំនៅដ្ឋាន ។
លោកអូបាម៉ា ត្រូវបានគេរាយការណ៍ថា នឹងមកកម្ពុជានៅពាក់កណ្ដាលខែវិច្ឆិកានេះ ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំធំៗមួយចំនួនទៀត។
ក្រុមអ្នកភូមិដែលកំពុងប្រឈម ការបណ្ដេញចេញពីលំនៅដ្ឋាន ដោយសារគម្រោងអភិវឌ្ឍន៍អគារពាណិជ្ជកម្ម ក្នុងរាជធានីភ្នំពេញ រួមមាន សហគមន៍ថ្មគោល(ព្រលានយន្តហោះពោធិ៍ចិនតុង) បឹងឈូក បុរីកីឡា និងសហគមន៍បឹងកក់ រំពឹងថា វត្តមានរបស់លោកប្រធានាធិបតីអាមេរិក នឹងជំរុញឲ្យប្រមុខរដ្ឋាភិបាលកម្ពុជាផ្ដល់នូវដំណោះស្រាយសមរម្យ មួយសម្រាប់ពួកគេ ។
ក្រុមសមត្ថកិច្ចដែលមិនចង់ឲ្យមានការដើរហែជាក្បួន នៅតាមដងផ្លូវ បានធ្វើការរារាំងក្រុមអ្នកតវ៉ាទាំងនោះ មិនឲ្យដើរចេញ ពីតំបន់បឹងកក់ឡើយ។ ក្រោយពីមានការប៉ះទង្គិចពាក្យសម្ដីគ្នាទៅវិញទៅមករវាងក្រុម សមត្ថកិច្ច និងក្រុមអ្នកភូមិទាំងនេះរួចមក គេឃើញក្រុមអ្នកតវ៉ា បានជិះរ៉ឺម៉កកង់បី និងម៉ូតូ ដោយមានកាន់ទង់ជាតិកម្ពុជា និងអាមេរិក ឆ្មោះទៅកាន់ស្ថានទូតអាមេរិក ដើម្បីដាក់ញតិ្ត។
អ្នក ស្រី ឆាយ គឹមហ៊ន តំណាងក្រុមអ្នកតវ៉ា មកពីសហគមន៍បុរីកីឡា បាននិយាយថា ពួកគាត់បានរង់ចាំដំណោះស្រាយពីអាជ្ញាធរ អស់រយៈពេលជាង ១០ខែមកហើយ ចាប់តាំងពីក្រុមហ៊ុនផានអ៊ីម៉ិច របស់អ្នកស្រីស៊ុយ សុផាន បានប្រើគ្រឿងចក្រឈូសឆាយកម្ទេចផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគាត់កាលពីដើមខែមករាមក ប៉ុន្តែពុំមានលទ្ធផលអ្វីទាល់តែសោះ។ មិនតែប៉ុណ្ណោះ អាជ្ញាធរបានចាប់សមាជិកសកម្មរបស់ពួកគាត់ម្នាក់ ដែលតវ៉ាទាមទារដំណោះស្រាយ ជំនួសកូនប្រុសដែលពិការនិយាយមិនរួច យកទៅដាក់គុក តាមការចោទប្រកាន់របស់ម្ចាស់ក្រុមហ៊ុនពីបទញុះញង់បង្កបទឧក្រិដ្ឋ។ អ្នកស្រីថ្លែងថា៖«យើងរំពឹងថាញត្តិរបស់យើងនឹងបានទៅដល់ដៃ លោក បារ៉ាក់ អូបាម៉ា ហើយលោកនឹងពិនិត្យពិចារណា និងជួយអន្តរាគមន៍ឲ្យមានដំណោះស្រាយល្អសម្រាប់ពួកយើង»។ អ្នកស្រីគឹម ហ៊នបានប្រាប់ឲ្យដឹងទៀតថា ញត្តិរបស់សហគមន៍ពួកគាត់ គឺស្នើសុំឲ្យលោកអូបាម៉ា ជួយអន្តរាគមន៍ទៅនាយករដ្ឋមន្ត្រីកម្ពុជា ដោះលែងអ្នកស្រី ទឹម សាក់មុន្នី និងសុំឲ្យម្ចាស់ក្រុមហ៊ុនសាងសង់អគារផ្ទះល្វែងចំនួនពីរបន្ថែមទៀត ទៅតាមកិច្ចសន្យារបស់ខ្លួនដើម្បីចែកជូនប្រជាពលរដ្ឋក្រីក្រ ដែលនៅមិនទាន់ទទួលបានផ្ទះនៅឡើយ។
ជាមួយគ្នានោះមេដឹកនាំចលនាស្ត្រីក្នុងសហគមន៍បឹងកក់ដែលទើបតែត្រូវបានអង្គការ Vital Voice Global Partnership ប្រកាសផ្ដល់ពានរង្វាន់ Global Leadership Award កាលពីពេលថ្មីៗនេះ អ្នកស្រីទេព វន្នី បាននិយាយថា មកទល់ពេលនេះ អាជ្ញាធរដែនដីនៅតែមិនព្រមដោះស្រាយបញ្ចប់បញ្ហា របស់ពួកគាត់នោះទេ។ អ្នកស្រីបន្តថា សំណើបោះបង្គោលកំណត់ព្រំប្រទល់ដី១២,៤៤ ហិកតាផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លី ដោយមិនកាត់គ្រួសារណាមួយចេញពីគម្រោងទទួលបានចំណែកដី ដែលពួកគាត់បានស្នើសុំ ជាច្រើនខែមកនេះ នៅមិនទាន់មានចម្លើយនិងដោះស្រាយនៅឡើយទេ។ ជាមួយគ្នានេះ ដោយសារតែការតវ៉ាទាមទារដំណោះស្រាយលើបញ្ហានេះឲ្យបានឆាប់ សកម្មជនស្ត្រីរបស់សហគមន៍បឹងកក់ម្នាក់ គឺអ្នកស្រី យ៉ោម បុប្ផា ត្រូវបានសមត្ថកិច្ចចាប់ដាក់គុក ដោយចោទប្រកាន់ពីបទបង្កហិង្សា។ អ្នកស្រីថ្លែងថា៖
«យើងសុំអំពាវនាវ ដល់លោក អូបាម៉ា ជួយអន្តរាគមន៍ដោះលែងសកម្មជនស្ត្រីរបស់យើង និងជួយឲ្យមានការផ្ដល់ដំណោះស្រាយបញ្ចប់វិវាទដីធ្លី ក្នុងសហគមន៍របស់យើង និងសហគមន៍នានាក្នុងប្រទេសកម្ពុជាឲ្យបានឆាប់ ប្រកបដោយតម្លាភាព និងយុត្តិធម៌»។
ក្រុមអ្នកភូមិ បាននាំគ្នាវិលត្រឡប់ទៅលំនៅដ្ឋានវិញ បន្ទាប់ពីតំណាងស្ថានទូតសហរដ្ឋអាមេរិក បានចេញមកទទួលយកញតិ្តរបស់ពួកគេ៕
No comments:
Post a Comment
yes